ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ​អំពី​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន

បាតុករ​ប៉ាឡេស្ទីន​ដុត​កង់ឡាន​ហើយបាន​ប៉ះទង្គិច​ជាមួយ​កងទ័ព​អ៊ីស្រាអែលបន្ទាប់ពី​កងទ័ពបាន​ឆែកឆេរ​និង​វាស់វែង​ផ្ទះ​របស់ Omar al-Abed អាយុ​២០ឆ្នាំដែល​កងកម្លាំង​អ៊ីស្រាអែល​និយាយ​ថាជា​ឃាតករ​វាយ​ប្រហារ​ជំរំ​អ៊ីស្រាអែល​ Halamish។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​គ្រោង​នឹង​រៀបចំ​កិច្ច​ប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃ​ចន្ទ​ស្អែក ដើម្បី​ពិភាក្សា​អំពី​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សា​នា​ពេល​ថ្មីៗ​នេះ រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ដែល​ជា​ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​ជា​ទី​បំផុត​រវាង​គូ​សត្រូវ​ទាំង​ពីរ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ខ្លួន​បាន​ចាប់​ខ្លួន​មនុស្ស​យ៉ាង​តិច ២៥ នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​ពួក​សកម្ម​ប្រយុទ្ធ Hamas មួយ​ក្រុម​ផង​ដែរ ដែល​ខ្លួន​បាន​ជឿជាក់​ថា​បាន​ចូលរួម​នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​នា​ពេល​ថ្មីៗ​នេះ។

ការ​វាយ​ប្រយុទ្ធ​គ្នា​បាន​កើត​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ​នៅ​ក្នុង​ទីក្រុង​ចាស់ Jerusalem ដែល​នៅ​ទី​នោះ បុរស​កាន់​សាសនា​ឥស្លាម​រាប់​រយ​នាក់​បាន​ជម្នះ​ធ្វើ​ការ​បួងសួង​ពេល​ល្ងាច​នៅ​ខាង​ក្រៅ​ព្រះវិហារ​ដ៏​ពិសិដ្ឋ​មួយ​ដែល​អ្នក​កាន់​សាសនា​ឥស្លាម​ហៅ​ថា Noble Sanctuary ហើយ​ពួក​ជ្វីហ្វ​ហៅ​ថា Temple Mount បន្ទាប់​ពី​ពួកគេ​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​បួងសួង​នៅ​ខាង​ក្នុង​វិហារ​នោះ​មក។ បុរស​ទាំង​នេះ​បាន​ប្រឆាំង​នឹង​ឧបករណ៍​តាមដាន​ធ្វើ​ពី​លោហៈ​ដែល​ត្រូវ​បាន​ដំឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ។

មេបញ្ជាការ​យោធា​អ៊ីស្រាអែល​ដែល​មើល​ការ​ខុស​ត្រូវ​លើ​ស្ថាប័ន​ការពារ​សម្រាប់​កិច្ចការ​ជន​ស៊ីវិល​ប៉ាឡេស្ទីន បាន​និយាយ​ថា អ៊ីស្រាអែល​បើក​ចំហ​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​ជម្រើស​ផ្សេង​សម្រាប់​ឧបករណ៍​សន្តិសុខ​ថ្មី​នេះ ដែល​ត្រូវ​បាន​ដំឡើង​ឡើង បន្ទាប់ពី​មន្ត្រី​ប៉ូលិស​អ៊ីស្រាអែល​ពីរ​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ឯ​ព្រះវិហារ​នោះ​មក៕