ភ្នំពេញ — ក្នុងរយៈពេលជាងពីរឆ្នាំមកនេះ បន្លែដែលលោក រុំ សារី ដាំលើទឹកក្នុងភូមិអារញ្ញ ឃុំសៀមរាប ក្រុងសៀមរាប លែងប្រឈមនឹងការខូចខាតដូចពីមុន ចាប់តាំងពីលោកបានផ្លាស់ប្តូរពីការប្រើភ្លើងអគ្គិសនី មកប្រើថាមពលសូឡាវិញ។
លោកថ្លែងថា៖ «ប្រើចាប់ពីខ្ទង់ពាក់កណ្តាលឆ្នាំ ២០២១ មក។ អង្កាល់ហ្នឹងចាប់ផ្តើមរៀបចំដាំបន្លែដំបូងយើងប្រើភ្លើងរដ្ឋ ហើយមានបញ្ហាដាច់ភ្លើងញឹកញាប់។ អ៊ីចឹងវាធ្វើឱ្យខូចបន្លែរបស់យើងច្រើនដងពេក អ៊ីចឹងបានចាប់ផ្តើមរកភ្លើងឯករាជ្យមួយដោយខ្លួនឯងដើម្បីប្រើ ហើយក៏ស្វែងយល់ទៅថា ភ្លើងសូឡាហ្នឹងវាប្រើជាភ្លើងឯករាជ្យបាន»។
រោងបន្លែលើទឹករបស់លោកសារីមានចំនួនពីររោង ទំហំសរុបប្រមាណ ៣៦៨ ម៉ែត្រការ៉េ ដោយត្រូវប្រើកង្ហាររក្សាសីតុណ្ហភាព និងម៉ាស៊ីនបាញ់ទឹកក្នុងរោងជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៤ ព្រឹក ដល់ម៉ោង ៨ យប់។ បុរសវ័យ ២៨ ឆ្នាំរូបនេះបន្ថែមថា នៅមុនប្រើសូឡា លោកចំណាយលើអគ្គិសនីអស់ប្រមាណជាជិត ២ លានរៀល ប៉ុន្តែចាប់តាំងពីពេលដែលលោកប្រើសូឡា លោកចំណាយលើថ្លៃអគ្គិសនីតែជាង ២០ ម៉ឺនរៀលប៉ុណ្ណោះ ដោយសារលោកប្រើសូឡាចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៦ ល្ងាច។
លោកថ្លែងថា៖ «ប្រើសូឡាហ្នឹងវិញ ឥលូវខ្ញុំចំណាយក្នុងមួយខែទៅលើភ្លើងរដ្ឋប្រហែលជាខ្ទង់ពី២០ ទៅ២៥ម៉ឺន ក្នុងមួយខែ។ ដោយសារខែនេះខែភ្លៀងអ៊ីចឹង វាចំណាយច្រើនបន្តិច ដោយសារសូឡាប្រើអត់គ្រប់ អ៊ីចឹងវាចំណាយខ្ទង់២៥ ទៅ២៨ម៉ឺនអីហ្នឹង ក្នុងខែភ្លៀង»។
លោក រុំ សារី បានចំណាយលើការដំឡើងបន្ទះសូឡា អស់ប្រមាណជាជាង១ម៉ឺនដុល្លារ។ លោកថា បើគិតលើផលចំណេញពីការចំណាយលើអគ្គិសនី ក្នុងរយៈពេលប្រមាណជាបីឆ្នាំ លោកនឹងអាចរួចខ្លួនពីការចំណាយលើថ្លៃដំឡើងសូឡា។
លោកថ្លែងថា៖ «អង្កាល់ខ្ញុំរៀបហ្នឹង ៥គីឡូវ៉ាត់អស់១ម៉ឺន [ដុល្លារ]។ ប្រៀបធៀបជាមួយភ្លើងរដ្ឋវាចំណេញជាងឆ្ងាយ។ ហើយយើងបង់ត្រឹមតែ បើគិតជាចំណាយទៅបើសិនយើងគិតតម្លៃថ្លៃភ្លើងរដ្ឋ យើងគុណទៅប្រហែល៣-៤ឆ្នាំវាស្មើនឹងតម្លៃយើងបង់សូឡាហ្នឹង»។
កម្ពុជាបានអនុញ្ញាតឱ្យមានការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យទ្រង់ទ្រាយធំ ក្រោយពីការបណ្តាក់ទុនជាលើកដំបូងលើថាមពលកកើតឡើងវិញមួយនេះនៅខែតុលា ឆ្នាំ ២០១៧។ ចាប់តាំងពីពេលនោះមក ការប្រើប្រាស់ថាមពលសូឡាដែលបានមកពីពន្លឺព្រះអាទិត្យ ត្រូវបានគេទទួលស្គាល់ថាមានអត្ថប្រយោជន៍ច្រើនដល់សេដ្ឋកិច្ច និងបរិស្ថាន។
បើតាមរបាយការណ៍របស់អង្គការ UNDP កម្ពុជាមានសក្តានុពលទាក់ទាញការវិនិយោគឯកជនក្នុងទំហំទឹកប្រាក់សរុប៩០៣លានដុល្លារសហរដ្ឋអាមេរិក លើផ្នែកថាមពលពន្លឺព្រះអាទិត្យនេះ។
គិតត្រឹមឆ្នាំ២០១៩ ខេត្តយ៉ាងហោចណាស់ចំនួន ៦ កំពុងមានគម្រោងវិនិយោគបន្ទះសូឡា ក្នុងនោះមានដូចជាខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ។ ហើយនៅឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជាក៏បានអនុម័តឱ្យមានការតម្លើងរោងចក្រផលិតបន្ទះសូឡាធំៗចំនួនពីរទៀតក្នុងខេត្តកណ្តាល ដែលមានទំហំទឹកប្រាក់ជាង ១៥ លានដុល្លារ និងខេត្តក្រចេះ មានទំហំទឹកប្រាក់ជាង ៨៤ លានដុល្លារ។ ភាគច្រើនក្រុមហ៊ុនដែលបណ្តាក់ទុនលើបន្ទះសូឡានៅកម្ពុជា ជាក្រុមហ៊ុនរបស់ចិន។
បើតាមកាសែតភ្នំពេញប៉ុស្តិ៍ដែលបានស្រង់តួលេខចេញពីរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីឆ្នាំ ២០២១ កម្ពុជាបាននាំចេញបន្ទះសូឡាទៅក្រៅប្រទេសជិត ៥៤,៣២០តោន ស្មើនឹងទឹកប្រាក់ជិត ២៧៤ លានដុល្លារ។ ក្នុងនោះការនាំចេញទៅសហរដ្ឋអាមេរិកមានប្រមាណជាជាង ៥៣,១៨៨ តោន គិតជាទឹកប្រាក់សរុប ២៥៦.៨៨ លានដុល្លារ។
ទោះជាយ៉ាងណាក្តី ក៏ការប្រើប្រាស់សូឡាមិនទាន់ពេញនិយមនៅឡើយទេនៅកម្ពុជា ដោយសារបន្ទះសូឡានៅមានតម្លៃថ្លៃ ហើយអ្នកប្រើប្រាស់ត្រូវចំណាយបន្ថែមលើអាគុយដែលមានតម្លៃស្ទើតែស្មើនឹងបន្ទះសូឡា ដើម្បីអាចប្រើបាន ២៤ ម៉ោង។ ការណ៍នេះធ្វើឱ្យកសិករដូចជាលោក រុំ សារី ចង់ឱ្យរដ្ឋាភិបាលបង្កើតគោលនយោបាយជំរុញដល់ការប្រើប្រាស់សូឡាឱ្យបាន ២៤ ម៉ោងដើម្បីបង្កើនចំនួនអ្នកប្រើសូឡា និងដើម្បីសម្រួលដល់ជីវភាពកសិករ និងអ្នកប្រើប្រាស់បន្ថែមទៀត។
លោកថ្លែងថា៖ «បើសិនជាអាចមិនប្រើអាគុយបាន ល្អដែរ តែសំខាន់គឺត្រូវការអីស្តុកភ្លើងនៅពេលយប់។ ធម្មតាសូឡាអាចផលិតភ្លើងបានពីពេលព្រឹកដល់ពេលថ្ងៃ ឬពេលល្ងាចអីអ៊ីចឹងទៅ ហើយពីពេលយប់ទៅវាត្រូវការអីស្តុកភ្លើងដើម្បីប្រើ។ អ៊ីចឹងបើសិនមានអីអាចស្តុកភ្លើងក្នុងតម្លៃធូរថ្លៃ ល្អ»។
ចំណែកអ្នកស្រី ធឿន ធាវី កសិករចិញ្ចឹមជ្រូក ក្នុងភូមិស្បៃព្រាល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក៏ចំណេញបានទឹកប្រាក់ដែលត្រូវចំណាយលើអគ្គិសនីប្រមាណជា ២ពាន់ដុល្លារក្នុងមួយខែ ចាប់តាំងពីអ្នកស្រីប្រើថាមពលសូឡាពីឆ្នាំ ២០២០ មក។
ស្រ្តីវ័យ ៤២ ឆ្នាំរូបនេះបន្ថែមថា របរចិញ្ចឹមជ្រូកដូចជាអ្នកស្រី ត្រូវការអគ្គិសនី ២៤ម៉ោង ដើម្បីរក្សាសីតុណ្ហភាពក្នុងរោង។ អ្នកស្រីថា នៅមុនពេលប្រើសូឡា អ្នកស្រីត្រូវចំណាយលើសាំងសម្រាប់ម៉ាស៊ីនភ្លើង ឬបង់ភ្លើងអគ្គិសនីរបស់រដ្ឋប្រមាណជាជិត ៤ពាន់ដុល្លារក្នុងមួយខែ។
អ្នកស្រីថ្លែងថា៖ «ក្នុងរោងជ្រូករបស់ខ្ញុំហ្នឹងប្រើកង្ហារ ៥ ពេលមេឃភ្លៀងអ៊ីចឹងវាត្រជាក់រោង អ៊ីចឹងប្រើកង្ហារតិច អ៊ីចឹងប្រើអស់ភ្លើងតិច ប៉ុន្តែបើខែប្រាំងដែលយើងត្រូវចាយភ្លើងអស់ច្រើនហ្នឹង វាបានសូឡាទប់ ក្នុងការចំណាយលើភ្លើងហ្នឹង»។
បើទោះបីជាការប្រើសូឡាជួយសម្រួលការចំណាយថ្លៃអគ្គិសនីនៅពេលថ្ងៃក្តី អ្នកស្រី ធាវី រួមទាំងលោក សារុំ នៅតែសង្ឃឹមថា រដ្ឋាភិបាលនឹងជួយបង្កើតហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធបន្ថែមទៀត ដើម្បីជួយឱ្យកសិករចិញ្ចឹមជ្រូក ដូចជាអ្នកស្រី អាចប្រើថាមពលលើសូឡាបានពេញ ២៤ ម៉ោង។
អ្នកស្រី ធាវី ថ្លែងថា៖ «ខ្ញុំសំណូមពរឱ្យរាជរដ្ឋាភិបាលជួយដល់ប្រជាកសិករខាងផ្នែកកសិកម្ម ជាពិសេសក្នុងវិស័យចិញ្ចឹមសត្វដូចពួកខ្ញុំអ៊ីចឹង គឺខ្ញុំត្រូវការភ្លើងប្រើ២៤ម៉ោង។ បើបានគាត់ជួយសម្រួលលើការប្រើប្រាស់សូឡាហ្នឹងឱ្យបានប្រើពេញ២៤ម៉ោងគឺរិតតែល្អសម្រាប់ពួកខ្ញុំ។ ផលវិបាករបស់ពួកខ្ញុំ ដូចខ្ញុំនិយាយជាក់ស្តែង ទាំក់ទងនឹងតម្លៃជ្រូកចុះថោក ពេលខ្លះមានផលវិបាកបង់លុយថ្លៃភ្លើង ហើយភ្លើងមិនអាចយោគយល់អធ្យាស្រ័យឱ្យបានទេ ត្រូវតែដល់ថ្ងៃបង់ៗ»។
ថាមពលពន្លឺព្រះអាទិត្យជាថាមពលដែលបានមកពីប្រភពកកើតឡើងវិញយ៉ាងឆាប់រហ័ស ហើយគេបានចាត់ទុកវាថាជាប្រភពថាមពលប្រើមិនចេះអស់។ ថាមពលនេះអាចបម្លែងទៅជាអគ្គិសនីតាមបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ។
របាយការណ៍របស់អង្គការ UNDP ស្តីពីការចាប់យកកាលានុវត្តភាពនៃថាមពលពន្លឺព្រះអាទិត្យនៅប្រទេសកម្ពុជា ដែលចេញកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ បញ្ជាក់ថា ព្រះអាទិត្យចែងចាំងលើប្រទេសកម្ពុជាជាមធ្យម ៨ ម៉ោង រៀងរាល់ថ្ងៃពេញមួយឆ្នាំ។ បរិមាណថាមពលពន្លឺព្រះអាទិត្យដែលកម្ពុជាទទួលបានជារៀងរាល់ថ្ងៃ ស្ថិតក្នុងកម្រិតល្អបង្គួរ ដែលស្មើនឹង ៥ គីឡូវ៉ាត់ម៉ោងក្នុងមួយម៉ែត្រការ៉េ។
របាយការណ៍នោះក៏បានបញ្ជាក់ដែរថា តម្លៃផ្ទាំងកញ្ចក់សូឡាបន្តធ្លាក់ចុះក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ ដោយសារការរីកលូតលាស់នៃឧស្សាហកម្មមួយនេះ។ នៅឆ្នាំ ២០០៨ ផ្ទាំងកញ្ចក់សូឡាមួយវ៉ាត់ តម្លៃ ៣.១៥ ដុល្លារ ហើយនៅឆ្នាំ ២០១៨ តម្លៃនេះធ្លាក់មកនៅត្រឹម ០.២២ដុល្លារប៉ុណ្ណោះ។
សម្រាប់បរិស្ថាន ថាមពលពន្លឺព្រះអាទិត្យផ្តល់នូវប្រភពថាមពលស្អាតដល់ប្រជាជន ដែលរួមចំណែករក្សាគុណភាពខ្យល់ និងជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ ខណៈដែលកម្ពុជាឈរលើលំដាប់ថ្នាក់ជាប្រទេសងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុមួយក្នុងពិភពលោក ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។
ស្របពេលដែលបន្ទះសូឡាមានតម្លៃថោកជាងមុន ហើយផ្តល់អត្ថប្រយោជន៍ច្រើនទាំងសេដ្ឋកិច្ចនិងបរិស្ថាន អ្នកដែលប្រើសូឡាទ្រង់ទ្រាយធំភាគច្រើនជាកសិករ។ នេះបើយោងតាមអ្នកជំនាញ។ កញ្ញា ដាំ សុស្រីនាង អ្នកគ្រប់គ្រងស្ថានីយ៍នៃក្រុមហ៊ុនសូឡាសូជី (SOGE) លើកឡើងថា ប្រជាពលរដ្ឋដែលប្រើសូឡាពីក្រុមហ៊ុនសូជី ភាគច្រើនគឺជាកសិករដែលប្រើសូឡាដើម្បីបម្រើការធ្វើកសិកម្មនៅពេលថ្ងៃរបស់ពួកគេ ដោយសារមិនចាំបាច់ចំណាយលើអាគុយ។ កញ្ញាបន្ថែមថា ការប្រើប្រាស់ថាមពលសូឡា ជួយឱ្យពួកគេចំណេញផ្នែកសេដ្ឋកិច្ចច្រើន ព្រមទាំងការពារបរិស្ថានផងដែរ។
កញ្ញា សុស្រីនាង ថ្លែងថា៖ «កសិករដែលប្រើប្រាស់ភាគច្រើន គឺគាត់កាត់បន្ថយការចំណាយរបស់គាត់ ឧទាហរណ៍ផ្ទាល់ដូចជាកសិកររបស់យើងដែលប្រើសម្រាប់ទ្រុងជ្រូកហ្នឹង ពីដើមគាត់ចំណាយថ្លៃភ្លើងរហូតទៅដល់ខ្ទង់ ២ ពាន់ដុល្លារជាង តែដល់ពេលប្រើសូឡាសម្រាប់ជាថាមពលអគ្គិសនីបន្ថែមទៅ គាត់កាត់បន្ថយចំណាយរបស់គាត់ជាង ៥០ ភាគរយ។ ហើយសម្រាប់បរិស្ថានវិញ ខ្ញុំមើលឃើញថា គឺគាត់ចូលរួមដោយប្រយោល មានន័យថា គាត់ចូលរួមថែរក្សាបរិស្ថានតាមរយៈការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលប្រើប្រព័ន្ធសូឡាជាដើម»។
បើតាមការសាកសួររបស់វីអូអេទៅកាន់ក្រុមហ៊ុនដំឡើងបន្ទះសូឡា ក្នុងករណីអ្នកប្រើប្រាស់ប្រើអគ្គិសនីទំហំ ៦០០ គីឡូវ៉ាត់ក្នុងមួយខែ អ្នកប្រើត្រូវដំឡើងសូឡាទំហំ ៣០ ម៉ែត្រការ៉េ ក្នុងតម្លៃប្រហែលជា ៥,០០០ ដុល្លារ។ ក្នុងករណីដែលអ្នកប្រើត្រូវប្រើពេលយប់ នោះត្រូវចំណាយបន្ថែមលើអាគុយសម្រាប់ស្តុកអគ្គិសនីប្រមាណជា ២,០០០ ដុល្លារ។
កញ្ញា អ៊ុត សុខផល្គុន អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការ EnergyLab លើកឡើងថា ថាមពលសូឡា កំពុងក្លាយជាថាមពលដែលមានសក្តានុពលមួយសម្រាប់កម្ពុជា ដោយសារកម្ពុជាជាប្រទេសដែលមានអំណោយផលពីពន្លឺព្រះអាទិត្យ។ កញ្ញាថា
សម្រាប់គ្រួសារនៅតាមជនបទជាច្រើនដែលគ្មានបណ្តាញអគ្គិសនីជាតិ ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ គឺជាដំណោះស្រាយចម្បង ដោយផ្តល់ថាមពលសម្រាប់តម្រូវការមូលដ្ឋាន ស្របពេលមានការប្រើប្រាស់ថាមពលព្រះអាទិត្យក្នុងវិស័យកសិកម្ម ដើម្បីផ្តល់ថាមពលដល់ការបូមទឹក ការកែច្នៃ និងការស្តុកទុកផងដែរ។
កញ្ញាបន្ថែមថា៖ «ដោយសារថាមពលពន្លឺព្រះអាទិត្យកាន់តែមានតម្លៃសមរម្យ និងអាចប្រើប្រាស់បាន ការប្រើប្រាស់ពាណិជ្ជកម្មរបស់វា ក៏កំពុងកើនឡើងផងដែរ។ សណ្ឋាគារ និងអាជីវកម្មឥឡូវនេះមើលឃើញអត្ថប្រយោជន៍សេដ្ឋកិច្ចនៃការដំឡើងម៉ាស៊ីនកម្តៅទឹកពន្លឺព្រះអាទិត្យ និងការបំពេញតម្រូវការថាមពលពេលថ្ងៃជាមួយនឹងដំបូលសូឡា»។
កញ្ញា អ៊ុត សុខផល្គុន បន្ថែមថា រដ្ឋាភិបាលគួរសិក្សានិងរៀបចំគោលនយោបាយបន្ថែមដើម្បីជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់ថាមពលមួយនេះកាន់តែច្រើន។
កញ្ញា សុខផល្គុន ថ្លែងថា៖ «គោលការណ៍មួយអាចជាការផ្តល់ជាប្រាក់កម្ចី ឬហិរញ្ញប្បទានការប្រាក់ទាបសម្រាប់អ្នករស់នៅ ឬអ្នកធ្វើអាជីវកម្មដើម្បីវិនិយោគទៅលើថាមពលសូឡា អាហ្នឹងជាឧទាហរណ៍មួយ។ ទី ២ អាចជាការលើកទឹកចិត្តសម្រាប់អគារថ្មីដែលគាត់សាងសង់ ព្រោះបច្ចុប្បន្នយើងឃើញហើយថានៅក្នុងប្រទេសកម្ពុជា គឺមានការអភិវឌ្ឍន៍ច្រើនទាក់ទងទៅនឹងអគារ ឬអចលនទ្រព្យអីផ្សេងៗ។ អ៊ីចឹងយើងមើលថា តើមានការលើកទឹកចិត្តអីខ្លះសម្រាប់អគារថ្មីៗដើម្បីឱ្យគាត់អាចប្រើប្រាស់ថាមពលសូឡាបាន ដើម្បីដាក់ចូលក្នុងអគាររបស់គាត់អ៊ីចឹងទៅ»។
បើតាមអង្គការ EnergyLab ក្រៅពីថាមពលស្អាតដែលបំភាយកាបូនសូន្យភាគរយនៅពេលផលិតអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យគឺជាប្រភពថាមពលថោកបំផុតក្នុងប្រទេសកម្ពុជា ទាក់ទងនឹងការចំណាយដើមទុន និងថ្លៃប្រតិបត្តិការ។ ហើយតម្លៃអគ្គិសនីដែលផលិតមានតម្លៃប្រហែលជា ១២០ រៀលក្នុងមួយគីឡូវ៉ាត់ (3c/kwh) សម្រាប់ពន្លឺព្រះអាទិត្យ ហើយប្រហែល ៣០៨ រៀល ក្នុងមួយគីឡូវ៉ាត់ (7.7c/kwh) សម្រាប់ធ្យូងថ្ម។
របាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជាស្តីពីវឌ្ឍនភាពសំខាន់ៗរបស់វិស័យអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា ចេញកាលពីខែធ្នូ ឆ្នាំ ២០២០ បង្ហាញថា កម្ពុជាមានអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ ២០២០ ចំនួនជាង ៣,៨៩៦ មេហ្គាវ៉ាត់ដែលបានមកពីការផលិតក្នុងស្រុក និងនាំចូលពីប្រទេសជិតខាង។ ថាមពលដែលផលិតក្នុងស្រុកភាគច្រើនបានមកពីធ្យូងថ្ម វារីអគ្គិសនី ប្រេងឥន្ធនៈ ហើយក្នុងនោះថាមពលពន្លឺព្រះអាទិត្យមានជាង ២៣៦ មេហ្គាវ៉ាត់ ដែលស្មើនឹងប្រមាណជា ៩ ភាគរយ។
លោក ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល ប្រាប់វីអូអេនៅថ្ងៃទី ៨ ខែកញ្ញានេះថា ថាមពលសូឡា ឬថាមពលពន្លឺព្រះអាទិត្យ គឺជាថាមពលកកើតឡើងវិញមួយដែលស្អាត មិនប៉ះពាល់ដល់បរិស្ថាន មិនបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងជាប្រភពធនធានសក្តានុពលនៅកម្ពុជាសម្រាប់ផលិតថាមពលអគ្គិសនី។ ប៉ុន្តែលោកថា ថាមពលពន្លឺព្រះអាទិត្យមានតែពេលថ្ងៃ និងមានសក្តានុពលឡើងចុះមិនទៀងទាត់ ដូច្នេះដើម្បីអាចយកប្រភពថាមពលនេះ មកប្រើប្រាស់តាមតម្រូវការចំពោះប្រព័ន្ធបណ្តាញជាតិ គឺត្រូវតែផ្តុំប្រភពនេះជាមួយប្រភពថាមពលដទៃទៀត ឬប្រព័ន្ធអាគុយសម្រាប់បំពេញបន្ថែមនៅម៉ោងដែលពន្លឺព្រះអាទិត្យចុះថយ ឬគ្មានព្រះអាទិត្យ។
លោកបញ្ជាក់តាមន័យដើមថា៖ «ជាគោលនយោបាយរាជរដ្ឋាភិបាលមានគោលដៅបង្កើនការអភិវឌ្ឍប្រភពថាមពលសូឡានេះឱ្យបានជាអតិបរមា តាមដែលអាចធ្វើទៅបាន ឱ្យតែកុំប៉ះពាល់ស្ថិរភាពនៃការផ្គត់ផ្គង់របស់ប្រព័ន្ធបណ្តាញជាតិ»។
បើតាមលោក ហេង គុនលាង រដ្ឋាភិបាលមានមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ (ម.អ.ជ.) ដោយបានអនុវត្តកម្មវិធីសង្គមកិច្ចក្នុងវិស័យថាមពលសម្រាប់កម្មវិធីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះ ដើម្បីសម្រួលឱ្យគ្រួសារជនបទនៅតំបន់ដាច់ស្រយាល ដែលខ្សែបណ្តាញអគ្គិសនីមិនទាន់អាចពង្រីកទៅដល់ក្នុងរយៈពេលយូរ អាចទទួលបានអគ្គិសនីប្រើប្រាស់តាមរយៈប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះ។ កម្មវិធីនេះ មានគ្រួសារជនបទចំនួន ២២,៦៤៥ គ្រួសារ ស្មើនឹង ១០៤,១៦៧ នាក់ បានទទួលផលប្រយោជន៍ដោយផ្ទាល់។
ខណៈដែលគោលនយោបាយសម្របសម្រួលឱ្យការប្រើសូឡាបានកាន់តែប្រសើរកំពុងដំណើរការទៅ កសិករដូចជាលោក រុំ សារី និងអ្នកស្រី ធឿន ធាវី ត្រូវបន្តប្រើប្រាស់សូឡាពេលថ្ងៃ និងប្រើអគ្គិសនីពីបណ្តាញអគ្គិសនីជាតិនៅពេលយប់ ដោយមិនទាន់ដឹងថា តើនៅពេលណាពួកគេនឹងអាចប្រើថាមពលសូឡាបានពេញ ២៤ ម៉ោងនៅឡើយទេ៕