យ៉ាង​ហោច​ណាស់​មាន​កម្មករ​ពីរ​នាក់​ស្លាប់​ក្នុង​ការ​បាក់​ពិដាន​រោងចក្រ​នៅ​ខេត្ត​កំពង់ស្ពឺ

អាជ្ញាធរ​ខេត្ត​ដែល​បាន​ចុះទៅ​កន្លែង​កើតហេតុ​នេះ​ឲ្យ​ដឹងថា​អគារ​ដែល​បាក់​រលំ​នេះ​ជា​សំណង់​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​និង​មិនបាន​សុំ​ច្បាប់​​អនុញ្ញាត​ត្រឹមត្រូវ។ (រូបថត Photo Supplied)

គ្រោះថ្នាក់​បានកើត​ឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជា៧ព្រឹក ​នៅពេល​ដែល​កម្មករ​ជាង​៧០០០​នាក់​នៃ​រោងចក្រ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​នេះ​ទើបតែ​ចាប់ផ្តើម​ធ្វើការ។
ខេត្ត​កំពង់ស្ពឺ៖ យ៉ាង​ហោច​ណាស់​មាន​កម្ម​ករ​ចំនួន​ពីរ​នាក់​ស្លាប់​និង​១១នាក់​ទៀត​រងរបួស​ក្នុងការ​បាក់​ពិដាន​ឡៅតឿ​មួយ​នៃ​អគារ​រោងចក្រ​ស្បែកជើង​ វីងស្តារស៊ូ ​(Wing Star Shoes Co.Ltd)​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុង​ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ​ខេត្តកំពង់ស្ពឺ​ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជាង៥០​គីឡូម៉ែត្រ ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ។

គ្រោះថ្នាក់​បានកើត​ឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជា៧ព្រឹក ​នៅពេល​ដែល​កម្មករ​ជាង​៧០០០​នាក់​នៃ​រោងចក្រ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​នេះ​ទើបតែ​ចាប់ផ្តើម​ធ្វើការ។
លោក​អ៊ិត សំហេង​ រដ្ឋមន្ត្រី​ក្រសួងសង្គមកិច្ច​ អតីត​យុទ្ធជន​និង​យុវនីតិ​សម្បទា ​បាន​ប្រាប់​អ្នកកាសែត​នៅក្នុង​បរិវេណ​រោងចក្រ​គ្រោះថ្នាក់​នេះ​ដោយ​សម្តែង​ការសោកស្តាយ​ហើយ​ថា​រដ្ឋាភិបាល​នឹងធ្វើ​ការស៊ើប​អង្កេត​លើ​បញ្ហា​នេះ។

«តាម​អ្វី​ដែល​ខ្ញុំ​ដឹង ​គឺ​ថា​បងប្អូន​គឺ​ទើបតែ​ចូល​ទេ​មិនទាន់​មាន​មនុស្ស​ច្រើន​ប៉ុន្មាន​ទេ​គឺ​ក្រោម​១០០​នាក់​ទេ។ អ្នកណា​ដែលមាន​ទោស​ហ្នឹង គឺ​យើង​ពិនិត្យ​ទៅតាម​សមត្ថកិច្ច​នឹង​ការទទួល​ខុសត្រូវ។ និង​មាន​ការស៊ើប​អង្កេត​មួយ​ចំពោះ​ករណី​គ្រោះថ្នាក់​នេះ»។

អាជ្ញាធរ​ខេត្ត​ដែល​បាន​ចុះទៅ​កន្លែង​កើតហេតុ​នេះ​ឲ្យ​ដឹងថា​អគារ​ដែល​បាក់​រលំ​នេះ​ជា​សំណង់​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​និង​មិនបាន​សុំ​ច្បាប់អនុញ្ញាត​ត្រឹមត្រូវ។ (រូបថត Photo Supplied)


ឡៅតឿ​នេះ​ស្ថិត​នៅ​ផ្នែក​មួយ​នៃ​អគារ​បណ្តោយ​ថ្ងៃ​ដែល​ត្រូវ​សង់​ផ្ទាល់​ដី។ គេ​ឃើញ​ស្នាម​សរសរ​ដែក​បាក់​របេះ​និង​ពិ​ដាន​អំពី​ស៊ីម៉ង់ត៍​ជ្រុះ​ធ្លាក់​មកក្រោម​រួម​ជាមួយ​នឹង​សម្ភារៈ​សម្រាប់​ផលិត​ស្បែកជើង​បាន​ធ្លាក់​មក​គ្រប​លើ​កម្មករ​ដែល​បាន​ចូលធ្វើការ​នៅ​ផ្នែក​ផ្ទាល់​ដី​នេះ។

អាជ្ញាធរ​ខេត្ត​ដែល​បាន​ចុះទៅ​កន្លែង​កើតហេតុ​នេះ​ឲ្យ​ដឹងថា​អគារ​ដែល​បាក់​រលំ​នេះ​ជា​សំណង់​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​និង​មិនបាន​សុំ​ច្បាប់អនុញ្ញាត​ត្រឹមត្រូវ។
លោក​អ៊ូ សំអួន ​អភិបាលខេត្ត​កំពង់ស្ពឺ​មានប្រសាសន៍​បញ្ជាក់​បន្ថែម​ថា។

«សំណង់​អគារ​នេះ​គឺ​មិនមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទេ​គឺថា​គាត់​ធ្វើ​ថែម។ គាត់​ធ្វើ​ថែម​ដើម្បី​ស្តុក​ទំនិញ​របស់​គាត់។ ខ្ញុំ​ទៅពិនិត្យ​អំបាញ់មិញ​នេះ ​បើតាម​បទដ្ឋាន​បច្ចេកទេស​គឺថា​អត់​បទដ្ឋាន​បច្ចេកទេស​ទេ។ នៅពេល​ដែល​គាត់​ស្តុក​ទម្ងន់​ហ្នឹង​ខ្លាំង​ពេក​ទៅ ​អា​កម្លាំង​ទ្រ​វា​មិន​ដល់​ក៏​បាក់ស្រុត»។

មាន​រថយន្ត​សង្គ្រោះ​ប្រមាណ​៣០គ្រឿង​ត្រូវបាន​ដាក់ពង្រាយ​រង់ចាំ​អន្តរាគមន៍។ ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​រួមមាន​កងរាជអាវុធហត្ថ ​នគរបាល ​និង​កង​ប្រឆាំង​ភេរវកម្ម​បាន​ចុះជួយ​គាស់​កកាយ​គំនរ​ដែល​បាក់​ធ្លាក់ ​ដើម្បី​ស្វែងរក​សាកសព​និង​អ្នករបួស។
គំនរ​សម្ភារៈ​ត្រូវ​រើចេញ​ដោយ​កង​ប្រដាប់​អាវុធ ​និង​ផ្ទាំង​ថ្ម​មួយ​ចំនួន​ត្រូវ​កាយ​ដោយ​ត្រាក់ទ័រ​កាយ​ដី។

កម្មការិនី ​សួស ស្រី​ង៉ែត ​ដែល​បាន​ទាន់​ព្រឹត្តិការណ៍​នេះ​បាន​បញ្ជាក់​ថា៖

«ឮសូរ​សំឡេង​លាន់​បាក់។ ហើយ​នាំគ្នា​ចេញមក​ស្មានតែ​បាក់​ក្នុង​រោងចក្រ»។

កម្មការិនី​ម្នាក់​ឈ្មោះ​ស៊ីន ស្រី​ទូច ​បាន​ស្លាប់​ភ្លាមៗ​និង​ត្រូវ​ដឹក​ទៅកាន់​លំនៅដ្ឋាន​ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជា​ប្រាំមួយ​គីឡូម៉ែត្រ​ពី​រោងចក្រ។

ម្តាយ​របស់​នាង​អ្នកស្រី​ នូ ង៉ែត ​បាន​រៀបរាប់​នៅពេល​ដែល​ពិធី​បុណ្យសព​មិនទាន់​ចាប់ផ្តើម។

«ខ្ញុំ​មិនទាន់​ទាមទារ​អី​ទេ ​ចាំ​ខ្ញុំ​ធ្វើបុណ្យ​ហើយ​សិន»។

កញ្ញា​ឃុ​ត កុល ​ជា​អ្នកភូមិ​ជាមួយ​ជនរងគ្រោះ​រូបនេះ​និង​ជា​អ្នកធ្វើការ​នៅ​រោងចក្រ​ជាមួយ​គ្នា។

«មុនដំបូង​គេ​ឈូ​ឆរ ​ឃើញ​គេ​ផ្អើល​រត់​ចេញពី​រោងចក្រ​ទៅ​ហើយ ​ទើប​ខ្ញុំ​រត់​ចេញ​មក​ក្រៅ​រោងចក្រ​ហើយ។ ខ្ញុំ​ថា​ចុះ​គេ​មានរឿង​អី​បានជា​គេ​រត់​ផ្អើល​ចេញពី​រោងចក្រ​ហ្នឹង។ គឺថា​អគារ​ស៊ី ​ជិត​អគារ​ប៊ី​បាក់​ហើយ​ដល់ពេល​រត់ទៅរក​វា​ទៅ​ ក៏​រក​មិនឃើញ ​ដល់ពេល​ហ្នឹង​បង​វា​ទេរ​ប្រាប់ថា​វា​នៅ​ពេទ្យ។ និយាយ​ទៅ​ពេទ្យ​គេ​ថា​សង្គ្រោះ​មិនទាន់​ ស្លាប់​បាត់​ទៅហើយ»។

យោងតាម​របាយការណ៍​ចុង​ក្រោយពី​ក្រុម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ក្នុងចំណោម​ជនរងគ្រោះ​ដែល​មាន​របួស​ទាំង១១​នាក់​ដែល​សុទ្ធសឹង​ជាក​ម្មការិនី​វ័យក្មេង ​មាន​ពីរ​នាក់​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ហើយ​ពីរ​នាក់​ទៀត​ស្ថិត​ក្នុង​ការព្យាបាល​ក្នុង​គ្លីនិក​ជិត​រោងចក្រ​និង​ប្រាំពីរ​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ក្រុងភ្នំពេញ៕