ពលរដ្ឋខ្មែរមួយចំនួនរស់នៅក្នុងក្រុងអូតាវ៉ាប្រទេសកាណាដាថ្លែងថា ខ្លួនមានការភ័យខ្លាចខ្លះៗក្រោយពីមានការបាញ់ប្រហារក្នុងអគារសភាក្រុងអូតាវ៉ាកាលពីថ្ងៃពុធ ទោះជាស្ថានភាពបានវិលទៅរកភាពប្រក្រតីវិញក៏ដោយ។ ក្តីបារម្ភទាំងនោះគឺដោយសារថា នេះជាការវាយប្រហារភេរវកម្មលើកដំបូងហើយពលរដ្ឋគ្មានការប្រុងប្រៀបខ្លួន។
ពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅក្នុងក្រុងអូតាវ៉ាប្រទេសកាណាដាបានអះអាង ប្រាប់វីអូអេកាលពីថ្ងៃព្រហស្បតិ៍ថា ការបារម្ភពីបញ្ហាអសន្តិសុខនៅតែបន្តកើតមានខ្លះៗ ទោះជាការបាញ់កាំភ្លើងក្នុងសភាកាណាដាបានបញ្ចប់ ហើយខ្មាន់កាំភ្លើង ដែលគេគិតថា ជាក្រុមភេរវករគាំទ្រពួកអង្គការឧទ្ទាមរដ្ឋឥស្លាម ត្រូវគេបាញ់សម្លាប់ហើយក៏ដោយ។ ក្រុមប្រជាពលរដ្ឋបានអះអាងថា នេះជាការវាយប្រហារភេរវកម្មដំបូងដែលគេមិនបានរំពឹងថា កើតឡើង។ នេះជាការអះអាងរបស់លោកទាវ វ៉ាន់ណាត ដែលរស់នៅភាគខាងកើតចម្ងាយ១០គីឡូម៉ែតពីកន្លែងកើតហេតុ។
«ស្ថានភាពថ្ងៃនេះទៅជាធម្មតាវិញហើយ។ អាជ្ញាធរការពារសន្តិសុខ គេប្រកាស ថា ឲ្យទៅធ្វើការធម្មតាវិញហើយ។ តែប្រជាជនកាណាដាទូទៅហ្នឹងដែលយើង មិនធ្លាប់នឹកឃើញថា មានភេរវជនមកវាយប្រហារអញ្ចឹង ក៏នៅមានការភ័យខ្លាចបន្តិចបន្តួច»។
លោកសោម កុលវឌ្ឍក៍ ពលរដ្ឋខ្មែរម្នាក់ទៀតដែលរស់នៅក្នុងចម្ងាយបើកឡាន៥នាទីពីកន្លែងកើតហេតុ បានថ្លែងប្រាប់វីអូអេតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ដែរថា៖
«ផ្លូវជុំវិញផ្សេងៗទៀតបានបើកបរជាធម្មតាវិញហើយ។ តែយើងបានទទួល ដំណឹងថា បងប្អូនខ្លះគាត់អត់ហ៊ានទៅធ្វើការទេ ដោយសារគាត់មានក្តីបារម្ភ។ អញ្ចឹងមានខ្លះគាត់អត់ទាន់ហ៊ានទៅធ្វើការ ដោយសារគាត់ក្តាប់ព័ត៌មានអត់ទាន់បាន។ តែខ្ញុំជឿថា បន្ទាប់ពីថ្ងៃនេះទៅ ខ្ញុំជឿថា ស្ថានការណ៍ប្រហែលជាវិលដូចដើមវិញហើយ»។
ខ្មាន់កាំភ្លើងម្នាក់ដែលគេស្គាល់ឈ្មោះ ម៉ៃខល ហ្ស៊ីអាហ្វ ប៊ីបូ (Michael Zehaf-Bibeau) អាយុ៣២ឆ្នាំ ត្រូវអាជ្ញាធរបាញ់សម្លាប់នៅអគារសភាក្រុងអូតាវ៉ាប្រទេសកាណាដា បន្ទាប់ពីខ្មាន់កាំភ្លើងនេះបានបាញ់ទាហានកាណាដាម្នាក់ស្លាប់នៅកន្លែងគោរពវិញ្ញាណក្ខន្ធសពទាហានសម័យសង្គ្រាម។
ការបាញ់ប្រហារនេះនាំឲ្យមានការបិទហាងលក់ទំនិញ បិទក្រុមហ៊ុន បិទសាលារៀន បិទការិយាល័យរដ្ឋាភិបាលសហព័ន្ធនានាក្នុងក្រុងអូតាវ៉ា ក្រោយពេលកើតហេតុនៅម៉ោងជិត១០ព្រឹកដល់ពេលល្ងាចថ្ងៃដដែល។
លោកទាវ វ៉ាន់ណាត អាយុ៥៣ឆ្នាំបុគ្គលិកក្រុមហ៊ុនផ្នែកកែច្នៃម៉ាស៊ីនត្រជាក់ មានស្រុកកំណើតក្នុងស្រុកចម្ការលើ ខេត្តកំពង់ចាម។ លោកបានអះអាងថា កូនរបស់លោកបានខកខានមិនបានទៅសាលារៀននៅពេលមានការបាញ់ប្រហារនោះ។
«កូនខ្ញុំមួយគាត់ទៅរៀននៅសាកលវិទ្យាល័យនៅជិតសភាហ្នឹងដែរគឺសាកល វិទ្យាល័យអួតាវ៉ា (Ottawa University) ត្រូវខានទៅរៀនមួយថ្ងៃ ដោយសារ ប្រព័ន្ធបច្ចេកវិជ្ជាទំនើបលឿន គេបានប្រកាសពីអ៊ីម៉េល ហ្វេសប៊ុក គេហទំព័រ អញ្ចឹងទៅ គេប្រកាសថា គេបិទ។ អញ្ចឹងគាត់គ្រាន់តែខានមិនបានទៅរៀន មួយថ្ងៃ»។
លោកថា វាមិនបានធ្វើឲ្យប៉ះពាល់ដល់លោកផ្ទាល់ទេ ព្រោះលោកធ្វើការនៅខាងក្រៅទីប្រជុំជនក្រុងអូតាវ៉ា។
ប៉ុន្តែលោកសោម កុលវឌ្ឍក៍ ដែលជាអ្នកចាត់ចែងនៅមជ្ឈមណ្ឌលមនុស្សចាស់ Nursing Home ហើយដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង បានថ្លែងថា ដោយហេតុផលអសន្តិសុខកើតចេញពីការបាញ់កាំភ្លើងនៅក្នុងអគាររដ្ឋសភាលោកបានហាមប្រាមមិនឲ្យកូនលោកទៅក្រុងអូតាវ៉ាដើម្បីធ្វើការនោះឡើយ។
«គ្រាន់តែប្រហែល៥នាទី បន្ទាប់ពីការប៉ាញ់ប្រហារហ្នឹង ប្រព័ន្ធព័ត៌មាននៅក្នុង ប្រទេសកាណាដាហ្នឹងបានផ្សព្វផ្សាយភ្លាម ហើយក្រុមគ្រួសារខ្ញុំក៏ខ្ញុំបានទាក់ទង ជារឿងធម្មតាយើងបានទាក់ទងគ្នាតាមទូរស័ព្ទដៃដើម្បីឲ្យដឹងថា ម្នាក់ៗបានសុខ ធម្មតាទេ ហើយកូនចៅអីយើងទូរស័ព្ទមកផ្ទះអញ្ចឹងទៅ។ ហើយខ្ញុំមានកូនស្រី មួយដែលត្រូវទៅធ្វើការនៅក្នុងទីក្រុង Downtown ហ្នឹងដែរ តែខ្ញុំបានហាមមិនឲ្យ ទៅ»។
លោកបានរៀបរាប់ត្រួសៗពីស្ថានការណ៍ដែលលោកបានដឹងតាមប្រព័ន្ធផ្សព្វ ផ្សាយកាណាដាដែលផ្សាយបន្តផ្ទាល់អំពីការបាញ់យោធាឈរយាមម្នាក់នៅ កន្លែងគោរពសាកសពអតីតយោធា៖
«ម្ល៉ោះហើយអ្នកដែលបាញ់ហ្នឹងគាត់ដើរចូលទៅគឺកំពុងតែរៀបចំកម្មវិធីហ្នឹង គឺគាត់ដើរចូលទៅបាញ់សម្លាប់តែម្តង ដើម្បីធ្វើឲ្យមានការភ្ញាក់ផ្អើល។ ហើយ ពេលហ្នឹងដែរ គាត់បានឆ្លៀតឱកាសជិះឡានមកសភាដែលមានចម្ងាយផ្លូវ២ ទៅ៣០០ម៉ែតពីកន្លែងកើតហេតុ គឺគ្រាន់តែឆ្លងផ្លូវមួយចំហៀងតែប៉ុណ្ណោះ។ គាត់យកឡានគេមួយ។ គាត់បើកឡើងមក បើកមកដល់សភា គាត់ក៏ចតឡាន ដែលគ្មានការអនុញាត ហើយគាត់រត់ចូលទៅក្នុងសភា ហើយមុននឹងរត់ចូលទៅ បាន គាត់ត្រូវឆ្លងកាត់ប៉ូលិសច្រើនដែរបាទ»។
ក្រុមពលរដ្ឋខ្មែរបានអះអាងថា ការវាយប្រហារភេរវកម្មដែលគេចាត់ទុកថា ជាក្រុមឧទ្ទាមរដ្ឋឥស្លាមនេះនឹងធ្វើឲ្យមានការរិតបន្តឹងសន្តិសុខនិងធ្វើឲ្យពលរដ្ឋកាណាដាមានភាពក្លាហាន។
លោកនាយករដ្ឋមន្ត្រីកាណាដា Stephen Harper បានជំរុញដល់ពលរដ្ឋ កាណាដាមិនឲ្យមានការភ័យខ្លាចចំពោះក្រុមអង្គការភេរកម្មដែលបានវាយ ប្រហារកាណាដា ហើយលោកបានសច្ចាថា កាណាដាមិនភ័យខ្លាចនោះទេ៕