ពលរដ្ឋ​ខេត្ត​សៀមរាប​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ខ្លាំង​ដោយ​សារ​វីរុស​កូរ៉ូណា​ដែល​ប៉ះពាល់​វិស័យ​ទេសចរណ៍

ស្ត្រី​ម្នាក់​ដើរ​លើ​ផ្លូវ​ Pub Street​ ដែល​ធ្លាប់​តែ​ពោរពេញ​ទៅ​ដោយ​ភ្ញៀវ​ទេសចរណ៍​​ជាតិ​និង​អន្តរជាតិ នៅក្រុងសៀមរាប កាល​ពី​ថ្ងៃទី០៩ ខែឧសភា​ ឆ្នាំ២០២០។ (ផន បុប្ផា/VOA)

មុនការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ ​អ្នក​ទេសចរគ្រប់​ជាតិ​សាសន៍​មក​ពី​ប្រទេស​នានា​នៅ​លើ​ពិភពលោកបានមកដើរ​លេង​នៅ​ខេត្ត​សៀមរាប​ ជាពិសេស​នៅតំបន់​ Pub Street ​និង​ប្រាសាទ​អង្គរ​វត្ត។ ប៉ុន្តែ​តាំង​ពី​មាន​ការ​រាតត្បាត​ជំងឺ​នេះ​មក​ តំបន់​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​មួយនេះ​ប្រែជាស្ងាត់​ជ្រងំ។ សំឡេង​ហៅ​ភ្ញៀវ​ឲ្យ​ចូល​ពិសា​អាហារ ​ឬ​ទិញ​របស់​របរ​អនុស្សាវរីយ៍នោះ​ក៏​មិន​សូវ​មាន​ដូច​មុន​ដែរ។

នៅ​ពេល​យប់ ​បើ​ទោះបីជា​ភ្លើង​នៅ​តំបន់​ Pub Street នៅ​បើក​ជា​ធម្មតា​ក៏ដោយ​ ប៉ុន្តែ​ហាង​ អាហារដ្ឋាន ​និង​បារ​ភាគ​ច្រើន​នៅ​ក្នុង​តំបន់​នេះ​ងងឹត ​ដោយសារ​តែ​ហាង​ជា​ច្រើន​ត្រូវ​បាន​បិទ​ទ្វារ។

អ្នក​ស្រី ​អ៊ឹម ​ស្រី​មុំ ​ដែល​មាន​វ័យ​៤៨​ឆ្នាំ ​ជា​ម្ចាស់​អាហារដ្ឋាន​មួយ​នៅ​ផ្សារចាស់​កំពុង​អង្គុយ​សម្លឹង​រក​ភ្ញៀវ​ទេសចរណ៍។ កៅអី​និង​តុ​ដែល​នៅ​ទំនេរ​នៅ​ក្នុង​ហាង​បាយ​របស់​អ្នកស្រី​ទាំងអស់ ​ជា​ភស្តុតាង​ជាក់​ស្តែង​ដែល​បង្ហាញ​ថា​ អ្នក​ដែល​រកស៊ី​ចិញ្ចឹមជីវិត ​ដោយ​ពឹង​ផ្អែក​លើ​ភ្ញៀវ​ទេសចរណ៍​ជាពិសេស​អ្នក​រកស៊ី​បែប​គ្រួសារ​រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ខ្លាំង​។ ​

អ្នកស្រី​មាន​ប្រសាសន៍​ថា​ អ្នក​ដែល​ដើរ​ចុះ​ដើរ​ឡើង​នៅ​ក្បែរ​ហាង​អ្នកស្រី​ភាគ​ច្រើន​ជា​អ្នក​ក្នុង​ស្រុក។ ហើយ​ អ្នកស្រី​មិនមាន​ចំណូល​នោះទេ​ តាំងពី​មាន​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ​មក។

អាហារដ្ឋាន​ផ្សារចាស់របស់ អ្នក​ស្រី ​អ៊ឹម ​ស្រី​មុំ ​ដែល​មាន​វ័យ​៤៨​ឆ្នាំ នៅ​ផ្សារចាស់​នៅក្រុងសៀមរាប កាល​ពី​ថ្ងៃទី១២ ខែឧសភា​ ឆ្នាំ២០២០។ (ផន បុប្ផា/VOA)

អង្គុយ​នៅ​ក្នុង​ហាង​របស់​អ្នក​ស្រី​នៅ​ផ្សារ​ចាស់​អ្នកស្រី​ អ៊ឹម ​ស្រីមុំ ​ប្រាប់​វីអូអេ​ថា៖

«និយាយ​ទៅ​ចូល​ដើម​ហ្មង​អត់​មាន​បាន​អី​រួច​ខ្លួនផង»។

អ្នក​ស្រី​បន្ថែម​ថា៖ «ពីមុន​យើង​លក់​បាន​បី​ពេល​អញ្ចឹងណា៎។ តែ​ពេល​ឥឡូវ​អត់។ និយាយ​ទៅ​អត់​មាន​[ភ្ញៀវ]អង្គុយ​តាំង​ពី​ព្រឹក​រហូត​ដល់​យប់»។

​ចាប់តាំង​ពី​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា​ បុរស​ម្នាក់​នៅ​ក្រុង​សៀមរាប​បាន​ឆ្លង​ជំងឺ​កូវីដ​១៩​កាល​ពី​ខែ​មីនា​នោះ​មក ​អ្នកស្រី​និង​អ្នក​លក់​ដូរ​ផ្សេង​ៗ​ទៀត ​បាន​បិទហាង​មួយរយៈ។ អ្នកស្រី​ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​បុគ្គលិក​របស់​អ្នកស្រី​៥នាក់​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ​មួយរយៈ​ ដោយសារ​អ្នកស្រី​មិន​មាន​លទ្ធភាព​ឲ្យ​ប្រាក់​ឈ្នួល​ទៅ​ពួកគេ។

អ្នក​ធ្វើការ​ជាមួយ​អ្នកស្រី​ ទទួល​បាន​យ៉ាងហោច​ណាស់​១២០​ដុល្លារ​ក្នុង​មួយខែ។ ឥឡូវ​នេះ ​អ្នកស្រី​ត្រូវ​បង់​ថ្លៃ​តូប​ជាង​៣០០ដុល្លារ​ក្នុង​មួយខែ​ ហើយ​អ្នកស្រី​ក៏​ត្រូវ​ចំណាយ​ទៅ​លើ​ថ្លៃ​ទឹក​និង​ថ្លៃ​ភ្លើង​ផង​ដែរ​។

អ្នកស្រី​ អ៊ឹម​ ស្រីមុំ​ ថា​អ្នក​ស្រី​ចាប់​ផ្តើម​បើក​ហាងវិញ​ កាល​ពី​ដើម​ខែ​ឧសភា​នេះ។ ខេត្ត​សៀមរាប​ទទួល​រងការ​ប៉ះពាល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ។​ អាជីវករ​ និង​អ្នក​រក​ប្រាក់​ចំណូល​ពី​ឧស្សាហ​កម្ម​ទេសចរណ៍​ ដែល​ធ្លាប់​មាន​សកម្ម​ភាព​រស់​រវើក​ក្នុង​ទីក្រុង​នៃ​ប្រាង្គ​ប្រាសាទ​នេះ ​មិន​ទទួល​បាន​ប្រាក់​ចំណូល​ដូច​មុន​ឡើយ។ អ្នក​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​បិទ​តូប ​ហើយ​អ្នក​ដែល​ធ្វើការ​នៅ​ក្នុង​ហាង​ខ្លះ​ បាត់បង់​ការងារ​ដោយសារ​ការ​ធ្លាក់ចុះ​នៃ​ចំនួន​អ្នក​ទេសចរ​ទាំង​ក្នុង​និង​ក្រៅស្រុក។

អ្នកដេរ​ស្បែក​ជើង​ម្នាក់​កំពុង​រងចាំ​អតិថិជន​នៅ​លើ​កំណាត់​ផ្លូវ​មួយ​នៅ​តំបន់​PubStreet​ ដែល​ធ្លាប់​តែ​ពោរពេញ​ទៅ​ដោយ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដើរ​ទៅ​ដើរ​មកនៅក្រុងសៀមរាប កាល​ពី​ថ្ងៃទី០៩ ខែឧសភា​ ឆ្នាំ២០២០។ (ផន បុប្ផា/VOA)

​លោក​ គង់​ សុភារក្ស​ ប្រធាន​នាយកដ្ឋាន​ស្ថិតិ​នៅ​ក្រសួង​ទេសចរណ៍​ ​ឲ្យ​ដឹងថា​ ចំនួន​អ្នក​ទេសចរ​ដែល​ចូល​តាម​ព្រលាន​យន្តហោះ​ក្រុង​សៀមរាប​ ​ធ្លាក់​ចុះ​ជិត​៦០​ភាគរយ​ ហើយ​ចំនួន​អ្នក​ទេសចរដែល​ចូលតាម​ច្រក​ផ្សេង​ៗ​ទៀត ​ក៏​មាន​ចំនួន​ធ្លាក់ចុះ​ជាង​ច្រើន​ជាង​៥០​ភាគរយ​ផង​ដែរ។ ​

«និយាយ​ទៅ​របាយការណ៍​ហ្នឹង​វា​ដោយសារ​កាល​ពី​ខែ​មួយ​ខែ​ពីរ ​យើង​នៅ​ធ្លាក់​ដែរ​តែ​គ្រាន់​តែ​វា​ធ្លាក់​នៅ​ទាប​។ អញ្ចឹង​ដល់​សរុប​បីខែ ​ក៏​វា​នៅ​ធ្លាក់​ក្នុង​ប៉ុណ្ណឹង​ដែរ»។

លោក​បន្ថែម​ថា ៖ «ចាប់​ពី​ខែ​បួន​នេះ​ទៅ [តួលេខ]ប្រហែល​ជា​ធ្លាក់​ជាង​នេះ​ទៅ​ទៀត»។

លោក​ គង់​ សុភារក្ស​ និយាយ​ថា​ អ្នក​លក់ដូរ​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ក្នុង​កត្តាណា​មួយ។

តូ​បលក់គ្រឿងសម្ភារៈប្រើប្រាស់នៅ​តំបន់​ PubStreet​ ដែល​ធ្លាប់​តែ​ពោរពេញ​ទៅ​ដោយ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដើរ​ទៅ​ដើរ​មកនៅក្រុងសៀមរាប កាល​ពី​ថ្ងៃទី១២ ខែឧសភា​ ឆ្នាំ២០២០។ (ផន បុប្ផា/VOA)

«ភាគ​ច្រើន ​គឺ​យើង​ត្រូវ​អនុវត្ត​ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ និង​សេចក្តី​ណែនាំ​អី​ផ្សេង​អញ្ចឹង​បា៎។ ដូច​ជា​សេវាកម្ម​ហូបចុក​អី​យើង​អាច​មាន​ទម្រង់​ដូច​ជា​ការ​វេចខ្ចប់​មិន​នៅ​កន្លែង។យើង​អាច​វេចខ្ចប់​យកទៅ​ឆ្ងាយ ​ឬក៏​យើង​រៀប​ចំ​តុ​ឲ្យ​មាន​លក្ខណៈ​ឃ្លាតឆ្ងាយ​ពី​គ្នាអីអញ្ចឹង»។

លោក​បន្ថែម​ថា​៖ «សេវាកម្ម​ស្នាក់នៅ​ឬ​ក៏​ដឹក​ជញ្ជូន​អី​អញ្ចឹង​គឺ​ថា​យើង​ត្រូវ​គោរព​ទៅ​តាម​បទដ្ឋាន​អនាម័យ​តាម​ការ​ណែនាំ​អី​អញ្ចឹង។ មាន​សាប៊ូ​អាល់កុល​ [ម៉ាស៊ីន]ពិនិត្យ​កម្តៅ​អី​អញ្ចឹង»។ ​

បើ​តាម​ទិន្នន័យ​របស់​គ្រឹះស្ថាន​អង្គរនៅ​ក្នុងខែមេសា ឆ្នាំ​នេះ ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​ ធ្លាក់​ចុះ​ជិត​១០០ភាគរយ​តែ​ម្តង គឺ​មាន​តែ ៦៥៤ នាក់តែ​ប៉ុណ្ណោះ។ តែ​បើ​គិតក្នុង​រយៈ​ពេល​៤ខែ​នៃ​ដើម​ឆ្នាំ​នេះ​ ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត មានប្រមាណ​៣៨​ម៉ឺន​៥​ពាន់​នាក់​ ដែល​ថយ​ចុះ​ប្រមាណ​៦០ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩​។

​នៅ​មុខ​ហាង​អាហារ​របស់​អ្នក​ស្រី​ ស្រី​មុំ ​លោក ​អ៊ឹម​ ប៊ុនឡូ​ នៅ​ឈរ​ក្បែរ​រ៉ឺម៉ក​កង់បី​របស់​លោក ​ដើម្បី​ចាំ​ហៅ​ភ្ញៀវ​។ លោក ​ប៊ុនឡូ​ ដែល​មាន​វ័យ​៣៨​ឆ្នាំ​ មាន​ស្ថានភាព​សេដ្ឋកិច្ច​ស្រដៀង​នឹង​អ្នក​ស្រី ​ស្រី​មុំ ​ដែរ។ លោក​ធ្លាប់​មាន​អាហារដ្ឋាន​មួយ។ ប៉ុន្តែ​ដោយសារ​តែ​ចំនួន​អតិថិជន​ធ្លាក់​ច្រើន​ពេក​ លោក​ក៏​សម្រេច​ចិត្ត​បិទ​អាហារដ្ឋាន​នោះ។ ហើយ​អ្នក​ដែល​ធ្វើ​ការ​រត់​តុ​ឲ្យ​លោក ​ក៏​ត្រូវ​ត្រឡប់​ទៅ​ស្រុក​របស់​ពួក​គេ​វិញ។

«ធ្លាប់​លក់​បាន​មួយ​ថ្ងៃ​១០០​ដុល្លារ​ជាង​ធ្លាក់​ដល់​មួយថ្ងៃ​ ២០​ដុល្លារ។ បិទ ​[ហាង]​ទៅ ថ្លៃ​ផ្ទះ​ថ្លៃ​ផង​មួយ​ខៃ​ថ្លៃ​ដល់​ទៅ ​៤០០​ [ដុល្លារ]ជាង​រត់​អត់រួច»។

បច្ចុប្បន្ន​លោក​ប៊ុនឡូ​ងាកមក​ប្រកប​របរ​ជា​អ្នក​រត់​រ៉ឺម៉ក​កង់បី។ លោក​ថា​មួយ​ថ្ងៃ​លោក​អាច​រក​បាន​ប្រហែល​ពីរ​ទៅបី​ម៉ឺនរៀល។

លោក ​ឡុង​ វិចិត្រ ​ដែល​មាន​វ័យ​៣២​ឆ្នាំ​ កំពុង​អង្គុយ​រង់ចាំ​អតិថិជន​នៅ​ក្នុង​រ៉ឺម៉ក​កង់បីរបស់​លោកនៅ​តាម​ដង​ផ្លូវ ​Pub Street នៅក្រុងសៀមរាប កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០​។ (ផន បុប្ផា/VOA)

អ្នកលក់​របស់​របរ​ដូច​ជា​អ្នក​លក់​វត្ថុអនុស្សាវរីយ៍ ​ក៏​រង​ការ​ប៉ះទង្គិច​សេដ្ឋកិច្ច​ផងដែរ។ អវត្តមាន​នៃ​អ្នក​ទេសចរស្មើ​នឹង​ការបាត់បង់​ប្រាក់​ចំណូល។

កញ្ញា​ ចា​ រ៉ាឌី ​កំពុង​អង្គុយ​នៅ​ក្នុង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​របស់​ម្តាយ​កញ្ញា​នៅ​ផ្សារ​ចាស់​។ ខណៈ​មិនមាន​អតិថិជន​ កញ្ញា​រៀបចំ​របស់​របរ​សម្រាប់​លក់​ដូច​ជា​ខោអាវ​ កាបូប​ កន្សែង​បង់​ក​ និង​របស់​របរ​ផ្សេង​ៗ​ទៀត​ដែល​ភាគច្រើន​ជា​ផលិតផល​ក្នុង​ស្រុក។

កញ្ញា​ប្រាប់​វីអូអេ​ថា​មុន​ការ​រាតត្បាត​ជំងឺ​នេះ​ កញ្ញា​និង​ម្តាយ​អាច​លក់​បាន​ប្រហែល​១០០​ដុល្លារ​ក្នុង​មួយថ្ងៃ។ ប៉ុន្តែ​ឥឡូវ​ការ​លក់ដូរ​មិន​ដូច​មុន​ឡើយ។

«[លក់]​បាន​១០​ ទៅ​ ២០ [ដុល្លារ]។ ថ្ងៃ​ខ្លះ​អត់​សូវ​កៅ​ឆាយ​ទេ»។

នៅ​តាម​ដង​ផ្លូវ ​Pub Street ​លោក ​ឡុង​ វិចិត្រ ​ដែល​មាន​វ័យ​៣២​ឆ្នាំ​ កំពុង​អង្គុយ​រង់ចាំ​អតិថិជន​នៅ​ក្នុង​រ៉ឺម៉ក​កង់បីរបស់​លោក។ ដូច​អ្នក​រត់​រ៉ឺម៉ក​កង់បី​ជាច្រើន​នាក់​ទៀត​ដែរ​ ថ្ងៃ​នេះ​លោក​មិន​បាន​អតិថិជន​ម្នាក់​សោះ។

«ថ្ងៃ​ខ្លះ​អត់​អាលីង​បណ្តោយ។ ថ្ងៃ​ខ្លះ​មក​អង្គុយ​តែ​លេង​អត់មាន​អី​នេះ។ មក​អង្គុយ​តែ​ឆែក​អ៊ីនធឺណិត​មើល។

លោក​និយាយ​ថា​ ជីវភាព​របស់​លោកនិង​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ផ្សេង​ទៀត ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ប្រសិន​បើ​មាន​អ្នក​ទេសចរ​ច្រើន​មក​លេង​នៅ​ខេត្ត​នេះ។

«​[ខ្ញុំ]​ចង់​ឲ្យ​ទេសចរណ៍​មក​លេង​សៀមរាប​ឲ្យ​បាន​ច្រើន​ព្រោះ​អី​មាន​ ការងារ​សម្រាប់​ពួក​ខ្ញុំ​ធ្វើ​ដែរ»៕