ព្រឹទ្ធសភាអាមេរិកម្នាក់ស្នើឲ្យរដ្ឋបាលលោកត្រាំ មានវិធានការលើកម្ពុជារឿងបិទអង្គការ NDI

សមាជិកព្រឹទ្ធ្រិសភាអាមេរិក John McCain

ព្រឹទ្ធសមាជិកសភាស.រ.អា.ដ៏មានឥទ្ធិពលមួយរូបគឺលោក John McCain​ នៅព្រឹកថ្ងៃសុក្រនេះ បានវាយប្រហារលោកនាយករដ្ឋមន្ត្រី​ហ៊ុន សែនធ្ងន់ៗចំពោះការបណ្តេញអង្គការអាមេរិកាំងមួយហៅថា វិទ្យាស្ថានជាតិដើម្បីប្រជាធិបតេយ្យ NDI ចេញពីកម្ពុជា ដោយបានស្នើដល់រដ្ឋបាលលោកប្រធានាធិបតីស.រ.អា.ដូណាល់ ត្រាំចាត់វិធានការពង្រឹងសិទ្ធិមនុស្សនៅកម្ពុជានិងក្នុងពិភពលោក។

លោក បានថ្លែងតាមខ្លឹមសារដើមក្នុងសេចក្តីថ្លែងការណ៍ប៉ុន្មាននាទីមុននេះថា៖

«ខ្ញុំមានក្តីព្រួយបារម្ភនិងខកចិត្តចំពោះដំណឹងដែលរដ្ឋាភិបាលកម្ពុជាបានបញ្ជា ឲ្យបុគ្គលិកអង្គការ NDI ចាកចេញពីប្រទេសកម្ពុជា។ អង្គការ NDI បានប្តេជ្ញាអនុវត្តន៍នីតិរដ្ឋ និង ជំរុញប្រជាធិបតេយ្យនៅជុំវិញពិភពលោក។ ហើយអង្គការនេះធ្វើកិច្ចការសំខាន់ៗនិងមានតម្លៃក្នុងប្រទេសកម្ពុជា ដើម្បីធានាសុចរិតភាពនៃដំណើរការបោះឆ្នោត។ ទង្វើរចុងក្រោយរបស់រដ្ឋាភិបាលកម្ពុជានេះគឺជាគ្រាន់តែជាយុទ្ធនាការដើម្បីបំបិទសម្លេងក្រុមជំទាស់នៃលទ្ធិប្រជាធិបតេយ្យ ការយាយីក្រុមសង្គមស៊ីវិល ការរិតត្បិតប្រព័ន្ធផ្សព្វផ្សាយក្នុងកិច្ចព្យាយាមរារាំងដំណើរការប្រកបដោយយុត្តិធម៌និងបើកចំហ ក្នុងពេលបោះឆ្នោតជាតិ ដែលគេគ្រោងធ្វើនៅឆ្នាំខាងមុខនេះទេ។ ការបណ្តេញបុគ្គលិកអង្គការ NDI នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងតែបង្ហាញច្បាស់ថា លោកហ៊ុន សែនខ្លាចសង្គមបើកចំហ និង​ ពិភាក្សា ហើយរឿងនេះ លោក ហ៊ុន សែន មានបំណងប្រើប្រាស់ល្បិចកលបែបផ្តាច់ការដើម្បីកៀបសង្កត់គេឯង‍»។

លោក John McCain បានបញ្ជាក់ទៀតថា​ការពិតដ៏គួរឲ្យក្រៀមក្រំនោះគឺថាទង្វើទាំងនេះនឹងកាន់តែរីករាលដាលឡើងក្នុងពិភពលោកបើគ្មានការអ្នកដឹកនាំដ៏ខ្លាំងក្នុងប្រទេសអាមេរិក។ លោកបន្ថែមសេចក្តីថា៖

«អវត្តមាននៃការតាំងចិត្តរបស់អាមេរិក ក្រុមមេដឹកនាំផ្តាច់ការនៅជុំវិញពិភពលោកនឹងមានអារម្មណ៍កាន់តែបានចិត្តឡើងក្នុងការវាយប្រហារលើក្រុមជំទាស់ សកម្មជនសិទ្ធិមនុស្ស និងក្រុមសង្គមស៊ីវិល។ រដ្ឋាភិបាលរបស់លោក ត្រាំ ចាំបាច់ត្រូវបញ្ជូនសារដ៏ខ្លាំងក្លាមួយថាស.រ.អា.ប្តេជ្ញា ធ្វើឲ្យរីកចំរើនខាងប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋក្នុងប្រទេសកម្ពុជា ហើយនឹងពាសពេញពិភពលោក‍»។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃពុធបានបញ្ជាក់ពីការសម្រេចបិទអង្គការ NDI ដោយយោងថា អង្គការ NDI បានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដោយមិនបានចុះបញ្ជី ទោះជាអង្គការនេះបានអះអាងថាខ្លួនបានដាក់ពាក្យមួយឆ្នាំហើយ តែក្រសួងការបរទេសកម្ពុជាមិនបានឆ្លើយតបក្តី។ ក្រសួងការបរទេសកម្ពុជាមានរយៈពេល៤៥ថ្ងៃក្នុងការឆ្លើយ តប។ ការបិទអង្គការ NDI ហើយបណ្តេញបុគ្គលិកបរទេសចេញពីកម្ពុជានេះធ្វើ ឲ្យមានប្រតិកម្មពីរដ្ឋាភិបាលអាមេរិកាំងយ៉ាងខ្លាំង ដោយជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគិតគូឡើងវិញ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកគឺលោក ស្រី Heather Nauert បានអះអាងកាលពីថ្ងៃពុធថាសរអានិងបន្តពិភាក្សាជាមួយ កម្ពុជា ហើយទទូចឲ្យកម្ពុជាបន្តការអនុញ្ញាតឲ្យអង្គការ NDI បន្តកិច្ចការបស់ខ្លួន៕