ភាពយន្ត​ឯកសារ​ខ្នាត​ខ្លី «សាធុ» បង្ហាញ​ពី​ជីវិត​និង​ជំនឿ​សាសនា​របស់​ខ្មែរអាមេរិកាំង​

លោកស្រី សំ ឈុន អុជធូបនៅក្នុងព្រះវិហារព្រះពុទ្ធសាសនាមួយ នៅទីក្រុង Long Beach រដ្ឋ California ក្នុងពេលថតភាពយន្តឯកសារខ្នាតខ្លី «សាធុ»។ (រូបថត Nocturnal Productions LLC)

លោកស្រី សំ ឈុន អុជធូបនៅក្នុងព្រះវិហារព្រះពុទ្ធសាសនាមួយ នៅទីក្រុង Long Beach រដ្ឋ California ក្នុងពេលថតភាពយន្តឯកសារខ្នាតខ្លី «សាធុ»។ (រូបថត Nocturnal Productions LLC)

ទីក្រុងឈីហ្គាហ្គូ រដ្ឋអ៊ីលីណយ — ទោះ​ក្នុង​ទឹក​មុខ​ពោរ​ពេញ​ដោយ​ភាព​នឿយហ៊ត់ លោក លី ប្រាជ្ញ បាន​រៀបរាប់​អំពី​ការ​ផលិត​ភាពយន្ត​ឯកសារ​ខ្នាត​ខ្លី​មួយ​អំពី​ប្រធានបទ​ដែល​លោក​មិន​ធ្លាប់​ធ្វើ​ពី​មុន ដោយ​អារម្មណ៍​មោទនភាព ទាំង​មិន​ដឹង​ខ្លួន។

លោក លី ប្រាជ្ញ ថ្លែងក្នុងបទសម្ភាសន៍​ជាមួយ VOA ​ថា៖ «យើង​បាន​ថត​ភាពយន្ត​នេះ​កាលពី​ឆ្នាំ​មុន។ ខ្ញុំ​ស្គាល់​ពលរដ្ឋ​ក្នុង​សហគមន៍​ច្រើន​ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ផលិត​ភាពយន្ត​នេះ ហើយ​សួរ​ពួកគេ​អំពី​សាសនា»។

«សាធុ» ជា​ភាពយន្ត​ឯកសារ​ដែល​បង្ហាញ​ពី​រឿងរ៉ាវ​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ចំនួន ៤ នាក់ និង​អំពី​ជំនឿ​និង​សាសនា​របស់​ពួកគេ។ អ្នក​ខ្លះបាន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជាហើយ​ឆ្លង​ផុត​ពី​ការ​សម្លាប់​រង្គាល​ក្នុង​អំឡុង​របប​ខ្មែរ​ក្រហម នា​ចន្លោះ​ទសវត្សរ៍ ១៩៧០ និង ១៩៨០ មុន​ពេល​ពួកគេ​បាន​ភៀសខ្លួន​មក​រស់នៅ​សហរដ្ឋ​អាមេរិក។ ហើយ​អ្នក​ខ្លះ​ទៀត បាន​ធំដឹង​ក្តី​នៅ​សហរដ្ឋ​អាមេរិក ហើយ​ត្រូវ​រៀន​សូត្រ​អំពី​រឿងរ៉ាវ​ប្រវត្តិសាស្ត​ដ៏​ជូរចត់​របស់​ក្រុមគ្រួសារ​ពេល​នៅ​កម្ពុជា។

លោក លី​ ប្រាជ្ញ ជា​អតីត​តារាចម្រៀងរ៉េបនិងសមិទ្ធិករភាពយន្តអាមេរិកាំងដ៏ឆ្នើមមួយរូប ពេលទទួលពានរង្វាន់ក្នុងកម្មវិធីពានរង្វាន់ភាពយន្តរដូវរងារ (Winter Film Awards) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៩។

លោក លី​ ប្រាជ្ញ ជា​អតីត​តារាចម្រៀងរ៉េបនិងសមិទ្ធិករភាពយន្តអាមេរិកាំងដ៏ឆ្នើមមួយរូប ពេលទទួលពានរង្វាន់ក្នុងកម្មវិធីពានរង្វាន់ភាពយន្តរដូវរងារ (Winter Film Awards) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៩។

ជា​អតីត​តារាចម្រៀងរ៉េបនិង​អ្នក​និពន្ធ​បទ​ចម្រៀងខ្មែរ​អាមេរិកាំង​ដ៏​ល្បី​មួយ​រូប​លោក លី​ ប្រាជ្ញ មាន​ចំណាប់​អារម្មណ៍​ខ្លាំង​និង​ស៊ីជម្រៅ​លើ​ជំនឿ សាសនា និង​ប្រពៃណី​របស់​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ ដែល​បាន​ឆ្លង​កាត់​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​ដ៏​ប្រល័យ។

ស្ទើរ​តែ​គ្រប់​បទ​ចម្រៀង​ដែល​លោក​បាន​និពន្ធ​និង​ច្រៀង​ចាប់តាំង​ពីដើម​ទសវត្សរ៍​ឆ្នាំ ២០០០ មក សុទ្ធ​តែ​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ជាតិសាសន៍ ជំនឿ និង​ប្រពៃណី​ខ្មែរ អម​ជាមួយ​នឹង​រឿងរ៉ាវ​ដែល​កើត​ឡើង​ក្នុង​សង្គម​ខ្មែរ និង​សង្គម​ខ្មែរ​អាមេរិកាំង។​បច្ចុប្បន្ន​ជា​អ្នក​និពន្ធ​និង​សមិទ្ធិករ​ភាពយន្ត​មួយ​រូប លោក លី ប្រាជ្ញ ​មិន​ធ្លាប់​គិត​ថា​លោក​នឹង​មាន​ឱកាស​ផលិត​ជា​ភាពយន្ត​ឯកសារ​អំពី​ជំនឿ​និង​សាសនា​នោះ​ទេ។

ប៉ុន្តែ​ឱកាស​ផលិត​ភាពយន្ត​ខ្នាត​ខ្លី ដែល​មាន​រយៈពេល​ជិត​ ៣០ នាទី នេះ​ បាន​ហុច​មក​ដល់​រូប​លោក នៅ​ពេល​សារមន្ទីរ​ National Museum of Asian Art ​នៃ​មជ្ឈមណ្ឌល​សិល្បៈ Smithsomian ដ៏​ធំ​បំផុត​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ទាក់ទង​មក​រូប​លោក​អំពី​គម្រោង​ភាពយន្ត​ឯកសារ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​តាំង​ពិព័រណ៌​វត្ថុបុរាណ​ខ្មែរ។

លោក លី ប្រាជ្ញ រៀបរាប់​អំពី​គម្រោង​នៃ​ការ​តាំង​ពិព័រណ៌​នេះ​ថា៖ «ផ្នែក​មួយ​នៃ​ពិព័រណ៌​នេះ​គឺ​ផ្តោត​លើ​សាសនា​នៅ​កម្ពុជា អំពី​ប្រជាពលរដ្ឋ​កម្ពុជា និង​អំពី​សាសនា​និង​សហគមន៍​ខ្មែរ​អាមេរិកាំង​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក»។

លោក​ លី ប្រាជ្ញ​បាន​បកស្រាយ​នៅ​ក្នុងបទសម្ភាន៍​ជាមួយ​VOA កាលពី​ខែ​កុម្ភៈ​ថា ដើម្បី​ផលិត​ភាពយន្ត​អំពី​ជំនឿ​និង​សាសនា​របស់​កម្ពុជា​វា​ចាំបាច់​ដែល​ភាពយន្ត​ឯកសារ​នេះ​បង្ហាញ​រឿង​រ៉ាវ​ជីវិត​ផ្ទាល់​ខ្លួន​របស់ប្រជាពលរដ្ឋ​ខ្មែរ។​ភាគច្រើន​ពួកគេ​បាន​ឆ្លង​កាត់​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម និង​បទពិសោធន៍​ក្នុង​ជីវិត​របស់​ពួកគេ​រៀងៗ​ខ្លួន ដែល​ជា​រួម​បាន​បណ្តុះ​ទស្សនៈ​របស់​ពួកគេ​ផ្ទាល់ស្តីអំពី​ជំនឿ​និង​សាសនា​ដែល​ពួកគេ​ទទួល​យក​និង​ប្រតិបត្តិ​ជាក់​ស្តែង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។

លោក លី ប្រាជ្ញ ពន្យល់ថា៖ «ហើយ​ក្នុង​អំឡុង​ពេល​ខ្មែរ​ក្រហម​និង​អ្វី​ដែល​បាន​កើត​ឡើង​នៅ​វាលពិឃាត ពួក​ខ្មែរ​ក្រហម​លុប​បំបាត់​សាសនា។ អ៊ីចឹង​តើ​សហគមន៍​ខ្មែរ​អាមេរិកាំង​ដែល​មក​ដល់​អាមេរិក​ដំបូង និង​កូនៗ​របស់​ពួកគេ​មក​រស់នៅ​បរទេស​ ដូចជា​អាមេរិក​ដោយ​របៀប​ណា? តើ​ពួកគេ​ចាប់ផ្តើម​បង្កើត​សហគមន៍​ខ្មែរ​ដោយ​របៀប​ណា? តើ​ពួកគេ​មាន​ជំនឿ​បែប​ណា?»។

ទាំង​អស់​នេះ​គឺជា​សំណួរ​ដែល​លោក​បាន​ចោទ​សួរ​នៅ​ក្នុង​ភាពយន្ត​ឯកសារ​«សាធុ» តាមរយៈ​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​របស់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ ៤ រូប នៅ​រដ្ឋ​ Ohio រដ្ឋ​ Massachussetts រដ្ឋ Florida និង​រដ្ឋ California។ លោក​បាន​រៀបរាប់​បន្ត​ទៀត​ថា៖

«សាសនា​គឺជា​ប្រធានបទ​មួយ​ដ៏​ធំ​ណាស់។ ប៉ុន្តែ​ខ្ញុំ​ព្យាយាម​ធ្វើ​ឲ្យ​វា​ងាយ​ស្រួល​យល់​អំ​ពី​ជំនឿ​របស់​អ្នក​ទាំង​៤ នាក់ ដោយ​មិន​ព្យាយាម​កែ​តម្រូវ​ឬ​សម្រួល​អ្វី​នោះ​ទេ។ អ្វី​ដែល​ខ្ញុំ​ព្យាយាម​សម្រេច​បាន​នោះ​គឺ​បង្ហាញ​និង​រៀបរាប់​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​របស់​ពួកគេ។ ហើយ​យើង​សម្រេច​បាន​បែប​នេះ​មែន។ ខ្ញុំ​ពិត​ជា​មាន​មោទនភាព និង​រីករាយ​នឹង​លទ្ធផល​ចុងក្រោយ។ ភាពយន្ត​នេះ​មាន​លក្ខណៈ​ពិសេស​មែន​ទែន។ ហើយ​ខ្ញុំ​យល់​ថា យើង​ពិត​ជា​ធ្វើ​ឲ្យ​រឿវរ៉ាវ​របស់​ពួកគេ​មាន​ខ្លឹមសារ​ត្រឹមត្រូវ​ពេញលេញ ទោះ​បី​ជា​វា​ជា​ភាពយន្ត​ឯកសារ​ខ្លី​ក៏​ដោយ»។

ជីវិត​ជំនឿ​និង​សាសនា

តាមរយៈ​ភាពយន្ត​ឯកសារ «សាធុ» រឿងរ៉ាវ​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ទាំង​៤ នាក់​នេះ ខុស​គ្នា តែ​ក៏​ប្រហាក់​ប្រហែល​គ្នា​ក្នុង​ន័យ​មួយ​ដែល​បាន​ឆ្លុះ​បង្ហាញ​ពី​ភាព​ផ្សារភ្ជាប់​គ្នា​នៃ​ជំនឿ​និង​សាសនា​ទៅ​នឹងបទពិសោធន៍​ជីវិត​ជាក់​ស្តែង។​

សម្រាប់​អ្នក​ស្រី​អ៊ឹង លួង (Loung Ung) កាលពី​កុមារភាព​ក្នុង​អំឡុង​ពេល​ភៀសខ្លួនរស់នៅ​ក្នុង​ជំរំ​ជនភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃអ្នកស្រី​ធ្លាប់​មាន​ខ្សែករ​ដែល​មាន​បន្តោង​ពីរ។ បន្តោង​មួយ ជា​រូប​ឈើ​ឆ្កាង តំណាង​គ្រិស្តសាសនា​និង​បន្តោង​មួយ​ទៀត​ជា​រូប​ព្រះពុទ្ធ តំណាង​ឲ្យ​ព្រះពុទ្ធសាសនា​។ អ្នកស្រី​បាន​ប្រតិបត្តិ​គ្រិស្ត​សាសនា​នៅ​ក្នុង​ជំរំ ក្រោយ​ពី​បាត់បង់​ឪពុកម្តាយ​ដែល​ជា​មេបា​ក្នុង​ជីវិត។ ជា​ក្មេងស្រី​តូច​ម្នាក់ អ្នក​ស្រី​គ្រាន់តែ​ដឹង​ថា អ្នក​ស្រី​នឹង​ដាក់​បន្តោង​រូប​ព្រះ​ពុទ្ធ​មក​ខាង​មុខ ហើយ​ដាក់​បន្តោង​រូប​ឈើ​ឆ្កាង​ទៅ​ខាង​ក្រោយ អាស្រ័យ​ទៅ​លើ​ជាតិសាសន៍​របស់​បុគ្គល​ដែល​មក​និយាយ​ជាមួយ​អ្នក​ស្រី។ អ្នកស្រី អ៊ឹង លួង ជា​អ្នក​និពន្ធ​សៀវភៅ «មុន​ដំបូងខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ» ដ៏​ល្បី​ឈ្មោះ ហើយ​សព្វថ្ងៃ​នេះ អ្នក​ស្រី​កំពុង​រស់នៅ​ក្នុង​រដ្ឋ Ohio។​

រីឯ​លោក លី ពន់ (Pon “Carvi” Ly) វិញ កាល​ពី​កុមារភាព​លោក​និង​ក្មេងៗ​នៅ​ក្នុង​ស្រុក​ឯកភ្នំ ធ្លាប់​រត់លេង​ក្នុង​វត្ត​ឯកភ្នំ ដែល​សម្បូរ​ដោយ​រូប​សំណាក​ព្រះពុទ្ធ​អង្គ​ធំៗ តែ​ពេល​ខ្មែរ​ក្រហម​ចូល​ស្រុក វត្ត​នេះ​បាន​ក្លាយ​ជា​មន្ទីរ​ធ្វើ​ទារុណកម្ម គុក​និង​កន្លែង​សួរ​ចម្លើយ។ លោក​និង​ក្មេងៗ​ក្នុង​ភូមិ​បាន​ឃើញ​ខ្មែរ​ក្រហម​សម្លាប់​មនុស្ស​ក្នុង​វត្ត ហើយ​វាយ​បំផ្លាញ​រូប​ព្រះពុទ្ធអង្គ​ចោល​នឹង​ភ្នែក។ ក្រោយ​ពី​បាន​មក​រស់នៅ​រដ្ឋ Florida សហរដ្ឋ​អាមេរិក លោក លី ពន់ និង​ឪពុក បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ហើយ​បាន​ជួយ​សាងសង់​វត្ត​និង​ព្រះពុទ្ធ​អង្គ​ដែល​ខ្មែរ​ក្រហម​បាន​បំផ្លាញ​ទាំង​នោះ​ឡើងវិញ ដើម្បី​ជូន​ដំណើរ​ដល់​ដួង​ព្រលឹង​របស់​អ្នក​ស្លាប់​ទៅ​ក្រោម​អំពើ​ប្រល័យ​ពូជសាសន៍​របស់​ពួក​ខ្មែរ​ក្រហម។

សម្រាប់​អ្នកស្រី ឡាថ មៀ (Mea Lath) សាសនា​និង​សិល្បៈ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត​របស់​អ្នកស្រី ក្នុង​នាម​ជា​អ្នក​រាំ​របាំ​ព្រះរាជទ្រព្យ​និង​ជា​គ្រូ​បង្ហាត់​របាំ​បុរាណ​ខ្មែរ​ម្នាក់​នៅ​ទីក្រុង Long Beach រដ្ឋ California។

សម្រាប់​អ្នក​នាង Bonieta Lach ដែល​កើត​នៅ​ទីក្រុង​ Boston រដ្ឋ Massachusetts ក្នុង​គ្រួសារ​ខ្មែរ​ដែល​ប្រតិបត្តិ​សាសនា​ព្រះពុទ្ធ អ្នក​នាង​ត្រូវបាន​ឲ្យ​ចុះ​ឈ្មោះ​ឲ្យ​ចូល​រៀន​ក្នុង​សាលា​សាសនា​កាតូលិក ពេល​អ្នក​នាង​នៅ​តូច។ ហើយ​នៅ​ពេល​អ្នក​នាង​ធំ​ដឹង​ក្តី ពេល​ដាក់​ពាក្យ​ចូល​រៀន​សាកល​វិទ្យាល័យ អ្នក​នាង​បាន​សរសេរ​ថា អ្នក​នាង​ជឿ​លើ​សាសនា​និង​ជំនឿវិញ្ញាណនិយម ឬជំនឿអារក្សអ្នកតា។

រូបថតដកស្រង់ចេញពីវីដេអូនៃខ្សែភាពយន្តឯកសារខ្នាតខ្លី «សាធុ» បង្ហាញអ្នកនាង មៀ ឡាថ អ្នករាំរបាំព្រះរាជទ្រព្យ និងជាគ្រូបង្ហាត់របាំបុរាណខ្មែរ អុជធូប។ (រូបថតដោយ Nocturnal Productions LLC)

រូបថតដកស្រង់ចេញពីវីដេអូនៃខ្សែភាពយន្តឯកសារខ្នាតខ្លី «សាធុ» បង្ហាញពួកខ្មែរក្រហមបំផ្លាញរូបព្រះពុទ្ធ។ (រូបថតដោយ Nocturnal Productions LLC)

តួអង្គទាំង ៤ រូបនេះ​មាន​ជំនឿ​បែប​ផ្សេងៗគ្នា ប៉ុន្តែលោក លី ប្រាជ្ញ លើកឡើងថា គ្រប់​ជំនឿ​ទាំងអស់​សុទ្ធ​តែ​មាន​ប្រយោជន៍​ចំពោះអ្នកដែល​ជឿ។

«សាសនា​ដើរ​តួនាទី​មួយ​ផ្នែក​ក្នុង​ដំណើរ​ជីវិត​របស់​ពួកគេ ដូច​គ្នា​នឹង​ជំនឿ​ដែរ។ ហើយ​ខ្ញុំ​ជឿ​ថា ជំនឿ​សាសនា​គឺជា​អ្វី​ដែល​ជួយ​ឲ្យពួក​បន្ត​ដំណើរ​ជីវិត​បន្ត​ទៀត ដោយ​ភាព​រឹងមាំ។ ហើយមិន​ថា​អ្វី​ក៏​ដោយ​ដែលពួកគេ​ជឿ​លើ​ឲ្យ​តែ​វា​ជួយ​ឲ្យ​ពួកគេ​រឹង​មាំ និង​គិត​វិជ្ជមាន​ក្នុង​ជីវិត»។

​«សាធុ» ជា​ពាក្យ​ខ្មែរ​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​សាសនា អត្តចរិក​និង​ឥរិយាបថ​ប្រាស្រ័យ​ទាក់​ទង​គ្នា​រវាង​មនុស្ស​ចាស់​ក្មេង ចាស់ទុំ​ជីដូនជីតា នៅ​ក្នុង​សង្គម​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​ពាក្យ​នេះបង្ហាញ​ពី​អំពើ​ល្អ​ប្រពៃ​និង​ការ​ទទួល​អនុមោទនា។ លោក លី ប្រាជ្ញ បាន​ពន្យល់​អំពី​ការ​សម្រេច​ចិត្ត​យក​ពាក្យ​«សាធុ» មក​ដាក់ជា​ចំណង​ជើង​ភាពយន្ត​ឯកសារ​ខ្នាត​ខ្លី​នេះ​ថា៖​

«ពាក្យ​នេះ​ផ្តល់​នូវ​អត្ថន័យ​ដ៏​ចំហរ​មួយ។ ពាក្យ «សាធុ» យើង​តែង​តែ​ឮ​ចាស់ៗ​និយាយ​ទៅ​ក្មេងៗ​រហូត ហើយ​ខ្ញុំ​យល់​ថា ពាក្យ​នេះ​បង្កប់​ន័យ​មួយ​ដែល​ល្អ​ប្រពៃ ហើយ​សាធុ​ ប្រៀប​ដូចជា​ការ​គិត​ពី​អំពើ​ល្អ ឬ​ផ្តល់​អំពើ​ល្អ​អ៊ីចឹង​ដែរ»។

«ធ្វើ​ដើម្បី​សហគមន៍»

មាន​ដើម​កំណើត​នៅ​ភូមិ​មួយ​ក្បែរ​វត្ត​ឯកភ្នំ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង លោក លី ប្រាជ្ញ គឺជា​អ្នក​និពន្ធ​សមិទ្ធិករ​ភាពយន្ត​និង​សិល្បៈករ​ខ្មែរ​អាមេរិកាំង​ដ៏​ឆ្នើម​មួយ​រូប ក្នុង​សហគមន៍​ខ្មែរ​អាមេរិកាំង។ ស្នាដៃ​ផលិត​ភាពយន្ត​របស់​លោក​មុនៗ​ដូចជា​ភាពយន្ត «តន្ត្រី​ជីវិត» បាន​ទទួល​ពាន​រង្វាន់​ជា​ច្រើន។ លោក​ក៏​ជា​សហស្ថាបនិក​មហោស្រព​ភាពយន្ត Cambodian Town ដែល​ត្រូវបាន​បង្កើត​ឡើង​កាលពី​ចុង​ឆ្នាំ ២០១៣ ជាមួយ​សមិទ្ធិករ​ភាពយន្ត​ខ្មែរ​អាមេរិកាំង​ដ៏​ល្បី​ម្នាក់​ទៀត​គឺ​អ្នកស្រី សូ ខេលី ដើម្បី​លើក​កម្ពស់​និង​ឲ្យ​តម្លៃ​ដល់​ភាព​ច្នៃ​ប្រតិដ្ឋ​ថ្មី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ពិភពលោក។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​កាលពី​ខែ​កុម្ភៈ លោក លី ប្រាជ្ញ បាន​និយាយ​ថា លោក​មាន​ចំណាប់​អារម្មណ៍​និង​គោល​បំណង​ផលិត​តែ​ភាពយន្ត​ខ្នាត​ធំតែ​ប៉ុណ្ណោះ។ ហើយ​លោក​មិន​បាន​ផលិត​ភាពយន្ត​ខ្នាត​ខ្លី​ជា​យូរ​មក​ហើយ។​ក៏​ប៉ុន្តែ ភាពយន្ត​ «សាធុ» ដែល​ជា​ភាពយន្ត​ឯកសារ​ខ្នាត​ខ្លី មាន​ន័យ​សម្រាប់​សមិទ្ធិករ​ភាពយន្ត​វ័យ​សែសិប​ប្លាយ​រូប​នេះ​ណាស់។

«អ្នក​ដឹង​ទេ ខ្ញុំ​ធ្លាប់​ប្រាប់​ខ្លួន​ខ្ញុំ​ថា ខ្ញុំ​នឹង​ផលិត​តែ​ភាពយន្តខ្នាត​ធំ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ភាពយន្ត​នេះ ជា​ករណី​លើក​លែង ពីព្រោះ​ខ្ញុំ​យល់​ថា ខ្ញុំ​ត្រូវ​តែ​ធ្វើ​វា ដើម្បី​សហគមន៍​របស់​ខ្ញុំ ដើម្បី​ចែក​រំលែក​រឿងរ៉ាវ​របស់​ពួកគេ»។

រូបបដារបស់ភាពយន្តឯកសារខ្នាតខ្លី «សាធុ» ដែលត្រូវបាននិពន្ធ ដឹកនាំ និងផលិតដោយលោក លី ប្រាជ្ញ សមិទ្ធិករភាពយន្តខ្មែរអាមេរិកាំងដ៏ឆ្នើមម្នាក់។ (រូបថតដោយ Nocturnal Productions LLC)

សម្រាប់​ការ​ថត​ភាពយន្ត​«សាធុ» នេះ លោក លី ប្រាជ្ញ បាន​ចំណាយ​ពេល​ជិត​មួយ​សប្តាហ៍​ពី​ចន្លោះ​ខែ​វិច្ឆិកា និង​ខែ​ធ្នូ ឆ្នាំ​មុន​ដោយ​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋ​ចំនួន ៤ ស្ទើរតែ​គ្រប់​ភូមិភាគ​សហរដ្ឋ​អាមេរិក រួមមាន​រដ្ឋ Massachusetts រដ្ឋ Ohio រដ្ឋ​Florida និង​រដ្ឋ California ដែល​មាន​ប្រជាពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​និង​ជន​អន្តោប្រវេសន៍​ខ្មែរ​រស់នៅ​ច្រើន​ជាង​គេ​បង្អស់។

ជា​សមាជិក​សហគមន៍​ខ្មែរ​អាមេរិកាំង​ដ៏​សកម្ម​មួយ​រូប​នៅ​តំបន់​ភូមិខ្មែរ ក្នុងទីក្រុង Long Beach រដ្ឋ California លោក លី ប្រាជ្ញ ជា​បុគ្គល​មួយ​រូប​ដែល​មាន​ទាំង​បទ​ពិសោធន៍​និង​ចំណេះ​ដឹង​ស៊ី​ជម្រៅ​អំពី​រឿងរ៉ាវ​ដែល​បាន​និង​កំពុង​កើត​ឡើង​ក្នុង​សហគមន៍​ខ្មែរ។ លោក​ថែម​មាន​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​តាម​សហគមន៍​ជា​ច្រើន​ទូទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ។ ប៉ុន្តែ​លោក​ថា នៅ​មាន​អ្វី​ជា​ច្រើន​ទៀត​ដែល​លោក​អាច​រៀន​សូត្រ​និង​យល់​ដឹង​បន្ថែម​ទៀត​ពី​សហគមន៍​របស់​លោក។

«ខ្ញុំ​ពិត​ជា​ដឹង​គុណ​ណាស់ ដែល​ពួកគេ​បាន​បើក​ទូលាយ​អំពី​ជីវិតរបស់​ពួកគេ ហើយ​មិន​គ្រាន់​តែ​ព្រម​និយាយប្រាប់ខ្ញុំ​ព្រោះ​ខ្ញុំ​ជា​មិត្តភក្តិ​របស់​ពួកគេនោះទេ។ តែ​ពួកគេ​ពិតជា​បើក​ទូលាយ​ហើយ​រៀបរាប់​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​រហូត​ដល់​ខ្ញុំ​បាន​ដឹង​ពី​ជីវិត​របស់​ពួកគេ ដែល​ខ្ញុំ​មិន​ធ្លាប់​ដឹង​ពី​មុន»។

​«សាធុ» គឺជា​ភាពយន្ត​ឯកសារ​ខ្នាត​ខ្លី​ដំបូង​បង្អស់​មួយស្តីអំពី​ជំនឿ​និង​សាសនា​ដែល​លោក​ លី ប្រាជ្ញ ជា​អ្នក​និពន្ធ​ ដឹកនាំ និង​ផលិត​ដោយ​ផ្ទាល់។ ភាពយន្ត​នេះ នឹង​ត្រូវ​ចាក់​បញ្ចាំង​ជូន​សាធារណជន​នៅ​សារមន្ទីរ​ជាតិ​សម្រាប់​សិល្បៈអាស៊ី ឬ National Museum of Asian Art នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ពិធី​តាំង​ពិព័រណ៌​ដែល​មាន​ឈ្មោះ​ថា “Revealing Krishna” ពី​ចុង​ខែ​មេសា រហូត​ដល់​ខែ​កញ្ញា ឆ្នាំ ២០២២​នេះ។ ហើយ​ភាពយន្ត​នេះ នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សិល្បៈ​ក្នុង​ជីវិត​ពិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែលបាន​ឆ្លង​កាត់​ប្រវត្តិសាស្ត្រ​ជូរចត់​និង​ដែលជា​ក្រុម​ប្រជា​ពលរដ្ឋ​ដែលមាន​ភាព​អំណត់​អត់ធន់​ក្នុង​ជីវិត។​

លោក​លី ប្រាជ្ញ រៀប​រាប់ពី​លក្ខណៈ​ពិសេស​នៃ​ភាពយន្ត​ខ្លី «សាធុ» នេះ​ថា៖

«ខ្ញុំ​ជា​អ្នក​រៀបចំមហោស្រព​ភាពយន្ត​ហើយ​ខ្ញុំ​បាន​មើល​ភាពយន្ត​ច្រើន​ណាស់ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ធ្លាប់​មើល​ភាពយន្ត​ដែល​ផ្តោត​លើ​ប្រធានបទ​ដ៏​មាន​ន័យ​ដូច​ភាពយន្ត​មួយ​នេះ​ពី​មុន​មក​ទេ។ ខ្ញុំ​យល់​ថា អ្វី​ដែល​អ្នក​នឹង​ឃើញ​ក្នុង​ភាពយន្ត​នេះ គឺ​ខុស​ពី​ភាពយន្ត​ឯ​ទៀត​ដែល​អ្នក​បាន​ឃើញ​ពី​មុន។ នេះ​ជា​រឿងរ៉ាវ​ដ៏​ជក់ចិត្ត​រឿងរ៉ាវ​អំពី​ភាព​រស់រាន​មាន​ជីវិត អំពី​ក្តី​សង្ឃឹម និងអំពី​ជំនឿ​និង​សាសនា​»៕