ក្តាប់ដៃម្ខាង ហើយលាដៃម្ខាងទៀតបង្វិលព័ទ្ធជុំវិញដៃក្តាប់ គឺជាកាយវិការដែលបង្ហាញដល់មនុស្សថ្លង់ថា មានការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ជុំវិញពិភពលោក។ នេះបើតាមការពន្យល់របស់អ្នកនាង សន ស្រីនុច ដែលបានចាប់អាជីពជាអ្នកបកប្រែភាសាសញ្ញាប្រមាណ ១៥ ឆ្នាំមកហើយ។
អ្នកនាង សន ស្រីនុច អ្នកបកប្រែនៃកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ (DDP) ពន្យល់ថា៖ «មានន័យថានៅលើពិភពលោកយើង គឺឆ្លងរាលដាលទូទាំងប្រទេស។ អ៊ីចឹងសញ្ញាគេធ្វើបែបនេះកូវីដ។ លាងដៃយើងមានសញ្ញារបស់យើង។ ដូចទឹកអាល់កុលអី ក៏យើងមានសញ្ញារបស់យើងដែរ។ អ៊ីចឹងយើងបកទៅតាមហ្នឹងទៅគឺ មនុស្សថ្លង់គាត់នឹងមើលយល់»។
នៅពេលអង្គការសុខភាពពិភពលោក ប្រកាសថា ជំងឺកូវីដ១៩ គឺជាជំងឺរាតត្បាតសកល កាលពីខែមីនា មនុស្សរាប់លាននាក់តាមដានព័ត៌មាននេះតាមទូរស័ព្ទដៃ ទូរទស្សន៍ វិទ្យុ និងកាសែតនានា ដើម្បីដឹងអំពីការវិវត្តនៃជំងឺនេះនិងរបៀបការពារខ្លួនពីការឆ្លង។ ក៏ប៉ុន្តែអ្នកបកប្រែភាសាសញ្ញា វ័យ ៣៦ ឆ្នាំរូបនេះ បានចូលទៅកាន់គេហទំព័រមួយចំនួន និងបណ្តាញសង្គមយូធូប (YouTube) ដែលនាងអាចសិក្សា និងពិភាក្សាជាមួយសហគមន៍មនុស្សថ្លង់ ថា តើត្រូវធ្វើកាយវិការបែបណា ដើម្បីឲ្យមនុស្សថ្លង់នៅកម្ពុជាទទួលព័ត៌មានអំពីជំងឺកូវីដ១៩នេះ។
អ្នកនាង ស្រីនុច បានថ្លែងប្រាប់ VOA នៅការិយាល័យខ្លួននៅរាជធានីភ្នំពេញថា៖ «ខ្ញុំព្យាយាមសួរទៅដល់មនុស្សថ្លង់ដែរថា សញ្ញាហ្នឹងគេធ្វើយ៉ាងដូចម្តេច? ដូចថា សញ្ញាកូវីដអ៊ីចឹងគឺគេធ្វើបែបនេះ។ អ៊ីចឹងអានេះដូចតំណាងនៅលើផែនដីលើពិភពលោក ហើយជុំវិញហ្នឹងមានន័យថា វាឆ្លងរាលដាលពេញហ្នឹង»។
ជនមានពិការភាពនៅកម្ពុជាមានជាង ៥២ ម៉ឺននាក់ ឬស្មើនឹងជិត ៤% នៃចំនួនប្រជាជនសរុបប្រមាណ ១៦ លាននាក់។ ក្នុងនោះ មនុស្សថ្លង់មានចំនួនជាង ៤ ម៉ឺននាក់។ នេះជាតួលេខ ឆ្នាំ ២០១៤ របស់ក្រសួងសង្គមកិច្ច ដែលជាតួលេខផ្លូវការចុងក្រោយ ដែលក្រសួងនេះផ្តល់ឲ្យ VOA នាដើមខែឧសភានេះ។
មនុស្សថ្លង់មានការលំបាកក្នុងការប្រាស្រ័យទាក់ទង ការទទួលបានព័ត៌មាន ការរកការងារធ្វើ ឬការស្វែងរកសេវាមូលដ្ឋាននានា។ភាសាសញ្ញា គឺជាមធ្យោបាយដ៏សំខាន់មួយដើម្បីជួយពួកគេឲ្យមានទំនាក់ទំនងទៅនឹងសង្គមដែលពួកគេរស់នៅ។ ហេតុដូចនេះ អាជីពជាអ្នកបកប្រែភាសាសញ្ញាបានធ្វើឲ្យអ្នកនាង សន ស្រីនុច «សប្បាយចិត្ត និងមានមោទនភាព» ចំពោះការងារខ្លួន ដោយអ្នកនាងថា អាជីពនេះបានជួយលើកកម្ពស់ការចូលរួមរបស់មនុស្សថ្លង់នៅក្នុងសង្គម ឲ្យដូចអ្នកស្តាប់ឮធម្មតា។
នៅកម្ពុជា អ្នកបកប្រែភាសាសញ្ញាអាជីព ដូចជា ស្រីនុច មានចំនួនមិនដល់ ១០ នាក់ទេ ហើយពួកគេត្រូវផ្តល់សេវាបកប្រែដល់មនុស្សថ្លង់ជាង ៤ ម៉ឺននាក់ ទូទាំង ២៤ ខេត្ត និងក្រុង។
ការងាររបស់អ្នកនាង ស្រីនុច កាន់តែមានភាពមមាញឹក នៅពេលមានការរីករាលដាលនៃវីរុសកូរ៉ូណា នាដើមឆ្នាំ ២០២០ នេះ។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្រីនុច បានបកប្រែភាសាសញ្ញានៅក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពី «ស្ថានភាពនៃការគ្រប់គ្រងជំងឺកូវីដ១៩នៅកម្ពុជា»។ ស្រីនុច ក៏បានបកប្រែខ្លឹមសារវីដេអូអប់រំខ្លីៗមួយចំនួន ដែលផលិតដោយអង្គការ និងស្ថាប័ននានាទាក់ទងនឹងការការពារខ្លួនពីការឆ្លងវីរុសកូរ៉ូណាផងដែរ។
អ្នកនាងនិយាយថា៖ «ភាគច្រើនគឺខ្ញុំ ព្យាយាមយល់ពីមនុស្សថ្លង់។ ខ្ញុំព្យាយាមសួរគាត់ ហើយខ្ញុំទំនាក់ទំនងជាមួយពួកគាត់ឲ្យបានច្រើនអ៊ីចឹងទៅ សញ្ញាហ្នឹងវាចេះតែបែកៗ។ ដូចបទពិសោធន៍ការងារអ៊ីចឹង វាបង្រៀនយើងឲ្យកាន់តែរីកដុះដាល»។
ការងារបកប្រែភាសាសញ្ញា គឺជាស្ពានជួយឲ្យមនុស្សថ្លង់អាចទទួលបានព័ត៌មានទាក់ទងនឹងតម្រូវការមូលដ្ឋានរបស់ពួកគេ។ ស្រីនុច ប្រៀបធៀបមនុស្សថ្លង់ដែលចេះភាសាសញ្ញា ដូចទៅនឹងមនុស្សធម្មតាដែលចេះអក្សរ។
អ្នកស្រីនិយាយ៖ «បើសិនគាត់អត់ចេះសញ្ញាទេ គាត់ពិបាកក្នុងការចូលរួមសង្គម។ តែនៅពេលគាត់ចេះសញ្ញា[ដូច]គាត់ចេះអក្សរទៅ គាត់អាចចូលរួមក្នុងសង្គមបាន។ គាត់អាចធ្វើការ។ មើលទៅគាត់អាចស្មើនឹងអ្នកដទៃ»។
អ្នកនាង ស្រីនុច អង្គុយនៅលើបង់ក្រោមរោងដំបូលប្រក់ក្បឿង អមជុំវិញដោយដើមឫស្សី និងមានខ្យល់បក់រហឹមៗ ជាបរិយាកាសស្ងប់ស្ងាត់ជួយឲ្យនាងរំឭកអំពីការចាប់ផ្តើមអាជីពជាអ្នកបកប្រែភាសាសញ្ញា ដែលអ្នកនាងបានដុសខាត់ជាង ១៥ ឆ្នាំ។
ស្រីនុច មិនមែនជាមនុស្សតែម្នាក់ក្នុងគ្រួសារ ដែលចេះភាសាសញ្ញានោះទេ។ ម្តាយរបស់ស្រីនុច បច្ចុប្បន្ន វ័យជាង ៦០ ឆ្នាំ ដែលចូលនិវត្តន៍ហើយនោះ ធ្លាប់បម្រើការជាចុងភៅ នៅអង្គការជនពិការមួយនៅទីក្រុងភ្នំពេញ។ ពេលនោះហើយដែល ស្រីនុច ដែលមានអាយុ ១៤ ឆ្នាំបានចាប់ផ្តើមរាប់អានមិត្តភក្តិជាមនុស្សថ្លង់។ ដើម្បីអាចទំនាក់ទំនងជាមួយមនុស្សថ្លង់បាន ស្រីនុច ចាប់ផ្តើមរៀនសញ្ញាមូលដ្ឋានមួយចំនួនពីម្តាយរបស់នាង។
អ្នកនាងនិយាយថា៖ «គាត់[ម្តាយស្រីនុច]ចេះដោយសារគាត់ធ្វើការជាមួយជនពិការ មានមនុស្សថ្លង់អ៊ីចឹង។ ធម្មតាមានទំនាក់ទំនងគ្នាទៅ យើងត្រូវតែចេះហើយ។នៅពេលដែលយើងធ្វើការជាមួយមនុស្សថ្លង់ គឺថាស្វះស្វែងរៀនសញ្ញាដោយខ្លួនឯង។ ដោយសារយើងចង់ទំនាក់ទំនងជាមួយពួកគាត់ ចង់ដឹងថា ពួកគាត់និយាយអី»។
នៅឆ្នាំ ២០០២ ស្រីនុច និងប្អូនស្រី បានចូលរៀនវគ្គបណ្តុះបណ្តាលភាសាសញ្ញា និងការបកប្រែភាសាសញ្ញា សរុបរយៈពេលពីរឆ្នាំ មុនចូលបម្រើការជាអ្នកបកប្រែភាសាសញ្ញាជាមួយកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់។ ក្រោយមក ប្អូនស្រីរបស់ ស្រីនុច ត្រូវទៅរស់នៅក្រៅប្រទេស ហើយបានលាឈប់ពីការងារមួយនេះ។
កន្លងមក ស្រីនុច ធ្លាប់បកប្រែភាសាសញ្ញាដល់មនុស្សថ្លង់ នៅមន្ទីរពេទ្យ នៅតុលាការ នៅកម្មវិធីអាពាហ៍ពិពាហ៍របស់មនុស្សថ្លង់ ការបង្រៀនជំនាញ និងការសម្ភាសការងារជាដើម។ វិជ្ជាជីវៈ ដែលមនុស្សថ្លង់កំពុងបំពេញមានដូចជាជំនាញជួសជុលម៉ូតូ ផាត់មុខ កាត់សក់ និងកាត់ដេរ និងបុគ្គលិកផ្នែកសេវានៅតាមហាងកាហ្វេ។
អតីតនិស្សិតផ្នែកគណនេយ្យនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងរូបនេះនៅចាំបាននូវភាពរំភើបរីករាយ ដែលខ្លួនបានជួយបកប្រែភាសាសញ្ញានៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់មនុស្សថ្លង់។
អ្នកនាងនិយាយ៖ «សប្បាយចិត្ត ដោយសារពួកគាត់អាចមានគ្រួសារដូចអ្នកដទៃដែរ។ រំភើបដោយសារយើងបានជួយដល់ពួកគាត់ឲ្យគាត់ដឹងឮកម្មវិធីរបស់ពួកគាត់ហ្នឹង។ បើសិនអត់មានអ្នកបកប្រែ គាត់ត្រូវអង្គុយមើល ហើយគាត់អត់យល់។ តែបើយើងបក ឧទាហរណ៍កម្មវិធីកាត់សក់ កំប្លែងអី គាត់សើច»។
ភាសាសញ្ញាកម្ពុជា ឬភាសាសញ្ញាខ្មែរ ត្រូវបានគេបង្ហាញដំបូងគេនៅឆ្នាំ ១៩៩៧ តាមរយៈកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ និងអង្គការគ្រួសារថ្មី។ អ្នកនាង កន ម៉ាលី ជាប្រធានគម្រោងភាសាសញ្ញានៃកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ (DDP) នៃអង្គការម៉ារីណុលកម្ពុជា ដែលជាស្ថាប័នមួយដែលមានបង្រៀនភាសាសញ្ញាកម្ពុជា និងបណ្តុះបណ្តាលអ្នកបកប្រែភាសាសញ្ញា។
អ្នកនាងមានប្រសាសន៍ថា ភាសាសញ្ញាដែលប្រើនៅកម្ពុជាមិនមែនជាភាសាសាកលនោះទេ។ ប្រទេសមួយចំនួនរកឃើញភាសាសញ្ញារបស់ខ្លួន តាំងពីជាងមួយសតវត្សរ៍មុន។ ប្រទេសខ្លះមានភាសាសញ្ញាពីរ ឬបី ឬលើសពីនេះ ទៅតាមតំបន់ និងសហគមន៍។ ក៏ប៉ុន្តែមនុស្សថ្លង់នៅលើសាកលលោកអាចយល់អំពីគ្នាបាន នៅពេលពួកគេរៀនចេះភាសាសញ្ញាអន្តរជាតិ ឬយ៉ាងហោចណាស់ ពួកគេអាចយល់គ្នាខ្លះៗ តាមរយៈភាសាសញ្ញាធម្មជាតិ (ភាសាសញ្ញាមូលដ្ឋាន)។
អ្នកនាង កនម៉ាលី ថ្លែងថាការទទួលបានព័ត៌មានអាចជួយឲ្យការរស់នៅរបស់មនុស្សថ្លង់មានភាពប្រសើរ និងកាត់បន្ថយហានិភ័យនានា ជាពិសេសក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ១៩នេះ។
អ្នកស្រីនិយាយថា៖ «អ្នកស្តាប់ឮគាត់មានឱកាសជាងមនុស្សថ្លង់ ដែលយើងទទួលព័ត៌មានមុនពួកគាត់។ អ៊ីចឹងហើយមនុស្សថ្លង់គាត់ឃើញគេផ្សាយផុស ផុលអ៊ី ចឹងគាត់ឆ្ងល់ គាត់មកសួរយើង។ អ៊ីចឹង ពួកខ្ញុំដែលធ្វើការជាមួយពួកគាត់ជាមនុស្សថ្លង់យើងពន្យល់គាត់ថា អាហ្នឹងជាជំងឺមួយកើតឡើងពីប្រទេសចិន។ វាទាក់ទងជាមួយនឹងសួត ផ្លូវដង្ហើម»។
ក្នុងឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យស្ថានីយ៍ទូរទស្សន៍មានការបកប្រែព័ត៌មានជាភាសាសញ្ញា។
ថ្វីបើនៅលើកញ្ចក់ទូរទស្សន៍ និងបណ្តាញសង្គម គេឃើញមានការបកប្រែភាសាសញ្ញាចំពោះព័ត៌មាននានា និងសារអប់រំអំពីជំងឺកូវីដ១៩ថ្មីៗនេះក៏ដោយ មិនមែនមនុស្សថ្លង់គ្រប់រូប សុទ្ធតែទទួលបានចំណេះដឹង ឬយល់អំពីការផ្សព្វផ្សាយនោះទេ។ ជាទូទៅ ពួកគេអាចយល់ពីអត្ថន័យនៃសញ្ញាធម្មជាតិមួយចំនួនប៉ុណ្ណោះ។ លុះត្រាតែ មនុស្សថ្លង់ដែលបានរៀនភាសាសញ្ញា ទើបអាចទទួលបានព័ត៌មានពេញលេញពីការបកប្រែ។ នេះបើតាមការលើកឡើងរបស់អ្នកនាង កន ម៉ាលី ជាប្រធានគម្រោងភាសាសញ្ញានៃកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់។
អ្នកនាង បន្តថាកង្វះគ្រូបង្រៀនភាសាសញ្ញា និងអ្នកប្រែភាសាសញ្ញា ក៏ជាមូលហេតុដែលធ្វើឲ្យមនុស្សថ្លង់មិនអាចទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយដែរ។
អ្នកនាងនិយាយ៖ «មិនមែនថាចេះសញ្ញាមួយ ចេះតែធ្វើទេ។ យើងត្រូវមានទឹកមុខ កាយវិការ ដងខ្លួនរបស់យើង គឺបញ្ជាក់ទៅតាមស្ថានភាព និងសាច់រឿងនីមួយៗ។ សម្រាប់មនុស្សថ្លង់គាត់មានវេយ្យាករណ៍គាត់»។
អ្នកនាងបន្ថែមថា ក្រៅពីមានការលំបាកក្នុងការទទួលបានការអប់រំ ការប្រាស្រ័យទាក់ទង ការទទួលព័ត៌មាន និងការស្វែងរកការងារធ្វើនោះ មនុស្សថ្លង់ ជាពិសេសជាស្រ្តី ងាយរងគ្រោះដោយសារអំពើរំលោភបំពាននានា។
អ្នកនាងនិយាយ៖ «បើសម្រាប់មនុស្សថ្លង់ស្ត្រី ដូចជាការរំលោភបំពាន។ ពេលដែលគាត់ធ្វើស្រែ ទៅកន្លែងស្ងាត់ មានមនុស្សខិលខូចចាប់គាត់។ គេគិតថា គាត់អត់អាចផ្តល់ព័ត៌មាន។ មានករណីខ្លះ ដល់គាត់ពោះធំកើតកូនមក យើងមិនដឹងថា អ្នកណា។ គាត់រងអំពើហ្នឹងខ្លាំងមែនទែន»។
អ្នកនាង ម៉ាលី គូសបញ្ជាក់ចំណុចពីរ ដែលមនុស្សទូទៅតែងតែភ័ន្តច្រឡំទៅលើមនុស្សថ្លង់។
អ្នកស្រីនិយាយថា៖ «ទីមួយ មនុស្សស្តាប់ឮភាគច្រើន តែងតែយល់ច្រឡំថា ភាសាសញ្ញាមានតែមួយជាសាកល។ ប្រទេសនីមួយៗមានភាសាសញ្ញាផ្សេងៗគ្នា។ ទីពីរ ភាគច្រើនគេហៅថា គថ្លង់។ គេគិតថាកើតមកថ្លង់ គឺគហើយ។ តាមពិត គឺគាត់មានបញ្ហាតែការស្តាប់ទេ។ អ៊ីចឹងហើយការប្រើពាក្យគថ្លង់ ហាក់ដូចជាដាក់គំនាបលើពួកគាត់ ជាការរើសអើងមួយដល់ពួកគាត់»។
ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក យៀប ម៉ាលីណូ ថ្លែងថា ក្រសួងសង្គមកិច្ចបានរៀបចំយន្តការមួយចំនួន ដើម្បីឲ្យជនមានពិការភាព អាចទទួលបានព័ត៌មានអំពីការការពារខ្លួនពីជំងឺកូវីដ១៩ និងការស្វែងរកជំនួយ ប្រសិនបើពួកគេប្រឈមនឹងការឆ្លងជំងឺនេះ។ យន្តការទាំងនោះមានដូចជា ការបង្កើតក្រុមឆ្លើយតបបន្ទាន់ដល់ជនមានពិការភាព និងកិច្ចអន្តរាគមន៍ផ្នែកសន្តិសុខស្បៀង និងសម្ភារៈការពារ រាប់បញ្ចូលទឹកអាល់កុល និងម៉ាស ជួយដល់ជនមានពិការភាពផងដែរ។
លោកមានប្រសាសន៍ថា៖ «យើងដឹងថាបងប្អូនមានពិការភាព មានការលំបាកក្នុងការទទួលបានព័ត៌មាន។ ប៉ុន្តែយើងប្រើគ្រប់មធ្យោបាយ។ អ៊ីចឹងហើយបានយើងមានទាំងវិទ្យុ ទាំង Poster [បណ្ណអប់រំ] បិទគ្រប់ទីកន្លែងទូទាំងប្រទេស ទូរទស្សន៍ ហ្វេសប៊ុកដើម្បីឲ្យគណនី[ហ្វេសប៊ុក]ទាក់ទងនឹងជនពិការមានលទ្ធភាពទទួលបានព័ត៌មានអំពីកូវីដនេះ»។
លោក ម៉ាលីណូ បញ្ជាក់ថាមកទល់ពេលនេះ មិនទាន់មានជនមានពិការភាពនៅកម្ពុជាណាមួយ ឆ្លងជំងឺកូវីដ១៩នេះនៅឡើយទេ។
អ្នកនាង សន ស្រីនុច ដែលមានកូនប្រុសពីរនាក់ រំពឹងថា កូនរបស់គាត់នឹងរៀនភាសាសញ្ញា និងបន្តរួមចំណែកជួយដល់មនុស្សថ្លង់ ក្នុងការទទួលបានព័ត៌មានដូចដែលនាងកំពុងធ្វើនេះ។
អ្នកនាងនិយាយថា៖ «ពេលគាត់ឃើញខ្ញុំធ្វើសញ្ញា គាត់ថាម៉ាក់ៗ ម៉េចក៏ធ្វើសញ្ញាកាយវិការអ៊ីចឹង? ពេលខ្លះគាត់ធ្វើតាម។ ជួនកាលគាត់បើកសៀវភៅសញ្ញាហ្នឹង គាត់ក៏ធ្វើសញ្ញាតាមហ្នឹងដែរ»៕