ខ្មែរ​អាមេរិកាំង​ខ្លះ​រារែក​ចាក់វ៉ាក់​សាំង​កូវីដ១៩​ ទោះ​រដ្ឋាភិបាល​ចែក​ឲ្យ​ប្រើ​ពេល​ខាង​មុខ​ក្តី

រូបឯកសារ៖ ម្ជុលចាក់ថ្នាំ​មួយ​ និង​ដប​តូច​មួយ​ដែល​មាន​បិទ​ស្លាកសញ្ញា​ថា​វ៉ាក់សាំងកូវីដ១៩ ត្រូវ​បាន​ដាក់​នៅ​ជិត​ស្លាកសញ្ញា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Pfizer និង Biontechថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។

នៅ​ក្រោយ​ពេល​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ (CDC) របស់​សហរដ្ឋ​អាមេរិក ​បាន​ប្រកាស​កាលពី​ដើម​ខែ​ធ្នូ​ថា​ ពលរដ្ឋ​អាមរិកាំង​ដែល​មាន​ហានិភ័យ​ខ្ពស់​នឹង​ទទួល​វ៉ាក់សាំង​មុនគេ​នៅ​ពេល​វ៉ាក់សាំង​នេះ​ទទួល​បានការ​យល់ព្រម​ឲ្យ​ប្រើប្រាស់​សម្រាប់​គ្រា​អាសន្ន ​ពី​ទីភ្នាក់ងារ​ម្ហូបអាហារ​និង​ឱសថ​សហរដ្ឋអាមេរិក ​(FDA)នោះ​ ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​មាន​ការ​ទុក​ចិត្ត​ទាំងស្រុង​នៅ​ឡើយ​ទេ​ ដោយ​ខ្លះ​ចោទសួរ​ពី​គុណភាព​ និង​ប្រតិកម្ម​នេះ​ទាក់ទង​នឹង​ការ​បង្ក​ដល់​សុខភាព​ដល់​ពួកគេ​ទេ​ប្រសិនបើ​គេ​ប្រើប្រាស់។

លោកស្រី​ គួច ធានវី ​នាយិកា​សមាគម​គាំទ្រ​សុខភាព​ Khmer Health Advocates ​ដែល​ផ្តល់​ឱវាទ​ផ្នែក​សុខភាព​និងផ្តល់​សេវាកម្ម​សុខាភិបាល​ផ្នែក​ខ្លះ​មិន​គិតថ្លៃ​ ក្នុង​រដ្ឋ ​ខននេធីកេត ​(Connecticut ) ​អះអាង​ថា​មាន​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ព្រួយបារម្ភ​ចំពោះ​វ៉ាក់សាំង​ថ្មី​នេះ។ លោកស្រី​បាន​អះអាង​ថា ពួកគេ​បាន​សួរ​ថា​តើ​ការ​ប្រើប្រាស់​នឹង​មាន​ផល​ប៉ះពាល់​អ្វី​ ប្រតិកម្ម​អ្វី​ដល់​ពួកគេ។ ក្រៅពី​អះអាង​ថា​មាន​ជា​ឃ្លីប​វីដេអូ​ពន្យល់​ច្រើន​អំពី​រឿង​សុខភាព​ពេល​មាន​ការ​ឆ្លង​រាតត្បាត​ វិធី ​ការពារ ​និង​ រឿង​វ៉ាក់សាំង​នេះ​ផង​នោះ ​លោកស្រី ​គួច ធានវី ​បាន​ពន្យល់​ថា​ ការ​ប្រើប្រាស់​ត្រូវ​ប្រយ័ត្ន​ ហើយ​ត្រូវ​មើល​ពី​វិធី​ ឬ​របៀប​ប្រើ​ដែលគេ​ប្រាប់​ជាមុន​សិន ​ហើយ​ក៏​ត្រូវ​តាមមើល​ព័ត៌មាន​ថា​តើ​វ៉ាក់សាំង​នោះ​ត្រូវ​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ប្រើ​ឬទេ?

«ហើយ​ខ្លួន​ខ្ញុំ​ផ្ទាល់​នេះ​ជម្រាប​បងប្អូន​ខ្មែរយើង​ថា​សំខាន់​ណាស់​ បើ​សិន​ណា​ជា​គេ​មាន​វ៉ាក់សាំង​ហ្នឹង​ ធម្មតា​គេ​មិន​ដែល​ចេះតែ​យក​មក​ចាក់​ទេ​ គឺ​គេ​ប្រាប់​យើង​មុន ​មួយ​ ពីរ ​បី ​បួន ​ប្រាំ​ អីចឹង​ទៅ​ គឺ​ដើម្បី​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​មុន​នឹង​ចាក់»។

លោកស្រី​បាន​បន្ត​ថា ​លោកស្រី​បាន​ទទួល​ការ​ជូន​ដំណឹង​ពី​ក្រសួង​សុខាភិបាល​ប្រចាំ​រដ្ឋ​អំពី​វ៉ាក់សាំង​ដែល​អាច​ត្រូវ​ចែក​ជូន​ឲ្យ​មាន​ការ​ប្រើប្រាស់​នៅ​ពេល​ឆាប់ៗ​នេះ​ ។

«ហើយ​ខ្ញុំ​ជម្រាប​បងប្អូន​ខ្មែរ​យើង​ដែរ ​ខ្ញុំ​ថា​បើសិន​ជា​មាន​វ៉ាក់សាំង​មក ​ហើយ​គេ​ផ្ញើ​ព័ត៌មាន​គ្រប់គ្រាន់​ខ្ញុំ​នឹង​ជូន​ទៅ​គាត់​(ពលរដ្ឋ)​ ហើយ ​ខទី២ ​ខ្លួន​ខ្ញុំ​ហ្នឹង​ បើ​សិន​ជា​លោក​វេជ្ជបណ្ឌិត​ Anthony Fauci (អ្នក​ជំនាញ​សុខភាព) គាត់​ចាក់​មុន​ហើយ​ ខ្ញុំ​នឹង​ចាក់​ហើយ​ព្រោះ​រឿង​ហ្នឹង​សំខាន់​ណាស់»។

លោក ​ខេង គឹមស្រ៊ាន ខ្មែរ​អាមេរិកាំង​មកពី​រដ្ឋមីនីសូតា​ បាន​ថ្លែង​ថា​លោក​បាន​ទទួល​ព័ត៌មាន​ខ្លះៗ​ថា​ថ្នាំ​នេះ​អាច​ជួយ​ទប់ស្កាត់​ដល់​ជាង​៩០​ភាគរយ ​ហើយ​លោក​ជឿ​ថា​ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ តែ​លោក​ថា​លោក​នឹង​តាមដាន​ពី​ថ្នាំ​នេះ​តទៅទៀត ​ហើយ​នឹង​គិត​មើល​ពី​វ៉ាក់សាំង​នេះ​ជាមុន​សិន​មុន​នឹង​សម្រេច​ប្រើប្រាស់។

«យើង​ចាំ​ពិចារណា​មើល​សិន​ថា​តើ​ថ្នាំ​ហ្នឹង​វា​មាន​គុណភាព​ដូចម្តេច​ខ្លះ»។

រូបឯកសារ៖ លោក ខេង គឹមស្រ៊ាន ពុទ្ធបរិស័ទប្រចាំវត្តមុនីសុតារាម ផ្តល់បទសម្ភាសន៍ដល់ VOA នៅរដ្ឋមីនីសូតា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/វីអូអេ)

លោក​ថ្លែង​យ៉ាងដូច្នេះ​ដោយ​ផ្តល់​ហេតុផល​ថា​លោក​ត្រូវ​រង់ចាំ​មើល​រដ្ឋាភិបាល​ប្រកាស​ជា​ផ្លូវការ​ដែរ។ ជាមួយ​គ្នា​នេះ​ដែរ​ លោក ​ខេង គឹមស្រ៊ាន ​បាន​អះអាង​ថា​មាន​មិត្ត​ភក្តិ​សួរ​លោក​ដែរ​ពី​ការ​ចាក់ ​ឬមិន​ចាក់ថ្នាំ​វ៉ាក់សាំង​នេះ ហើយ​សួរ​ពី​ប្រសិទ្ធភាព​ថ្នាំ​ឬ​យ៉ាងណា​ផង​ដែរ។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​ក៏​ដូច​ជា​ពលរដ្ឋ​អាមរិកាំង​ដើម​កំណើត​ផ្សេងទៀត​ដែរ ​មានការ​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​កើតឡើង​ដំបូង​ក្នុង​ទីក្រុង​វូហានប្រទេស​ចិន​ កាលពី​ដើមឆ្នាំ២០២០។ តែ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើសលប់​នៅ​សហរដ្ឋ​អាមេរិក​នេះ​បានជា​សះស្បើយ​ក្រោយពី​ការ​សម្រាក​ព្យាបាល។ រហូត​មកដល់​ពេលនេះ​ មាន​មនុស្ស​ជាង ៦៧លាននាក់​ដែល​បាន​ឆ្លង​ក្នុង​ពិភពលោក ​និង ​មាន​មនុស្ស​ជាង​១លាន​៥សែន​នាក់​បាន​ស្លាប់។ ដោយ​ឡែក​នៅ សហរដ្ឋ​អាមេរិក​ មាន​មនុស្ស​ជាង​១៥លាន​នាក់​ឆ្លង​និង​ស្លាប់ ​២៨ ​ម៉ឺន​ ៣​ពាន់​នាក់ ​ហើយ​ដំណាក់​កាល​ដែល​ឆ្លង​សំខាន់​បំផុត​គឺ​មុន​ពេល​ដែល​វ៉ាក់សាំង​ត្រូវ​គេ​ប្រកាស​ចេញ​ឲ្យ​ប្រើប្រាស់​ ដែល​កើន​ឡើង​នូវ​អ្នក​ឆ្លង​ដល់​ទៅ​២០ម៉ឺននាក់​ក្នុង​មួយ​ថ្ងៃ​គឺ​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ និង​ខែ​ធ្នូ​ដែល​ជា​ខែ​ចាប់ផ្តើម​ត្រជាក់​និង​មាន​ថ្ងៃឈប់​សម្រាក​ ឬ​ពិធី​បុណ្យ​ជាតិ​ធំ​ច្រើន។

លោក​ ឡែរី​ សេង ​មកពី​ទីក្រុង​សៀអាថុល ​រដ្ឋ វ៉ាស៊ីនតោន ​បាន​ថ្លែង​ថា​លោក​ហាក់​ដូចជា​មាន​ជំនឿ​លើ​ក្រសួង​សុខាភិបាល​សហរដ្ឋ​អាមេរិក ​ដោយ​បញ្ជាក់​ថា​បើ​សិន​ជា​មាន​អ្វី​មិន​ស្រួល​គេ​មិន​ចេញ​ឲ្យ​ប្រើ​ទេ។

«ចំពោះ​ខ្ញុំ​រឿង​វ៉ាក់សាំង​ហ្នឹង​ ខ្ញុំ​មាន​ជំនឿ​ទៅលើ​ការពិនិត្យ​ពិចៃ​របស់​ខាង​ការិយាល័យ​គ្រប់គ្រង​និង​ការពារ​ជំងឺឆ្លង CDC)​ ខាង​ វេជ្ជបណ្ឌិត​គេ​ហ្នឹង​ណា។ ហើយ​ម្ល៉ោះ​ហើយ​ខ្ញុំ​មាន​ជំនឿ​ថា​វា​អាច​ប្រើ​បាន ​ខ្ញុំ​មិន​ជា​ភ័យព្រួយ​អី​ទេ បើសិន​ជា​គេ​ពិតជា​ (Approve)​យល់ព្រម​ឲ្យ​ប្រើ​មែន»។

លោក​បាន​ថ្លែង​ដូច្នេះ​ដូច​ពលរដ្ឋ​ខ្មែរ​អាមរិកាំង​ដទៃ​ទៀត​ដែរ​ថា ​បើសិន​ជា​វ៉ាក់សាំង​ហ្នឹង​វា​មាន​គុណភាព​ខ្ពស់​ ប្រើ​បាន​ដូច​វ៉ាក់សាំង​ផ្សេងទៀត ​គឺ​នឹង​ជួយ​ច្រើន​ដល់​ដំណើរការ​ប្រក្រតីភាព​របស់​សហរដ្ឋ​អាមេរិក​ និង​ពិភពលោក​ជាពិសេស​បញ្ហា​សុខភាព​ សេដ្ឋកិច្ច​បញ្ហា​ធ្វើ​ដំណើរ​ការ​បើក​ប្រទេស​ទូលំទូលាយ​ឡើងវិញ។

«ខ្ញុំមាន​ជំនឿថា​ពិភព​លោក​យើង​ហ្នឹង​អាច​ប្រែប្រួល​ល្អ​ឡើងវិញ​ពីព្រោះ​វាមាន​ថ្នាំហ្នឹង​ជួយ​ទប់ស្កាត់ ​ហើយ​មនុស្សហ្នឹងវា​មាន​អារម្មណ៍​កក់ក្តៅ​ជាងមុន​ច្រើន​ អ្វីៗ​និងវិល​ត្រឡប់​មកភាព​ដើមវិញ»។

វ៉ាក់សាំង​កូវីដ១៩​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដាច់​ដោយ​ឡែក​ពី​គ្នា​ដោយ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ក្រុមហ៊ុន ​Pfizer​ និង​ក្រុមហ៊ុន ​BioNTech ​និង​ដោយ​ក្រុមហ៊ុន​ Moderna​ នោះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ចុងក្រោយ​និង​រង់ចាំ​ការ​យល់​ព្រម​ពី​រដ្ឋបាល​ម្ហូប​អាហារ​និង​ឱសថ​របស់​សហរដ្ឋ​អាមេរិក។​ តែ​ក្រុម​អ្នក​ជំនាញ​របស់​សហ​រដ្ឋ​អាមេរិក​បាន​អះអាង​ជា​មុន​ថា​ពួកគេ​ផ្ទាល់​នឹង​មិន​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ទេ។​

ក្រុម​ហ៊ុន​ទាំង២​នេះ​បាន​អះអាង​ថាវ៉ាក់សាំង​របស់​ពួកគេ​មាន​ប្រសិទ្ធភាព​ចំនួន ​ជាង៩០%​ នៅ​ក្នុង​ការ​សាកល្បង​ហើយ​ឥឡូវ​នេះ​កំពុង​រង់ចាំ​ការ​យល់ព្រម​ពី​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​ប្រើប្រាស់សម្រាប់​គ្រា​អាសន្ន​ ស្រប​ពេល​ដែល​សហ​រដ្ឋ​អាមេរិក​មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩​ប្រចាំ​ថ្ងៃ​ដល់​២​សែន​ករណី។

ព័ត៌មាន​ចុងក្រោយ​កាលពីព្រឹកថ្ងៃអង្គារ ទីភ្នាក់ងារ​ម្ហូបអាហារ​និង​ឱសថ​សហរដ្ឋអាមេរិក ​(FDA) បាន​ប្រកាស​ថា​ខ្លួន​បាន​រកឃើញ​ក្នុង​ការ​វិភាគ​ល្អិតល្អន់​មួយ​ថា​វ៉ាក់សាំង​របស់​ក្រុមហ៊ុនPfizer-BioNTech មាន​ប្រសិទ្ធភាព​ដូច​ដែល​ខ្លួន​បាន​បង្ហាញ​ពេល​សិក្សាស្រាវជ្រាវ​មែន ដែល​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​យល់ព្រម​ឲ្យ​ចែកចាយ​មិន​ហួស​ពី​ចុង​សប្តាហ៍​នេះ។​

អ្នកស្រី​វេជ្ជបណ្ឌិត Doreen Brown អាយុ ៨៥ ឆ្នាំ​ចាក់​វ៉ាក់សាំង​ដូស​ទីមួយ​ក្នុង​ចំណោម​ពីរ​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Pfizer/BioNTech ដើម្បី​បង្ការ​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ Guy ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។

លោក​វេជ្ជបណ្ឌិត ​Anthony Fauci​ អ្នក​ជំនាញ​កំពូល​ផ្នែក​ជំងឺ​ឆ្លង​របស់​សហ​រដ្ឋ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី​«Face the Nation»​របស់​បណ្តាញ​ទូរទស្សន៍​CBS​ប៉ុន្មាន​សប្តាហ៍ថ្មីៗ​នេះ​ថាលោក​ក៏​មិន​មាន​ការ​ភ័យ​ខ្លាច​អ្វី​ដែរ​នៅ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ទាំង​នេះ។​

លោក​វេជ្ជបណ្ឌិត ​Fauci​ បាន​មាន​ប្រសាសន៍​ថា៖​«ប្រសិន​បើ​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ក្រុម​ដែល​គេ​ស្នើ​ឲ្យ​ចាក់​វ៉ាក់សាំង​នេះ​ខ្ញុំ​នឹង​ប្រាកដ​ជា​ចាក់។​ ខ្ញុំ​នឹង​មិន​ស្ទាក់ស្ទើរ​ទេ។​ហើយ​ខ្ញុំ​ក៏​មិន​ស្ទាក់​ស្ទើរ​នៅ​ក្នុង​ការ​ប្រាប់​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ឲ្យ​ចាក់​វ៉ាក់សាំង​នេះ​ដែរ»។

ឥស្សរជន​អាមេរិក​កំពូលៗ​រួម​ទាំង​អតីត​ប្រធានាធិបតី​មួយ​ចំនួន​បាន​ប្រកាស​ថា​នឹង​ចាក់​វ៉ាក់សាំង​នេះ​ដែរ​នៅ​ពេល​បើកឲ្យ​មាន​ការ​ប្រើ​ប្រាស់។

បុគ្គលិក​សុខាភិបាល និង​ពលរដ្ឋ​ដែល​ស្នាក់នៅ​មណ្ឌល​ចាស់​ជរា ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិក​ ដែល​នឹង​ទទួល​បាន​វ៉ាក់សំាង​កូវីដ១៩ ​មុន​គេ។ ​នេះ​បើ​តាម​ការ​សម្រេច​របស់​គណ:កម្មាធិការ​ប្រឹក្សា​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ (CDC)​ របស់​សហរដ្ឋ​អាមេរិក ​កាល​ពី​កាលពី​សប្តាហ៍​កន្លងទៅ។

គណ:កម្មាធិការ​នេះ​ បាន​បោះឆ្នោត​ក្នុង​សំឡេង ​១៣ ​ទល់​នឹង ១​ ដោយ​សម្រេច​ថា នៅ​ពេល​ដែល​វ៉ាក់សាំង​កូវីដ១៩ ទទួល​បាន​ការ​អនុញ្ញាត ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ចំណោម​ពលរដ្ឋ ២៤ លាន​នាក់​ ដែល​ជា​បុគ្គលិក​សុខាភិបាល​ និង​ជា​អ្នក​ដែល​ស្នាក់នៅ​មណ្ឌល​ចាស់​ជរា​ នឹង​ទទួល​បាន​វ៉ាក់សាំង​នេះ​មុន​គេ ដោយសារតែ​ការ​ផ្គត់ផ្គង់​នៅ​មាន​កម្រិត​ ស្រប​ពេល​ដែល​ការ​ផលិត​កំពុង​បង្កើន​ឡើង៕