ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​នៅ​កម្ពុជា​គឺ​ជា​គន្លឹះ​ក្នុង​ការ​កាត់​បន្ថយ​សំរាម

ទិដ្ឋភាព​កន្លែង​ចាក់​សំរាម​ក្នុង​ខណ្ឌដង្កោ ដែល​ជា​កន្លែង​ចាក់​សំរាម​តែ​មួយ​គត់​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩។ (ទុំ ម្លិះ/VOA)

លោក​ ឡាង តេង​ និង​អ្នកស្រី​ ហ៊ីម​ ចាន់អឿន​ ជា​ភរិយា ប្រកប​របរ​ជា​អ្នក​លក់​បន្លែ​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ជាង​៤​ទសវត្សរ៍​មក​ហើយ។​ អ្នកទាំង​ពីរ​ដែល​មាន​វ័យ​៦៨​ឆ្នាំ​ដូច​គ្នា​ហើយ​ លក់​នៅ​ក្នុង​តូប​ចំនួន​ពីរ​ជាប់​គ្នា​ ទំហំ​ប្រមាណ​៤​ម៉ែត្រ​ការ៉េ​ នៅ​ក្នុង​ផ្សារបឹង​កេងកង​ដែល​ពួក​គេ​ផ្លាស់​មក​តាំង​ពី​អំឡុង​ឆ្នាំ​១៩៩០ ​ក្រោយ​ចាក​ចេញ​ពី​ផ្សារ​អូឡាំពិក។​

លោក​ ឡាង តេង​ កំពុង​រៀប​បន្លែ​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ឡើង​វិញ​ ក្រោយ​ពេល​ដែល​អ្នក​ទិញ​មួយ​ចំនួន​ រើរុះ​បន្លែ​ចម្រុះ​គ្នា​ដាក់​ក្នុង​កញ្ច្រែង​ ដើម្បី​ហុច​ឲ្យ​ប្រពន្ធ​របស់​លោក​ដាក់​ថ្លឹង ​និង​គិត​លុយ។ ​រួច​អ្នកស្រី​ ចាន់ អឿន​ហុច​បន្លែ​ដែល​ច្រក​ក្នុង​ថង់ប្លាស្ទិក​ បំបែក​ជា​ពីរ​ ឬ​បី​ថង់​ ទៅ​តាម​មុខ​បន្លែ​ផ្សេងៗ​គ្នា​ទៅ​ឲ្យ​អ្នក​ទិញ។​

នេះ​គឺ​ជា​សកម្ម​ភាព​លក់ដូរ​ទូទៅ​នៅ​ក្នុង​ផ្សារ​សព្វថ្ងៃ​ដែល​ លោក​ ឡាង តេង​ និយាយ​ថា​ វា​ខុស​ពី​អ្វី​ដែល​លោក​ និង​ភរិយា​របស់​លោក​ ធ្លាប់​ចងចាំ​កាលពី​មុន​ចុង​ទស​វត្សរ៍​ទី៩០។​ កាល​ណោះ​ លោក​បាន​ឲ្យ​ដឹង​ថា ​អ្នក​ដើរ​ផ្សារ​មាន​ទម្លាប់​កាន់​កន្ត្រក​ជ័រ​មួយ​ ដែល​មាន​ពណ៌​ក្រហម​ ខៀវ​ បៃតង​ និង​ពណ៌​ផ្សេងៗ​ទៀត​ដើរ​ទិញ​ម្ហូប​អាហារ​ពី​តូប​មួយ​ទៅ​តូប​មួយ។​ពួក​គេ​ច្រក​ម្ហូប​អាហារ​ដែល​មាន​ត្រី​ សាច់ ​បន្លែ​ ផ្លែឈើ​ ស៊ុត​ ជា​ដើម​ ទៅ​ក្នុង​កន្ត្រក​តែមួយ។​

នៅ​ក្នុង​ផ្សារ​ដែល​មាន​សភាព​អ៊ូអរ​ មនុស្ស​ដើរ​ទៅ​មក​ ​លោក​ ឡាង តេង​ ចង្អុល​ទៅ​អ្នក​ដើរ​ផ្សារ​ទៅ​មក​ដែល​ក្នុង​ដៃ​កាន់​ម្ហូប​អាហារ​ច្រក​ក្នុង​ថង់​ប្ទាស្ទិក។ ​លោក​ប្រាប់​វីអូអេ​ថា៖​

«គេ​មាន​កន្ត្រក​កាន់​មក​ពី​មុន​មក។​ ដល់​ក្រោយ​មក​ គេ​បង្កើត​អា​ស្បោង​ហ្នឹង​ទៅ​ លែង​មាន​កន្ត្រក​ហ្មង។​គិត​តែ​រឿង​មក​ ខ្លួន​ទទេ។​ ទិញ​ហើយ​អាង​តែ​ស្បោង​គេ​ហ្នឹង។ ​ ម្នាក់ៗ ​អ៊ីចឹង។​ហ៊ឺ...​ឥឡូវ​អូន​ឯង​មើល​ បើ​មាន​កន្ត្រក​មួយ?​ ហ្ន៎! ​មក​ហើយ​ យួរ​អ៊ីចឹង​ហ្មង ​ឃើញ​ទេ​ សុទ្ធ​តែ​ស្បោង។​ ស្រេច​តែ​ហ្មង...»។​

លោក ឡាង តេង អ្នក​លក់បន្លែ​ក្នុងផ្សារ​បឹងកេងកង​ និយាយ​ជាមួយ​អ្នក​សារព័ត៌មានវីអូអេ​ នៅ​តូប​របស់លោកក្នុង​ផ្សារនេះ​ រាជធានីភ្នំពេញ​ កាលពី​ថ្ងៃទី​០៨ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)​

បុរស​វ័យ​៦៨​ ឆ្នាំ​រូប​នេះ​ បាន​រំឭក​ទៀត​ថា​ លោក​ធ្លាប់​ប្រើប្រាស់​ស្លឹក​ចេក​ ដើម្បី​ខ្ចប់​បន្លែ​ និង​ធ្លាប់​ប្រើ​ខ្សែ​កំប្លោក​ដើម្បី​ចង។​ ក៏ប៉ុន្តែ​ លោក​ថា​ សម័យ​បច្ចុប្បន្ន​ ការ​វេចខ្ចប់​ដោយ​ប្រើ​ប្រាស់​របស់​ធម្មជាតិ​ទាំង​នោះ​ មិន​អាច​ធ្វើ​បាន​ទៀត​ទេ​ព្រោះ​វា​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ ជាង​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​សម្រាប់​ច្រក។ លោក​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ជាង​១​គីឡូក្រាម​ ក្នុង​មួយ​ថ្ងៃ​សម្រាប់​ច្រក​បន្លែ​ ដោយ​ចំណាយ​អស់​ប្រាក់​ប្រមាណ​ ៥០០០​រៀល។ ​ថង់​ប្លាស្ទិក​១​គីឡូក្រាម​តម្លៃ​ពី​៤០០០​រៀល​ទៅ​៥០០០​រៀល ​ដែល​លោក​ចំណាយ​ពេល​ដើរ​ តែ​ប៉ុន្មាន​ជំហាន​ប៉ុណ្ណោះ​ទៅ​កាន់​តូប​លក់​ថង់​ប្លាស្ទិក​ ប្រមាណ​ជាង​១០​តូប​ នៅ​ក្នុង​ផ្សារ​បឹង​កេងកង។​

សព្វថ្ងៃ​នេះ​ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​លែង​មាន​ទម្លាប់​យួរ​កន្រ្តក​ទៅ​ផ្សារ​ ដោយ​ត្រឡប់​ទៅ​វិញ​យួរ​ម្ហូប​អាហារ​ដែល​ច្រក​ក្នុង​ថង់​ប្លាស្ទិក​ជាច្រើន។ ​សូម្បី​តែ​ទម្លាប់​ពីដើម​នៃ​ការ​យួរ​ដុំ​ទឹកកក​ ដែល​ដំបូង​គេ​អារ​ទឹកកក​បន្តិច​ ដើម្បី​ស៊ក​ខ្សែ​កំប្លោក​ចូល​ និង​ចង​ធ្វើ​ដៃ​យួរ​ក៏​លែង​មាន​ដែរ។​

ទម្លាប់​របស់​ពលរដ្ឋ​កម្ពុជា​នៅ​ជំនាន់​មុន​ទសវត្សរ៍​៩០​ ដូច​ដែល​លោក​ឡាង តេង​ រំឭក​ឡើង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ផ្នែក​មួយ​នៃ​ការ​រស់​នៅ​«គ្មាន​កាក​សំណល់»​(ឬ​zero-waste)។​

ក្រុម​អ្នក​អភិរក្ស​បរិស្ថាន​បាន​បង្កើត​គោល​គំនិត​ជា​អន្តរជាតិ​មួយ​ដែល​ពួក​គេ​ថា​នឹង​ឈាន​ទៅ​កាត់​បន្ថយ​កាក​សំណល់​ស្ទើរ​ទាំង​ស្រុង។​ សម្ព័ន្ធ​អន្តរជាតិ​ដើម្បី​ភាព​គ្មាន​កាក​សំណល់​ (The Zero Waste International Alliance) ​ឲ្យ​និយម​ន័យពាក្យ​ថា​«ភាព​គ្មាន​កាក​សំណល់» ​ឬ​ zero-waste ​ថា​ ជា​ការ​អភិរក្ស​ធនធាន​ទាំងអស់​ដោយ​ការ​អនុវត្ត​នូវ​គោល​ការណ៍​ផលិតកម្ម​ដែល​មាន​ការ​ទទួល​ខុសត្រូវ​ ការ​ប្រើប្រាស់​ដែល​មាន​ការ​ទទួល​ខុសត្រូវ ​ការ​ប្រើប្រាស់​ឡើង​វិញ​ចំពោះ​ផលិតផល​ដែល​ផលិតរួច​ធនធាន​ដែល​វេច​ខ្ចប់រួច​ដែល​អាច​ប្រើ​ឡើង​វិញ​បាន​ និង​វត្ថុ​ផ្សេងៗ​ទៀត​ ដោយ​គ្មាន​ការ​ដុត​ និង​គ្មាន​ការ​ហូរ​ចូល​ដី​ ទឹក​ ឬ​ខ្យល់​ដែល​អាច​គំរាម​កំហែង​ដល់​បរិស្ថាន​ ឬ​សុខភាព​មនុស្ស។​

ក្នុង​មួយ​ថ្ងៃៗ​ ប្រជា​ពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​បញ្ចេញ​កាក​សំណល់​រឹង​ជាង​៣០០០​តោន។ ​ ជាង​៦០%​ នៃ​កាកសំណល់​រឹង​នៅ​ក្នុង​ទីក្រុង​ គឺ​ជា​កាក​សំណល់​ពី​តាម​ផ្ទះ​សម្បែង​នានាក្រៅ​ពី​នោះ ​មាន​កាក​សំណល់​ដែល​ចេញ​ពី​សណ្ឋាគារ ​និង​ផ្ទះ​សំណាក់​(១៦,៧%)​ ភោជនីយដ្ឋាន​(១៣,៨%) ​ផ្សារ​(៧.៥%) ​ហាងនានា​(៥,៤%)​ និង​ការិយាល័យ(១,៤%)។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​សិក្សា​នៅ​ចន្លោះ​ឆ្នាំ ២០១៦-២០១៨។​

ក្រៅ​ពី​កាក​សំណល់​សរីរាង្គ ​ឬ​កាក​សំណល់​ជា​អាហារកាក​សំណល់​ប្លាស្ទិក​មាន​ច្រើន​ជាង​គេ​លំដាប់​ទី២​ គឺ​ជាង​ ២០%​នៃ​សំណល់​រឹង​នៅ​ក្នុង​ទីក្រុង។​ ក្នុង​មួយ​ថ្ងៃ​រាជធានី​ភ្នំពេញ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ប្រមាណ​ជាង​១០​លាន​ថង់។​ នេះ​បើ​តាម​ទិន្នន័យ​ឆ្នាំ​២០១៩​របស់​ក្រសួង​បរិស្ថាន។​

អាជ្ញាធរ​មូលដ្ឋាន​បាន​បើក​ទីលាន​ចាក់​សំរាម​ខណ្ឌ​ដង្កោ ​នៅ​ក្នុង​ឆ្នាំ​២០០៩​ ហើយ​បាន​ព្យាករណ៍​ថា ​ទីលាន​ចាក់​សំរាម​នេះ​នឹង​ផ្ទុក​សំរាម​ដោយ​គ្មាន​ការ​រអាក់​រអួល​ក្នុង​រយៈ​ពេល​២៥​ឆ្នាំ​ខាង​មុខ។​

ដី​នៃ​ទីលាន​ចាក់​សំរាម​ដែល​គេ​ប្រើប្រាស់​ក្នុង​ដំណាក់​កាល​ទី​១​ មាន​ទំហំ​១៤​ ហិកតា ​នៃ​ផ្ទៃដី​សរុប​៣១​ហិកតា​ត្រូវ​បាន​បំពេញ​អស់​ ក្នុង​រយៈ​ពេល​ត្រឹម​៥​ឆ្នាំ។ ​ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​នៅ​ឆ្នាំ​២០១៦​ អំពី​«កំណែ​ទម្រង់​ការគ្រប់​គ្រង​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ»។​

«ចាប់​តាំង​ពីការ​បើក​ដំណើរ​ការ​ ទីលាន​ចាក់​សំរាម​[ដង្កោ]​នេះ​មក​បរិមាណ​សំរាម​ដែល​ដឹក​ចូល​ក្នុង​ទីលានចាក់​សំរាម​នេះ​បាន​កើន​ឡើង​ពី​ប្រមាណ​៨០០​តោន​ក្នុង​មួយ​ថ្ងៃ​ក្នុង​ឆ្នាំ​២០០៩​ដល់​១.៤៧៥​តោន​ក្នុង​មួយ​ថ្ងៃ​ក្នុង​ឆ្នាំ​២០១៤ ​ហើយ​បើ​តាម​ការ​ព្យាករណ៍​ខ្លះ ​ វា​នឹង​កើន​ឡើង​ដល់​ ២.២០០​តោន​ក្នុង​មួយ​ថ្ងៃ​ក្នុង​ឆ្នាំ​២០២០»។ នេះ​បើ​យោង​តាម​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​ដោយ​មូល​និធិអាស៊ី។​

កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១៩​លោក​ កែវ ចាន់ណារិទ្ធ ​ប្រធាន​គ្រប់គ្រង​ទីលាន​ចាក់​សំរាម​ដង្កោ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ​ទីលាន​ចាក់​សំរាម​ខណ្ឌ​ដង្កោ ​នឹង​ផ្ទុក​សំរាម​ពេញ​នៅ​ចុង​ឆ្នាំ ​២០២០​ ឬ​យ៉ាង​យូរ​នៅ​ដើម​ឆ្នាំ ​២០២១។​

ក្មេង​ប្រុស​ម្នាក់​កំពុង​កាយ​សម្រាម​នៅកន្លែង​ចាក់​សម្រាម​ក្នុង​ខណ្ឌ​ដង្កោ ដែល​ជា​កន្លែង​ចាក់​សម្រាម​តែ​មួយ​គត់​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩។ (ទុំ ម្លិះ/VOA)

លោក ​Rajeev Kuman Singh ​អ្នក​ស្រាវជ្រាវ​គោល​នយោបាយ​នៅ​វិទ្យាស្ថាន​សម្រាប់​យុទ្ធសាស្រ្ត​បរិស្ថាន​សកល​ Institute for Global Environmental Strategies (IGES)​នៅ​ប្រទេស​ជប៉ុនបាន​ប្រាប់​វីអូអេ​តាម​សារ​អេឡិចត្រូនិច​ថា៖​ «អាយុកាល​ដែល​គេ​បាន​រំពឹង​ទុក​ថា​ អាច​ប្រើប្រាស់​ទីលាន​ចាក់សំរាម​ដង្កោ គឺ​គួរ​តែ​យូរ​ជាង​នេះ»។

លោក​ក៏​ជា​អ្នក​ផ្តល់​ការ​ប្រឹក្សា​ពិគ្រោះ​យោបល់​ទៅ​កាន់​រាជ​រដ្ឋាភិបាល​កម្ពុជា​លើ​ការ​រៀបចំ​ផែនការ​គ្រប់គ្រង​សំរាម​ដែរ។

កំណើន​ប្រជាជន​យ៉ាង​ឆាប់​រហ័ស​ លទ្ធភាព​កែច្នៃ​សំរាម​បាន​តិចតួច​និង​ការ​រីក​ចម្រើន​ទ្រព្យធន​គឺជា​កត្តា​មួយ​ដែល​នាំ​ឱ្យ​មាន​ការ​កើន​ឡើង​បរិមាណ​សំរាម​យ៉ាង​សន្ធឹក​ ដែល​បង្ក​ឲ្យ​កន្លែង​ចាក់​សំរាម​ពេញ​លើស​លប់។​ នេះ​បើ​យោង​តាម​លោក​Rajeev Kuman Singh ​អ្នក​ស្រាវជ្រាវ​គោល​នយោបាយ​បរិស្ថាន។​

យុទ្ធសាស្ត្រ​និង​ផែនការ​សកម្ម​ភាព​គ្រប់គ្រង​កាក​សំណល់​សម្រាប់​រាជធានី​ភ្នំពេញ​ ឆ្នាំ​ ២០១៨-២០៣៥ ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ផ្តោត​សំខាន់​ទៅ​លើ​ការ​គ្រប់គ្រង​សំរាម​រួម​មាន​ការ​ប្រមូល​ ដឹក​ជញ្ជូន​ និង​ចោល​សំរាម។​ ឯកសារ​ដែល​មាន​កម្រាស់​១៦៦​ ទំព័រ​ជា​ភាសា​អង់គ្លេស​ចេញ​ផ្សាយ​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១៨​នេះ​ ពិភាក្សា​អំពី​សារៈ​សំខាន់​នៃ​ការ​អនុវត្ត​គោល​ការណ៍​ឈ្មោះ​ 3Rs ​ដែល​មាន​ការ​កាត់​បន្ថយ ​ការប្រើប្រាស់​ ការប្រើប្រាស់​ឡើង​វិញ​ និង​ការ​កែច្នៃ​សំរាម​ដើម្បី​ប្រើ​ឡើង​វិញ។​ឯកសារ​នេះ​បង្ហាញ​ពី​ភាពចាំ​បាច់​ក្នុង​ការ​លើក​កម្ពស់​ការ​អប់រំ​ដល់​មនុស្ស​គ្រប់​គ្នា​ដែល​ជា​អ្នក​ផលិត​សំរាម​ឲ្យ​យល់​ដឹង​អំពី​របៀប​បោះចោល​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ។​

ការ​ចោល​សំរាម​ដោយ​ខ្វះ​ការ​គ្រប់គ្រង​ត្រួត​ពិនិត្យ​គឺ​ជា​«ជម្រើស​បាត​ក្រោម​គេ​បង្អស់»​ ហើយ​ការ​កាត់​បន្ថយ​សំរាម​ឲ្យ​កាន់​តែតិច​ទៅៗ​តាម​ដែល​ធ្វើ​បាន​គឺ​ជា​«​ជម្រើស​ដ៏​ល្អ​ប្រសើរ​បំផុត»។ ​ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ Rajeev ​អ្នក​ស្រាវជ្រាវ​គោល​នយោបាយ​បរិស្ថាន។​

លោក​បន្ថែមទៀត​ថា​៖ «គោល​គំនិត​«គ្មាន​កាក​សំណល់»​ឬ​ zero-waste នេះ​អាច​អនុវត្ត​បាន​នៅ​ក្នុង​បណ្តា​ប្រទេស​ក្នុង​ទ្វីប​អាស៊ី ​រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​ក៏ ប៉ុន្តែ​លោក​ថា​ភាព​ជោគ​ជ័យ​របស់​ក្រុម​ប្រទេស​នៅ​អាស៊ី​នេះ​ជា​ដំណើរ​មួយ​ដ៏​វែង​ឆ្ងាយ»។​

អ្នកស្រី ជ្រិន ឆេងលាភ អ្នក​លក់​សាច់ជ្រូក​ក្នុង​ផ្សារ​បឹងកេងកង ​និយាយ​ជាមួយ​អ្នក​សារព័ត៌មានវីអូអេ​ នៅ​តូប​របស់​អ្នក​ស្រី​ក្នុង​ផ្សារនេះ​ រាជធានីភ្នំេពញ ​កាលពី​ថ្ងៃទី​០៨ ខែមករា ឆ្នាំ២០២០។(ទុំ ម្លិះ/វីអូអេ)

អ្នក​លក់​ម្នាក់​ទៀត​ អ្នកស្រី​ ជ្រិន ឆេងលាភ​ វ័យ​៥០​ឆ្នាំ​ ដែល​លក់​សាច់​ជ្រូក​ស្រស់​នៅ​ក្នុង​ផ្សារ​បឹង​កេងកង​ បាន​ប្រាប់​វីអូអេ​ថា​ការ​កាត់​បន្ថយ​ ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ដែល​បង្កើត​ជា​សំរាម​ប្លាស្ទិក​ គួរ​តែ​ចាប់​ផ្តើម​ពី​អ្នក​ដើរ​ទិញ​ទំនិញ​ក្នុង​ផ្សារ​ជា​ដំបូង។ ​អ្នកស្រី​និយាយ​យ៉ាង​ដូច្នេះ​ថា៖​

«ទៅ​រួច​ទាល់តែ​អ្នក​ទិញ​ អ្នក​លក់​អត់​ចង់​ប្រើ​ទេ​ ប្រសិន​ណា​ជា​អ្នក​ទិញ​ ផ្តើម​ចេញ​ពី​អ្នក​ទិញ​ អ្នក​ទិញ​ហ្នឹង​ត្រូវ​មាន​ស្អីៗ​យក​មក​ដាក់​ដោយ​ខ្លួន​ឯង»។​

អ្នកស្រី​បញ្ជាក់​ថា​ប្រសិន​បើ​យុទ្ធនាការ​ និង​គោល​ការណ៍​តឹងរ៉ឹង​ដើម្បី​កាត់​បន្ថយ​ប្លាស្ទិក​នេះ​ធ្វើ​ឡើង​នៅ​តាម​ផ្សារ​នានា​ដែល​ពលរដ្ឋ​កម្ពុជា​ទូទៅ​និយម​ទៅ​ទិញ​ម្ហូប​ជា​ប្រចាំ​ថ្ងៃ​ ​នោះ​ទំនង​ជា​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែម​លើ​ការ​អនុវត្ត​ និង​លើក​កម្ពស់​យុទ្ធនាការ​ និង​គោល​ការណ៍​នេះ​នៅ​ក្នុង​ផ្សារ​ទំនើប។​

អ្នកស្រី​បន្តថា៖​ «អា​ហ្នឹង​បើ​គេ​មាន​វិធានការ​គេ នោះ​សប្បាយ​ចិត្ត​ទៅ​វិញ។​ តាម​ការណ៍​ពិត​ បើ​ផ្សារ​គេ​ឧស្សាហ៍​ដើរ​ចុះ​ប្រកាស​មេក្រូ​អាហ្នឹង​គេ​យល់​ដឹង​ច្រើន​ជាង។ ​ ម្នាក់ៗ​ដូច​ថា​ មាន​ស្អីៗ​ យក​មក​សាគួហ្មង​ណា៎។​ ដល់​ពេល​អ៊ីចឹង​មួយៗ​ធ្វើ​ដែរ។​ គេ​ម៉េច​ អញ​ម៉េច​ តាម​គ្នា»។​

សកម្មជន​ដែល​ស្រឡាញ់​ការពារ​បរិស្ថាន​ និង​អង្គការ​អន្តរជាតិ​នានា​បាន​និង​កំពុង​បង្កើន​ការ​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ គោល​ការណ៍​ 3Rs ​ដែល​មាន​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ ការ​ប្រើ​ប្រាស់​ឡើង​វិញ​ និង​ការ​កែ​ច្នៃ​សំរាម​ដើម្បី​ប្រើ​ឡើង​វិញ។ ​ភាគ​ច្រើន​ ពួក​គេ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​កាត់​បន្ថយ​សំរាម​ប្លាស្ទិក ​ជា​ជាង​ការ​ឈាន​ទៅ​រក​«ភាព​គ្មាន​សំណល់» ​ឬ zero-waste។​

កញ្ញា​អាត សុធាវី ​ស្ថាបនិក​នៃ​យុទ្ធនាការ​ឈ្មោះ ​Think Plastic ​ដែល​ផលិត​ជា​វីដេអូ​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ការ​ប្រើប្រាស់​និង​ការ​កាត់​បន្ថយ​ប្លាស្ទិកបាន​និយាយ​ថា​ ប្រទេស​កម្ពុជា​ត្រូវ​ធ្វើ​ឲ្យ​មាន​ការ​គ្រប់គ្រង​សំរាម​ប្រសើរ​ឡើង​ ជាមុន​សិន​ មុន​នឹង​ឈាន​ដល់​«ភាព​គ្មាន​សំណល់» ​ឬ Zero Waste។

«និយាយ​រួម​អត់​ដែល​បាន​គិត​រឿង​ហ្នឹង​ហ្មង។​ អត់​ដែល​បាន​គិត​ថា ​ខ្លួន​ឯង​នឹង​ឈាន​ទៅ​ដល់​ Zero Waste ​ហ្នឹង​ហ្មង។ ​ដូច​ខ្ញុំ​ថា​អ៊ីចឹង​វា​ Too Extreme​[ជ្រុលពេក]»។​

កញ្ញា​បន្តថា៖​ «ខ្ញុំ​សឹង​តែ​ថា​ និយាយ​អត់ចេញ​ហ្មង​ពីព្រោះ​ទី​១​ខ្ញុំ​អត់​ទាន់​ឮ​ថា​ មាន​Policy ​[គោល​នយោបាយ]​អីទាក់ទង​ជាមួយ​នឹង​ zero waste​ផង។ សួរ​ថា​ហេតុអី​បាន​យើង​ឈាន​មួយ​ជំហាន​ភ្លាម​ឡើង​មក​ដល់​ជំហាន​ទី​១០​នៅ​ពេល​យើង​ទើប​តែ​ចាប់​ផ្តើម​ជំហាន​មួយ​ ពីរ ​បី ​ទើប​តែ​ចាប់​ផ្តើម​និយាយ​ពី​ Waste Management ​ហ្នឹង»។​

អ្នក​លក់​នៅ​ក្នុង​ផ្សារ​ ដូចជា​លោក​ ឡាង តេង​ និង​អ្នកស្រី​ ជ្រិន ឆេងលាភ​ បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ពួក​គាត់​ត្រូវ​គេ​តម្រូវ​ឲ្យ​ប្រើប្រាស់​ការ​វេច​ខ្ចប់​ដោយ​មិន​ប្រើ​ថង់​ប្លាស្ទិក​ នោះ​ពួក​គាត់​ត្រូវ​ចំណាយ​ច្រើនណាស់។ ​ស្លឹក​ឈូក​ ឬ​ស្លឹក​ចេក​ ដែល​ធ្លាប់​ងាយ​រក​បាន​នោះ​ ឥឡូវ​មាន​តម្លៃ​ប្រមាណ​១០០០​រៀល​ ត្រឹម​តែ​បី​ឬ​បួន​ស្រទាប់។​

ការ​ប្រើប្រាស់​កន្រ្តក​ ស្លឹក​ចេក​ ស្លឹកឈូក​ ខ្សែ​កំប្លោក​ ដើម្បី​វេច​ខ្ចប់ ​និង​យួរ​ឥវ៉ាន់​ ទៅ​ផ្សារ​ប្រចាំ​ថ្ងៃ​គឺ​សក្តិសម​ និង​អាច​អនុវត្ត​បាន​នៅ​ក្នុង​ជំនាន់​ដែល​ លោក​ ឡាង តេង​ទើប​តែ​ចាប់​ផ្តើម​អាជីវកម្ម​របស់​លោក។ ​ ប៉ុន្តែ​ ឥឡូវ​នេះ​ ថង់​ប្លាស្ទិក​មាន​តម្លៃ​ថោក​នៅ​ក្នុង​ទីផ្សារ​ ងាយ​ស្រួល​រក​ និង​ងាយ​ស្រួល​ប្រើ​ដែល​ធ្វើឲ្យ​ប្រមាណ​២​ទស​វត្សរ៍​ចុង​ក្រោយ​នេះ​ថង់​ប្លាស្ទិក​រាប់​លាន​ ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ការ​វេច​ខ្ចប់​ទំនិញ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។​

ទិដ្ឋភាព​កន្លែង​ចាក់​សម្រាម​ក្នុង​ខណ្ឌ​ដង្កោ ដែល​ជា​កន្លែង​ចាក់​សម្រាម​តែ​មួយ​គត់​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩។ (ទុំ ម្លិះ/VOA)

អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ (UNDP) ​បាន​លើក​ឡើង​អំពី​ការ​វិវត្ត​យ៉ាង​ដូច្នេះ​នៅ​ទី​ក្រុង​ភ្នំពេញ​ដែល​មាន​ចំនួន​ប្រជាជន​រស់​នៅ​ជាង​២,២​លាន​នាក់។​

តាម​អ្វី​ដែល​របាយ​ការណ៍​នៅ​ក្នុង​ឆ្នាំ​២០១៩​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​បាន​លើក​ឡើង ប្រសិន​បើ​កម្ពុជា​ខ្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាក់លាក់​ក្នុង​ការ​គ្រប់គ្រង​កាក​សំណល់ ​«នោះ ​ការ​កែច្នៃ​សំរាម​ប្លាស្ទិក​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នៅ​កម្ពុជា​គឺ​ស្ទើរតែ​មិន​អាច​ទៅ​រួច​ទេ»។​

លោក ​Nick Beresford ​នាយក​ប្រចាំ​ប្រទេស​កម្ពុជា​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា​ ​ខណៈ​ពេល​ដែល​កម្ពុជា​ចាំបាច់​ត្រូវ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ និង​កាត់​បន្ថយ​កាកសំណល់​រាជរដ្ឋាភិបាល ​និង​ដៃ​គូ​ត្រូវ​គិត​គូរ​ឱ្យ​បាន​ច្បាស់​ទៅ​លើ​ដំណើរ​ការ​នៃ​ការ​រៀបចំ​គោល​នយោបាយ​ និង​សកម្មភាព​ការងារ។

លោក​លើក​ឧទាហរណ៍​អំពី​ការ​ផ្លាស់ប្តូរ​ការ​វេចខ្ចប់​ដោយ​គ្មាន​ប្រើប្រាស់​ប្លាស្ទិក ​ដោយ​សួរ​ថា​ តើ​ពលរដ្ឋ​ទូទៅ​អាច​រង​ផល​ប៉ះពាល់​ខាង​សេដ្ឋ​កិច្ច​របស់​ពួក​គេ​ដែរ​ឬ​ទេ​ ដោយ​សារ​ថា​ ការ​ប្រើប្រាស់​របស់​ដែល​ជំនួស​ថង់​ប្លាស្ទិក​សម្រាប់​ការ​វេចខ្ចប់​អាច​មាន​តម្លៃ​ថ្លៃ​ ដែល​អាជីវករ​ខ្នាត​តូច​មិន​អាច​មាន​លទ្ធភាព​ប្រើ​បាន​នោះ។​

លោក​មាន​ប្រសាសន៍​ថា​៖​ «យើង​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​នេះ​ដោយ​មិន​មាន​ដាក់​បន្ទុក​មក​លើ​ប្រជាជន​ក្រីក្រ​បំផុត»។​

លោក ​Nick Beresford ​បន្ថែម​ថា៖ ​«នេះ​គឺ​ជា​ចំណុច​សំខាន់​នៃ​បញ្ហា​ដែល​យើង​កំពុង​សម្លឹង​មើល​ជាមួយ​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា​ពីព្រោះ​វា​ទៅ​មិន​រួច​ទេ​ ដែល​យើង​គ្រាន់តែ​ប្រកាស​ហាមឃាត់​ការ​ប្រើប្រាស់​ប្លាស្ទិក​ដោយ​យើង​មិន​បាន​បង្កើត​ជម្រើស​ល្អៗ​ផ្សេងៗ​ឲ្យ​ពួក​គាត់​នោះ»៕​