រូបភាពជុំវិញពិភពលោក៖ ២៦ កញ្ញា ២០២២
រូបថតបង្ហាញទាហានបម្រុងដែលត្រូវបានជ្រើសរើស អំឡុងពេលយុទ្ធនាការកេណ្ឌទ័ពខ្នាតតូចមួយរបស់រដ្ឋាភិបាលរុស្ស៊ី នៅខាងក្រៅការិយាល័យជ្រើសយកទាហានក្នុងក្រុង Tara ក្នុងតំបន់ Omsk ប្រទេសរុស្ស៊ី។
ស្រ្តីម្នាក់អូសសុនខលើកៅអីមួយ ស្របពេលពលរដ្ឋជម្លៀសខ្លួនពីផ្ទះសម្បែងដែលលិចលង់ ក្រោយពីមានព្យុះទីហ្វុង Noru ក្នុងក្រុង San Ildefonso ខេត្ត Bulacan ប្រទេសហ្វីលីពីន។
ស្ត្រីមួយក្រុមដុតស្បៃគ្របក្បាលអំឡុងពេលតវ៉ាមួយនៅក្រុង Qamishli ភាគឦសាន ប្រទេសស៊ីរី ដែលគ្រប់គ្រងដោយជនជាតិឃឺដ ពាក់ព័ន្ធនឹងការស្លាប់របស់ស្រ្តីជនជាតិឃឺដម្នាក់ឈ្មោះ Mahsa Amini អាយុ ២២ ឆ្នាំ នៅអ៊ីរ៉ង់។ នាង Amini បានស្លាប់កាលពីដើមខែកញ្ញានេះ អំឡុងពេលស្ថិតក្រោមការឃុំឃាំងរបស់ប៉ូលិសទទួលបន្ទុកផ្នែកវិន័យក្រមសីលធម៌ នៅក្រុងតេរ៉ង់។
រូបថតពីអាកាសបង្ហាញតារាងបាល់ទាត់មួយនៅជំរំ Zawghara សម្រាប់ជនជាតិស៊ីរី ដែលបាត់បង់ទីលំនៅ។ ជំរំនេះផ្តល់ទីជម្រកដល់ពលរដ្ឋស៊ីរីប្រមាណ ៣.០០០ គ្រួសារ នៅក្រុង Jarabulus ជិតព្រំដែនជាមួយតួកគី នៅតំបន់ភាគខាងជើងក្រុង Aleppo ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រឆាំងនៅប្រទេសស៊ីរី។
លោក Cornelius Whiting បំពេញសន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោតមួយក្នុងក្រុង Alexandria រដ្ឋ Virginia សហរដ្ឋអាមរិក។ ការបោះឆ្នោតពាក់ណ្តាលអាណត្តិបានចាប់ផ្តើមនៅរដ្ឋ Minnesota រដ្ឋ South Dakota រដ្ឋ Virginia និងរដ្ឋ Wyoming។
ទាហានលីបង់ប៉ះទង្គិចគ្នាជាមួយនឹងអតីតយោធិន ខណៈអតីតយោធិនព្យាយាមចូលទៅក្នុងសភានៅក្រុងប៉េរូត ប្រទេសលីបង់ អំឡុងពេលកិច្ចប្រជុំមួយដើម្បីអនុម័តកញ្ចប់ថវិកាសម្រាប់ឆ្នាំ ២០២២។ ក្រុមអ្នកតវ៉ាទាមទារឲ្យមានការបង្កើនប្រាក់បៀរវត្សរ៍ចូលនិវត្តន៍ ដែលត្រូវបានកាត់បន្ថយអំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះ។
រូបថតបង្ហាញដៃរបស់ស្រ្តីកាន់សាសនាជ្វីបបែប Orthodox ម្នាក់នៅអ៊ីស្រាអែល ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីទីភ្នាក់ងាររបស់មន្ទីរអន្តោប្រវេសន៍ជាតិម៉ិចស៊ិកបានប្រតិបត្តិការមួយ។ សមាជិកសហគមន៍របស់ស្រ្តីរូបនេះត្រូវបានឃុំខ្លួន អំឡុងពេលព្យាយាមចូលមកប្រទេសម៉ិចស៊ិកក្នុងរយៈពេលពីរបីសប្តាហ៍កន្លងមកនេះ។ រូបភាពនេះត្រូវថតបានពីខាងក្រៅមន្ទីរអន្តោប្រវេសន៍ម៉ិចស៊ិក ក្នុងក្រុង Huixtla រដ្ឋ Chiapas ប្រទេសម៉ិចស៊ិក កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២។
កុមារម្នាក់កំពុងត្រូវបានធ្វើតេស្តរកជំងឺកូវីដ១៩ នៅកន្លែងធ្វើតេស្តមួយ ក្នុងក្រុងប៉េកាំង ប្រទេសចិន។
ទាហានសេណេហ្គាល់ពីរនាក់ដើរហែក្បួនអំឡុងពេលពិធីរំឮកខួប ២០ ឆ្នាំនៃហេតុការណ៍លិចសាឡាង «Le Joola» ក្នុងក្រុង Ziguinchor។ សាឡាងនេះបានលិចអំឡុងពេលធ្វើដំណើរចន្លោះផ្លូវរវាងក្រុងដាកា និងក្រុង Ziguinchor ហើយបានបណ្តាលឲ្យមនុស្ស ១.៨៦៣ នាក់បាត់បង់ជីវិត។ នេះបើយោងទៅតាមរបាយការណ៍ផ្លូវការ។
ប្រធានាធិបតីសហរដ្ឋអាមរិកលោក Joe Biden លើកអាវរបស់ក្រុមកីឡាវាយកូនបាល់ Atlanta Braves អំឡុងពេលសំណេះសំណាលជាមួយកីឡាករក្រុមជើងឯកកីឡាវាយកូនបាល់ឆ្នាំ ២០២១ មួយនេះ នៅបន្ទប់ East Room ក្នុងសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន។