រដ្ឋាភិ​បាលចាប់​មន្ដ្រី​ប៉ូលិស​ជាន់ខ្ពស់​សង្ស័យថា ​​ពាក់ព័ន្ធ​បញ្ហា​គ្រឿង​ញៀន

ក្រុម​មន្រ្តី​​ដុត​សារជាតិ​​ ផលិត​គ្រឿង​ញៀន​ដែល​ចាប់​បាន​ចោល។

ភ្នំពេញ៖ ​ប្រទេស​កម្ពុជាបាន​បន្ដ​ចាត់​ការ​លើ​មន្ដ្រី​ប៉ូលិស​ជាន់ខ្ពស់ដែល​ពាក់ព័ន្ធ​បញ្ហា​គ្រឿង​ញៀន។​ នៅ​ថ្ងៃនេះ​ឧត្តមសេនីយ៍​ផ្កាយ​បី​ម្នាក់​នៃ​ក្រសួង​មហាផ្ទៃ​ត្រូវបាន​ចាប់ខ្លួន ​និង​សួរ​ចម្លើយ។

ឧត្តមសេនីយ៍​ជាន់ខ្ពស់​មួយរូប​របស់​ក្រសួង​មហាផ្ទៃ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃពុធ​នេះ​ពីបទ​ដែល​សង្ស័យ​ថា​ ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន​ដែល​មាន​ការ​រីក​រាលដាល​ក្នុងប្រទេស​កម្ពុជា។

លោក​ឧត្តម​សេនីយ៍​ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ ​បាន​បញ្ជាក់​ថា​ ​លោក​ឧត្តម​សេនីយ៍​ផ្កាយបី ​មឹក តារា​ ​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន​ ​ត្រូវបាន​នាំខ្លួន​យកមក​សួរ​ចម្លើយ​ ​ហើយ​ឃុំខ្លួន​ទុក​ក្នុង​ក្រសួង​មហាផ្ទៃ។

«យើងបាន​អញ្ជើញ​លោក​ឧត្តមសេនីយ៍​ឯក ​មឹក តារា ​ដើម្បី​សាកសួរ​ព័ត៌មានគាត់​ ​ហើយបច្ចុ​ប្បុន្ន​នេះ ​ឧត្តម​សេនីយ៍​មឹក តារា​ ​ស្ថិត​នៅក្រោម​ការ​ឃុំគ្រង​របស់​សមត្ថ​កិច្ច​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ»។

លោក​ខៀវ សុភ័គមិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​នោះ​ទេ​ ​ក៏​ប៉ុន្ដែ​លោក​អះអាង​ថា​ ​ការ​នាំខ្លួន​លោក​មឹក តារា​ធ្វើឡើង​ដោយ​មាន​ការ​សហការ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​លោក​ឱម យិនទៀង។

ដោយឡែក​ ​លោក​ខៀវ កាញារិទ្ធ ​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​ ​និង​ជា​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​ខ្មែរ​ ​មាន​ប្រសាសន៍​ថា​ ​លោក​មិន​អាច​ផ្ដល់​ព័ត៌មាន​ពិស្ដារ​លើការ​ចាប់ខ្លួន​នោះ​ឡើយ​ ​ដោយសារ​តែ​កិច្ចការ​នោះ​កំពុង​ដំណើរការ។

យោង​តាម​ប្រភព​ដោយឡែក​មួយ​ទៀត​បាន​ឲ្យ​ដឹង​ថា​ ​លោក​វរសេនីយ៍​ជា ឡេង​ ​ប្រធាន​ការិយាល័យ​ ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ​ ​ក៏ត្រូវ​បាន​ចាប់​នាំខ្លួន​ផងដែរ​រហូត​មកទល់ល្ងាច​ថ្ងៃ​នេះ។

ប្រទេស​កម្ពុជា​ហាក់​ដូច​ជា​កំពុង​បង្ហាញ​ឲ្យឃើញ​ពីការ​ត្រួសត្រាយ​ផ្លូវ​មួយ​ប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន​ ​បន្ទាប់ពី​មាន​ការ​រិះគន់​ថា​ ​ការ​សេព​គ្រឿង​ញៀន​បាន​រីករាលដាល​ដល់​ទី​ជនបទ​ ​ហើយ​មន្ដ្រី​មួយ​ចំនួន​ត្រូវ​គេ​ចង្អុលថា​ ​មាន​ការ​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ។

កាលពី​ថ្ងៃអាទិត្យ​ អតីត​ឧត្តម​សេនីយ៍ត្រី​ហ៊ុន ហៀន​ ​ស្នងការ​នគរបាលខេត្ត​បន្ទាយ​មានជ័យ​ ​និង​ស្នងការ​រងលោក​វរៈ​សេនីយ៍​ឯក​ឈាង សុន​ ​ត្រូវបាន​ចាប់​នាំខ្លួន​ ​ហើយ​អ្នក​ទាំងពីរ​មិនទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​តុលាការ​នៅ​ឡើយ។

ប្រទេស​កម្ពុជា​ត្រូវ​ចាត់​ទុក​ថា​ ​ជា​ប្រទេស​ដែល​មាន​ការ​ជួញ​ដូរ​គ្រឿងញៀន​ឆ្លងកាត់​នៅក្នុង​ប្រទេស​ និង​ជាប្រទេស​ដែល​មាន​ការលួច​ផលិត​គ្រឿងញៀន​នៅក្នុង​ស្រុក​ទៀត​ផង។

កាលពី​ឆ្នាំ២០១០​ ​ក្រុម​អាជ្ញាធរ​បាន​បង្រ្កាប​ការ​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន​៣២០​ករណី។​ជន​សង្ស័យ​ចំនួន​៦៣៨​នាក់​ត្រូវបាន​ឃាត់ខ្លួន​ ​ក្នុងនោះ​មាន​ជន​បរទេស​ចំនួន​៦៣​នា​ក់៕