ជនក្រីក្រដើររើសអេតចាយដើម្បីចិញ្ចឹមជីវិតដែលរងការបាញ់ប្រហារដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់បានអំពាវនាវឲ្យសមត្ថកិច្ចខិតខំស្វែងរកចាប់ខ្លួនអ្នកដែលបាញ់រូបលោក ហើយគេចខ្លួនបាត់នោះ។
លោក វ៉ាន់ សុភា ត្រូវគេបាញ់នៅពេលដែលកំពុងរើសអេតចាយកាលពីខែធ្នូកន្លងទៅនេះហើយលោកមិនដឹងថាមកពីមូលហេតុអ្វីនិងមុខមាត់ជនល្មើសក្រៅពីថាជននោះជិះរថយន្តទំនើបម៉ាក Lexus។
ក្នុងកម្មវិធី Hello VOA ពិសេសកាលពីថ្ងៃសុក្រសប្តាហ៍មុន លោកបានរៀបរាប់ថា ប៉ូលិសសង្កាត់បឹងត្របែក៣នាក់បានដឹកលោកតាមម៉ូតូទៅមន្ទីរពេទ្យសូវៀត ដោយសារឡានពេទ្យមិនបានមកជួយសង្គ្រោះលោកទេ ក្រោយពីដឹងថា លោកជាអ្នករើសអេតចាយ។
«មានតែប៉ូលិសយកខ្ញុំទៅមន្ទីរពេទ្យ។ ឡានពេទ្យអី គេឮថា ក្មេងរើសអេតចាយ គេអត់មកយកទេ។ ដល់ពេលនោះកង់បីក៏អត់មានដែរ ទើបបានប៉ូលិសថា "យកគាត់ទៅ! គាត់ជិតស្លាប់ហើយ!"»។
សូមចុចស្តាប់កម្មវិធី Hello VOA ទាំងស្រុង៖
Your browser doesn’t support HTML5
អ្នកស្រីសុខ ពាន ភរិយារបស់លោក វ៉ាន់ សុភា បានថ្លែងក្នុងកម្មវិធី Hello VOA ថា ការវះកាត់ដកក្បាលគ្រាប់ចេញ មានការយឺតយ៉ាវ ដោយសារលោកគ្មានលុយ២០០ដុល្លារសម្រាប់ការវះកាត់។ ១២ម៉ោងក្រោយមក ទើបលោកបានទទួលការវះកាត់ដោយមិនបង់ប្រាក់ ដោយសារលោកមានប័ណ្ណក្រីក្រ។
លោកវ៉ាន់ សុភា អាយុ៣៧ឆ្នាំ និងអ្នកស្រីសុខ ពាន និយាយថា ពួកគេមិនបានដាក់ពាក្យបណ្តឹងទៅតុលាការទេ ដោយសារមិនមានលុយក្នុងការដាក់ពាក្យបណ្តឹងដើម្បីរកយុត្តិធម៌។
«មកដល់ឥឡូវ ខ្ញុំក៏អត់បានដាក់ពាក្យបណ្តឹងអីដែរ។ ខ្ញុំនឹកឃើញថា អ្នកម្តុំផ្ទះខ្ញុំនិយាយមកខ្ញុំថា បើខ្ញុំដាក់ពាក្យបណ្តឹង ទាល់តែមានលុយ។ បើអត់លុយអញ្ចឹង ដាក់ពាក្យបណ្តឹងយ៉ាងម៉េច? ចេះតែដាក់ចោលអញ្ចឹង អ្នកណាសើរើឲ្យយើង!»
Your browser doesn’t support HTML5
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា ការស្វែងរកយុត្តិធម៌គឺត្រូវតែធ្វើឡើង ទោះជាជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងក៏ដោយ។ ជនរងគ្រោះអាចដាក់ពាក្យបណ្តឹងតាមរយៈអង្គការសង្គមស៊ីវិល សមត្ថកិច្ចប៉ូលិស អាជ្ញាធរមូលដ្ឋាន ឬអាចដាក់ពាក្យបណ្តឹងទៅតុលាការផ្ទាល់ ដោយមិនមានបង់ប្រាក់ទេ។
«មានអ្នកណាគេយកលុយ គ្រាន់តែដាក់ពាក្យបណ្តឹង? ឥឡូវបើសិនគាត់ដាក់ពាក្យបណ្តឹង ហើយអ្នកណាគេទារលុយ គាត់ប្តឹងអ្នកហ្នឹងទៅ!»
ទោះជាយ៉ាងណាក្តី អ្នកសង្កេតការណ៍សិទ្ធិមនុស្ស និងដំណើរការយុត្តិធម៌នៅកម្ពុជាបានសង្កេតឃើញថា ការអនុវត្តជាក់ស្តែងគឺខុសពីអ្វីដែលចែងក្នុងច្បាប់។ ហើយបើគ្មានថវិកាជំរុញការស៊ើបអង្កេតដើម្បីរកយុត្តិធម៌ទេ នោះជនរងគ្រោះមានសង្ឃឹមតិចតួចណាស់។
លោកអំ សំអាត ប្រធានការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បាននិយាយថា រដ្ឋាភិបាលគួរតែរកជនដៃដល់ឲ្យឃើញ បើទោះជាមិនមានពាក្យបណ្តឹងពីជនរងគ្រោះក៏ដោយ។
លោកបានមានប្រសាសន៍ថា ការបាញ់អ្នកក្រីក្ររើសអេតចាយនេះឆ្លុះបញ្ចាំងពីការរើសអើងក្នុងសង្គម និងនិងទណ្ឌភាព ហើយនេះបទល្មើសព្រហ្មទណ្ឌ ដូច្នេះសមត្ថកិច្ចត្រូវតែខិតខំស្វែងរកជនល្មើស ទោះជាជនរងគ្រោះមិនដាក់ពាក្យបណ្តឹងក៏ដោយ។
«ការបាញ់នេះជាការប៉ុនប៉ងមនុស្សឃាត។ ក្រោយពីទទួលព័ត៌មានគឺព្រះរាជអាជ្ញា និងមន្ត្រីយុត្តិធម៌ត្រូវតែចាត់វិធានការធ្វើការស៊ើបអង្កេតស្វែងរកជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ មិនមែនចាំឲ្យជនរងគ្រោះគាត់ប្តឹងទេ»។
លោកបានបន្ថែមថា ការរកឲ្យឃើញជនដៃដល់នឹងជួយកាត់បន្ថយវប្បធម៌និទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា។
លោក ហ៊ាន សារ៉េត អធិការរងប៉ូលិសខណ្ឌចំការមនទទួលបន្ទុកព្រហ្មទណ្ឌ បានប្រាប់ VOA តាមទូរស័ព្ទ កាលពីថ្ងៃសុក្រថា ប៉ូលិសបានធ្វើរបាយការណ៍ និងបានកសាងសំណុំរឿងនេះដាក់ទៅព្រះរាជអាជ្ញាហើយ។
VOA បានព្យាយាមសុំការបំភ្លឺពីប៉ូលិសបីនាក់ដែលបានជួយលោកវ៉ាន់ សុភា តែពួកគេមិនហ៊ានផ្តល់បទសម្ភាសទេ។ សូម្បីព័ត៌មានអំពីអន្តរាគមន៍ជួយសង្គ្រោះក៏មិនហ៊ានអធិប្បាយដែរ។
លោកនាយឧត្ដមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកទឹកចិត្តឲ្យប៉ូលិសនិយាយការណ៍ពិត។
លោកនាយឧត្តមសេនីយ៍បន្ថែមថា ប៉ូលិសមានកាតព្វកិច្ចបន្តការស៊ើបអង្កេតក្រោយពីបានធ្វើរបាយការណ៍អំពីឧក្រិដ្ឋកម្ម និងក្រោយពីបានបញ្ជូនសំណុំរឿងទៅតុលាការហើយក៏ដោយ។
«គ្រប់ករណីទាំងអស់ បើមានបទល្មើសអ្វីមួយហើយ សមត្ថកិច្ចត្រូវតែកត់ត្រាទុកហើយ។ ឧទាហរណ៍ បើមានការបាញ់គឺមានបណ្តឹងអាជ្ញា។ សមត្ថកិច្ចត្រូវតែមានការទទួលខុសត្រូវ។ ការស៊ើបអង្កេតត្រូវតែមាន មិនមែនមានការបាញ់អីមួយហើយយើងរួចខ្លួនទេ។ ប្រជាពលរដ្ឋរងរបួស ប៉ុន្តែជនល្មើសយើងរកមិនទាន់ឃើញ។ ដូច្នេះយើងត្រូវខិតខំជួយរក ទោះបីប្រជាពលរដ្ឋមិនប្តឹងក៏ដោយ ក៏សមត្ថកិច្ចត្រូវតែស្វែងរកដែរ»។
សេចក្តីអត្ថាធិប្បាយរបស់មន្ត្រីរដ្ឋាភិបាលបានផ្តល់ក្តីសង្ឃឹមខ្លះៗដល់លោកវ៉ាន់ សុភា និងអ្នកស្រីសុខ ពាន ភរិយារបស់លោក។
«ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងរកឃើញជនល្មើសដែលបាញ់ប្រហារមកលើខ្លួនខ្ញុំនេះ។ ខ្ញុំសង្ឃឹមថា អាចនឹងយកមកប្រឈមមុខជាមួយនឹងខ្ញុំបាន។ ពួកគាត់និយាយមកខ្ញុំ ខ្ញុំនឹងអាចសង្ឃឹមបាន»។
អ្នកស្រីសុខ ពាននិយាយថា៖
«បើសិនប៉ូលិសនៅតែប្រឹងប្រែងរកយុត្តិធម៌ចំពោះការបាញ់ប្រហារមកលើប្តីខ្ញុំ ខ្ញុំអាចមានសង្ឃឹមភាគច្រើន។ បើសិនប៉ូលិសនៅតែចាត់វិធានការស៊ើបអង្កេតទៀត ខ្ញុំនៅសង្ឃឹម។ បើអត់ធ្វើទេ ខ្ញុំអត់សង្ឃឹមទេ។ ភាគច្រើនខ្ញុំមិនសូវសង្ឃឹមថា ចាប់បានទេ»។
លោកវ៉ាន់ សុភានិយាយថា នៅកន្លែងកើតហេតុមានកាមេរ៉ាសុវត្ថិភាព ដូច្នេះគួរតែរកជនល្មើសឃើញ។
លោកវ៉ាន់ សុភា ដែលកាលពីមុនអាចរកប្រាក់បាន១ម៉ឺន៥ពាន់រៀលក្នុងមួយថ្ងៃពីការរើសអេតចាយនោះ បានឲ្យដឹងថា លោកបានប្រកបមុខរបរនេះអស់រយៈពេល១៨ឆ្នាំតាំងពីលោកនៅជាក្មេងជំទង់។ លោកបាននិយាយនៅខ្ទមរបស់លោកថា លោកមិនអាចធ្វើការធ្ងន់បានទេ ដោយសារពោះវៀនរបស់លោកដាច់បីកំណាត់ ដោយសារគ្រាប់កាំភ្លើង។
«ពេទ្យនិយាយថា ពោះវៀនរបស់ខ្ញុំ បើគេតដាក់ចូលវិញហើយ ខ្ញុំមិនអាចធ្វើការវិញដូចដើមទេ។ អត់ហ៊ានធ្វើការ...ប៉ះពាល់ធ្ងន់ អត់បានតែម្តង។ ហើយបើថា ធ្វើការប៉ះពាល់ធ្ងន់ វានឹងមានបញ្ហាដល់ជីវិតយើង»។
លោកវ៉ាន់ សុភាបានប្រាប់ VOA តាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ថា មួយថ្ងៃក្រោយពីលោកបានសម្ភាសក្នុងកម្មវិធី Hello VOA ពិសេសកាលពីថ្ងៃសុក្រ មានសប្បុរសជន៥នាក់ប្រាប់ថា គេនឹងជួយឧបត្ថម្ភ។ កាលពីថ្ងៃសៅរ៍លោកបានទទួលប្រាក់ឧបត្ថម្ភ១៥ម៉ឺនរៀល។
«តាំងពីសម្ភាសន៍ VOA ក្រោយមកគេជួយខ្ញុំ១៥ម៉ឺនរៀល។ ហើយមានទូរស័ព្ទបន្តបន្ទាប់មកទៀត។ ខ្លះទៅ នៅកាណាដា ខ្លះទៅ នៅអាមេរិក ខ្លះទៅ នៅជប៉ុន»។
លោកនិយាយថា សប្បុរសជនបានផ្តល់កម្លាំងចិត្តច្រើនដល់លោក នៅពេលលោកកំពុងរង់ចាំយុត្តិធម៌ដែលមិនដឹងថា ជាតិនេះលោកនឹងទទួលបានឬយ៉ាងណានោះ។
ក្នុងពេលកន្លងមក ប្រទេសកម្ពុជាត្រូវបានអង្គការសិទ្ធិមនុស្សរិះគន់ថា ជាប្រទេសដែលវប្បធម៌និទ្ទណ្ឌភាពកើតមានច្រើន។ ករណីស្រដៀងគ្នានេះជាច្រើនបានកើតមានឡើង ហើយជនល្មើសរស់នៅក្រៅសំណាញ់ច្បាប់៕