កាលពីថ្ងៃអាទិត្យ ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១០ នៅវិចិត្រសាល Freer Gallery of Arts នារដ្ឋធានីវ៉ាស៊ីនតោន លោកជូ ដាវី អ្នកដឹកនាំភាពយន្តវ័យក្មេង ខែ្មរ បារាំង ដែលត្រូវជាចៅរបស់ផលិតករភាពយន្តខ្មែរជំនាន់ដើម វ៉ាន់ ចាន់ បានចងក្រងឯកសារស្តីអំពីភាពយន្ត និងផលិករនិងតួសម្តែងភាពយន្តក្នុងសម័យជឿនលឿននៃវិស័យភាពយន្តខ្មែរក្នុងទសវត្សរ៍១៩៦០ និង១៩៧០។ ក្នុងបទបង្ហាញនោះ លោកជូ ដាវី បានឲ្យដឹងថា វិស័យភាពយន្តខ្មែរក្នុងទសវត្សរ៍១៩៦០ និង១៩៧០ គឺឈានដល់ចំណុចកំពូលក្នុងប្រវត្តិសាស្ត្រភាពយន្តខ្មែរ ហើយលោកមានបំណងផ្សព្វផ្សាយអំពីប្រវត្តិដ៏រុងរឿងនេះដល់ពិភពលោក និងចង់ស្រោចស្រង់វិស័យភាពយន្តខ្មែរ និងអភិវឌ្ឍឲ្យរុងរឿងឡើងវិញ។ លោកបានប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិកយ៉ាងដូច្នេះថា៖
«វិចិត្រសាល Freer Gallery អញ្ជើញខ្ញុំពីស្រុកបារាំង ឥឡូវខ្ញុំនៅស្រុកបារាំង ដើម្បីឲ្យខ្ញុំធ្វើបទបង្ហាញអំពីកុនខ្មែរពីដើមក្នុងឆ្នាំ១៩៦០និង៧០ ពីព្រោះនៅស្រុកអាមេរិកនិងបារាំងមិនសូវមានមនុស្សដឹងអំពីរឿងនេះ។ ដូច្នេះ ខ្ញុំនិយាយប្រហែលមួយម៉ោងអំពីរឿងនេះ។ ពីឆ្នាំ៦០ ទៅឆ្នាំ៧៥ មានកុនប្រហែល៤០០។ ខ្ញុំចង់ចែករំលែកអំពីភាពយន្តខ្មែរជាមួយអ្នកទាំងអស់គ្នា»។
ជាមួយនឹងបទបង្ហាញនេះ លោកជូ ដាវី បានដកស្រង់ឈុតខ្លះៗពីភាពយន្តខ្មែរល្បីៗកាលពីជំនាន់នោះ។ ឆ្លើយតបទៅនឹងឈុតមួយចំនួនដែលត្រូវបានបញ្ចាំងនេះ អ្នកចូលរួមជនជាតិអាមេរិកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះមានប្រសាសន៍ថា លោកមានការស្ងោចសរសើរយ៉ាងខ្លាំងចំពោះការជឿនលឿននៅក្នុងវិស័យភាពយន្តខ្មែរជំនាន់នោះ។ លោក ថ្លែងដូច្នេះថា៖
«គួរឲ្យចាប់ចិត្តយ៉ាងខ្លាំងដោយគ្រាន់តែឃើញមនុស្សតូចចេញពីក្នុងមាត់តួប្រុសតួស្រី។ បាទ ពិតជាគួរឲ្យចាប់អារម្មណ៍មែន។ ខ្ញុំយល់ថា ឈុតមួយដែលបុរសម្នាក់ខ្វេះភ្នែករាជបុត្រីគឺសាហាវមែនទែន អ្នកដឹងទេ។ គឺប្រហែលជាអាចប្រៀបជាមួយនឹងបទដ្ឋានបច្ចុប្បន្នបានខាងផ្នែកនេះ»។
ចំណែកលោកម៉ុង ហេង ខ្មែរអាមេរិក រស់នៅរដ្ឋវីជីញៀ (Virginia) សហរដ្ឋអាមេរិក ដែលបានចូលរួមដែរនោះ បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា ដោយបានស្តាប់បទបង្ហញ និងឃើញឈុតមួយចំនួននៃខ្សែភាពយន្តកាលជំនាន់ដើម ធ្វើឲ្យលោកនឹកដល់សម័យរុងរឿង និងអនុស្សាវរីយ៍នៅជំនាន់នោះ ហើយសង្ឃឹមថា វិស័យភាពយន្តនឹងរីកចម្រើននៅក្នុងពេលអនាគត។ លោកបន្តថា៖
«បទបង្ហាញអំពីប្រវត្តិសាស្ត្រភាពយន្តខ្មែរធ្វើឲ្យខ្ញុំនឹកឃើញរឿងចាស់ គឺថានឹកដល់ប្រទេសខ្មែរយើង នឹកដល់សាច់រឿងកាលដែលខ្ញុំរស់នៅពីក្មេង។ បើតាមកាលពីខ្ញុំរស់នៅ Golden Age ដែលថាពីឆ្នាំ១៩៦០ ១៩៧០ ហើយនិងប្រៀបធៀបមកសម័យនេះ ខ្ញុំឃើញថាសម័យនេះ យើងបានរីកចម្រើនខាងសិល្បៈជាច្រើនដូចជាចម្រៀងការ៉ាអូខេ ប៉ុន្តែរឿងភាពយន្ត រឿងដែលថា ជាកញ្ចក់ឆ្លុះបញ្ចាំងវប្បធម៌ខ្មែរ ការស់នៅក្នុងសង្គមខ្មែរយើងហ្នឹង គឺថាដូចជានៅអន់ថយច្រើនណាស់ ពីព្រោះយើងមិនទាន់ឃើញមានអ្នកផលិតភាពយន្តណាមួយមានថ្វីដៃដូចពីមុន ហើយតទៅអនាគតខ្ញុំសង្ឃឹមថា ប្រជាជនខ្មែរជំនាន់ក្រោយ ក្មេងៗជំនាន់ក្រោយ ក៏មានបញ្ញាវាងវៃ ហើយនិងប្រើចំណេះខ្លួនធ្វើឲ្យភាពយន្តខ្មែរបានជឿនលឿនដូចលើកមុន ហើយនិងជឿនលឿនជាងមុន។
លោក ជូ ដាវី ឲ្យដឹងថា ភាពយន្តខ្មែរដែលត្រូវបានផលិតកាលពីជំនាន់មុនឆ្នាំ១៩៧៥ ត្រូវបានបំផ្លាញ និងបាត់បង់ចំនួនប្រហែល ៩០ភាគរយ ដោយហេតុថា ក្នុងចំណោមភាពយន្តប្រហែល៤០០រឿង មានតែ៣១រឿងប៉ុណ្ណោះ ដែលត្រូវបានសង្គ្រោះ និងនៅសល់។ ដោយហេតុនេះ លោកជូ ដាវី បានរៀបចំផលិតភាពយន្តមួយស្តីអំពីប្រវត្តិសាស្រ្តភាពយន្តសម័យរុងរឿងនោះ ដែលបច្ចុប្បន្នកំពុងកាត់តនៅប្រទេសបារាំង ហើយនឹងត្រូវដាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះ៕