លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានការពារការបង់ប្រាក់រង្វាន់ថ្លៃចុះហត្ថលេខា និងមូលនិធិអភិវឌ្ឍសង្គមរបស់ក្រុមហ៊ុនបរទេស ដើម្បីឱ្យបានសិទ្ធិរុករកប្រេង និងឧស្ម័ននៅកម្ពុជា។ ប៉ុន្តែតំណាងរាស្ត្រគណបក្សប្រឆាំង មានការសង្ស័យអំពីការប្រើប្រាស់ប្រាក់ទាំងនេះដោយគ្មានតម្លាភាព។
នៅថ្ងៃសុក្រនេះ លោកឧបនាយករដ្ឋមន្ត្រីសុខ អាន បានជម្រះការមន្ទិលសង្ស័យអំពីភាពមិនប្រក្រតី ទាក់ទងនឹងការប្រគល់កិច្ចព្រមព្រៀងរុករកប្រេង និងឧស្ម័ននៅកម្ពុជា ដែលជាការឆ្លើយតបទៅនឹងសំណួររបស់តំណាងរាស្ត្រគណបក្សប្រឆាំងទាក់ទងនឹងការចំណាយរបស់ក្រុមហ៊ុនប្រេងបរទេស ដើម្បីទទួលបានសិទ្ធិរុករកប្រេង។
កាលពីថ្ងៃទី៧ ខែឧសភា លោកសុន ឆ័យ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានសុំឱ្យលោកសុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឆ្លើយបំភ្លឺអំពីដំណើរការផ្តល់សិទ្ធិទៅឲ្យក្រុមហ៊ុនរុករកប្រេងនិងឧស្ម័ន និងអំពីរបៀបគ្រប់គ្រងមូលនិធិដែលទទួលបានពីក្រុមហ៊ុនទាំងនោះ និងការបង់ប្រាក់ចំនួន២៨លានដុល្លារអាមេរិករបស់ក្រុមហ៊ុនតូតាល់ (TOTAL)។
លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ នៅក្នុងលិខិតឆ្លើយតបនឹងសំណើរបស់លោកសុន ឆ័យ ចុះថ្ងៃទី៩ ខែឧសភា ថា ក្រុមហ៊ុនចំនួន ២៣ ដែលរួមមានក្រុមហ៊ុនChevron របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនតូតាល់របស់ប្រទេសបារាំង បានទទួលសិទ្ធិរុករកប្រេង និងឧស្ម័ននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែក្រុមហ៊ុនមួយចំនួនបានចាកចេញទៅវិញ ដោយសារធនធានប្រេង និងឧស្ម័នរបស់កម្ពុជាមិនអាចអភិវឌ្ឍក្នុងលក្ខណៈពាណិជ្ជកម្ម។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏បានបញ្ជាក់ថា ប្រាក់ចំនួន២៨លានដុល្លារអាមេរិក ដែលត្រូវបានបង់ដោយក្រុមហ៊ុនតូតាល់ ត្រូវបានបែងចែកដូចតទៅនេះ៖ ២០លានដុល្លារសម្រាប់រង្វាន់ចុះហត្ថលេខា ៦លានដុល្លារសម្រាប់មូលនិធិអភិវឌ្ឍសង្គម និងចំនួន២លានដុល្លាទៀតសម្រាប់ដំណើរការរដ្ឋបាល ដែលក្រុមហ៊ុនស្ម័គ្រចិត្តបង់ចំនួនបន្តិចម្តងៗក្នុងរយៈពេលវែង ដើម្បីប្រើប្រាស់លើសេវាខាងបច្ចេកទេសជំនាញការច្បាប់ និងសេវាផ្សេងៗក្នុងការចរចាជាមួយភាគីថៃ លើតំបន់ទាមទារត្រួតគ្នា។
លោក សុន ឆ័យ បានថ្លែងថា លោកមិនអាចទទួលយកចម្លើយនេះបានទេ ពីព្រោះចម្លើយនោះមិនបានបញ្ជាក់ ពីចំនួនប្រាក់សរុប ដែលបានទទួលពីក្រុមហ៊ុនទាំង ២៣ ការប្រើប្រាស់ប្រាក់ទាំងនោះទៅធ្វើអ្វីខ្លះ ចំនួនប្រាក់នៅក្នុងសៀវភៅបន្ទុកក្នុងធនាគារ និងការប្រើគោលការណ៍សម្រាប់រក្សាប្រាក់ទាំងនេះ។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងថា ការឆ្លើយតបនេះមិនទាន់បង្ហាញពីតម្លាភាព និងមិនអាចទទួលយកបាននៅឡើយ ហើយមានភាពមិនប្រក្រតី ដោយសារការប្រើប្រាស់ប្រាក់នេះ អត់មានតម្លាភាព អត់មានសៀវភៅបន្ទុក អត់មានច្បាប់អនុញ្ញាត និងអត់មាននីតិវិធីត្រួត ពិនិត្យ។ លោកបានប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិកផ្នែកខេមរភាសាថា៖
«ចម្លើយនេះ មិនទាន់បង្ហាញនូវតម្លាភាពដែលយើងចង់បាន ហើយដែលយើងជាអ្នកសួរអាចទទួលយកបាននៅឡើយ ហើយការបង្ហាញក្នុងចម្លើយនេះ បានន័យថា មានភាពមិនប្រក្រតីដែលចាំបាច់ ត្រូវរកឱ្យឃើញ។»
លោក សុខ អាន បានបញ្ជាក់ថា ប្រាក់ដែលត្រូវបានបង់ដោយក្រុមហ៊ុនទាំងនេះ ត្រូវបានដាក់ចូលទៅក្នុងគណនីមួយរបស់ធនាគារជាតិនៃកម្ពុជា ហើយត្រូវគ្រប់គ្រងរួមគ្នាដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរប្រេងកាតជាតិកម្ពុជា។ គ្មានការបង់ប្រាក់ណាមួយឱ្យទៅបុគ្គលជាមន្ត្រីរដ្ឋាភិបាលដោយផ្ទាល់ទេ។