ភ្នំពេញ៖ អង្គការសិទ្ធិមនុស្សបានចេញផ្សាយរបាយការណ៍រិះគន់ប៉ូលិសអំពីការចាប់ខ្លួន និងឃុំខ្លួនអ្នកប្រកបមុខរបរផ្លូវភេទដោយខុសច្បាប់ ព្រមទាំងវាយដំពួកគេដោយកណ្តាប់ដៃ ដំបងឈើ ដំបងឆក់ ហើយក្នុងកាលៈទេសៈខ្លះ ប៉ូលិសបានរំលោភសេពសន្ថវៈលើស្ត្រីប្រកបមុខរបរផ្លូវភេទ នៅក្នុងអំឡុងពេលដែលពួកគេស្ថិតនៅក្នុងការឃុំឃាំងរបស់ប៉ូលិស។ ប៉ុន្តែមន្ត្រីប៉ូលិសបានបដិសេធការចោទប្រកាន់នេះ និងបានចាត់ទុកថា របាយការណ៍នេះជាការបន្តុះបង្អាប់ប្រឆាំងនឹងអាជ្ញាធរប៉ូលិស និងរដ្ឋាភិបាលកម្ពុជា។
អង្គការសិទ្ធិមនុស្សអន្តរជាតិ HRW បាននិយាយនៅថ្ងៃអង្គារនេះថា ពួកអ្នកប្រកបមុខរបរផ្លួវភេទ នៅក្នុងប្រទេសកម្ពុជាត្រូវបានចាប់ខ្លួនដោយខុសច្បាប់ដដែលៗ និងត្រូវបាននាំខ្លួនដោយប៉ូលិសទៅកាន់មជ្ឈមណ្ឌលឃុំឃាំងរបស់រដ្ឋាភិបាល ដែលពួកគេប្រឈមនឹងការវាយដំ ការចាប់រំលោភផ្លូវភេទ និងការជម្រិតទារប្រាក់។
អង្គការសិទ្ធិមនុស្ស HRW ដែលមានមូលដ្ឋាននៅបូរី New York បានបញ្ជាក់ថា ការធ្វើសម្ភាសន៍ជាមួយពួកអ្នកប្រកបមុខរបរផ្លូវភេទជាស្ត្រីច្រើនជាង៩០នាក់ នៅក្នុងទីក្រុងភ្នំពេញ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប បានរកឃើញថា ពួកគេត្រូវបានរំលោភជាទៀងទាត់ដោយក្រុមអាជ្ញាធរ។
របាយការណ៍ចំនួន៧៦ទំព័ររបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបានរាយការណ៍ថា ប៉ូលិសបានវាយដំពួកអ្នកប្រកបមុខរបរផ្លូវភេទ ដោយកណ្តាប់ដៃ ដំបងឈើ ដំបងឆក់ ហើយក្នុងកាលៈទេសៈខ្លះ ប៉ូលិសបានរំលោភសេពសន្ថវៈលើស្ត្រីប្រកបមុខរបរផ្លូវភេទ នៅក្នុងអំឡុងពេលដែលពួកគេស្ថិតនៅក្នុងការឃុំឃាំងរបស់ប៉ូលិស។
លោកស្រី Elaine Pearson នាយកស្តីទីប្រចាំតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្ស HRWបានថ្លែងថា អស់រយៈពលជាយូរមកហើយ ប៉ូលិសនិងអាជ្ញាធរដទៃទៀត បានចាក់សោរបង្ខាំងអ្នកប្រកបមុខរបរផ្លូវភេទដោយខុសច្បាប់ វាយដំ និងរំលោភលើផ្លូវភេទរបស់ពួកគេ ហើយលួចប្រាក់ និងទ្រព្យសម្បត្តិដែលមានជាប់ខ្លួនរបស់ពួកគេ។
លោកស្រីបានបន្តថា រដ្ឋាភិបាលកម្ពុជាត្រូវតែបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់ ដោយហ្មត់ចត់និងឯករាជ្យ ចំពោះអំពើរំលោភជាប្រព័ន្ធទៅលើសិទ្ធិមនុស្សរបស់អ្នកប្រកបមុខរបរផ្លូវភេទ និងត្រូវបិទមជ្ឈមណ្ឌល ដែលជាកន្លែងដែលអ្នកប្រកបមុខរបរផ្លូវភេទទទួលរងនូវអំពើរំលោភនេះ។
«យើងអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឱ្យបិទមជ្ឈមណ្ឌលដែលពួកអ្នកប្រកបមុខរបរផ្លូវភេទត្រូវបានរំលោភ និងធ្វើការស៊ើបអង្កេតដោយឯករាជ្យ និងហ្មត់ចត់នៅក្នុងការរំលោភសិទ្ធិមនុស្សរបស់អ្នកប្រកបមុខរបរផ្លូវភេទ»។
របាយការណ៍របស់អង្គការ HRW បាននិយាយថា ប៉ូលិសរំលោភស្ត្រីប្រកបមុខរបរផ្លូវភេទដោយ គ្មានទទួលការផ្តន្ទាទោសឡើយ ហើយស្ត្រីប្រកបមុខរបរផ្លូវភេទរាល់រូបដែលបានធ្វើសម្ភាសន៍បានបង់ប្រាក់សំណូក ឬត្រូវប៉ូលិសលួចប្រាក់របស់ពួកគេ។
លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធការចោទប្រកាន់នេះ ពីព្រោះរបាយការណ៍នេះមិនបានប្រាប់ឈ្មោះប៉ូលិស ដែលបានប្រព្រឹត្តអំពើរំលោភទៅលើអ្នកប្រកបមុខរបរផ្លូវភេទនេះឱ្យបានច្បាស់លាស់ទេ។
«ជាគោលការណ៍ យើងបដិសេធរបាយការណ៍នេះ ពីព្រោះរបាយការណ៍នេះមិនបានប្រាប់ឈ្មោះប៉ូលិសណាទេ ប៉ុន្តែយើងស្វាគមន៍ ប្រសិនបើមានបញ្ចេញឈ្មោះប៉ូលិសពិតដែលបានប្រព្រឹត្តអំពើខុសច្បាប់ ដើម្បីឱ្យយើងមានមូលដ្ឋានក្នុងការស៊ើបអង្កេតផង។ បើរបាយការណ៍និយាយថា ប៉ូលិស យើងមិនដឹងថា ប៉ូលិសណាទេ។ ការលើកឡើងជារួមៗ គឺជាការបន្តុះបង្អាប់សមត្ថកិច្ចប៉ូលិសទាំងមូលតែម្តង»។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានបញ្ជាក់ថា របាយការណ៍នេះមានគោលបំណងបន្តុះបង្អាប់ប៉ូលិសកម្ពុជា ហើយក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលមិនអាចទទួលយកបានទេនូវការរិះគន់ដោយគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវនេះ៕