អាជ្ញាធរខេត្តសៀមរាបបានហាមឃាត់ការជួញដូរនិងការសម្លាប់សុនខឬឆ្កែបរិភោគដោយនិយាយថា សត្វដ៏ស្មោះត្រង់នេះមានសមត្ថភាពការពារទ្រព្យសម្បត្តិនិងបម្រើផ្នែកសន្តិសុខ ដូចជាហិតរកធាតុផ្ទុះនិងគ្រឿងញៀនជាដើម។
អាជ្ញាធរខេត្តសៀមរាបដែលមានប្រាសាទបុរាណជាច្រើនទាក់ទាញទេសចរនោះគឺជាអាជ្ញាធរដំបូងគេដែលចេញបម្រាមបែបនេះនៅក្នុងប្រទេសកម្ពុជាដែលសត្វឆ្កែប្រមាណ៣លានក្បាលក្នុងមួយឆ្នាំត្រូវបានសម្លាប់ធ្វើម្ហូប។ អង្គការឈ្មោះFOUR PAWS ដែលការពារសុខុមាលភាពសត្វបានឱ្យដឹងថា ខេត្តសៀមរាបដែលទទួលបានភ្ញៀវទេសចរជាង២ លាននាក់ក្នុងមួយឆ្នាំៗមុនមានវិបត្តិកូវីដ១៩គឺជាខេត្តដែលមានការជួញដូរសុនខឬសាច់សុនខទ្រង់ទ្រាយធំនៅកម្ពុជា។
មន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តនេះបានប្រាប់Reutersថាអ្នកទេសចរបរទេស ជាពិសេសជនជាតិកូរ៉េខាងត្បូងនិងអ្នកទេសចរមកពីប្រទេសអាស៊ីខ្លះទៀតបានជំរុញឲ្យមានទីផ្សារសាច់សុនខ។
អ្នកដែលត្រូវចាប់ខ្លួនពីបទជួញដូរសុនខឬសាច់សុនខត្រូវសន្យាថា មិនឱ្យដូច្នេះទៀត ហើយនឹងត្រូវពិន័យជាប្រាក់ចំពោះការប្រព្រឹត្តបទល្មើសម្តងទៀត។
បម្រាមរបស់អាជ្ញាធរខេត្តសៀមរាបកំណត់ថា សត្វសុនខមិនគួរត្រូវសម្លាប់ទេ ព្រោះវាជាសត្វចិញ្ចឹមដ៏ស្មោះត្រង់ដែលមានសមត្ថភាពការពារផ្ទះកសិដ្ឋាននិងជួយផ្នែកសន្តិសុខដូចជាយោធានិងប៉ូលិសជាដើម។
ទោះជាមានយុទ្ធនាការជាច្រើនប្រឆាំងការជួញដូរនិងការសម្លាប់សុនខឬឆ្កែបរិភោគក៏ដោយ បញ្ហានេះនៅតែកើតឡើងនៅប្រទេសឡាវ វៀតណាម កម្ពុជានិងថៃទោះបីជាសត្វចតុបាទនេះត្រូវគេស្រឡាញ់ជាសត្វចិញ្ចឹមក្នុងគ្រួសារក៏ដោយ ។ ជនជាតិវៀតណាមខ្លះជឿថាការបរិភោគសាច់ឆ្កែនាំឲ្យមានសំណាងល្អ។
អង្គការFOUR PAWSសម្រាប់តំបន់អាស៊ីអាគ្នេយ៍និយាយថា ចំណាត់ការរបស់អាជ្ញាធរខេត្តសៀមរាបនេះជាវិធានការជាប្រវត្តិសាស្ត្រនិងឆ្លុះបញ្ចាំងពីអារម្មណ៍សាធារណជន។ អាជ្ញាធរសៀមរាបនឹងក្លាយជាគំរូសម្រាប់អាជ្ញាធរដទៃទៀត៕