រូបភាព​ជុំវិញ​ពិភពលោក ២៣ កញ្ញា ២០១៨

ក្រុម​ជិះ​កង់​ឈ្មោះ CCC Sprandi Polkowice ប្រកួត​នៅ​ក្នុង​ការ​ប្រណាំង​កង់ Team Time Trial សម្រាប់​ពានរង្វាន់ UCI Cycling Road World Championships នៅ​ក្នុង​ក្រុង Innsbruck ប្រទេស​អូទ្រីស។

បុរស​ម្នាក់​តុបតែង​ក្នុង​ឈុត​ប្រពៃណី​មួយ​ចូលរួម​នៅ​ក្នុង​ការ​ដើរ​ក្បួន​កាំភ្លើង និង​សម្លៀកបំពាក់​ប្រពៃណី​នៅ​ថ្ងៃទី២​នៃ​កម្មវិធី Oktoberfest លើកទី១៨៥ នៅ​ក្នុង​ក្រុង Munich ប្រទេស​អាល្លឺម៉ង់។

ដើម​រុក្ខជាតិ​ Virginia Creeper ដែល​វាល​គ្រប​ពី​លើ​បន្ទប់​ញ៉ាំ​តែ Tu Hwnt I'r Bont បាន​ប្រែ​ទៅ​ពណ៌​ក្រហម​ នៅ​ថ្ងៃទី១​នៃ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នៅ​ក្នុង​ក្រុង Llanrwst ចក្រភព​អង់គ្លេស។

មនុស្ស​ម្នា​ដង្ហែ​ព្រះ​គណេស​ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធីបុណ្យ Ganesh Chaturthi មុន​នឹង​ជ្រមុជ​រូប​សំណាក​នេះ​ចូល​ទៅ​ក្នុង​សមុទ្រ​អារ៉ាប់ ក្នុង​ក្រុង Mumbai​ ប្រទេស​ឥណ្ឌា។

ក្តាន់​ឈ្មោល​រត់​នៅ​លើ​វាល​មួយ​នៅ​ក្នុង​តំបន់​អភិរក្ស Naliboksky នៅ​ក្បែរ​ភូមិ Kozliki ប្រទេស​បេឡារុស។

ស្ត្រី​ម្នាក់​យំ​នៅ​ក្បែរ​សាកសព​របស់​បង ឬ​ប្អូនស្រី​របស់​នាង ដែល​ជា​ជនរងគ្រោះ​នៃ​ការ​ក្រឡាប់​សាឡាង MV Nyerere នៅ​ពេល​ដែល​នាង​រងចាំ​គេ​មក​យក​សាកសព​នេះ​ទៅ​បូជា​នៅ​កោះ Ukara ប្រទេស​តង់សានី កាលពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។ ពីរ​ថ្ងៃ​ក្រោយ​ពី​គ្រោះថ្នាក់​ក្រឡាប់​សាឡាង​នៅ​បឹង Lake Victoria ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើង​ជាង​២០០នាក់ ខណៈ​ដែល​ក្រុម​មន្ត្រី​និយាយ​ថា អ្នក​នៅ​រស់រាន​មាន​ជីវិត​ម្នាក់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​សាឡាង​នេះ ហើយ​កិច្ចខិតខំ​ប្រឹងប្រែង​ត្រូវ​បាន​បញ្ចប់ ហើយ​ឥឡូវ​ក្រុម​មន្ត្រី​កំពុង​កំណត់​អត្តសញ្ញាណ​សាកសព។

តារា​បង្ហាញ​ម៉ូដ Carla Bruni Sarkozy (រូប​កណ្តាល)​ និង​តារា​ដទៃ​ទៀត​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ Dolce & Gabbana នៅ​ក្នុង​ក្រុង Milan ប្រទេស​អ៊ីតាលី។

លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo (រូប​ឆ្វេង​ទី២) និង​ដៃគូ​ឈរ​ឈ្មោះ​បោះឆ្នោត​ជាមួយ​លោក​គឺ លោក Ma'ruf Amin (រូប​ឆ្វេង) និង​លោក Prabowo Subianto (រូប​ស្តាំ​ទី២) ដែល​ជា​គូ​ប្រជែង​នឹង​លោក Joko Widodo និង​លោក Sandiaga Uno (រូប​ស្តាំ) ដែល​ដៃគូ​ឈរ​ឈ្មោះ​បោះឆ្នោត​ជាមួយ​នឹង​លោក Prabowo Subianto ប្រលែង​បក្សី​នៅ​ក្នុង​ពិធី​មួយ​សម្រាប់​ការ​ចាប់​ផ្តើម​យុទ្ធនាការ​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ​ ក្នុង​ក្រុង​ហ្សាការតា។

កីឡាករ Anthony Joshua មក​ពី​អង់គ្លេស​ធ្វើ​ដំណើរ​ចូល​ក្នុង​ស្តាត​ នៅ​មុន​ពេល​ប្រដាល់​ជាមួយ​នឹង​កីឡាករ Alexander Povetkin មក​ពី​រុស្ស៊ី នៅ​ក្នុង​ស្តាត Wembley ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។

ក្រុម​សន្តិសុខ​នាំ​ក្មេង​ប្រុស​ម្នាក់​ដែល​កំពុង​តែ​យំ និង​កាន់​អាវ​របស់​កីឡាករ Neymar ដែល​បាន​ឲ្យ​រូប​គេ​ បន្ទាប់​ពី​គេ​បាន​រត់​ចូល​ទៅ​ក្នុង​ទីលាន​ប្រកួត​នៅ​ពេល​បញ្ចប់​ការ​ប្រកួត​បាល់​ទាត់​ French League One រវាង​ក្រុម Rennes និង​ក្រុម Paris-Saint-Germain នៅ​ស្តាត Roazhon Park ក្នុង​ក្រុង Rennes ប្រទេស​បារាំង។

ព្រះ​សង្ឃ​កំពុង​សូត្រ​ធម៌​ជូន​លោក​ប្រធានាធិបតី​វៀតណាម Tran Dai Quang នៅ​វត្ត Viet Nam Quoc Tu នៅ ក្នុង​ក្រុង​ហូជីមិញ។ លោក Quang ដែល​ជា​អតីត​ស្នងការ​នគរបាល ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​នយោបាយ​តឹងរ៉ឹង និង​កុម្មុយនិស្ត​មួយ​រូប ដែល​មាន​ការ​លើក​លែង​តិចតួច​ចំពោះ​អ្នក​មាន​គំនិត​ប្រឆាំង។ សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​ថា លោក​បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី២១ ខែកញ្ញា ក្នុង​វ័យ​៦១ឆ្នាំ បន្ទាប់​ពី​មាន​ជំងឺ​ធ្ងន់ធ្ងរ​មួយ។

ពពុះ​ទឹក​កខ្វក់​ដែល​ប្រមូល​ផ្តុំ​នៅ​ទន្លេ Yamuna ហោះហើរ​នៅ​លើ​អាកាស នៅ​ក្នុង​ក្រុង New Delhi ប្រទេស​ឥណ្ឌា។