ជំងឺ​កូវីដ​១៩​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ក្តី​បារម្ភ​ទ្វេ​ដង​

អ្នកស្រី ម៉ុន ស៊ីណា​ វ័យ​២៩ ឆ្នាំ​ ជាម្តាយ​​ដែលរៀបនឹង​សម្រាល​កូន​ទី២ នៅចុងខែមេសា។ អ្នកស្រី​ធ្វើការនៅ​រោងចក្រកាត់ដេរមួយ​នៅ​លើ​ផ្លូវ​វេង​ស្រេង​ សង្កាត់​ស្ទឹង​មានជ័យ។ អ្នកស្រី​ជជែកជាមួយវីអូអេ​នៅ​ថ្ងៃដំបូង​ដែល​អ្នកស្រីបានសម្រាក​តាមច្បាប់មាតុភាព នៅរាជរាជធានី​ភ

ភ្នំពេញ — អ្នកស្រី​ ផន ស្រីរ័ត្ន​ និង​ស្វាមី​រៀប​អាពាហ៍​ពិពាហ៍​នៅ​ដើម​ឆ្នាំ​មុន ​ហើយ​មាន​ផែន​ការ​កសាង​គ្រួសារ​ ដោយ​សម្រេច​យក​កូន​ក្នុង​ឆ្នាំ​នេះ​ ដោយ​សារ​ឪពុក​ម្តាយ​របស់​អ្នក​ទាំង​ពីរ​ជឿ​ថា​ កូន​កើត​ឆ្នាំ​ជូត ​ជា​ឆ្នាំ​ល្អ​ដល់​ក្រុម​គ្រួសារ។​

ស្រី​រ័ត្ន​ វ័យ​២៧​ឆ្នាំ​ ដែល​កំពុង​ត្បាញ​កន្ទេល​ជាមួយ​ម្តាយ​ បាន​ឆ្លៀត​ពេល​សន្ទនា​ជា​មួយ​វីអូអេ​តាម​ទូរស័ព្ទ​ជា​វីដេអូ​ពីផ្ទះ​របស់​អ្នកស្រី​នៅ​ស្រុក​មុខ​កំពូល ​ខេត្ត​កណ្តាល​ថា៖​ «អារម្មណ៍​និយាយ​ទៅ​ភ័យ​ភ័យ​ខ្លាំង​ហ្មង»។​

អ្នកស្រី​បន្ថែម​ថា៖​ «ដោយ​សារ​តែ​ទី១​យើង​កូន​ដំបូង។ ​រឿង​ពេល​សម្រាល​មិន​ដឹង​ថា​ សម្រាល​ធម្មជាតិ​បាន​ឬ​មួយ​ត្រូវ​វះកាត់។ ​អ៊ីចឹង​អាហ្នឹង​បញ្ហា​មួយ​ដែល​បារម្ភ​…ដល់​ពេល​ចូល​កូវីដ (កូវីដ១៩)​ មក​មួយ​ទៀត​ រឹត​តែ​បារម្ភ​ទៀត​ព្រោះ​បើ​តាម​ព័ត៌មាន​គឺ​វា​ឆ្លង​លឿន។​ហើយ​យើង​អ្នក​មាន​កូន​អ៊ីចឹង​ព្យាបាល​វា​យ៉ាប់​ជាង​គេ​អ្នក​អត់​មាន​កូន​។​អ៊ីចឹង​រាង​បារម្ភ…បារម្ភ​ខ្លាំង​កន្លែង​ហ្នឹង»។​

ខែ​ក្រោយ​នេះ ​ស្រីរ័ត្ន​ ត្រៀម​សម្រាល​កូន​ដំបូង​ ដែលជា​កូនស្រី។​

ស្រីរ័ត្ន​គឺ​ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ប្រហែល ​៣៦​ម៉ឺន​នាក់ ​ដែល​នឹង​ផ្តល់​កំណើត​ឲ្យ​កូន​នៅ​ក្នុង​ឆ្នាំ​នេះ។​ ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ ​ដូច​ជា​ស្រី​រ័ត្ន​បារម្ភ​ទ្វេរ​ដង ​អំពី​សុវត្ថិភាព​ក្នុង​ការ​សម្រាល​កូន​ និង​លទ្ធភាព​នៃ​ការ​ឆ្លង​ជំងឺ​នេះ។​

មក​ទល់​ពេល​នេះ​ ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ នៅ​កម្ពុជា ​កើន​ដល់​ជាង​១២០​ករណី។​ ជំងឺ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង​មួយ​សែន​នាក់ ​បាត់បង់​ជីវិត ​និង​បាន​ចម្លង​ដល់​មនុស្ស​ជាង​មួយ​លាន​នាក់ ​ទូទាំង​ពិភព​លោក។​

អ្នកស្រី​ ផន​ ស្រី​រ័ត្ន វ័យ​២៧ឆ្នាំ​ បានជជែកជាមួយ​វីអូអេ​តាម​ទូរស័ព្ទជា​វីដេអូ អំពី​ការ​ព្រួយ​បារម្ភ​របស់​អ្នកស្រី​ក្នុងពេល​សម្រាលកូន​ក្នុងអំឡុង​នៃ​ការរីករាល​ដាលនៃជំងឺ​កូវីដ​១៩ នៅរាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី០២ ខែមេសា ឆ្នាំ​២០២០។ (ហ៊ាន​ សុជាតា​/VOA)

ការ​បារម្ភ​ពីការ​ឆ្លង​ជំងឺ​នេះ​ធ្វើ​ឲ្យ​ ស្រីរ័ត្ន​ ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ថា​ តើ​ត្រូវ​សម្រាល​កូន​នៅ​មន្ទីរ​ពេទ្យ​នៅ​ទីក្រុង​ ឬ​នៅ​ក្នុង​ភូមិ​របស់​អ្នកស្រី។​ ចាប់​តាំង​ពី​មាន​ការ​រីករាល​ដាល​មេរោគ​នេះ​មក ​អ្នក​ស្រី​មិន​បាន​ទៅ​ពេទ្យ​ ដើម្បី​ពិនិត្យ​ផ្ទៃ​ពោះ​នោះ​ទេ​ ដោយ​សារ​អ្នកស្រី​បារម្ភ​ថា អាច​ឆ្លង​ជំងឺ​នេះ។​

អង្គការ​សុខភាព​ពិភព​លោក​កំពុង​ធ្វើការ​ស្រាវជ្រាវ​អំពី​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ១៩ ​ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ។​ មក​ទល់​ពេល​នេះ​គេ​ពុំ​ទាន់​រក​ឃើញ​ថា ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ងាយ​ឆ្លង​មេរោគ​កូរ៉ូណា​ជាង​មនុស្ស​ទូទៅ​នោះ​ទេ។​ ហើយ​គេ​ក៏​ពុំទាន់​អាច​បញ្ជាក់​ថា ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ផ្ទុក​មេរោគ​កូរ៉ូណា​អាច​ចម្លង​មេរោគ​នេះ​ទៅ​កាន់​ទារក​នៅ​ក្នុង​ផ្ទៃ​ ដោយ​ផ្ទាល់​ ឬ​អំឡុង​ពេល​សម្រាល​នៅ​ឡើយ​ទេ។​ នេះ​ដោយ​សារ​តែ​គេ​ពុំ​ទាន់​រក​ឃើញ​មេរោគ​កូរ៉ូណា​នេះ​អាច​មាន​នៅ​ក្នុង​ទឹក​ភ្លោះ ​ឬ​ទឹក​ដោះ​ម្តាយ​នោះ​ដែរ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំពាក្យ​ការិយាល័យ​របស់​អង្គការ​សុខភាព​ពិភពលោក​ WHO​ ប្រចាំ​តំបន់​ប៉ាសុីហ្វិក​ប៉ែក​ខាង​លិច​ (Western Pacific) ​ប្រាប់​វីអូអេ​តាម​រយៈ​សារ​អេឡិចត្រូនិច។​

អង្គការ​នេះ​លើក​ឡើង​ទៀត​ថា​ ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​រោគ​សញ្ញា​មេរោគ​កូរ៉ូណា ​គួរ​តែ​ទទួល​បាន​អាទិភាព ​ក្នុង​ការ​ពិនិត្យហើយ​ក្នុង​ករណី​ដែល​រក​ឃើញ​ថា ​ពួកគេ​មាន​មេរោគ​នេះ​មែន​នោះ​ ពួក​គេគួរ​ទទួល​បានការ​ថែ​ការ​ទាំ​តាម​លក្ខណៈ​ឯកទេស។​

អ្នក​ជំនាញ​ផ្នែក​សម្ភព​និយាយ​ថា ​ចំនួន​ស្ត្រី​ដែល​មក​ពិនិត្យ​ផ្ទៃ​ពោះ​នៅ​មន្ទីរពេទ្យ​មាន​ការ​ធ្លាក់​ចុះ។​

លោក​ សៀប បែល ​ប្រធាន​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​ថ្លែង​ប្រាប់​ VOA ​ថា​ លោក​ឃើញ​ការ​ធ្លាក់ចុះ​ប្រមាណ ​៥០%​នៃ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ដែល​មក​សម្រាល​នៅ​មន្ទីរ​ពេទ្យរដ្ឋ​មួយ​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖​ «តាំង​ពី​មាន​បញ្ហា​កូវីដ១៩ ​ហើយ​គេ​យក​អ្នក​ជំងឺ​ដែល​មាន​ការ​ឆ្លង​កូវីដ១៩​ទៅ​ដាក់​នៅ​មន្ទីរពេទ្យ​ [មិត្ត​ភាព​ខ្មែរ-សូវៀត]​ មក​វា​ធ្វើ​ឲ្យ​ចំនួន​ស្ត្រី​ដែល​មក​សម្រាល​មាន​ការ​ធ្លាក់​ចុះដែរ»។​

នៅ​កម្ពុជា ស្ត្រី​ភាគ​ច្រើន​ស្វែង​រក​សេវា​សម្រាល​កូន​នៅ​តាម​មណ្ឌល​សុខភាព​ និង​មនី្ទរពេទ្យ​បងែ្អក។​ក្រៅ​ពី​នោះ ស្ត្រី​ជ្រើសរើស​សម្រាល​នៅ​តាម​គ្លីនិក​ឯកជន​ នៅ​ផ្ទះ​ដោយ​បុគ្គលិក​សុខាភិបាល​ ហើយ​មួយ​ចំនួន​ទៀត​ សម្រាល​នៅ​ផ្ទះ​ដោយ​ឆ្មប​បូរាណ។​ នេះ​បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​សុខាភិបាល។

បុគ្គលិក​សម្ភពមាតារង់ចាំ​វាស់កម្តៅ​ បាញ់​ទឹក​អាល់កុល​ និង​ផ្តល់ការ​ណែនាំអំពី​ការពារ​ខ្លួន​ពីជំងឺ​កូវីដ១៩ (COVID-19) ​ដល់អតិថិជន​ និង​អ្នកសួរ​សុខទុក្ខ​អ្នក​សម្រាល​កូន​ក្នុងសម្ភព នៅ​ថ្ងៃទី០២ ខែមេសា ឆ្នាំ​២០២០។ (ហ៊ាន​ សុជាតា​/VOA)

វេជ្ជបណ្ឌិត ទី សុវណ្ណារ័ត្ន អ្នកឯកទេស​ផ្នែកសម្ភព​ និងរោគស្ត្រី​ នៅ​សម្ភពមាតា​ នៅរាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី០២ ខែមេសា ឆ្នាំ​២០២០។ (ខាន់ សុគុំមនោ/VOA)

អ្នកស្រី​វេជ្ជបណ្ឌិត ​ទី សុវណ្ណរ័ត្ន​ ដែល​មាន​បទ​ពិសោធន៍​ផ្នែក​សម្រាល​និង​សម្ភព​ រយៈ​ពេល​ជាង​១៥​ឆ្នាំ​បាន​សង្កេត​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ស្ត្រី​មក​ពិនិត្យ​សុខភាព​គភ៌។ ​អ្នកស្រី​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​ទាំង​នោះ​បន្ត​ពិនិត្យ​តាមដាន​ស្ថានភាព​គភ៌យក​ចិត្ត​ទុកដាក់​ ចំពោះ​ការ​ថែទាំ​សុខភាព​ និង​អនាម័យ​ដោយ​សារ​តែ​ពួក​គេ​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ខ្សោយ​ជាង​មនុស្ស​ធម្មតា។​

«អ៊ីចឹង គាត់គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទៅ​លើ​អនាម័យ ​ហើយ​កាត់​បន្ថយ​នូវ​ការ​ចេញ​ដើរ​ទៅ​ក្រៅ​ ហើយ​ព្យាយាម​ឲ្យ​បាន​គ្រប់គ្រាន់​គេង​ឲ្យបាន​គ្រប់គ្រាន់​ ដើម្បី​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​គាត់»។​

នៅ​ច្រក​ចូល​គ្លីនិក​ អ្នក​ស្រី​មាន​ដំឡើង​ឡាបូ​លាង​ដៃ​ និង​ដាក់​សាប៊ូ​ឲ្យ​ប្រើប្រាស់។ អ្នក​ចូល​គ្លីនិក​ត្រូវ​ឆ្លងកាត់​ការ​វាស់​កំដៅ​លាង​ដៃ ​នឹង​ទឹក​អាល់កុល​ និង​ទទួល​បាន​ការ​ណែនាំ​អំពី​អនាម័យ​ មុន​ពេល​គេអនុញ្ញាត​ឲ្យ​ដើរ​ចូល​ក្នុង​គ្លីនិក។​

អ្នកស្រី ម៉ុន ស៊ីណា​ វ័យ​២៩​ឆ្នាំ ​គឺ​ជា​ស្ត្រី​ម្នាក់​ទៀត​ដែល​នឹង​ត្រូវ​សម្រាល​កូន​នៅ​ចុង​ខែ​មេសា​នេះ។ ​អ្នកស្រី​គឺ​ជា​កម្មករ​រោងចក្រ​មួយរូប ​ដែល​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​មួយ​នៅ​ភ្នំពេញ​ជាមួយ​នឹង​ស្វាមី។​

អ្នកស្រី​ ស៊ីណា​ បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​ផ្តល់​កំណើត​កូន​នៅ​ពេល​ខាង​មុខ​នេះ ដោយ​និយាយថា៖ «បារម្ភ​ចេះ​តែ​បារម្ភ​ហើយ ​ព្រោះ​អី​ឮ​ពេទ្យ​ថា​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ច្រើន​តែ​ឆាប់​ឆ្លង។​ ដល់​ពេល​ហើយ​ទៅ​ ​ខ្ញុំ​ចេះ​តែ​ការពារ​ខ្លួន​ឯង​អ៊ីចឹង​ទៅ!។​ គេ​ការពារ​ផង​ទៅ!​រោង​ចក្រ​ គេ​មាន​ការពារ​ឲ្យ​យើង​ដែរ»។​

ដំបូង​ឡើយ ​អ្នកស្រី​ ស៊ីណា ​មាន​គម្រោង​ទៅ​សម្រាល​កូន​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ ប៉ុន្តែ​ផែនការ​នេះ​អាច​ប្រែប្រួល។​

អ្នកស្រី​និយាយ​ថា៖​ «ខ្ញុំ​សួរ​គ្រប់​កន្លែង​ហ្នឹង! ​ដំបូង​ថា​ទៅ​ពេទ្យ​ជិ​តនេះ…​យប់​ព្រលប់អី​ កុំ​ឲ្យ​ពិបាក។ ​តែ​មេ​គាត់​ប្រាប់​ថា​ ឲ្យ​ទៅ​ពេទ្យ​រុស្ស៊ី។ ​តែ​បងខ្ញុំ​[ប្តី]​ប្រាប់​ថា​ ពេទ្យ​រុស្ស៊ី​អី!​ ពេទ្យ​រុស្ស៊ី​ អ្នក​ជំងឺ​ច្រើន​ណាស់»។​

អ្នកស្រី​ ស៊ី​ណា​ បាន​គិត​ដល់​ជម្រើស​ផ្សេង​ទៀត​ ដូចជា​ការ​សម្រាល​កូន​នៅ​ឯ​គ្លីនិក​ក្បែរ​ផ្ទះ​ ឬ​ការ​អញ្ជើញ​ឆ្មប​មក​សម្រាល​នៅ​ផ្ទះ​វិញ​ ទៅ​តាម​កាលៈទេសៈ​ជាក់​ស្តែង​នៃ​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​នេះ​នៅ​កម្ពុជា។​

អ្នកស្រី​លើក​ឡើង​ដូច​នេះ ដោយ​សារ​អ្នកស្រី​ទទួល​បាន​ព័ត៌មាន​អំពី​លទ្ធភាព​នៃ​ការ​ហាម​មិន​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ ​ដើម្បី​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​មេរោគ​កូរ៉ូណា ​និង​វិធានការ​នានា​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ជា​បន្តបន្ទាប់។​ កាល​ពី​សប្តាហ៍​មុន រដ្ឋសភា​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​ ក្រោយ​ការ​រីករាលដាល​នៃ​មេ​រោគ​កូរ៉ូណា។​

នាដើម​ខែ​មេសា​នេះ​ រដ្ឋាភិបាល​បាន​ចេញ​បទ​បញ្ជា​មួយ​កំហិត​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ​ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​ដំណើរ​របស់​កម្មករ​ទៅ​ស្រុក​កំណើត​ ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំខ្មែរ​ ដែល​អាច​ជា​មូលហេតុ​មួយ​បង្ក​ឲ្យ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ នៅ​តាម​តំបន់​ ឬ​សហគមន៍។​

ខណៈ​ពេល​ដែល​រដ្ឋាភិបាល​ និង​អង្គការ​សុខភាព​ពិភពលោក​បាន​អំពាវនាវ​ និង​ដាក់​ចេញ​នូវ​វិធានការ​នានា​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​កូរ៉ូណា​នោះ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ​ដែល​ជា​មន្ទីរពេទ្យរដ្ឋ​តែ​មួយ​គត់​ ទទួល​សំណាក​សម្រាប់​ពិនិត្យ​រក​មេរោគ​កូរ៉ូណា​នៅ​ភ្នំពេញ​នោះ​ មិន​ទាន់​មាន​យន្តការ​ការពារ​តឹងរ៉ឹង​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។​

រោងចក្រ​មួយ​នៅ​លើ​ផ្លូវជាតិ​លេខ៦ អនុញ្ញាត​ឲ្យកម្មការនី​រោងចក្រ​ដែល​មាន​ផ្ទៃ​ពោះ​ ត្រូវ​បាន​ឲ្យអទិភាព​ចេញ​ពី​ធ្វើការ​មុន រួច​ទើប​កម្មករ​ទូទៅ​អាច​ចេញ​បាន​តាមក្រោយ នៅ​ថ្ងៃទី០៣ ខែមេសា ឆ្នាំ​២០២០។ (ហ៊ាន​ សុជាតា​/VOA)

នៅ​ច្រក​ចូល​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ គេ​ពុំ​ឃើញ​មាន​ការ​វាស់សីតុណ្ហភាព សាប៊ូ​ ឬ​អាល់កុល​សម្រាប់​លាងដៃ​ និង​មិន​មាន​ការ​ណែនាំ​ទាក់ទង​នឹង​ការ​រក្សា​អនាម័យ​ ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ដល់​អ្នក​ចូល​មន្ទីរពេទ្យ​នោះ​ទេ។ ​ដប​អាល់កុល​មួយ​ចំនួន​ដែល​បំពាក់​នៅ​តាម​បន្ទប់​ និង​អគារ​មន្ទីរ​ពេទ្យ គឺ​ជា​ដប​ទទេ។​

អ្នក​ស្រី ​វ៉ាន់ វង់ ​អាយុ​៦៣​ឆ្នាំ ​ជា​ម្តាយ​ម្នាក់​ដែល​មក​កំដរ​កូន​ ដែល​ជិត​គ្រប់​ខែ​ និង​មាន​អាការៈ​មិន​ស្រួល​ខ្លួន​ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។​ នៅ​បន្ទប់​នោះ​ មាន​គ្រែ​ចំនួន​ ១០​ ដែល​ចែក​ម្ខាង​៥​គ្រែ​ និង​មាន​ផ្លូវ​ដើរ​កណ្តាល។​ យ៉ាង​ហោច​ណាស់ ​អ្នក​សម្រាក​ម្នាក់​មាន​អ្នក​កំដរ​ម្នាក់។

អ្នកស្រី​ដែល​មក​ពី​ខេត្ត​តាកែវ​ មិន​បាន​ដឹង​ថា​ពេទ្យ​នេះ​ជា​កន្លែង​ទទួល​សំណាក​ពិនិត្យ​រក​មេរោគ​កូរ៉ូណា​ និង​ជា​កន្លែង​ដែល​អ្នក​ជំងឺ​កូវីដ១៩​ទទួល​ការ​ព្យាបាល​ទេ។​

អ្នកស្រី​និយាយ​ថា៖​ «ភ័យ​ដែរ​តែ​យើង​មិន​ដឹង​ថា​ ធ្វើ​ម៉េច​ទេ។​ បើ​យើង​ត្រូវ​កើត​ចៀសមិ​នរួច​ទេ​ ប៉ុន្តែ​មុន​នឹង​ចៀស​មិន​រួច​ យើង​ត្រូវ​ការពារ​ខ្លួន​យើង»។​

អ្នកស្រី​រៀបរាប់​បន្ត​អំពី​បន្ទប់​ពេទ្យ​ដែល​កូន​អ្នក​ស្រី​ស្នាក់​នៅ​ត្រៀម​សម្រាល​កូន។ អ្នកស្រី​និយាយ​យ៉ាង​ដូច​ច្នេះ​ថា៖ «គាត់​ [បុគ្គលិក]​ យក​អាល់​កុល​មក​បាញ់​អ៊ីចឹង​ ហើយ​យើង​ទិញ​ [អាល់កុល]​ ខ្លួន​យើង​មក​បាញ់​ខ្លះ​ អ៊ីចឹង​ទៅ! ​ឬមួយ​ពេទ្យ​មក​មិន​ទាន់​អី​ យើង​ចង់​ស្អាត​ខ្លួនយើង​ យើង​ទិញ ​[អាល់កុល]​មក​ថែម​យើង​បាញ់​គ្រែ​ខ្លួន​យើង។ ​ដូច​ថា​មួយ​ថ្ងៃ​ហ្នឹង ​គេ​បាញ់​បាន​មួយ​ដង»។​

ទោះបី​ជា​យ៉ាង​ណាក៏​ដោយ​ លោក​ ជឹម បញ្ចសិទ្ធិ​ ជា​អនុប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​ រៀបរាប់​អំពី​ការ​រក្សា​អនាម័យ ​និង​សុវត្ថិភាព​នៅ​ក្នុង​មន្ទីរពេទ្យ​របស់​លោក​ថា៖​

«មន្ទីរ​ពេទ្យ​មាន​ការ​រៀបចំ​គិត​គូរ​ពី​សុវត្ថិភាព​ មិន​ត្រឹម​តែ​មន្ត្ រី​និង​បុគ្គលិក​មន្ទីរ​ពេទ្យ​ទេ ​គឺ​គិតគូរ​ដល់​សុវត្ថិភាព​បងប្អូន​ប្រជា​ពល​រដ្ឋ​ ដែល​មក​ប្រើ​សេវា​នៅ​ក្នុង​មន្ទីរពេទ្យ​គ្រប់ជ្រុង​ជ្រោយ»។​

លោក​បន្ត​ថា៖​ «សូម្បី​តែ​អ្នក​មក​ពិនិត្យ​ជំងឺកូវីដ គេ​មាន​ការ​តម្រង់​ជួរ​ត្រឹមត្រូវ​ចាប់​លេខ​ឈរ​គម្លាត​ពី​គ្នា​រយៈ​ចម្ងាយ​ពីមួយ​ម៉ែត្រ​ទៅ​ពីរ​ម៉ែត្រ។ ​គេរៀ​បចំ​តាំងពី​មុន​ផ្ទុះ​កូវីដ​ទៀត។ គេរៀប​ចំ​ការងារ​ ការ​បង្ការ​និង​ការ​ទប់ស្កាត់​ការ​ចម្លង​រោគ​តាំង​ពី​យូរ​ហើយ ​អត់​ចាំបាច់​ដល់​តែ​មាន​កូវីដ​ទេ។​ ប៉ុន្តែ​ដល់​តែ​មាន​កូវីដ​គេ​រឹតតែ​ប្រយ័ត្ន»។​

អ្នក​ជំនាញ​សុខភាព​ផ្លូវ​ចិត្ត​ ប្រាប់​វីអូអេ​ថា ការ​រីករាល​ដាល​នៃ​ជំងឺ​រាតត្បាត​សាកល​នេះ​ន្ថែម​សម្ពាធ​ផ្លូវ​ចិត្តដល់​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ហើយ​ពួក​គេ​ត្រូវការ​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ពី​អ្នក​ពាក់ព័ន្ធ។​

អ្នកស្រី ​យឹម សុធារី​ ជា​អ្នក​ជំនាញ​ផ្នែក​ចិត្តសាស្ត្រ​មួយ​រូប​ថ្លែង​ថា​ ជា​ទូទៅ​ស្ត្រី​មាន​ផ្ទៃ​ពោះ​តែងតែ​បារម្ភ​អំពី​សុវត្ថិភាព​ក្នុង​ពេល​សម្រាល​ដែល​គេ​ប្រើ​ពាក្យ​ថា ​«ឆ្លងទន្លេ» ​សំដៅ​ដល់​បទ​ពិសោធន៍​ដ៏​លំបាក​របស់​ស្ត្រី​គ្រប់រូប។​

អ្នកស្រី​ យឹម សុធារី​ អ្នកឯកទេសព្យាបាល​ផ្លូវចិត្ត​ ផ្តល់​បទ​សម្ភាស​ដល់វីអូអេ​ អំពី​សុខភាព​ផ្លូវចិត្ត​ក្នុងអំឡុងពេលនៃការ​រីករាល​ដាល​ជំងឺ​កូវីដ១៩ នៅ​ថ្ងៃទី០៥ ខែមេសា ឆ្នាំ​២០២០។ (ខាន់ សុគុំមនោ/VOA)

ដូច្នេះ​អ្នកស្រី​ យឹម​ សុធារី ​មាន​ប្រសាសន៍​ថាស្ត្រី​មាន​ផ្ទៃពោះ​គួរ​បន្ថយ​ភាព​តាន​តឹង​ផង​ដែរ​ តាម​រយៈ​វិធី​សាស្ត្រ​មួយ​ចំនួន។​

អ្នកស្រី​និយាយ​ថា៖​ «ព្យាយាម​ធ្វើ​អ្វី​តាម​ទម្លាប់របស់​ខ្លួន​ដូច​សព្វ​ដង​ដូចជា​ បើ​យើង​ធ្លាប់​ហាត់​ប្រាណ​តិច​តួច​ ធ្វើ​យ៉ូហ្កា​ហាត់ ​សមាធិ​ផ្លូវ​អារម្មណ៍​អី​មួយ​ចំនួន ​ឬ​ក៏​របប​អាហារ​ អនាម័យ​រាង​កាយ ​អនាម័យ​សុខាភាព​ យើង​ធ្វើ​ធម្មតា​ដូចតែ​ធម្មតា​ហ្នឹង​ទៅ។ ​ខ្ញុំ​ដឹង​ថា ​ស្ថាន​ភាព​កូវីដ​១៩​នេះ​ជា​ស្ថាន​ភាព​ពិសេស​ ប៉ុន្តែ​យើង​ព្យាយាម​ធ្វើអ្វី​ជា​សកម្ម​ភាព​ប្រចាំ​ថ្ងៃ​របស់​យើង ​ដែល​យើង​ធ្វើ​ហើយនាំ​ឲ្យ​យើង​មាន​សុខភាព​ល្អ»។​

អ្នកស្រី ​សុធារី​ បន្ត​ទៀត​ថា​ ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​ស្វាមី ​និង​សមាជិក​គ្រួសារ ​ក៏ជា​ផ្នែក​ដ៏​សំខាន់​ជួយ​ពង្រឹង​ស្មារតី​ស្ត្រីពរ​ពោះ​ផង​ដែរ។​ ក្រៅ​ពីគ្រួសារ ​អ្នកស្រី​លើក​ឡើង​ថា ​រដ្ឋាភិបាល​ក៏គួរ​កំណត់​យន្តការ​ជាក់លាក់​ដើម្បី​ធានា​អនាម័យ​នៅ​តាម​មន្ទីរពេទ្យ​និង​សម្ភព។​

អ្នកស្រី​និយាយ​ថា៖​ «ស្នើ​រដ្ឋាភិបាល​យើង​ឲ្យ​យក​ចិត្ត​ទុក​ដាក់​មើល​ខាង​មន្ទីរ​ពេទ្យ សម្ភព​អី​ហ្នឹង​ឲ្យ​មើល​ថែទាំ​អនាម័យ​ដាក់​ឲ្យ​គាត់​ដាច់​ដោយ​ឡែក​ពី​អ្នក​ជំងឺ​ផ្សេងៗ។​ វាជួយ​ទាំង​ផ្លូវ​កាយ ​វា​ជួយ​ទាំង​ផ្លូវចិត្ត​គាត់​ទៀត»។​

ការ​បន្ត​កើន​ឡើង​នៃ​ករណី​ជំងឺកូវីដ​១៩​នេះ​ បាន​ធ្វើ​ឲ្យ​ ស្រីរ័ត្ន ​សម្រេច​ចិត្ត​ឈប់​ពី​ការងារ​ជា​បុគ្គលិក​ផ្នែក​លក់​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ​អ្នក​ផ្លាស់​ទៅ​រស់នៅ​ផ្ទះ​របស់​ឪពុក​ម្តាយ​នាង​នៅ​ឯ​ខេត្ត​កណ្តាល។​ ស្រីរ័ត្ន​ ឈប់​ទៅ​ផ្សារ​ទៀត​ហើយ ដើម្បី​ចៀសវាង​កន្លែង​អ៊ូអរ​ និង​ចៀសវាង​ទំនាក់​ទំនង​ផ្ទាល់​ជាមួយ​អ្នក​ដទៃ។​

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖​ «គេ​តែង​តែ​និយាយ​ថា ​ហានិភ័យ​លើស្ត្រី​មាន​ផ្ទៃ​ពោះ​វា​មាន​ខ្លាំង​ជាង​មនុស្ស​ទូទៅ»៕