ការ​​ប៉ះទង្គិច​គ្នា​កើត​ឡើង​ ខណៈ​បាតុករ​ថៃ​មិន​គោរព​តាម​វិធានការ​​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​​ដោយ​​ជម្នះ​​ធ្វើ​បាតុកម្ម

មន្ត្រីប៉ូលិសថៃកំពុងឃ្លាំមើលបាតុករក្នុងអំឡុងពេលក្រុមបាតុករថៃដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនាំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនិងរបបរាជានិយម ក្នុងទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។

ទីក្រុងបាងកក — សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​មួយ​ចំនួន​នៅ​ប្រទេស​ថៃ​ត្រូវ​បាន​ចាប់​ខ្លួន​ខណៈ​ពួកគេ​បាន​វិលត្រឡប់​មក​វិញ​តាមដង​ផ្លូវ​នានា នៅ​ក្រុង​បាងកក​វិញ កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​មករា ដោយមិន​គោរព​តាម​ច្បាប់​ប្រកាស​អាសន្ន​ដែល​ត្រូវ​បាន​អនុម័ត​អំឡុង​ពេល​មាន​ការផ្ទុះ​រាតត្បាតជំងឺ​កូវីដ១៩ សារ​ជាថ្មី។​ ក្រុម​បាតុករ​បាន​ចេញ​មក​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ច្បាប់ប្រឆាំង​ការ​ប្រមាថព្រះ​មហាក្សត ដែល​ច្បាប់​នេះ​កំពុង​ត្រូវ​ប្រើ​ដើម្បីរាំង​ខ្ទប់​ចលនា​បាតុកម្ម​របស់​ពួកគេ។

ក្រុមចម្បងៗ​នៃបាតុករ​ដែល​បង្កើត​ជា​ចលនា Rasadorn «រ៉ាតសាដន» មាន​ន័យ​ថា «ចលនា​ប្រជាជន» បានប្រកាស​ជា​ផ្លូវការ​ផ្អាក​ការ​ចេញ​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​វិថី​ធំៗ​ ដែល​កន្លង​មកបាន​ធ្វើ​ឱ្យ​កក្រើក​ប្រទេស​ថៃ ដោយ​ទាមទារ​ឱ្យ​មានកំណែទម្រង់​ឆាក​នយោបាយ​ថៃ និងស្ថាប័ន​រាជវង្ស​ដែល​ពី​មុន​មក​មិន​មាន​នរណា​ហ៊ាន​និយាយ​រិះគន់។​

ប៉ុន្តែក្រុម​បាតុករ​ខ្លះ​បាន​ប្រែផ្លាស់​ពី​ការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មក​ជា​ការ​តវ៉ា​ទ្រង់ទ្រាយ​តូច​មិន​ប្រាប់​ជា​មុន និង​រៀបចំ​ជា​សកម្មភាពទាក់ទាញ​ចំណាប់​អារម្មណ៍​តាម​ទី​សាធារណៈ​ ដោយ​ចាត់​មុខ​សញ្ញា​លើ​ច្បាប់ប្រមាថ​ព្រះ​ចេស្តា​របស់ព្រះមហាក្សត្រ​ក្នុង​ផ្នែក​ ១១២ នៃ​ច្បាប់​ព្រហ្មទណ្ឌ​ថៃ។

ច្បាប់នេះផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពី០៣ ទៅ ១៥ ឆ្នាំចំពោះ «ការប្រមាថការបរិហារកេរ្តិ៍ ឬការគំរាមកំហែង»ស្ថាប័នរាជវង្ស និងត្រូវបានស្អប់ខ្ពើមដោយចលនាបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យថៃ ដែលចាត់ទុកថា ច្បាប់នេះជាអាវុធផ្នែកនយោបាយមួយ។ មកទល់ពេលនេះ បាតុករជាង ៤០នាក់ត្រូវបានចោទប្រកាន់ក្រោមច្បាប់នេះ។

យុទ្ធសាស្រ្ត​ឈ្លប​វាយ​ឆ្មក់​ថ្មី​របស់ក្រុម​បាតុករ​រួម​មាន​ការ​ដាក់​បង្ហាញ​នូវ​ផ្ទាំង​បដា ដោយ​ចម្អក​លើ​ច្បាប់​ប្រឆាំង​ការ​ប្រមាថព្រះមហាក្សត្រ​នៅ​តាម​ផ្សារ​ទំនើប និង​តាម​ស្ពាន ការ​ដក​ហូត​ទង់ជាតិជំនួសវិញ​ដោយ​សញ្ញា​លេខ «១១២» និង​យក​សត្វ​ពពែ​ដែលគ្រប​ដោយ​ក្រណាត់​មាន​សរសេរ​លេខ​«១១២» ទៅ​ដាក់​នៅ​ប៉ុស្តិ៍​ប៉ូលិស។​

អាជ្ញាធរ​ត្រូវ​បាន​ធ្វើ​ឱ្យ​អាម៉ាស់​ដោយសារ​សកម្មភាព​ផ្សេងៗ​ពី​សំណាក់​ក្រុម​បាតុករ​ ដែល​ជា​ធម្មតាត្រូវ​បាន​ចែករំលែក​ពាសពេញ​បណ្តាញ​សង្គម មុន​ពេល​ការ​ចាប់ខ្លួន​ត្រូវ​បាន​ធ្វើ​ឡើង។

ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​មករា អគ្គស្នងការ​នគរបាល​ថៃ​លោក Suwat Changyodsuk បាន​ព្រមាន​ចាត់​វិធានការ​ខ្លាំង​ជាង​មុន​ដើម្បី​បង្រ្កាប​យុទ្ធសាស្រ្ត​ថ្មី​របស់បាតុករ។

លោក​បាន​និយាយ​ថា៖ «ប៉ូលិស​នឹង​ប្រើ​កម្លាំង​ប្រសិន​បើ​ចាំបាច់។ អ្វីដែល​អាច​កើតឡើង​ គឺ​នឹង​កើត​ឡើង»។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក ប៉ូលិស​បាន​ចូល​ចាត់​វិធានការ ខណៈ​បាតុករ​ព្យាយាម​លាតត្រដាង​ផ្ទាំង​ក្រដាស​ប្រវែង ១១២​ម៉ែត្រ នៅ​បរិវេណ​រង្វង់​មូល​វិមាន​ជ័យជម្នះ​ដ៏​មមាញឹក ដើម្បី​ឱ្យ​អ្នកដើរ​ឆ្លង​កាត់​អាច​សរសេរ​ការ​ជំទាស់​របស់​ពួកគេ​ទៅ​នឹង​ច្បាប់​ដ៏​តឹងរ៉ឹង​មួយ​នេះ។​

សារមួយ​នៅ​លើ​ក្រដាស​បាន​សរសេរ​ថា «ភាព​អាម៉ាស់​ប្រវែង ១១២​ម៉ែត្រ​របស់​រដ្ឋាភិបាល» ទោះបី​ក្រដាស​នោះ​ត្រូវ​បាន​ប៉ូលិសដែល​សម្រុក​ចូល​ហែកចោល​នៅ​កន្លែង​បាតុកម្ម​ក៏ដោយ។

ក្រុម​មេធាវី​និយាយ​ថា វីដេអូ​មួយ​បាន​បង្ហាញ​ថា បាតុករ​វ័យក្មេង​ម្នាក់​ត្រូវ​បាន​នគរបាល​ចាប់ក្របួចដៃ និង​អូសចូល​ក្នុង​រថយន្ត​ប៉ូលិស។ បាតុករ​ម្នាក់​ទៀត​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ហ្នឹង​កន្លែង​ផង​ដែរ ​ចំពោះ​ការ​បំពាន​ច្បាប់​ប្រកាស​អាសន្ន​ដែល​ត្រូវ​បាន​ដាក់​ចេញ​ដើម្បី​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូវីដ១៩។

ភា្លមៗ​ក្រោយ​មក ប៉ូលិស​បង្រ្កាប​បាតុកម្ម​បាន​ហ៊ុម​ព័ទ្ធ​ឆែកឆេរតំបន់មួយ​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​នេះ ជា​ទី​ដែល​ក្រុមបាតុករ​មួយ​ឈ្មោះ​ថា Liberating Guards បាន​ប្រមូលផ្តុំ​ដើម្បី​តតាំង​នឹង​ការ​ចាប់ខ្លួន។

​ការ​ប្រតាយប្រតាប់​ជាមួយ​ប៉ូលិស​បាន​កើត​ឡើង​បន្ទាប់​ពី​នោះ​ហើយ​វីដេអូ​បាន​បង្ហាញ​ពី​ការ​ផ្ទុះ​គ្រាប់បែក​ទ្រង់ទ្រាយ​តូច​មួយ​ ដែល​ហាក់​ដូចជា​ត្រូវ​បាន​គប់​មក​លើ​ក្រុម​ប៉ូលិស​បង្រ្កាប​បាតុកម្ម​ដែល​កំពុង​ខិត​ចូល។

បាតុករ​ចំនួន​ប្រាំ​នាក់​ថែម​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន។ នេះ​បើ​យោង​ទៅ​អង្គការ​គាំពារ​សិទ្ធិ iLaw។

រហូត​មក​ដល់​ពេល​ប្រទាំងប្រទើស​គ្នា​នា​ពេល​ចុងក្រោយ​នេះ បាតុកម្មកន្លង​មក​ជា​ទូទៅ​គឺ​ប្រកប​ដោយ​សន្តិវិធី។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ គេ​នៅ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​កើនឡើង​នូវ​អំពើ​ហិង្សា​ដរាប​ណាមិន​មាន​ការ​បន្ធូរបន្ថយ​ស្ថានភាព​ពី​សំណាក់​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​មួយ ដែល​ការ​ជាប់គាំង​នៅ​លើ​ដងផ្លូវ​តែងតែ​ត្រូវបញ្ចប់​ដោយ​ការ​បង្ហូរ​ឈាម។

អ្នកស្រី Sasinan Thamnithinan នៃ​អង្គការ​មេធាវី​ថៃដើម្បី​សិទ្ធិ​មនុស្ស (TLHR)​ដែល​តំណាង​ឱ្យ​បាតុករ​ជាប់​ឃុំជា​ច្រើន​បាន​និយាយ​ថា៖ «មិនមាន​សញ្ញា​បង្ហាញ​ពី​ការ​សម្រុះសម្រួល​ណាមួយ​ពី​សំណាក់រដ្ឋាភិបាល​ថៃ​នោះ​ទេ»។

លោក​បាន​បន្ត​ថា៖ «ពលរដ្ឋ​នឹង​មិន​ឈប់​ចេញ​តវ៉ា​តាម​ដងផ្លូវ​នោះ​ទេ។ អ្វី​ទាំង​អស់​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​ឬ​មិន​ធ្វើ​នោះ​គឺ​បង្ខំ​ឱ្យ​ប្រជាជន​ចេញមក​តាម​ដងផ្លូវ ពីព្រោះ​ពួកគេ​មិន​ស្តាប់»។

រូបឯកសារ៖ ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។


ចំណាត់ការ​បន្ទាប់

​ថៃ​ជា​ប្រទេស​ដែល​មាន​ការ​បែកបាក់យ៉ាង​ខ្លាំង​មួយ។

​ពលរដ្ឋ​មួយ​ចំនួន​ជា​អ្នក​គាំទ្រ​រាជវង្ស ដែល​ស្មោះស្ម័គ្រ​យ៉ាង​ខ្លាំង​ទៅ​នឹង​ព្រះមហាក្សត្រ និង​រងការ​ឈឺចាប់​ដោយ​សកម្មភាព​របស់ក្រុម​បាតុករ​ដែល​ពួកគេ​ចោទ​ប្រកាន់​ក្រុម​បាតុករ​ថា នាំ​យក​ស្ថាប័ន​រាជវង្ស ដែល​ជា​ស្ថាប័ន​កំពូល​នៅ​ប្រទេស​ថៃ ចូល​ទៅ​ក្នុង​នយោបាយ​ដ៏​រញ៉េរញ៉ៃ​របស់ប្រទេស​នេះ។

នាយករដ្ឋមន្រ្តី​លោក Prayuth Chan-O-Cha (ប្រាយុទ្ធ ចាន់អូចា) ដែល​ជា​អតីត​មេបញ្ជាការ​កងទ័ពដែល​ចូល​កាន់អំណាច​នៅ​ក្នុង​រដ្ឋប្រហារ​កាល​ពី​ឆ្នាំ ២០១៤ បាន​ព្រមាន​នៅ​ក្នុង​ខែ​វិច្ឆិកា​ថា លោក​នឹង​យក «ច្បាប់​ទាំង​អស់» មក​ប្រឆាំង​នឹង​អ្នក​ដែល​វាយប្រហារ​ស្ថាប័ន​ព្រះមហាក្សត្រ។

សកម្មជន​សំខាន់ៗ​យ៉ាង​ហោចណាស់​ ៤២​ នាក់​ត្រូវ​បាន​រង​ការ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​ផ្សេងៗ រួម​មាន​ការ​ចម្អករបៀប​ស្លៀកពាក់​របស់​ព្រះមហាក្សត្រ​និង​ការ​ចោទ​មន្ទិលលើ​ជម្រើសនិយមគង់​ប្រថាប់​របស់​ព្រះអង្គ​នៅ​ប្រទេស​អាល្លឺម៉ង់​ជាង​ដើម។

ក្រុម​បាតុករ​ដែល​ជា​ចលនា​ទាមទារ​កំណែ​ទម្រង់​ផ្តោត​លើយុវជនត្រូវ​ជំរុញ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម បាន​កើត​លេច​ចេញជា​កម្លាំង​តវ៉ា​មួយ​កាល​ពី​ដើម​ឆ្នាំ​មុន។

ក្រុម​បាតុករ​បាន​បង្ក​ជា​បញ្ហា​ប្រឈម​ទៅ​ដល់​ស្ថាប័ន​រាជវង្ស​អភិរក្សនិយម​នៅ​ប្រទេស​ថៃ តាមរយៈ​ការ​ប្រឆាំង​ដោយ​វោហារសព្ទ និង​ការ​ប្រឆាំង​បែប​អហិង្សា​ទៅ​នឹង​ថ្នាក់​ដឹកនាំ​ប្រទេស។

ពួកគេ​ចង់​ឱ្យ​រដ្ឋាភិបាល​លោក ​Prayuth Chan-O-Cha ចុះ​ចេញ​ពី​តំណែង ឱ្យ​មាន​រដ្ឋធម្មនុញ្ញ​ថ្មី​ដើម្បី​កាត់បន្ថយ​អំណាច​នយោបាយ​របស់​យោធា និង​ដាក់​ឱ្យ​ស្ថាប័ន​រាជវង្ស ដឹកនាំ​ដោយ​ព្រះបាទ​មហាវេជ្ជរ៉ាឡុងកន ស្ថិត​ក្រោម​អំណាច​ត្រួតត្រា​ដោយ​រដ្ឋធម្មនុញ្ញ។

ថៃ​ជា​ប្រទេស​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ចាប់តាំង​ពី​ឆ្នាំ ១៩៣២ ​មក​ ប៉ុន្តែ​រដ្ឋប្រហារ​ចំនួន​១៣​លើក​ដោយ​យោធា​គាំទ្រ​រាជវង្សបាន​ផ្តល់​ជា​តួនាទី​យ៉ាង​ធំ​ជ្រុល​មួយ​សម្រាប់​ស្ថាប័ន​ព្រះមហាក្សត្រ​នៅ​ក្នុង​នយោបាយ។

ច្បាប់ប្រមាថព្រះចេស្តាព្រះមហាក្សត្របានបំបិទការតស៊ូមតិអំពីស្ថាប័នរាជវង្សប៉ុន្តែក្រុមបាតុករបានលុបចោលការហាមប្រាមជាទម្លាប់នេះ ដោយលើកបញ្ហាមកនិយាយជាសាធារណៈអំពីអំណាចព្រះមហាក្សត្រនិងកោះហៅឱ្យមានការស៊ើបអង្កេតពីហិរញ្ញវត្ថុ និងសុចរិតភាពរបស់ព្រះមហាក្សត្រ។

គ្មាន​ការ​ទាមទារ​ពី​សំណាក់​បាតុករ​ណា​មួយ​ត្រូវ​បាន​រដ្ឋាភិបាល​ឆ្លើយ​តប​នោះ​ទេ ដោយនាំ​ឱ្យ​មាន​ការ​គិត​ថា ចលនា​របស់​ពួកគេ​ប្រហែល​ចាប់ផ្តើម​ថមថយ​បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​អស់​ជា​ច្រើន​ខែ​នៅ​តាម​ដង​ផ្លូវ។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​សៅរ៍ (ទី​១៦ ខែ​មករា) ក្រុម​បាតុករ Rasadorn បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា៖ «ចលនា​របស់​ពួក​យើង​មិន​ថមថយ​នោះ​ដូច​មនុស្ស​មួយ​ចំនួន​ចង់​ឱ្យ​អ្នក​ជឿ​នោះ​ទេ»។

សារ​នោះ​បាន​បន្ត​ថា៖ «លោក Prayuth និង​ក្រុម​របស់​គាត់​មិន​បាន​ទៅ​ណា​នោះ​ទេ រដ្ឋធម្មនុញ្ញ​នៅ​តែ​មិនមែន​ចែង​ដោយ​ប្រជាជន ហើយ​ស្ថាប័ន​រាជវង្ស​នៅ​តែ​ស្ថិត​នៅ​ពី​លើ​រដ្ឋធម្មនុញ្ញ។ ចូលត្រៀម​លក្ខណៈ​សម្រាប់​សកម្មភាព​ធំ​ជាង​នេះ»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា