ការ​រក្សា​គម្លាត​ពី​គ្នា​នៅ​ទី​សាធារណៈ​លែង​មាន​ដូច​មុន​ ខណៈ​មិន​មាន​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូរ៉ូណា

លោកទូច អួច​ (នៅ​ស្តាំដៃ) កំពុង​លក់​ផ្លែទុរេន​ នៅតាមបណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ថ្ងៃទី​៧ ខែឧសភា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេខ្មែរ)

ខណៈ​ដែល​មិន​មាន​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូរ៉ូណា​ជាង​៣​សប្តាហ៍​មក​នោះ​ ​ការ​អនុវត្តរក្សា​គម្លាត​នៅ​ឆ្ងាយ​ពី​គ្នា ​ហាក់​មិន​មាន​ការ​អនុវត្ត​ដូច​មុន​នោះ​ទេ។​ ប្រជាជន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ ហើយ​ការ​រក​ស៊ី​ចាប់​ផ្តើម​បើក​ឡើង​វិញ។​

ក្រសួង​សុខាភិបាល​ក៏​នៅ​តែ​បន្ត​ព្រមាន​ពី​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ឡើង​វិញ ​បើ​ទោះ​កម្ពុជា​មាន​ករណី​ឆ្លង​សរុប​ចំនួន​តែ​ ១២២ ​ហើយ​ជា​សះ​ស្បើយ ​១២០​ ករណី​ក៏​ដោយ។​

ការ​នៅ​ឲ្យ​ឆ្ងាយ​ពីគ្នា​ចម្ងាយ​ពី​មួយ​ម៉ែត្រ​កន្លះ​ទៅ​ពីរ​ម៉ែត្រ​នៅ​ទី​សាធារណៈ ​ផ្សារ​ទំនើប​និង​ទី​ប្រជុំ​ជន​កម្រ​ត្រូវ​បាន​គេ​មើល​ឃើញ​នា​ពេល​នេះ។ ​ពលរដ្ឋ​ចាប់​ផ្តើម​សោះ​អង្គើយ​ក្នុង​ការ​ពាក់​ម៉ាស។​

លោក​ ឌី សុខុម​ អ្នក​លក់​ទឹក​អំពៅ​នៅ​មុខ​ផ្សារ​ទំនើប​ AEON II ​ក្នុង​ខណ្ឌ​សែនសុខ ​រាជ​ធានី​ភ្នំពេញ ​ថ្លែង​ប្រាប់ ​VOA​ ថា​ លោក​មិន​បារម្ភ​ពី​ការ​នៅ​ក្បែរ​គ្នា​រវាង​លោក​និង​អតិថិជន​របស់​លោក​ទេ ​ហើយ​លោក​ក៏​មិន​ពាក់​ម៉ាស​ការពារ​មុខដែរ​ នៅ​ពេល​កម្តៅ​ថ្ងៃ​ឡើង​ក្តៅ​ខ្លាំង។

«អត់​មាន​ទេ​ ព្រោះ​អត់​មាន​ត្រូវ​ខ្លាច​ផង​ ព្រោះ​វា​អា​នេះ​ឆ្លង​តាម​ខ្យល់​ដង្ហើម​ដូច​គ្នា​ ហ្នឹង​... ព្រោះ​វា​សាយ​ភាយ​ដោយ​សារ​ដង្ហើម​យើង​ ដោយ​សារ​គុណភាព​ដង្ហើម​យើងដែរ​ហ្នឹង។ ​ចំពោះ​បង​ ​បង​អត់​ខ្លាច​ទេ។ ​ ថ្មើរ​នេះ​ បង​លែង​ខ្លាច​បាត់​ហើយ»។​

លោកឌី សុខុម​ អ្នកលក់​ទឹកអំពៅ​នៅ​មុខផ្សារទំនើប​អ៊ីអន​២​ ក្នុងខណ្ឌសែនសុខ​ រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី​/វីអូអេខ្មែរ) ​

ក៏​ប៉ុន្តែ​លោក ​សុខុម ​អាយុ ​៣១ ​ឆ្នាំ ​និយាយ​ថា​ បើ​សិន​ជា​លោក​សង្កេត​ឃើញ​អតិថិជន​របស់​លោក​ណា​ម្នាក់​ មាន​អាការៈ​ផ្តាសាយ​នោះ​ លោក​នឹង​មិន​ទៅ​កៀក​នឹង​អថិតិជន​នោះ​ទេ។​

«បើ​គេ​មាន​ការ​ផ្តាសាយ​ ...​ យើង​មើល​ភ្ញៀវ​ដែរ​ ដល់​ចឹង​យើង​ហុច​រាង​ដោល​ពី​ចម្ងាយ​ដែរ​ ប្រហែល​ជា​កន្លះ​ម៉ែត្រ​អ៊ីចឹង​ទៅ»។

បើ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​វីរុស​កូរ៉ូណា ​ពល​រដ្ឋ​ម្នាក់ៗ​ត្រូវ​រក្សា​គម្លាត​នៅ​ឆ្ងាយ​ពីគ្នា ​ប្រមាណ​ ១ ​ម៉ែត្រ​កន្លះ​ទៅ ​២ ​ម៉ែត្រ។​ បន្ថែម​លើ​នោះ​ ពលរដ្ឋ​ត្រូវ​អនុវត្ត​វិធាន​ការ​បង្ការ​ផ្សេង​ទៀត ​រួម​មាន​កាត់​បន្ថយ​ការ​ជួប​ជុំ ​និង​ការ​ចំណាយ​ពេល​វេលា​នៅ​កន្លែង​ប្រមូល​ផ្តុំ​ លាង​ដៃ​នឹង​សាប៊ូ​និង​ទឹក​ស្អាត​ ឬ​អាល់​កុល​ឲ្យ​បាន​ញឹកញាប់។​ ហើយ​នៅ​ពេល​ក្អក​ ឬ​កណ្តាស់​ ត្រូវ​ខ្ទប់​មាត់​ដោយ​ប្រើ​កន្សែង​ដៃ ​ឬ​ក្រដាស​អនាម័យ​ រួច​បោះ​ចោល​ក្នុង​ធុង​សម្រាម​ភ្លាម​ ហើយ​លាង​សម្អាត​ដៃ។

នៅ​ក្នុង​ផ្សារ​ទំនើប​ AEON II ​ទាំង​អ្នក​លក់​ដូរ​ និង​អ្នក​ដើរ​ទិញ​ទំនិញ​ ត្រូវ​គេ​សង្កេត​ឃើញ​ថា​មិន​មាន​ការ​រក្សា​គម្លាត​នៅ​ឆ្ងាយ​ពី​គ្នា​នោះ​ទេ ​បើ​ទោះជា​ពួក​គេ​ភាគ​ច្រើន​មាន​ពាក់​ម៉ាស​ក៏​ដោយ។ ​ អ្នក​លក់​ដូរ​មួយ​ចំនួន​និយាយ​ថា​ ពួក​គេ​មិន​បាន​រក្សា​គម្លាត​នៅ​ឆ្ងាយ​ពីគ្នា​ ដោយ​សារ​តែ​មាន​ការ​ទុក​ចិត្ត​គ្នា​ថា​ គ្មាន​ជំងឺ​កូវីដ១៩។​

កំពុង​អង្គុយ​លើ​កៅអី​មួយ​នៅ​មុខ​បន្ទប់​ទឹក ​ក្នុង​ផ្សារ​ទំនើប​ AEON II កញ្ញា ​ថង ស្រីនី​ វ័យ ​១៩ ​ឆ្នាំ​ កំពុង​អង្គុយ​ចុច​ទូរស័ព្ទ​ដៃ​ ឆ្ងាយ​ពី​អ្នក​ដើរ​ផ្សារ​ផ្សេង​ទៀត។​ កញ្ញា​និយាយ​ថា​ ​អ្នក​ដើរ​ផ្សារ​ភាគ​ច្រើន​មិន​បាន​រក្សា​គម្លាត​ឆ្ងាយ​ពីគ្នា​ទេ​ ពេល​ដែល​ពួក​គេ​ទិញ​ទំនិញ។​

«មុន​ហ្នឹង​ ខ្ញុំ​ដើរ​មក​ហ្នឹង​ ឃើញ​...​ ឃើញ​ពួក​គាត់​ដូច​អង្គុយ​ឆ្ងាយ​គ្នា​ ប៉ុន្តែ​ពេល​ដើរ​ទៅ​ នៅ​កន្លែង​ទិញ​អីៗ​ អត់​ឃើញ [នៅឆ្ងាយ​ពីគ្នា​ទេ]»។​

ក្នុង​ផ្សារ​ទំនើប ​AEON II​ ដដែល​នេះ ​លោក ​ស៊ុន ភក្តី​ កំពុង​រង់​ចាំ​ទទួល​បណ្ណ​បើកបរ​នៅ​មុខ​ការិយាល័យ​ធ្វើ​បណ្ណ​បើកបរ។​ លោក​ព្យាយាម​ឈរ​ឲ្យ​ឆ្ងាយ​ពី​អ្នក​មក​ធ្វើ​បណ្ណ​បើកបរ​ផ្សេង​ទៀត​ ដោយ​បារម្ភ​ពី​ការ​ឆ្លង​វីរុស​កូរ៉ូណា​ ដែល​លោក​យល់​ថា ​មិន​ទាន់​បាត់​ទាំង​ស្រុង​នៅ​ឡើយ​ទេ។​

ស្រប​ពេល​លោក​មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ​ លោក​សង្កេត​ឃើញ​អ្នក​ផ្សេង​ទៀត​បាន​រក្សា​គម្លាត​ពី​គ្នា ​ តែ​ហាក់​ដូច​ជា​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​គ្នា​នោះ​ទេ។​

«គាត់​ឈរ​ទៅ​ គាត់​រាង​ប្រយ័ត្នៗ​ដែរ​ ប៉ុន្តែ​គ្រាន់​ថា​គាត់​មិន​បាន​ឆ្ងាយ​... ​ ប្រហែល​ម្នាក់​មួយ​ម៉ែត្រ​ ម្នាក់​ពី​គ្នា​...​ មួយ​ម៉ែត្រៗ​អ៊ីចឹង​ វា​មិន​សូវ​ជា​កៀក​ ខុស​គ្នា​ប៉ុន្មាន​ដែរ»។​

ក្រសួង​សុខាភិបាល​រាយ​ការណ៍​ថា​ មិន​មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩​ទេ​ជាង​៣​សប្តាហ៍​មក​ហើយ។​ប៉ុន្តែ​ ក្រសួង​ព្រមាន​ថា​គ្មាន​ករណី​ឆ្លង​ថ្មី​ មិន​មែន​មាន​ន័យ​ថា​ ការ​ឆ្លង​នឹង​មិន​កើត​មាន​ឡើង​នោះ​ទេ។

ចំណែក​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បន្ត​អនុវត្ត​រក្សា​គម្លាត​ពី​គ្នា​ ដូចជា​ពន្យារ​ការ​រៀប​អាពាហ៍​ពិពាហ៍​ ពិធី​ជប់​លៀង​ និង​ការ​ចាក់ធុង​បាស​រាំ​ជាដើម។​

ចំណែក​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ នៅ​ថ្ងៃ​សុក្រ​នេះ ក៏​បាន​ក្រើន​រំឭក​ពលរដ្ឋ​កម្ពុជា​ឲ្យ​បន្ត​ការ​ប្រុង​ប្រយ័ត្ន។ ​លោក​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ក្នុង​ន័យ​ដើម​ថា៖​ «ទោះបី​អត្រា​ឆ្លង​នៃ​ជំងឺ​កូវីដ១៩​ត្រូវ​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ក្តី​ ហើយ​អត្រា​នៃ​ការ​ព្យាបាល​អ្នក​ជំងឺ​នេះ​បាន​ជា​សះ​ស្បើយ​នៅ​សល់​តែ​ ២ ​នាក់​ទៀត​ប៉ុណ្ណោះ​ក្តី​ក៏​យើង​មិន​ត្រូវ​ធ្វេស​ប្រហែស​ ហើយ​គិត​ស្រាល​ថា​ ជំងឺ​នេះ​មិន​អី​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឬ​គិត​ថា​កម្ពុជា​ជា​ប្រទេស​ក្តៅ​ មិន​ងាយ​ឆ្លង​ គឺ​មិន​ដូច្នេះ​ទេ ​ ព្រោះ​ជំងឺ​នេះ​ជា​ជំងឺ​កាច​សាហាវ​ ហើយ​ងាយ​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​លឿន​ខ្លាំង​ណាស់»។​

លោក​ ទូច អួច​ ពលរដ្ឋ​មក​ពី​ស្រុក​កណ្តាល​ស្ទឹង​ខេត្ត​កណ្តាល​កំពុង​លក់​ផ្លែ​ទុរេន​នៅ​តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុស្សី​ សង្កេត​ឃើញ​ថា​ ពលរដ្ឋ​ទូទៅ​ចាប់​ផ្តើម​បន្ថយ​ការ​ប្រុង​ប្រយ័ត្ន​នៅ​តាម​ផ្សារ​ ដោយ​មិន​បន្ត​ពាក់​ម៉ាស​ ឬ​មិន​មាន​ការ​រក្សា​គម្លាត​ឆ្ងាយ​ពី​គ្នា​ទេ។ ​ លោក​និយាយ​ថា ​នៅ​ពេល​ដែល​រដ្ឋាភិបាល​មិន​ទាន់​ប្រកាស​ឲ្យ​ដំណើរ​ការ​គ្រឹះស្ថាន​អប់រំ​ និង​បន្ត​ការ​រឹត​បន្តឹង​កន្លែង​សប្បាយ​នានា​នោះ​ពលរដ្ឋ​ត្រូវ​តែ​រក្សា​ការ​ប្រុង​ប្រយ័ត្ន។​

«អត់​ទាន់​ឲ្យ​បើក​ អត់​ទាន់​ឲ្យ​ដំណើរ​ការ​អ៊ីចឹង​ យើង​ចេះ​ប្រយ័ត្ន​សិន​ទៅ​ណា៎​...​ ដល់​ពេល​ សាលា​ដំណើរ​ការ​អស់​ យើង​ស្រួល​វិញ​ហើយ។​អាហ្នឹង​លែង​សូវ​ប្រយ័ត្ន»។

កម្មករ​ឡើង​ជិះរថយន្តរួម​គ្នា​ ពេល​ចេញពីធ្វើការ​នៅរោងចក្រ​ក្នុង​ខណ្ឌពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ​ ថ្ងៃទី​ ៧​ ខែ​ឧសភា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេខ្មែរ) ​ ​

កម្មករ​រោងចក្រ​កាត់​ដេរ​មួយ​ចំនួន​ បាន​ឲ្យ​ដឹង​ថា ស្ថានភាព​នៃ​ការ​បង្ការ​ជំងឺ​កូវីដ ១៩​ ខុសៗ​គ្នា​នៅ​កន្លែង​ធ្វើការ​របស់​ពួក​គេ។​

អ្នកស្រី សោម ដាណូ​ កម្មការិនី​កាត់ដេរ​ ដែល​ចេញពី​រោង​ចក្រ​មួយ​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ និយាយ​ថា ​កម្មករ​នៅ​កន្លែង​ធ្វើ​ការ​របស់​អ្នកស្រី​ត្រូវ​បាន​ប្រាប់​ឲ្យ​អនុវត្ត​ការ​រក្សា​គម្លាត​ឆ្ងាយ​ពី​គ្នា​អស់​រយៈ​ពេល​មួយ​ខែ​កន្លះ​មក​ហើយ ​ដើម្បី​បង្ការ​ការ​ឆ្លង​វីរុស​កូរ៉ូណា។

«មួយ​ខែ​ជាង​ហើយ​ តាំង​ពី​ចូល​ឆ្នាំ.​..​ និយាយ​ទៅ​តាំង​ពី​មាន​មេរោគ​ហ្នឹង​មក។ អ៊ីចឹង​ គេ​ឲ្យ​នៅ​គម្លាត​ពី​គ្នា​អ៊ីចឹង​ណ៎ា។ ​គេ​ការពារ​ ​ឲ្យ​ពាក់​ម៉ាស​ ពាក់​អី​ ប្រើអាល់​កុល​ ប្រើ​អី​អ៊ីចឹង។​ កន្លែង​ចូល​បន្ទប់​ទឹក​ លាង​ដៃ​ ឧស្សាហ៍​លាង​ដៃ​អ៊ីចឹង។​ គេឧស្សាហ៍​ប្រជុំ​ប្រាប់​យើង​ ឲ្យ​យើង​លាង​ដៃ​សម្អាត»។​

ប៉ុន្តែ​ ការ​អនុវត្ត​បែប​នេះ​ មិន​មាន​នៅ​កន្លែង​ធ្វើ​ការ​របស់​កញ្ញា ​ប៉ិល សេង ​កម្មការិនីម្នាក់​ទៀត​នោះ​ទេ។​កម្មការិនី​ វ័យ​ ៣២​ ឆ្នាំ​ នេះ​និយាយ​ថា​ កញ្ញា​មិន​ដឹង​ថា​ មូលហេតុ​អ្វី​បាន​ជា​រោងចក្រ​ដែល​កញ្ញា​កំពុង​ធ្វើ​ការ​នេះ​មិន​តម្រូវ​ឲ្យ​ស្ថិត​ឆ្ងាយ​ពី​គ្នា​នោះ។ ​យ៉ាងណាមិញ​ កញ្ញា​ថា​ ​រោងចក្រ​បាន​ស្នើ​ឲ្យ​មាន​ការពាក់​ម៉ាស​និង​ដាក់​ទឹក​អាល់​កុល​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​រោងចក្រ។​

«ពាក់​ម៉ាស ​លាង​ទឹក​អាល់កុល​សម្រាប់​លាង​ដៃ​ ឬក៏​បាញ់​អី​អ៊ីចឹង​ណា៎​បង»។​

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក ​អាត់ ធន់ ​ប្រាប់​ VOA​ នៅ​ថ្ងៃសុក្រ​នេះ​ថា ​ការ​រក្សា​គម្លាត​ពី​គ្នា​ភាគ​ច្រើន​មិន​ត្រូវ​បាន​អនុវត្ត​នៅ​តាម​រោងចក្រ​នោះ​ទេ ​ហើយ​កម្មករ​ក៏​បន្ត​រក្សា​ទម្លាប់​ចាស់​ដដែល ​ដូច​ជា​ការ​ហូប​អាហារ ​និង​ដើរ​ជុំៗ​គ្នា​ដដែល។​ លោក​លើក​ទឹក​ចិត្ត​ឲ្យ​ថៅ​កែ​រោងចក្រ​អនុវត្ត​វិធាន​ការ​រក្សា​គម្លាត​ពី​គ្នា ​ដើម្បី​បង្ការ​ការ​ចម្លង​វីរុស​កូរ៉ូណា។​

ទោះបី​ជា​ពលរដ្ឋ​សាមញ្ញ​ទូទៅ ​និង​កម្មករ​រោងចក្រ​មិន​សូវ​បាន​អនុវត្ត​ការ​រក្សា​គម្លាត​ឆ្ងាយ​ពី​គ្នា​ក្តី ​ ​បុគ្គលិក​ក្នុង​វិស័យ​ឯកជន ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​សម្រេច​ធ្វើ​ការ​ពី​ផ្ទះ ​នៅ​ពេល​មាន​សេចក្តី​រាយ​ការណ៍​នៃ​ករណី​ឆ្លង​ដំបូងៗ។​ បុគ្គលិក​រដ្ឋ​មួយ​ចំនួន​ក៏​ត្រូវ​គេ​សង្កេត​ឃើញ​ថា​ បន្ត​ការ​ពាក់​ម៉ាស​នៅ​ពេល​ធ្វើការ។​

កាល​ពី​ថ្ងៃ​ច័ន្ទ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ​លោក ​ម៉ម ប៊ុនហេង​ មាន​ប្រសាសន៍​ថា អាជីវ​កម្ម​ផ្សេងៗ​ដែល​ប្រកាស​ឲ្យ​ផ្អាក​ដោយសារ​ជំងឺ​កូវីដ១៩ ​ត្រូវ​បន្ត​បិទ​ដដែល ​ខណៈ​សាលា​រៀន​នៅ​ទូទាំង​ប្រទេស​ក៏​មិន​ទាន់​មាន​ការ​អនុញ្ញាត​ឲ្យ​បើក​ឡើង​វិញ​ដែរ។​លោក​បន្ត​ថា​ អាជីវកម្ម​ជាច្រើន​ប្រភេទ ​ដូចជា​ខារ៉ាអូខេ​ និង​កន្លែង​ផ្សេងៗ​ជា​ច្រើន​ទៀត​ ដែល​ត្រូវ​បាន​ផ្អាក ​ត្រូវ​បន្ត​ផ្អាក ​ដោយ​មិន​ទាន់​មាន​ការ​កំណត់​ពេល​ជាក់​លាក់។​

កាល​ពី​កន្លង​ទៅ ​តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​ប្រទេស​កម្ពុជា ​លោកស្រី​ Li Ailan ​បាន​ថ្លែង​ថា ​កម្ពុជា​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ហើយ​ត្រូវ​តែ​ត្រៀម​ឲ្យ​បាន​ត្រឹម​ត្រូវ​មុន​នឹង​ដាក់​ដំណើរ​ការ​ការ​រក​ស៊ី​ឡើង​វិញ ​ការ​បើក​សាលារៀន ​និង​ការ​ធ្វើ​ដំណើរ​ជាដើម។​លោក​ស្រី​បន្ត​ថា ​ប្រជាជន​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដោយ​សារ​ជំងឺ​នេះ​មិន​ទាន់​បញ្ចប់​នៅ​ក្នុង​ពិភព​លោក​នោះ​ទេ៕