កូរ៉េខាងត្បូងបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីកាលពីថ្ងៃចន្ទឱ្យរិះគន់លើការសម្រេចរបស់កូរ៉េខាងជើងក្នុងការបញ្ជូនទាហានរាប់ពាន់នាក់ទៅគាំទ្រសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ នេះបើផ្អែកតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលស្រង់ប្រភពពីក្រសួងការបរទេសកូរ៉េខាងត្បូងដែលបានអំពាវនាវឱ្យមានការដកកងទ័ពកូរ៉េខាងជើងចេញពីរុស្ស៊ីជាបន្ទាន់។
នៅក្នុងការបញ្ជូនកងទ័ពរបស់កូរ៉េខាងជើងជាលើកដំបូងទៅក្រៅប្រទេសបែបនេះ កងកម្លាំងពិសេសកូរ៉េខាងជើងប្រហែល ១.៥០០ នាក់កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ីរួចស្រាប់ទៅហើយដើម្បីឱ្យស៊ាំនឹងធាតុអាកាស ហើយទំនងជានឹងត្រូវបញ្ជូនទៅសមរភូមិជួរមុខក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ទីភ្នាក់ងារនេះថាកងទ័ពកូរ៉េខាងជើងបន្ថែមទៀតគ្រោងនឹងចេញដំណើរឆាប់ៗនេះ។
កូរ៉េខាងត្បូងបានអះអាងជាយូរមកហើយថាកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរកំពុងផ្គត់ផ្គង់អាវុធដល់រុស្ស៊ីឱ្យប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន ខណៈមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះកិច្ចព្រមព្រៀងយោធាមួយកាលពីខែមិថុនា។
កូរ៉េខាងត្បូងបានសម្ដែង «ក្ដីបារម្ភយ៉ាងខ្លាំងទាក់ទងនឹងការបញ្ជូនកងទ័ពកូរ៉េខាងជើងថ្មីៗនេះទៅកាន់ប្រទេសរុស្ស៊ី និងបានជំរុញយ៉ាងខ្លាំងឱ្យមានការដកទាហានកូរ៉េខាងជើងចេញពីរុស្ស៊ីជាបន្ទាន់»។ នេះបើយោងតាមការបញ្ជាក់របស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងលោក Kim Hong-kyun ដែលបានប្រាប់ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Georgiy Zinoviev។
លោក Kim Hong-kyun បាននិយាយថា កិច្ចសហប្រតិបត្តិការយោធាណាមួយរវាងប្រទេសរុស្ស៊ីនិងកូរ៉េខាងជើងគឺរំលោភលើសេចក្ដីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕