ក្រុមហ៊ុន​បូម​ខ្សាច់​លុប​និង​វាយ​កម្ទេច​ផ្ទះ​ប្រជា​ពលរដ្ឋ​បឹងកក់

ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត​បាន​អុជ​ធូប​ដោត​នៅ​លើ​វាល​ខ្សាច់​ដែល​ទើប​តែ​និង​បូម​ថ្មីៗ​ ដើម្បី​ដាក់​បណ្តាសារ​តាម​ព្រះ​ពុទ្ធ​សាសនា​ ​ប្រឆាំង​ជំទាស់​ទៅ​នឹង​ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​នេះ។

ភ្នំពេញ៖ បន្ទាប់ពី​បាន​បូមខ្សាច់​លុប​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹងកក់​ក្រុមហ៊ុន​ ស៊ូកាគូអ៊ីន ​បាន​ចាប់​ផ្ដើម​វាយ​កម្ទេច​ផ្ទះ​ជន​រង​គ្រោះ។ រហូត​មក​ដល់​ពេល​នេះ ​យ៉ាង​តិច​មាន​ផ្ទះ​ជិត ​១០​ខ្នង​ត្រូវ​បាន​វាយ​កម្ទេច​រាប​ដល់​ដី។

យ៉ាងតិច​មាន​ផ្ទះ​ចំនួន​ប្រាំបី​ខ្នង​ត្រូវ​បាន​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​វាយ​កម្ទេច​រាប​ដល់ដី​នៅ​ថ្ងៃ​ច័ន្ទ​នេះ។ ​ហើយ​ចំនួន​រាប់សិប​ខ្នង​ផ្សេង​ទៀត​ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​វាយ​កម្ទេច​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ការ​វាយ​កម្ទេច​ផ្ទះ​នេះ​ បាន​កើត​មាន​ឡើង​នៅ​ក្នុង​ភូមិ​១​ ​សង្កាត់​ស្រះ​ចក ​ខណ្ឌ​ដូនពេញ​ ​ខណៈ​ពេល​ដែល​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ ឡាវ ម៉េង​ឃីន​ ​សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​បូម​ខ្សាច់​កប់​ផ្ទះ​អ្នក​ស្រុក​រួច​មក។

ក្រុម​អ្នក​ស្រុក​រងគ្រោះ ​និង​អ្នក​ភូមិ​ ដែល​ឈរ​នៅក្បែរៗកន្លែង​កើតហេតុ​ ​បាន​ត្រឹមតែ​ឈរ​ឱបដៃ​មើល​ការ​វាយ​កម្ទេច​ផ្ទះ ​និង​ស្រែកប្រឆាំង​តវ៉ា​ចំពោះ​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ​ ដោយ​សារ​តែ​ក្រុមហ៊ុន​បាន​ប្រើប្រាស់​កម្លាំង​ប៉ូលិស​ប្រដាប់​ដោយ​អាវុធឈរ​ការពារ​។

«អាពត​ ​សម័យ​ខ្មែរ​ក្រហម​គ្រាន់​តែ​ជម្លៀស​ប្រជាជន​ចេញពី​ផ្ទះ​ទេ​ ​មិន​កម្ទេច​ផ្ទះ​ ប្រជាជន​ទេ។ ​ចំណែក​សម័យ​តេជោ​វិញ​ គឺ​កម្ទេច​ផ្ទះ​ប្រជាជន​ចោល​ ​ដេញ​ប្រជាជន​ចេញ​ពី​ផ្ទះ»។

អ្នកស្រី​ឃី រ៉េត ​អាយុ​៥១ឆ្នំា​ ​ម្ចាស់​សិប្បកម្ម​បណ្តុះ​ផ្សិតនៅក្នុង​ភូមិ​១​ ​បាន​និយាយ​បណ្តើរ​ភ្នែក​សំឡឹង​ទៅ​មើល​រោង​បណ្តុះ​ផ្សិត​របស់​អ្នកស្រី​ ​ដែល​ទើប​ត្រូវ​គេ​កម្ទេច​រាប​ដល់​ដី។

អ្នកស្រី​បាន​និយាយ​ថា​ ​អ្នក​ស្រី​បាន​បាត់បង់​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន ​ដោយសារ​តែ​ក្រុមហ៊ុនបាន​បំផ្លាញ។

«បងប្អូន​ ​កាសែត​ទំាងអស់​គ្នា​ ​មើលចុះ​ ​នៅ​អត់​បាន​ទេ។ ​រង់ចាំ​អត់​មាន​ដោះស្រាយ​ឲ្យ​ខ្ញុំ​ឲ្យ​បាន​ស្រួល​បួល​ទេ​ ​បូម​ពន្លិច​តែ​ម្តង»។

ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត​ បាន​អុជ​ធូប​ដោត​នៅ​លើ​វាល​ខ្សាច់​ដែល​ទើប​តែ​និង​បូម​ថ្មីៗ​ ដើម្បី​ដាក់​បណ្តាសារ​តាម​ព្រះ​ពុទ្ធ​សាសនា​ ​ប្រឆាំង​ជំទាស់​ទៅ​នឹង​ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​នេះ។

«ជិះ​យន្ត​ហោះ​រន្ទះបាញ់​យន្តហោះ​ ​ជិះទូក​លិច​ទូក​ ​ជិះឡាន​ក្រឡាប់​ឡាន​ស្លាប់​តៃហោង។ ​កុំឲ្យ​អ្ហែង​ស្គាល់​មាន​ទៀត។​ ឲ្យ​វា​ស្គាល់​តែ​ស្លាប់​តៃហោង។​ ព្រះ​អង្គ​ជួយ​ថែ​រក្សា​កូន​ចៅ»។

ការ​ប្រឆាំង​ជំទាស់​របស់​ប្រជា​ពលរដ្ឋ​ចំពោះ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ពុំ​មាន​អំពើ​ហិង្សា​ណា​មួយ​បាន​កើត​ឡើង​ទេ។ ​ក៏​ប៉ុន្តែ ​នៅ​តាម​ផ្ទះរបស់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ បាន​ចង​ទង់​ជាតិ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ចង​រូបថត​ ​មេដឹកនាំ​ទាំង​បីរូប​របស់​គណបក្ស​នេះ​ ​ដែល​រួម​មាន​លោក​ជា ស៊ីម​ ​លោក​ហេង សំរិន​ និង​លោក​ហ៊ុន សែន​ ​ក៏​ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​រឹបអូស។

លោក ​សៀ ភារម្យ ​នាយក​លេខាធិការ​ដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​ ​បាន​និយាយ​ថា​ ​ទង្វើ​របស់​អាជ្ញាធរ​នេះបាន​រំលោភ​ទៅ​លើ​សិទ្ធិ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ។

«គាត់​និយាយ​លែង​ចេញ​ ​គឺ​អស់​យោបល់​ ​មិន​ដឹង​ថា​ ​តើ​និយាយ​ទៅ​អ្នកណា​ ​ហើយ​មិន​ដឹង​ថា​ ​ប្រទេស​ហ្នឹង​មាន​ច្បាប់​ ​មាន​ទម្លាប់​ មាន​អ្នក​ដឹកនាំ​ មានរចនា​សម្ព័ន្ឋ​ដឹកនាំ​យ៉ាងម៉េច​ទេ​ ​ព្រោះ​ថា​ ​គាត់​ព្យាយាម​ស្វែង​រក​ទេវតា​ ​ព្រះឥន្ទ្រ​ឲ្យជួយ។​ ក៏​ប៉ុន្តែ​លទ្ធផល​ គឺ​មានតែ​ធ្វើ​គឃ្លើន​ឲ្យ​ពួក​គាត់​អស់​យោបល់​តែម្តង»។

លោក​ សុខ ពេញវុធ ​អភិបាល​រង​ខណ្ឌ​ដូនពេញ​ ​ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​នេះ​បាន​បដិសេធ​ពុំធ្វើ​អត្ថាធិប្បាយ​ទេ។

«បាទ​ខ្ញុំ​គ្មាន​ភារ​កិច្ច​ទេ។​ បង​ឯង​ស្តាប់​មនុស្ស​អត់​បាន​ទេ​ហ្អី»។

លោក ​ប៉ា ​សុជាតិ​វង្ស​ ​អភិបាល​រង​ក្រុង​ភ្នំពេញ​ ​ក៏​ពុំធ្វើ​អត្ថាធិប្បាយ​ដែរ​ ​ដោយ​លោក​បាន​បង្វែរ​សំណួរ​នេះ​ឲ្យ​ទៅ​សួរ​មន្រ្តី​ខុទ្ទកាល័យនៃ​សាលាក្រុង​ភ្នំពេញ។

«បាទ​ ​អាហ្នឹង​សួរ​គេ​អ្នក​ទទួល​ខុស​ត្រូវ​វិញ​ ​ព្រោះ​ខ្ញុំ​មិន​ទទួល​ខុស​ត្រូវ​លើ​រឿង​ហ្នឹង​ផង។​ ​សួរទៅ​ខុទ្ទកា​ល័យ​ទៅ​ ​បាន​ដឹង​គឺ​ការិយា​ល័យ​សាលាក្រុង»។

មន្រ្តី​ខុទ្ទកា​ល័យ​នៃ​សាលាក្រុង​ភ្នំពេញ​ពុំ​អាច​ទាក់ទង​ជួប ​ដើម្បី​សុំ​សេចក្តី​អត្ថាធិប្បាយបំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ​ក៏​ប៉ុន្តែ​ប្រជា​ពលរដ្ឋ​បាន​និយាយ​ថា​ ​នៅ​ថ្ងៃសុក្រសប្តាហ៍​នេះ​ ​សាលាក្រុង​ភ្នំពេញ​នឹង​ធ្វើការ​ចរចា​ជាមួយ​ប្រជា​ពលរដ្ឋ ​ដើម្បី​ផ្តល់​សំណង​ដល់​ការ​ខូចខាត​ទាំងនេះ៕