មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ៖ កម្ពុជា​កំពុង​ឆ្ពោះ​ទៅមុខ​នៅក្នុង​ការ​បង្ក្រាប​បទល្មើស​ជួញ​ដូរ​មនុស្ស

រូបឯកសារ៖ ជនជាតិចិនក្នុង​ឯកសណ្ឋានអាវពណ៌ទឹកក្រូច ត្រូវបានចាប់ខ្លួន​ និង​បញ្ជូន​ទៅ​ប្រទេសចិនវិញ ដោយ​មន្ត្រីប៉ូលិសចិន មុនពេលពួកគេឡើងយន្តហោះចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​បាន​លើក​ឡើង​ថា កម្ពុជា​ក៏ដូច​ជា​ពិភព​លោក​កំពុង​ពើប​ប្រទះ​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​ ដែល​ជា​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ ខណៈ​ថា ​កម្ពុជា​កំពុង​តែ​ឆ្ពោះ​ទៅ​មុខ​នៃ​ការ​បង្ក្រាប​បទល្មើស។​

ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​តាម​ទូរស័ព្ទ​អ្នកស្រី ​ជូ ប៊ុនអេង ​រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ ​និង​ជា​អនុ​ប្រធាន​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ​បាន​ថ្លែង​ថា៖ ​«ដើម្បី​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ថា ​យើង​មិន​ថយ​ក្រោយ​ទេ​ គឺ​យើង​បោះ​ជំហាន​ទៅ​មុខ​ជានិច្ច​សម្រាប់​ការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ បើ​ទោះ​បី​គេ​មើល​មក​ឃើញ​យ៉ាង​ម៉េច​ក៏​ដោយ​ ប៉ុន្តែ​កម្ពុជា​គឺ​តែង​តែ​បន្ត​នូវ​ការ​ប្តេជ្ញា​ចិត្ត​ទាំង​នេះ»។

បើ​តាម​អ្នក​ស្រី​ ជូ ប៊ុនអេង​ កម្ពុជា​បាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​ដើម្បី​ទប់ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​រួមមាន​បង្ការ​ អនុវត្ត​ច្បាប់​ ជួយ​គាំទ្រ​ដល់​ជន​រងគ្រោះ​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​ដៃគូ​ពាក់​ព័ន្ធ។​

កាល​ពី​ថ្ងៃ​ទី ​២០​ ខែ​តុលា ​ឆ្នាំ ​២០២៤​ ប្រទេស​កម្ពុជា​បាន​បើក​យុទ្ធនា​ការ​ដើរ​ក្បួន​ដើម្បី​បញ្ឈប់​អំពើ​ជួញ​ដូរ​មនុស្ស ​នៅ​ខេត្ត​សៀមរាប​ ដែល​ជា​គោល​ដៅ​ទេសចរណ៍​សំខាន់​មួយ​របស់​កម្ពុជា។​
អ្នកស្រី ​ជូ ប៊ុនអេង​ បាន​ឱ្យ​ដឹង​ទៀត​ថា​ កម្មវិធី​យុទ្ធនាការ​ដើរ​ក្បួន​ដើម្បី​បញ្ឈប់​អំពើ​ជួញ​ដូរ​មនុស្ស​បាន​ផ្តល់​ព័ត៌មាន​យ៉ាង​ទូលំ​ទូលាយ​ដល់​សាធារណ​ជន​ ហើយ​ប្រជា​ពល​រដ្ឋ​ទូទាំង​ប្រទេស​បាន​ជ្រួត​ជ្រាប​អំពី​សកម្ម​ភាព​នានា​ ជុំវិញ​អំពើ​ជួញ​ដូរ​មនុស្ស។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​លោក​ អំ សំអាត​ ប្រាប់​វីអូអេ​ថា​ ការ​ធ្វើ​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ឱ្យ​ប្រជា​ពល​រដ្ឋ​បាន​ដឹង​ពី​ការ​ដួញ​ដូរ​មនុស្ស​គឺ​ជា​រឿង​មួយ​ល្អ​ ប៉ុន្តែ​លោក​ថា​ ការ​បង្កើន​ការ​បង្ក្រាប​បទ​ល្មើស​ និង​ការ​ហ្វឹក​ហ្វឺន​មន្ត្រី​ជំនាញ​ជា​រឿង​ចាំបាច់​នៅ​ក្នុង​ការ​លុប​បំបាត់​ការ​ជួញ​ដូរ​មនុស្ស។​

លោក​បញ្ជាក់​ថា៖ ​«ប៉ុន្តែ​វា​នៅ​មាន​ការ​បង្កើន​នូវ​ការ​បង្ក្រាប​និង​ការ​ទប់ស្កាត់​ការ​ជួញ​ដូរ​ហ្នឹង​បន្ថែម​ទៀត​ឱ្យ​បាន​មាន​ប្រសិទ្ធ​ភាព។ទី​១​គឺ​ការ​អនុវត្ត​ច្បាប់​ធ្វើ​ម៉េច​ឱ្យ​មាន​ប្រសិទ្ធ​ភាព។​ទី២​លុប​បំបាត់​រាល់​អំពើ​ពុក​រលួយ​នៅ​ក្នុង​ការ​ជួញ​ដូរ​មនុស្ស»។​

បើ​តាម​លោក​ អំ សំអាត​ កន្លង​មក ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​វិធាន​ការ​ជាបន្ត​បន្ទាប់​ទៅ​លើ​ការ​ជួញ​ដូរ​មនុស្ស​ ប៉ុន្តែ​លោក​ថា​ នៅ​មិន​ទាន់​មាន​ប្រសិទ្ធ​ភាព​នៅ​ឡើយ​ទេ​ ដោយ​ហេតុ​ថា​ កម្ពុជា​នៅ​បន្ត​ត្រូវ​បាន​ក្រសួង​ការ​បរទេស​អាមេរិក​ចាត់​ថ្នាក់​ទាប​ដ៏​គួរ​ឱ្យ​បារម្ភ​ ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស។​

របាយ​ការណ៍​ស្តីពី​ការ​ជួញ​ដូរ​មនុស្ស​របស់​ក្រសួង​ការ​បរទេស​អាមេរិក​បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​បន្ត​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទាប​បំផុត ​ពាក់ព័ន្ធ​នឹង​ការ​ចាត់​វិធាន​ការ​លុប​បំបាត់​ ឬ​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​ ដែល​នាំ​ឱ្យ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​កម្រិត ​៣ ​ឬ ​Tier 3។ ​កម្ពុជា​បាន​ទទួល​ចំណាត់​ថ្នាក់​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​

បើ​តាម​របាយ​ការណ៍​ដដែល​ ប្រតិ​បត្តិការ​ឆបោក​អនឡាញ​ស្ថិត​នៅ​ក្នុង​ចំណុច​ស្នូល​នៃ​ការ​វាយ​តម្លៃ​ស្តីពី​ស្ថាន​ភាព​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា។​ អំពើ​ពុក​រលួយ​ និង​ការ​ពាក់ព័ន្ធ​របស់​មន្ត្រី​រដ្ឋាភិបាល​ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ការ​វាយ​តម្លៃ​ចំណាត់​ថ្នាក់​កម្រិត​ទី​ ៣ ​នៃ​ការ​ចម្រើន​តិចតួច​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស។​

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ ២០២៤ ​បាន​សរសេរ​ថា៖ ​«រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​បំពេញ​ពេញ​លេញ​ចំពោះ​ការ​លុប​បំបាត់​ការ​ជួញ​ដូរ​ហើយ​មិន​បាន​ធ្វើ​ឱ្យ​មាន​កិច្ច​ខិតខំ​គួរ​ឱ្យ​កត់​សម្គាល់​ដើម្បី​លុប​បំបាត់​សកម្ម​ភាព​ជួញដូរ​ ដែល​ជា​ហេតុ​នាំ​ឱ្យ​កម្ពុជា​បន្ត​ស្ថិត​នៅ​ក្នុង​កម្រិត​ទី ៣​ (Tier 3)»។​

របាយ​ការណ៍​បាន​បន្ថែម​ថា៖​ «កម្រិត​បី ​(Tier 3)​ មាន​ន័យ​ថា ​រដ្ឋាភិបាល​ម្ចាស់​ប្រទេស​មិន​បាន​ប្រឹង​ប្រែង​ជា​ដុំ​កំភួន​ និង​តាម​បទដ្ឋាន​ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​ការពារ​ជន​រងគ្រោះ​ដោយ​ការ​ជួញ​ដូរ​ (TVPA)។ ​កម្រិត​ពីរ​ស្ថិត​ក្នុង​បញ្ជី​តាម​ដាន​ (Tier 2 Watch List)​ បាន​សេចក្ដី​ថា​ ទោះ​រដ្ឋាភិបាល​ម្ចាស់​ប្រទេស​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់ ​តែ​មិន​ទាន់​បាន​បំពេញ​គ្រប់​និយាម​អប្បបរមា​ដែល​មាន​ចែង​ក្នុង​និយាម​អប្បបរមា​អំពី​ការ​ជួញ​ដូរ​មនុស្ស ​ហើយ​ចំនួន​ជន​រងគ្រោះ​នៅ​តែ​ច្រើន ​ខណៈ​រដ្ឋា​ភិបាល​មិន​ទាន់​ខិត​ខំ​ដល់​កម្រិត​ និង​មិន​បង្ហាញ​ភស្ដុតាង​ជា​តឹកតាង​គ្រប់គ្រាន់​ថា​ ខ្លួន​បាន​ព្យាយាម»៕​