រូប​ភាព​ជុំវិញ​ពិភព​លោក​ ១៥ កញ្ញា​ ២០១៥

ជន​ភៀស​ខ្លួន​ស៊ីរី​រង់​ចាំ​ចេញ​ពី​កប៉ាល់​ដឹក​អ្នកដំណើរ​​ នៅ​ឯ​កំពង់ផែ​ Piraeus ក្បែរ​រដ្ឋ​ធានី​អាតែន​ ប្រទេស​ក្រិក។

លោក​ Harald Krueger អគ្គនាយក​ក្រុមហ៊ុន​រថយន្ត​ BMW បាន​ដួល​នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​បទ​បង្ហាញ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​មួយ​ នៅ​ឯ​ពិព័រណ៌​តាំង​បង្ហាញ​រថយន្ត​ IAA ក្នុង​ប្រទេស​អាល្លឺម៉ង់។

កីឡាករ​ Carlos Hyde (អាវ​លេខ​២៨)​ នៃ​ក្រុម​បាល់​ទាត់​អាមេរិក​ San Francisco 49ers ត្រូវ​បាន​អប​អរ​ដោយ​អ្នក​គាំ​ទ្រ​ បន្ទាប់​ពី​ស៊ុត​បញ្ចូល​ទីនៅ​រយៈ​ចម្ងាយ​១០​យ៉ាត (ប្រហែល​៩​ម៉ែត្រ)​ នៅ​ក្នុង​ការប្រកួត​ជាមួយ​នឹង​ក្រុម​ Minnesota Vikings នៅ​ក្នុង​ពហុកីឡាដ្ឋាន​ Levi's ក្នុង​ទីក្រុង Santa Clara រដ្ឋ California កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​សីហា​ ឆ្នាំ​២០១៥។​ (រូប​ភាព​ផ្តល់​ដោយ ៖ Kirby/USA Today Sports)

សិល្បករ​ឥណ្ឌា​ម្នាក់​បង្ហើយ​ការបន្ថែម​ពណ៌​ទៅ​លើ​រូប​ចម្លាក់​ព្រះ​គិណេស​ នៃ​សាសនា​ហិណ្ឌូ​ នៅ​ឯ​រោងជាង​មួយ​ នៅ​មុន​ពិធី​បុណ្យ​ Ganesh Chaturthi ដែល​ឧទ្ទិស​ដល់​ព្រះ​គិណេស​ នៅ​ក្នុង​រដ្ឋធានី​ញូដេលី​ (New Delhi) ។

បណ្តុំ​នៃ​ស្នាដៃ​សិល្បៈ​ដែល​មាន​ឈ្មោះ​ថា​ « បុរស​ដួល​ (Fallen Men) » នៅ​កណ្តាល​ទីក្រុង​ Oslo ប្រទេស​ន័រវេស​។ (រូប​ថត​ផ្តល់​ដោយ ៖ Maung Maung Myint)

លោក​ Robert Hooper ​ស្ថិត​នៅ​ក្នុង​សភាព​អស់​កម្លាំង​ដោយ​សារ​តែ​មិន​បាន​គេង​គ្រប់​គ្រាន់​ អោប​សត្វ​ឆ្កែ​របស់​គាត់​ឈ្មោះ​ Toby នៅ​លើ​ដីធ្លី​កម្មសិទ្ធិ​របស់​គាត់​ បន្ទាប់​ពី​ត្រូវ​បាន​ឆេះ​ដោយ​ភ្លើង​ឆេះ​ព្រៃ​ Valley Fire នៅ​ក្នុង​ទីក្រុង​ Middleton រដ្ឋ​ California។​ ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​ខាង​ជើង​រដ្ឋ​ California ត្រូវ​បាន​ចាត់​ចំណាត់​ថ្នាក់​ថា​ជា​មហន្តរាយ​ដ៏​ខ្លាំង​បំផុត​ ដោយ​បាន​វាយ​ប្រហារ​តំបន់​ភាគ​ខាង​លិច​នៃ​សហរដ្ឋ​អាមេរិក​​ដែល​រង​គ្រោះ​ដោយ​ភាព​រាំង​ស្ងួត​នៅ​ក្នុង​ឆ្នាំ​នេះ។ មនុស្ស​ម្នាក់​បាន​ស្លាប់​ ហើយ​បំផ្លាញ​ផ្ទះ​ជាង​៤០០​ដោយ​ភ្លើង​ឆេះ​ ហើយ​ទ្រព្យ​សម្បត្តិ​ដែល​រង​ការបំផ្លាញ​ដោយ​ភ្លើង​ឆេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ឡើង​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្រ្តី​អគ្គីភ័យ​ ។

សមាជិក​នៃ​អង្គភាព​ជើងទឹក​ពិសេស​កូរ៉េ​ខាង​ត្បូង លោត​ឆ័ត្រ​យោង​ចុះ​ នៅ​ក្នុង​ពិធី​មួយ​ក្នុង​ទីក្រុង​ Incheon ដើម្បី​ប្រារព្ធ​ខួប​ទី​៦៥​ នៃ​ប្រតិបត្តិការ​ជើង​គោក​ Incheon នៃ​កងទ័ព​អង្គការ​ប្រជាជាតិ​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​ ក្នុង​អំឡុង​សង្គ្រាម​ឧបទ្វីប​កូរ៉េ​ឆ្នាំ​ ១៩៥០-១៩៥៣។

រថយន្ត​ដើរ​ដោយ​អគ្គីសនី​ Mission E របស់​ក្រុមហ៊ុន​ Porsche ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​កម្មវិធី​ រាត្រី​ Volkswagen ​មុន​ពិព័រណ៌​រថយន្ត​ IAA ក្នុង​ទីក្រុង​ Frankfurt ក្នុង​ប្រទេស​អាល្លឺម៉ង់​ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៥។

​​ផ្ទះ​មួយ​ខ្នង​ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​ទឹក​ជំនន់​បង្ក​ឡើង​ដោយ​ព្យុះ​ទីហ៊្វុង​ Vamco ដែល​បាន​បក់​បោក​តំបន់​ស្វយ័ត​ Lingshui នៃ​ជនជាតិ​ភាគ​តិច​ Li ក្នុង​ខេត្ត​ Hainan ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៥។

សិល្បករ​ចិន​ Ai Weiwei ឈរ​ថត​រូប​ជាមួយ​នៃ​ស្នាដៃ​សិល្បៈ​មួយរបស់​លោក​ នៅ​ឯ​វិទ្យាស្ថាន​រាជ​បណ្ឌិត​សិល្បៈ​ ក្នុង​ទីក្រុង​ឡុងដ៍​។

លោក​ស្រី​រដ្ឋ​មន្រ្តី​ក្រសួង​អប់​រំ Jet Bussemaker អញ្ជើញ​មក​ដល់​សាល​ Hall of Knights ដើម្បី​ចូល​រួម​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​មួយ​ក្នុង​សភា​​ នា​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់។​ ស្បែក​ជើង​និង​កាបូប​របស់​លោក​ស្រី​ត្រូវ​បាន​ផលិត​ឡើង​ពី​ម៉ាស៊ីន​ផ្តិត​វត្ថុ​ 3D នៅ​ឯ​សាកល​វិទ្យាល័យ​ Eindhoven។