រូបភាព​ជុំវិញ​ពិភពលោក ០៩ កញ្ញា ២០១៨

ទាហាន​កូរ៉េ​ខាង​ជើង​ដើរ​ក្បួន​នៅ​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​នៅ​ទីលាន Kim Il Sung នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង។ ទាហាន​កូរ៉េ​ខាង​ជើង​រាប់​ពាន់​នាក់​ដែល​មាន​ក្បួន​រថក្រោះ​ និង​កាំភ្លើង​ធំ តាម​ពី​ក្រោយ ដើរ​ក្បួន​កាត់​ក្រុង​ព្យុងយ៉ាង នៅ​ពេល​ដែល​ប្រទេស​នេះ​ប្រារព្ធ​ខួប​លើក​ទី៧០​នៃ​ការ​បង្កើត​ប្រទេស​នេះ។

នេះ​ជា​ការ​បញ្ចូល​គ្នា​នៃ​រូបភាព​ដែល​បង្ហាញ​ពី​ការ​វាយតប់​របស់​ក្រុម​សន្តិសុខ​ជាតិ​របស់​រុស្ស៊ី ទៅ​លើ​បាតុករ ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​ប្រឆាំង​នឹង​ផែនការ​បង្កើន​អាយុ​ចូល​និវត្តន៍​នៅ​ទូទាំង​ប្រទេស ក្នុង​ក្រុង​មូស្គូ។

ក្រុម​ជួយ​សង្គ្រោះ​របស់​ប៉ូលិស​តូក្យូ​ស្វែងរក​មនុស្ស​ដែល​បាត់​ខ្លួន​នៅ​ក្នុង​ក្រុង Astuma បន្ទាប់​ពី​មាន​ការ​រញ្ជួយដី​កម្រិត៦,៦​រ៉ិចទ័រ នៅ​ទៅ​លើ​កោះ Hokkaido ប្រទេស​ជប៉ុន។

សាច់​ញាតិ និង​អ្នក​ជិតខាង​របស់​ប៉ូលិស​ឈ្មោះ Naveed Jeelani ទ្រហោយំ​នៅ​ពេល​ដែល​សាកសព​របស់​លោក​ត្រូវ​បាន​គេ​នាំ​យក​មក​ផ្ទះ នៅ​ក្នុង​ក្រុង Srinagar តំបន់ Kashmir។ សាកសព​របស់​លោក Jeelani និង​មិត្តភក្តិ​របស់​លោក​ឈ្មោះ Adil Shah ត្រូវ​បាន​គេ​យក​ចេញ​ពី​ភ្នំ​ទឹកកក Kolahoi Glacier ក្នុង​ជ្រោះ Pahalgam។ អ្នក​ទាំង​ពីរ​បាន​ស្លាប់​ ខណៈ​ដែល​អ្នក​ដើរ​ផ្សង​ព្រេង​ម្នាក់​ទៀត​រងរបួស នៅ​ពេល​ពួកគេ​ធ្លាក់​នៅ​ក្នុង​ក្រហែង​មួយ នៅ​ពេល​ចុះ​ពី​ភ្នំ​ទឹកកក Kolahoi Glacier ដែល​មាន​កម្ពស់​៤.៥០០ម៉ែត្រ កាលពី​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨។

បុរសៗ​អាហ្វហ្គានីស្ថាន​មើល​ទៅ​ក្រៅ​តាម​បង្អួច​បែកបាក់ នៅ​កន្លែង​វាយប្រហារ​ដោយ​គ្រាប់​បែក​អត្តឃាត​មួយ​ នៅ​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន។

រូបភាព​ពី​លើ​អាកាស​នេះ​បង្ហាញ​ឲ្យ​ឃើញ​ទូក​មួយ​ដែល​ដឹក​ជន​ទេសន្តរប្រវេសន៍​ជាប់​នៅ​ក្នុង​ដៃ​សមុទ្រ Strait of Gibraltar មុន​ពេល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ទីភ្នាក់ងារ​ជួយ​សង្គ្រោះ និង​រុករក​លើ​ដែន​សមុទ្រ Spanish Guardia Civil and the Salvamento Maritimo របស់​អេស្ប៉ាញ កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨។

ក្មេង​ស្រី​ស៊ីរី​ម្នាក់​រងចាំ​ចាកចេញ​ពី​ក្រុង Beirut ប្រទេស​លីបង់ ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគេ​ក្នុង​ប្រទេស​ស៊ីរី​វិញ។

ក្មេងៗ​ប្រណាំង​រថយន្ត​ដោយ​ការ​ធាក់​នឹង​ជើង នៅ​ក្នុង​កម្មវិធី Goodwood Revival ដែល​ជា​ពិធី​ប្រណាំង​រថយន្ត​មួយ​ប្រភេទ​មាន​រយៈពេល​បីថ្ងៃ នៅ​ក្នុង​តំបន់ Goodwood ប្រទេស​អង់គ្លេស។

ប៉ូលិស​រុស្ស៊ី​ឃាត់​ខ្លួន​ក្មេង​ម្នាក់ នៅ​ពេល​ប្រមូល​ផ្តុំ​តវ៉ា​លើ​អាយុ​ចូល​និវត្តន៍ នៅ​ក្នុង​ក្រុង St. Petersburg ប្រទេស​រុស្ស៊ី។

ក្មេង​ប្រុស​ម្នាក់​លី​ចៀម​តូច​មួយ​ដើរ​ទៅ​ជ្រោះ​មួយ កាត់​តាម​ក្រុង Mittenwald ក្នុង​កម្មវិធី​ប្រពៃណី Almabtrieb ក្នុង​ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨។

បុរស​ម្នាក់​ប្រគុំ​តន្ត្រី​នៅ​ក្បែរ​ឆ្នេរ Arpoador ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨។

មនុស្សម្នា​បង្ហោះ​ខ្លែង​នៅ​ក្នុង​ពិធី International Dieppe Kite Festival លើក​ទី២០ នៅ​ក្នុង​ក្រុង Dieppe ប្រទេស​បារាំង។

មនុស្សម្នា​ប្រមូល​ផ្តុំ​នៅ​លើ​ទួល​មួយ​ក្បែរ​ព្រលាន​យន្តហោះ​ដើម្បី​មើល​យន្តហោះ​ហោះ​ឡើង នៅ​ក្នុង​ក្រុង Warsaw ប្រទេស​ប៉ូឡូញ។

ស្ត្រី​ម្នាក់​តុបតែង​ជា​ដើម​ឈើ​ឈរ​ថត​រូប​នៅ​ផ្សារ​ទំនើប Civic Center Plaza បន្ទាប់​ពី​ដើរ​ក្បួន​មួយ​ដែល​មាន​ឈ្មោះ​ថា Rise For Climate នៅ​ក្នុង​ក្រុង San Francisco រដ្ឋ California កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨។

អ្នក​របាំ​សម្តែង​នៅ​ក្នុង​កម្មវិធី​ដ៏​ធំ​មួយ​ដែល​មាន​ឈ្មោះ​ថា Kadamati នៅ​ពី​មុខ​សាលាក្រុង​ប៉ារីស ប្រទេស​បារាំង។

កីឡាករ Sam Kendricks មក​ពី​សហរដ្ឋអាមេរិក​ប្រកួត​នៅ​ក្នុង​លោត​ដោយ​ប្រើ​បង្គោល​នៅ​ទីលាន IAAF សម្រាប់​ពានរង្វាន់ Continental Cup នៅ​ក្នុង​ក្រុង Ostrava សាធារណរដ្ឋ​ឆែក។