សម្តេចឪ​អះអាង​ពី​ការ​នៅ​ក្រៅ​ឆាក​នយោបាយ

សម្តេចឪ​ នរោត្តម​ សីហនុ​ និង​សម្តេច​ម៉ែ​ នរោត្តម​ មុនីនាថ​ សីហនុ​ ស្វាគមន៍​សិស្សា​នុសិស្ស​ ដែល​ឈរ​អម​នៅ​លើ​ផ្លូវ​ ក្នុង​ពិធី​ប្រារព្វ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ទី​ ៥០​ ក្នុង​រាជធានី​ភ្នំពេញ​​ក្នុង​ឆ្នាំ​២០០៣។

ភ្នំពេញ៖ អតីត​ព្រះមហាក្សត្រ​នរោត្តម ​សីហនុ​ បាន​អះអាង​សារ​ជា​ថ្មី​នៅ​ថ្ងៃ​សុក្រ​នេះ​ ថា​ព្រះអង្គ​នឹង​មិន​យាងចូល​ក្នុង​ជីវិត​នយោ​បាយ​ឡើងវិញ​នោះទេ។ ព្រះរាជ​ឱង្ការ​របស់​ព្រះអង្គ​ធ្វើឡើង​ដំណាល​គ្នា​ជាមួយ​នឹង​ការប្រកាស​ធ្វើ​នយោបាយ​ឡើង​វិញរ​បស់​សម្ដេច​ក្រុមព្រះ​នរោត្តម​ រណឫទ្ធិ។

នៅក្នុង​សេចក្ដី​ប្រកាស​ជា​ចំហ​ពីទី​ក្រុង​ប៉េកាំង​ដែល​វីអូអេ​សំឡេង​សហរដ្ឋអាមេរិក​ទទួល​បាននោះ ​អតីត​ព្រះមហាក្សត្រ​ខ្មែរ ​នរោត្តម ​សីហនុ​ បាន​អះអាង​សារជាថ្មី​នៅ​ថ្ងៃសុក្រ​នេះពី​ការ​គាំទ្រ​លោក​នាយក​រដ្ឋមន្ដ្រី ​ហ៊ុន សែន​ ១០០ ​ភាគរយ​ ក្នុង​ការ​ធ្វើជា​ប្រ​មុខ​រដ្ឋាភិបាល។

សេចក្ដី​ប្រកាស​របស់​អតីត​ព្រះមហាក្សត្រ​ធ្វើឡើង​ស្របពេល​ដែល​ ព្រះអង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ​ បាន​យាង​ចេញ​ទៅ​ខេត្ត​កំពង់ឆ្នាំង​នៅ​ថ្ងៃ​នេះ ​មុន​នឹង​គេ​រំពឹង​ថា​ ព្រះអង្គ​នឹង​ត្រូវ​ប្រកាស​ធ្វើ​នយោ​បាយ​ឡើងវិញ​ជាផ្លូវការនៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​បន្ទាប់ពី​ព្រះអង្គ​ចូល​និវត្តន៍​ពី​នយោបាយ​ចាប់តាំង​ពី​ការ​ចាញ់ឆ្នោត​នៅ​ឆ្នាំ​២០០៨ ​មក។ ហើយ​សេចក្ដី​ប្រកាស​របស់​ព្រះមហា​វីរក្សត្រ​នរោត្តម​ សីហនុ​ ធ្វើ​ឡើងមួយថ្ងៃ​ប៉ុណ្ណោះ ​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ដ្រី ​ហ៊ុន សែន​ បាន​ព្រមាន​ចំពោះ​ការយាង​ចូលធ្វើ​នយោបាយ​វិញ​របស់​អតីត​ប្រធាន​គណបក្ស ​ហ៊្វុនស៊ីនប៉ិច។

អតីត​ព្រះមហាក្សត្រ​មាន​ព្រះរាជ​ឱង្ការ​បញ្ជាក់​ច្បាស់ៗ​តាម​ឃ្លា​ដើមថា៖

«ខ្ញុំ​បាន​ចូល​និវត្តន៍​ហើយ។ ខ្ញុំ​នឹង​មិន​ធ្វើ​នយោបាយ​តទៅ​ទៀត​នោះទេ»។ ព្រះអង្គ​មាន​ព្រះរាជ​ឱង្កា​របន្ថែមថា ​ព្រះអង្គ​គាំទ្រ​លោក​នាយក​រដ្ឋមន្ដ្រី ​ហ៊ុន សែន ​ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​រហូត​ទៅ​ដល់​ព្រះអង្គ​អស់​ព្រះជន្ម»។

សេចក្ដី​ប្រកាស​របស់​សម្ដេចឪ​ នរោត្ដម ​សីហនុ ​ទំនង​ជា​ធ្វើ​ឡើង​ ដើម្បី​បញ្ចប់​ការមន្ទិល​សង្ស័យ​ណា​មួយ​ដែល​ថា​ ព្រះអង្គ​អាច​ស្ថិត​ក្នុង​ចំណោម​ចន្ទល់​នយោបាយ។

នៅ​ក្នុង​ពិធី​សំណេះ​សំណាល​មួយ​ជាមួយ​សកម្មជន​នយោបាយ​នៅក្នុង​ខេត្តកំពង់​ឆ្នាំង​នៅព្រឹក​នេះ ព្រះអង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ ​បាន​ពន្យល់​ពីហេតុផល​ដែល​ព្រះអង្គ​ចូល​ធ្វើ​នយោបាយ​វិញ ​ដោយ​យោង​ទៅតាម​តម្រូវការ​របស់​អ្នកគាំទ្រ​របស់​ព្រះអង្គ។ ហើយ​បន្ថែម​ពីនោះ​ ព្រះអង្គ​ចង់​ឲ្យ​មានការបង្រួប​បង្រួម​រវាង​គណបក្ស​រាជា​និយម​បង​ប្អូន​គូសត្រូវ​នឹង​គ្នា​ គឺ​គណបក្ស​ហ៊្វុនស៊ីនប៉ិច ​ដែល​ព្រះអង្គធ្លាប់​គង់​ជា​ប្រធាន​ និង​គណបក្ស​ជាតិ​និយម ​ដែល​នឹងប្តូរ​ឈ្មោះ​ជា​គណបក្ស​នរោត្តម រណឫទ្ធិ​ វិញ នៅ​ក្នុង​សមាជ​នៅ​ថ្ងៃសៅរ៍​នេះ។

«យើង​ប្រមូល​កម្លាំង​រាជា​និយម​ឡើងវិញ។​ រួបរួម​គ្នា​ឡើង​វិញ។ ខ្ញុំ​យល់ថា ​មិនមែន​បួន​កៅអីទេ​អាច​នឹងបាន​កៅអី​ច្រើន។ ដូច្នេះ​សូម​ការរួបរួម​គ្នា​ផង»។

ព្រះអង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ ​បច្ចុប្បន្ន​ជា​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ។ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ បាន​ទាមទារ​ឲ្យ​ព្រះអង្គ​បោះបង់​តួនាទី​នេះចោល ​ប្រសិន​បើ​ព្រះអង្គ​ចង់​វិលត្រឡប់​មកធ្វើ​នយោបាយ​វិញនោះ។ ក៏ប៉ុន្តែ លោក​ហ៊ុន សែន ​ដែល​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ក្តោបក្តាប់​អំណាច​យ៉ាង​ណែន​ បាន​បញ្ជាក់ថា ​លោក​មិនខ្លាចចំពោះ​ការយាង​ចូល​នយោបាយ​វិញ​របស់​ព្រះអង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ​ នោះ​ទេ៕