ប្រធាន​ព្រឹទ្ធសភា​អំពាវនាវ​ឲ្យ​មាន​ការ​ទប់​ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន

លោក​ អ៊ំ ​សំអាត​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​ នៃ​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ​ បាន​បញ្ជាក់​ថា​ នៅ​ប្រាំមួយ​ខែ​ដើម​ឆ្នាំ​២០១១​នេះ ​អង្គការ​លីកាដូ​ទទួល​បាន​៣០​ករណី​នៃ​ការ​ជួញ​ដូរ​មនុស្ស​ខាង​ផ្លូវ​ភេទ​ និង​កម្លាំង​ពលកម្ម​ដែល​មាន​ជន​​រងគ្រោះ​៩៣​នាក់​ បើ​ប្រៀបធៀប

នៅ​ថ្ងៃ​អង្គារ៍​នេះ​ លោក​ ជា​ ស៊ីម ​ប្រធាន​ព្រឹទ្ធសភា ​បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​អាស៊ាន​ឲ្យ​ពង្រឹង​យន្តការ​កិច្ច​សហប្រតិបត្តិការ​ និង​ការ​អនុវត្ត​ច្បាប់​យ៉ាង​ពេញ​លេញ ​ដើម្បី​ទប់ស្កាត់​បញ្ហា​ភេរវកម្ម ​បញ្ហា​គ្រឿង​ញៀន ​បញ្ហា​ជួញ​ដូរ​ផ្លូវ​ភេទ​ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ប្រើ​អំពើ​ហិង្សា​លើ​ពលករ​ចំណាក​ស្រុក។ លោក ​ជា ​ស៊ីម បាន​ថ្លែង​បើក​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​ ហៅកាត់​ថា​ អាយប៉ា​ លើក​ទី​៣២​ នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ថា​ វេទិកា​អាយប៉ា​លើក​ទី​៣២​នេះ​គាំទ្រ​យ៉ាង​ពេញ​លេញ​នូវ​យន្តការ​អាស៊ាន​ដែល​មាន​ស្រាប់ ការ​ពង្រឹង​យន្តការ​អនុវត្តន៍​ច្បាប់​ ការ​ផ្តល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង ​សន្ធិសញ្ញា ​អនុសញ្ញា ​និង​គោល​នយោបាយ។

«ដើម្បី​ឈាន​ទៅ​ទប់ស្កាត់ ​និង​លុបបំបាត់​ភាព​តានតឹង​ក្នុង​តំបន់​ពី​រឿង​តែ​បច្ចុប្បន្នភាព​នា​នា​ ដូច​ជា​ បញ្ហា​ភេរវកម្ម ​បញ្ហា​គ្រឿងញៀន ​បញ្ហា​ជួញ​ដូរ​ផ្លូវ​ភេទ​ ឧក្រិដ្ឋកម្ម​ឆ្លងដែន​ ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ប្រើ​អំពើ​ហិង្សា​ដោយ​អមនុស្ស​ធម៌​ទៅ​លើ​ពលករ​សំណាក​ស្រុក»។

លោក ​ជា ​ស៊ីម ​បាន​លើក​ឡើង​បញ្ហា​ទាំង​នេះ​នៅ​ចំពោះ​មុខ​វត្តមាន​ នៃ​ប្រធាន​រដ្ឋសភា​ នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អន្តរ​សភា​អាស៊ាន​ និង​បណ្តា​ប្រទេស​អ្នក​សង្កេតការណ៍​នេះ​ ខណៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​គ្រឿងញៀន​ បញ្ហា​ជួញ​ដូរ​មនុស្ស​ និង​បញ្ហា​ប្រើ​អំពើ​ហិង្សា​លើ​ពលករ​ចំណាក​ស្រុក​ខ្មែរ។

លោក​ឧត្តមសេនីយ៍​ទោ ​ខៀវ ​សាមន ​នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួង​មហាផ្ទៃ​ បាន​ថ្លែង​ថា​ ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ដើម​ឆ្នាំ​២០១១​នេះ ​នគរបាល​ចាប់​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿងញៀន​ បាន​ចំនួន​១.១៤៤​នាក់​ រួម​មាន​បុរស​៨៨១​នាក់​ និង​រឹបអូស​បាន​មេតំហ្វេតាមីន ​សញ្ញា ​WY ​ចំនួន​១៥២.១៦០​គ្រាប់ ​និង​ម្សៅ​មេតំហ្វេតាមីន ​(អាយ​ទឹកកក)​ ប្រមាណ​ប្រាំបី​គីឡូក្រាម​ ដែល​បាន​កើន​លើស​ឆ្នាំ​២០១០​ទ្វេដង។

«លទ្ធផល​បង្ក្រាប​គ្រឿងញៀន​ រយៈពេល​ប្រាំមួយ​ខែ​ដើម​ឆ្នាំ​២០១១​នេះ​ បាន​លើស​ប្រតិបត្តិការ​ពេញ​មួយ​ឆ្នាំ​២០១០​ទូទាំង​ប្រទេស។ កិច្ចការងារ​នេះ​ ក៏​ជា​ការ​ព្រួយបារម្ភ​របស់​ប្រទេស​កម្ពុជា ​ក៏​ដូច​ជា​ក្នុង​តំបន់​ និង​ពិភពលោក​ដែរ​ ពីព្រោះ​សភាពការណ៍​គ្រឿងញៀន​នេះ ​គឺ​ជា​សភាព​ ជា​សកល​ហើយ។​ កិច្ច​ការងារ​នេះ​ ត្រូវ​ទាមទារ​ឲ្យ​មាន​កិច្ចសហការ​យ៉ាង​ជិតស្និទ​ ជា​ពិសេស​នៅ​ក្នុង​តំបន់​អាស៊ាន​នេះ»។

លោក​ អ៊ំ ​សំអាត​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​ នៃ​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ​ បាន​បញ្ជាក់​ថា​ នៅ​ប្រាំមួយ​ខែ​ដើម​ឆ្នាំ​២០១១​នេះ ​អង្គការ​លីកាដូ​ទទួល​បាន​៣០​ករណី​នៃ​ការ​ជួញ​ដូរ​មនុស្ស​ខាង​ផ្លូវ​ភេទ​ និង​កម្លាំង​ពលកម្ម​ដែល​មាន​ជនរងគ្រោះ​៩៣​នាក់​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១០​ មាន​តែ​២២​ករណី​ នៃ​អំពើ​បទ​ជួញ​ដូរ​នេះ។

«យើង​ឃើញ​ថា ករណី​ជួញ​ដូរ​មនុស្ស​នេះ​នៅ​តែ​កើន​ឡើង​យ៉ាង​ច្រើន។​ អញ្ចឹង​ វា​ជា​ការណ៍​មួយ​ដែល​យើង​នៅ​តែ​មាន​ការ​ព្រួយបារម្ភ»។

លោក ​ចាន់ ​សាវ៉េត ​ប្រធាន​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​សិទ្ធិ​មនុស្ស​ អាដហុក​ បាន​ថ្លែង​ថា​ នៅ​ប្រាំមួយ​ខែ​ដើម​ឆ្នាំ​២០១១​នេះ​ សមាគម​អាដហុក​ ទទួល​បាន​ប្រាំបួន​ករណី​នៃ​ការប្រើអំពើហិង្សា​ដោយ​ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រាំមួយ​ករណី ​និង​រង​របួស​បី​ករណី​ដែល​ បាន​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ ​ហើយ​នៅ​ក្នុង​ឆ្នាំ​២០១០​ មាន​២៣​បណ្តឹង​ ដែល​មាន​ជន​រងគ្រោះ​៥២​នាក់​ រួម​មាន​២៩​នាក់​ស្លាប់​ ១១​នាក់​រង​ការធ្វើទារុណកម្ម ​និង​១២​នាក់​ផ្សេង​ទៀត​បាត់​ខ្លួន។

«ប្រទេស​អនុវត្តន៍​សិទ្ធិ​សេរីភាព ​គោរព​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ពេញ​លេញ​មិន​គួប្បី​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ការ​ទប់ស្កាត់​ ចំណាក​ស្រុក​ខ្មែរ​ដែល​ងាយ​រងគ្រោះ​នេះ ​ចូល​ទៅ​ក្នុង​ទឹកដី​របស់​ខ្លួន​នេះ​ ហើយ​ការ​ធ្វើ​បែប​ហ្នឹង​ គឺ​ជា​ការ​ខុស​ច្បាប់​អន្តរជាតិ ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ»។

សហរដ្ឋ​អាមេរិក​ បាន​ផ្តល់​ឧបករណ៍​ស្កែន​រក​សារធាតុ​បរមាណូ ​និង​ការ​បណ្តុះបណ្តាល​ជំនាញ​ប្រឆាំង​អំពើ​ភេរវកម្ម​ដល់​កម្ពុជា​ដើម្បី​ទប់ស្កាត់​ការ​សាយភាយ​អាវុធ​បរមាណូ ​និង​អំពើ​ភេរវកម្ម។​ សហគមន៍​អាស៊ាន​មាន​ច្បាប់​រួម​ ដើម្បី​ទប់ស្កាត់​អំពើ​ភេរវកម្ម​ ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ជួញ​ដូរ​គ្រឿងញៀន ​ព្រម​ទាំង​មាន​វិធានការ​ការពារ​ផលប្រយោជន៍​របស់​ពលករ​ចំណាក​ស្រុក៕