ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា ហេតុដូចម្តេចបានជាមនុស្សខ្លះដែលបានឆ្លងមេរោគHIV ហើយក្រកើតជំងឺ AIDS តាមក្រោយមកទៀតនោះ។ មនុស្សទាំងនោះមានពន្ធុមួយដែលបង្កើតភាពស៊ាំនឹងរោគដ៏ខ្លាំងមួយ ដែលការពារមិនឲ្យឆ្លងរោគបាន។ ក្រុមអ្នកស្រាវជ្រាវនិយាយថា សេចក្តីសម្រេចរបស់ពួកគេ អាចនៅថ្ងៃណាមួយ នាំឲ្យមានថ្នាំវ៉ាក់សាំងការពារជំងឺ AIDS។
នាង Jessica Berman នៃ VOA នៅរដ្ឋធានី Washington រាយការណ៍រឿងនេះ ហើយអ្នកស្រី នុច សារីតា សូមជូនសេចក្តីប្រែសម្រួល៖
មានមនុស្សប្រមាណម្នាក់ក្នុងមនុស្ស២០០រយនាក់ដែលឆ្លងមេរោគ HIV ជាមនុស្សដែលហៅថា ក្រុមអ្នកស៊ាំនឹងមេរោគដ៏ពិសេស គឺជាក្រុមមនុស្សដែលមាន HIV positive ហើយមិនកើតជំងឺអេដស៍ សូម្បីតែមិនប្រើឱសថ ក្រោយពីមានឆ្លងវីរុស ដែលបណ្តាលឲ្យកើតជំងឺ AIDS ជាច្រើនទសវត្ស៍មក ។
ក្រុមអ្នកស្រាវជ្រាវបានពិសោធឃើញថា មានគ្រឿងការពារមួយដែលផលិតដោយពន្ធុមានឈ្មោះថា HLA-B57 ដែលរកឃើញមាននៅក្នុងក្រុមអ្នកស៊ាំនឹងមេរោគដ៏ពិសេសនោះ។
ពន្ធុនោះបង្កើតប្រព័ន្ធការពារកោសិកា T cells ចំនួនច្រើន គឺជាកោសិកាមួយប្រភេទនៃកោសិកាឈាមសប្រយុទ្ធនឹងការឆ្លងមេរោគ ដែលតោងនៅលើកោសិកាដែលមានមេរោគ HIV មានរួមទាំងមេរោគជាច្រើនដែលប្តូរសណ្ឋានរូបរាងនៃវីរុស និងមានចំណុះកោសិកាងាប់ ដែលបណ្តាលមកពីជំងឺ។
នៅពេលដាក់ឲ្យមានសកម្មភាព កោសិកា T cells ដែលធ្វើសកម្មភាពនោះក៏ដុសខាត់សម្អាតកោសិកាដែលមានឆ្លង HIV ដទៃៗទៀត ទូទាំងរាងកាយ និងសម្លាប់កោសិកាទាំងនោះ។
នៅក្នុងការសិក្សាពីលើកមុន ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញពន្ធុមួយទៀតនៅក្នុងក្រុមអ្នកស៊ាំនឹងមេរោគពិសេសមានឈ្មោះថា HLA-B27។ វត្តមាននៃពន្ធុណានិមួយៗហាក់ដូចជាបញ្ចៀសជំងឺអេដស៍ពីមនុស្សដែលមានឆ្លងមេរោគ HIV។
លោក Arup Chakraborty វិស្វករខាងផ្នែកវិទ្យាសាស្ត្រគីមី នៅវិជ្ជាស្ថាន Massachussetts Institute of Technology បានបង្កើតគម្រូតាម កំព្យូទ័រនូវការលូតលាស់កោសិកា T Cells តាមរយៈសរីរាង្គមួយហៅ Thymus ថិតនៅខាងក្រោយឆ្អឹងទ្រូង ជាសរីរាង្គដែលដាស់តឿនកោសិកាការពារឲ្យស្គាល់រោគឆ្លង។
“សេចក្តីសម្រេចរបស់យើងផ្តល់យោបល់ថា កោសិកា T Cellsដែលចូលនិងចេញពីសរីរាង្គ Thymus នៅក្នុងមនុស្សដែលមានពន្ធុ HLA-B57 ឬ HLA-B27នោះទំនងដូចជាអាចចងរឹតតោងជាមួយពូជមេរោគ HIV ដែលជាពូជមេរោគចម្លងកាន់តែខ្លាំង ដូចគ្នានឹងការប្តូរសណ្ឋានរូបរាងមេរោគដែលលេចឡើងដែរ។ ដូច្នេះប្រភេទកោសិកា T Cells របស់មនុស្សទាំងនោះមានខុសពីគេបន្តិចបន្តួច”។
ការសិក្សាមួយនៃអ្នកជំងឺដែលមានមេរោគ HIV ជិតពីរពាន់នាក់ដែលមានឬគ្មានពន្ធុ HLA បានបញ្ជាក់ថា អ្នកជំងឺណាដែលខ្វះពន្ធុ HLA មិនមានប្រព័ន្ធការពារសម្រាប់ទប់ស្កាត់ ហើយអ្នកជំងឺទាំងនោះបានកើតជំងឺអេដស៍ធ្ងន់ឡើង។
ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញប្រសិទ្ធិភាពរបស់ក្រុមអ្នកស៊ាំនឹងមេរោគដ៏ពិសេសនៅក្នុងខ្លួនអ្នកជំងឺដែលមាន HIV positive នៅអំឡុងចុងទសវត្ស៍១៩៩០។ ចាប់តាំងពីពេលនោះមក ក្រុមអ្នកវិទ្យាសាស្ត្របានព្យាយាមរកគ្រឿងផ្សំប្រព័ន្ធការពារដែលបាំងការពារក្រុមអ្នកស៊ាំនឹងមេរោគដ៏សេសពីជំងឺអេដស៍ ដើម្បីពួកគេអាចបង្កើតថ្នាំវ៉ាក់សាំង។
អ្នកនាំមុខកិច្ចប្រឹងប្រែងដើម្បីស្វែងយល់អំពីក្រុមមនុស្សមានមេរោគ HIV ដ៏កម្រនេះគឺ លោកវេជ្ជបណ្ឌិត Bruce Walker ជាអ្នកស្រាវជ្រាវជំងឺអេដស៍ម្នាក់នៅសាកលវិទ្យាល័យ Harvard University និងនៅមន្ទីរពេទ្យ Massachussetts General Hospitalនិងជាអ្នកសហនិពន្ធនៃការសិក្សានេះ។
លោកវេជ្ជបណ្ឌិត Walker និយាយថា បញ្ហាជាមួយនឹងការបង្កើតថ្នាំវ៉ាក់សាំងគឺថា មេរោគ HIV ជាទិសដៅដែលនៅមិននឹងមួយ វាផ្លាស់ប្តូរសណ្ឋានរូបរាងយ៉ាងរហ័ស បន្ទាប់ពីអ្នកណាម្នាក់បានឆ្លងវា វានិងបណ្តាលឲ្យអ្នកនោះមានភាពអន់ខ្សោយដោយចៀសមិនរួច។
ប៉ុន្តែលោកវេជ្ជបណ្ឌិត Walkerនិយាយថា ដំណើរហេតុដែលពន្ធុ HLA-B57 និង HLA-B27 ត្រួតត្រាលើមេរោគ វីរុស នោះ សូម្បីតែខ្លួនវាប្តូរសណ្ឋានរូបរាងនៅក្នុងអ្នកជំងឺដែលមាន HIV positive ខ្លះក៏ដោយ ក៏អាចធ្វើឲ្យថ្នាំវ៉ាក់សាំងចាក់ការពារជំងឺអេដស៍ក្លាយជាការណ៍ពិតមួយបាន។
យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត Walker រំឭកថា ថ្នាំវ៉ាក់សាំងចាក់ការពារជំងឺអេដស៍មានចេញឲ្យប្រើយ៉ាងហោចណាស់ក៏មួយទសវត្សទៅមុខទៀត។
អត្ថបទរៀបរាប់អំពីយន្តម័យនៃពូជពន្ធុ ដែលធ្វើឲ្យមេរោគនៃជំងឺអេដស៍មានជំនឿនយឺតនោះ មានចុះផ្សាយនៅក្នុងទស្សនាវដ្តីឈ្មោះ Nature៕
ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា ហេតុដូចម្តេចបានជាមនុស្សខ្លះដែលបានឆ្លងមេរោគ HIV ហើយ ក្រ កើតជំងឺ AIDS តាមក្រោយមកទៀតនោះ។ មនុស្សទាំងនោះមានពន្ធុមួយដែលបង្កើតភាពស៊ាំនឹងរោគដ៏ខ្លាំងមួយ ដែលការពារមិនឲ្យឆ្លងរោគបាន។ ក្រុមអ្នកស្រាវជ្រាវនិយាយថា សេចក្តីសម្រេចរបស់ពួកគេ អាចនៅថ្ងៃណាមួយ នាំឲ្យមានថ្នាំវ៉ាក់សាំងការពារជំងឺ AIDS។
នាង Jessica Berman នៃ VOA នៅរដ្ឋធានី Washington រាយការណ៍រឿងនេះ ហើយអ្នកស្រី នុច សារីតា សូមជូនសេចក្តីប្រែសម្រួល៖