លោក សម រង្ស៊ី​ រំឭក​អ្នកគាំទ្រ​ពី​គ្រោះថ្នាក់​នៃ​ប្រទេស​ចិន​ចំពោះ​កម្ពុជា​និង​តំបន់

លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ និងអ្នកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ក្នុងវេទិកាសាធារណ:ជួបជាមួយអ្នកគាំទ្រ នៅក្នុងបណ្ណាល័យ Tyson Pimmit Regional Library ក្នុងទីក្រុង Falls Church រដ្ឋ Virginia កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២១។ (សឿន វឌ្ឍនា/វីអូអេ)

លោក សម រង្ស៊ី​ ប្រធានស្តី​ទីគណបក្សសង្គ្រោះ​ជាតិ បាន​ប្រើប្រាស់​វេទិការ​សាធារណៈ​មួយក្នុង​តំបន់​រដ្ឋ​ធានីវ៉ាស៊ីនតោន​កាលពី​ល្ងាចថ្ងៃទី២៣ ​ខែកញ្ញា ឆ្នាំ២០២១ ដើម្បីរំឭកប្រាប់ដល់អ្នកគាំ​ទ្រអំពីគ្រោះថ្នាក់នៃគោល​នយោបាយវាត​ទីនិយម​របស់​ប្រទេសកុម្មុយនីស្ត​ចិន ដែលអាចបង្កអសន្តិសុខ​ដល់ប្រទេសកម្ពុជា​និងតំបន់។

លោក​ សម រង្ស៊ី បាននិយាយថា៖ «អំណាចផ្ដាច់ការ​ ជន​ផ្ដាច់​ការ ដែលដឹក​នាំប្រទេសកម្ពុជា​សព្វ​ថ្ងៃនាំមកនូវគ្រោះ​ថ្នាក់ ដល់ប្រទេសកម្ពុជាផង​ដល់តំបន់អាស៊ី​ភាគអាគ្នេយ៍ទំាងមូល​ផង ដោយសារអ្នក​ទំាងនោះចូលដៃជា​មួយចិន ហើយចិនឥឡូវនេះកំពុងតែដើរឈ្លានពានគេឯង ចង់​យក​ដែនសមុទ្រ​ចិនខាង​ត្បូង​ទំាងមូលថា​ ជា​ទឹក​ដីរបស់ចិន ហើយមានមហិច្ឆតា គ្រប់​គ្រង​ពិភព​លោក​ទំាង​មូល»។

នៅក្នុងវេទិកាសាធារណ: ដែលមានអ្នកគាំទ្រចូល​រួមប្រមាណ ៣០​នាក់​ ​នៅ​ក្នុង​បណ្ណាល័យ​ Tyson Pimmit Regional Library នៅក្នុង​ទីក្រុង ​Falls Church រដ្ឋ Virginia ​លោក សម រង្ស៊ី ថ្លែង​ថា ប្រទេស​ចិនមាន​មហិច្ឆតាគ្រប់គ្រងពិភពលោក ដោយទាក់ទាញប្រទេសកម្ពុជាតាមរយ:​ប្រាក់កម្ចី ជំនួយ​ និងការវិនិយោគ​ដើម្បី​ជាថ្នូរនឹងការ​យកប្រទេសកម្ពុជាជាទីតាំងយុទ្ធសាស្ត្រ ដើម្បីសម្រេចគោលនយោបាយវាតទី​និយមរបស់ខ្លួន។

លោក សម រង្ស៊ី ប្រធាន​ស្តីទី​អតីត​គណបក្សសង្គ្រោះជាតិ ក្នុង​វេទិកា​សាធារណ:ជួបជាមួយ​អ្នកគាំទ្រ នៅ​ក្នុង​បណ្ណាល័យ​ Tyson Pimmit Regional Library នៅក្នុង​ទីក្រុង​ Falls Church រដ្ឋ Virginia កាល​ពីថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ ២០២១។ (សឿន វឌ្ឍនា/វីអូអេ)

លោកបន្ថែមថា៖ «ក្នុង​បំណងនេះ ​គឺ​គេ [ប្រទេសចិន] រកសម្ព័ន្ធ​មិត្ត​ដែលយល់​ព្រមបម្រើផល​ប្រយោជន៍​គេ​ដូច​ជាប្រទេសកម្ពុជា​ក្រោមការដឹកនាំរបស់លោក ​ហ៊ុន សែន​ អីចឹងហើយបានសហរដ្ឋអាមេរិកបារម្ភ​ណាស់ បារម្ភ​ពី​នយោបាយឈ្លាន​ពាន​និយម វាតទី​និយមរបស់ចិនកុម្មុយនីស្ត។ អីចឹង​ហើយរបបផ្ដាច់ការដឹក​នាំ​នៅ​កម្ពុជា​ ដឹកនាំដោយលោក ហ៊ុន សែន ជា​គ្រោះ​ថ្នាក់សម្រាប់​គេ ដោយចូល​ដៃ​ជាមួយ​ចិន»។

មេដឹក​នាំគណបក្សប្រឆាំងរូប​នេះជឿជាក់ថា គ្រោះថ្នាក់ដែលអាចនឹងបង្កឡើងដោយ​ប្រទេស​ចិន​ដោយមានថ្នាក់​ដឹកនាំកម្ពុជាក្នុង​ពេលបច្ចុប្បន្នជាអ្នក​រួម​គំនិតនឹងធ្វើឲ្យ​អន្តរាយដល់ប្រទេស​កម្ពុជា និង​បណ្ដា​ប្រទេស​ផ្សេង​ទៀតក្នុងតំបន់ដែលអាចឈានដល់​ការជះឥទ្ធិពលមិន​ល្អដល់​សហរដ្ឋអាមេរិកផង​ដែរ។ ដូច្នេះ លោកថា​ប្រទេសមហាអំណាចដូចជាសហរដ្ឋ​អាមេរិក ​ត្រូវ​តែធ្វើ​សកម្មភាពដើម្បីបញ្ចៀសហានិភ័យនេះ។

លោក សម រង្ស៊ី បាន​ក៏បាន​លើកឡើង​ទៀត​ថា៖ «បើ​ចង់ឲ្យមានសន្ដិភាព​សន្ដិសុខ​ ស្ថិរភាព​នៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍យើង​ត្រូវ​ធានា ​ត្រូវ​ជំរុញធ្វើម៉េចឲ្យ​ប្រទេសកម្ពុជា​ប្រកាន់​ជំហរ​អព្យាក្រឹត មិនត្រូវចូលដៃ​ជាមួយអ្នកណា ជាមួយមហា​អំណាចណា​ទាំង​អស់ ជាពិសេសពេលនេះ មិនត្រូវចូល​ដៃជា​មួយចិន​កុម្មុយនីស្តទាល់​តែ​សោះ»។

លោក​បន្ត​ទៀត​ថា៖​ «អីចឹងហើយត្រូវ​តែធ្វើ​ម៉េច​ឲ្យប្រជារាស្ត្រខ្មែរសម្រេចវាសនាដោយខ្លួន​ឯង​តាមរយ:ការបោះ​ឆ្នោតត្រឹម​ត្រូវ​ត្រូវ​តែមានគណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម។ ពេល​ណា​ដែលមានលទ្ធិ​ប្រជាធិបតេយ្យត្រឹមត្រូវ​គណបក្ស​សង្គ្រោះជាតិ​ដឹក​នាំ​ប្រទេស គឺ​យើងមិន​អនុញ្ញាតដាច់​ខាត ឲ្យ​ចិន​កុម្មុយនីស្តមកបោះ​ទីតាំងនៅលើទឹក​ដីប្រទេសកម្ពុជា»។

លោកថា ពេលនោះប្រទេស​ជិតខាង​កម្ពុជា​ និង​សហរដ្ឋអាមេរិកមានការកក់ក្ដៅ​ពីព្រោះអត់​មានចិនណា យកប្រទេសកម្ពុជាធ្វើជាឈ្នាន់ដើម្បី​ឈ្លាន​ពានគេឯង​នៅជុំវិញ​ប្រទេស​កម្ពុជា​ទេ​។ ពេលនោះ ​លទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា​ធានាឲ្យមានសេរីភាព យុត្តិធម៌​សម្រាប់ប្រជា​រាស្ត្រ​ខ្មែរ​ផង ហើយធានាឲ្យមានសន្ដិសុខ និង​សន្តិភាពចំពោះប្រទេសជិត​ខាងទាំង​អស់​ផង។

អ្នកស្រី មូរ សុខ​ហួរ អនុប្រធានអតីត​គណបក្សសង្គ្រោះជាតិ ក្នុង​វេទិកា​សាធារណ:ជួបជាមួយ​អ្នកគាំទ្រ នៅ​ក្នុង​បណ្ណាល័យ​ Tyson Pimmit Regional Library នៅក្នុង​ទីក្រុង​ Falls Church រដ្ឋ Virginia កាល​ពីថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ ២០២១។ (សឿន វឌ្ឍនា/វីអូអេ)

អ្នក​ស្រី មូរ សុខ​ហួរ អនុ​ប្រធានគណបក្សប្រឆាំង​មួយនេះ ក៏បានថ្លែងក្នុងវេទិកានេះ​ថា ​គណបក្សសង្គ្រោះជាតិតៀមរៀប​ចំ​ផែនការ​ និង​កម្មវិធីជា​ច្រើនដើម្បី​រំឭកខួប​ទី៣០ នៃសន្ធិសញ្ញាសន្តិភាព​ទីក្រុងប៉ារីសថ្ងៃ​ទី ២៣ ខែតុលា ឆ្នាំ១៩៩១​ ដែល​ជា​កិច្ចព្រមព្រៀង​មាន​គោលបំណង​បញ្ចប់​សង្គ្រាម​រវាង​ភាគី​ខ្មែរ​និង​ខ្មែរ​និង​នាំមក​នូវ​សន្តិភាព​ការអភិវឌ្ឍ​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​មក​ប្រទេស​កម្ពុជា។

អ្នកស្រីបាននិយាយ​ថា៖ «មិន​ត្រឹ​ម​តែ​រំលឹក​ខួបទេ យើងបង្ហាញជា​ថ្មីម្ដង​ទៀត ថា​ជំហរនៃ​គណបក្សសង្គ្រោះជាតិ​គឺ​រក្សា​ព្រលឹង​ ស្មារតី ទាំង​អស់ដែលមាននៅក្នុងកិច្ចព្រម​ព្រៀងសន្តិភាព ២៣ តុលា»។

ឆ្លើយតបនឹងសំណួរអ្នក​ចូលរូម អ្នកស្រី​ មូរ សុខហួរ ក៏បាន​យក​ឱកាស​នោះវាយប្រហារទៅ​លើលោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដោយថា លោក​ ហ៊ុន សែន​ មិនមែនជាបុរសខ្លាំងនោះទេ ដោយអ្នក​ស្រីបាននិយាយក្នុង​សម្ដីដើម​ថា៖ «ទាំងអស់​គ្នាចេះ​តែ​គិត​ថា​ ហ៊ុន សែន ​ខ្លាំង​បើសិនជា​មនុស្ស​ហ្នឹង​ជា​មនុស្ស​ខ្លាំង​ជាអ្នកដឹក​នាំកំពូល​ហើយ​ជា​មនុស្ស​ខ្លាំង​ហេតុអ្វី​មក​ចាប់​កូនក្មេង​ដែល​មាន [ជំងឺ] Autism»។

ក្នុងពេល​ថ្មីៗ​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថែម​ទាំង​បាន​លួច​ចូល​ស្តាប់​តាមដាន​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​ Zoom​ របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​ក្រៅ​ប្រទេស​ជាមួយ​នឹង​អ្នកគាំទ្រ​ដែល​ធ្វើ​ឲ្យ​អ្នកតាមដាន​ព្រួយបារម្ភ​ពី​ការរំលោភ​ឯកជនភាព​របស់​ពលរដ្ឋ។

អ្នកស្រី មូរ សុខហួរ​ បាន​រិះគន់​ទង្វើ​នេះ៖ ​«កត្តា​មួយ​ទៀត​ថ្មី​ៗហ្នឹង ទើប​តែកើតឡើង យើង​ប្រជុំគណបក្សសង្គ្រោះ​ជាតិសោះហេតុ​អ្វី​លោក​ ហ៊ុន សែន ចូលមក​បន្ទប់យើង។ ហើយមិនមែនជាប្រជុំ​ថ្នាក់កំពូលទេ ប្រជុំសកម្មជនយើងធម្មតា​សោះ គាត់​ស្រែក​ឃ្លាន​គាត់​មាន​ជំងឺអ្វី​មួយ​ចង់ឲ្យ​យើង​ទទួលស្គាល់គាត់…»។

លោក គុយ ម៉ារុង​ អាយុ ៦៨ ឆ្នាំ និវត្តន៍ជន រស់នៅរដ្ឋ Maryland ក្នុង​វេទិកា​សាធារណ: នៅ​ក្នុង​បណ្ណាល័យ​Tyson Pimmit Regional Library នៅក្នុង​ទីក្រុង​ Falls Church រដ្ឋ Virginia កាល​ពីថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ ២០២១។ (សឿន វឌ្ឍនា/វីអូអេ)

លោក គុយ ម៉ារុង ​អាយុ ៦៨ ឆ្នាំ ជាអ្នក​ចូលនិវត្តន៍មួយ​រូប​មក​ពី​រដ្ឋ Maryland ដែលបានចូលរួមក្នុងវេទិកាសាធារណ:​នោះ​បានប្រាប់វីអូអេថា វេលា​នេះជា​ឱកាស​ល្អសម្រាប់ប្រទេសកម្ពុជា​ព្រោះថា ប្រទេសកម្ពុជាជាប្រទេសយុទ្ធសាស្ត្រក្នុង​តំបន់ ដែល​ប្រទេសមហា​អំណោចដូចជាសហរដ្ឋ​អាមេរិកនៅចង់ជួយ​ជ្រោមជ្រែង។

លោក គុយ ម៉ារ៉ុង បាន​ប្រាប់វីអូអេ​ថា៖ «ស្ដាប់លោកប្រធានគាត់ធ្វើអត្ថាធិប្បាយមក សម្ព័ន្ធ​មិត្តរបស់អ្នក​គោរពលទ្ធិប្រជាធិបតេយ្យហ្នឹង គេត្រូវការទប់ឥទ្ធិពលរបស់ចិន​របស់កុម្មុយនីស្ត​ដែលកំពុងតែខ្លាំង​ក្លា នៅ​ក្នុងតំបន់ជាពិសេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែល​នេះ​ដូចខ្ញុំ​និយាយអីចឹង​ថា នេះជា​អំណោយ​ផលរបស់ខ្មែ​រយើងដែលមានប្រទេសសម្ព័ន្ធ​មិត្ត​ជា​មហា​អំណាច​ពិភព​លោក គេ​ត្រូវ​ការ​យើង​ដូច​នេះវាជា​ភ័ព្វ​សំណាង​របស់​ប្រទេស​យើង​ប្រជារាស្ត្រ​យើង»។

លោក Chamroeun Muy អាយុ ៦៥ ឆ្នាំ និវត្តន៍ជន រស់នៅរដ្ឋធានី Washington ក្នុង​វេទិកា​សាធារណ: នៅ​ក្នុង​បណ្ណាល័យ​ Tyson Pimmit Regional Library នៅក្នុង​ទីក្រុង​ Falls Church រដ្ឋ Virginia កាល​ពីថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ ២០២១។ (សឿន វឌ្ឍនា/វីអូអេ)

ប៉ុន្តែ​លោក ចំរើន មុយ អាយុ ៦៥ ឆ្នាំ ជា​អ្នកចូល​និវត្តន៍ រស់​នៅក្នុងរដ្ឋធានី Washington ដែល​បាន​ចូលរួម​ស្តាប់​ដែរ​បានប្រាប់វីអូអេ​ថា ការ​លើកឡើង​របស់​លោក ​សម រង្ស៊ី ដែលថា ​របបដឹក​នាំនៅ​កម្ពុជា​នឹងមានការផ្លាស់​ប្ដូរក្នុងពេល​ឆាប់ៗនេះ ហាក់​ដូចជាឆ្ងាយពីការពិត។

លោក ចំរើន មុយ​ បាននិយាយ​ថា ​លោក សម រង្ស៊ី​ មានការយល់​សុបិន​ច្រើនពេកដោយសារ​តែ​រឿង​បោះឆ្នោតមិនមែនជារឿង​ធម្មតាព្រោះ​ត្រូវមានកិច្ចការជាច្រើនដែលត្រូវដោះស្រាយ​ហើយ​លោក​ស្នើ​ឲ្យ​កម្ពុជា​ពឹងទាំងស្រុង​ទៅលើអង្គការសហប្រជាជាតិ។

លោក ចំរើន មុយ​ បន្ថែម​ថា៖ «កុំ​ឲ្យដេកយល់​សុបិន អ្នក​ដែលគ្នានៅខាងក្នុង [ប្រទេស] ដែល​រង​កម្មវេទនា ដែលងើបមិន​រួច ងើប​គេ​យក​ទៅ​ធ្វើ​បាប យើងចេះ​តែ​ហៃអើៗ បើ​សិនជា​យើងថា ធ្វើ​មិនកើត យើងនិយាយថា​ ធ្វើមិនកើត​យើងឈប់និយាយកុំ​ឲ្យ​ដូច​ថា​ ឲ្យគ្នាសង្ឃឹម អ្នក​ដែលនៅខាងក្នុងក៏​ដោយ អ្នកនៅសហរដ្ឋ​ក៏ដោយអស់សង្ឃឹមទំាងអស់គ្នា»។

អ្នកស្រី ម៉ាលី រស់នៅរដ្ឋ Maryland សួរ​សំណួរក្នុង​វេទិកា​សាធារណ: នៅ​ក្នុង​បណ្ណាល័យ​ Tyson Pimmit Regional Library នៅក្នុង​ទីក្រុង​ Falls Church រដ្ឋ Virginia កាល​ពីថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ ២០២១។ (សឿន វឌ្ឍនា/វីអូអេ)

អ្នក​ចូលរូមក្នុងវេទិកានេះម្នាក់​ទៀតគឺអ្នក​ស្រី ម៉ាលី មកពីរដ្ឋ​ Maryland បានសួរទៅកាន់លោ​ក សម រង្ស៊ី ថាតើប៉ុន្មានខែ ប៉ុន្មានឆ្នាំ​ទៀត​ទើប​មានការផ្លាស់ប្ដូររបប​ដឹក​នំា​នៅ​ប្រទេស​កម្ពុជា? លោក សម រង្ស៊ី​ឆ្លើយ​ថា៖ «ផលប្រយោជន៍របស់គេ [ប្រទេសដែលមានឥទ្ធិពលលើស្ថានការណ៍ប្រទេសកម្ពុជា] តម្រូវឲ្យគេ​ដក ហ៊ុន សែន គេនឹងសម្រេច​យ៉ាងម៉េច គេនឹង​ធ្វើអ្វីនៅពេលណា អាហ្នឹងស្រេច​តែលើគេទេ ខ្ញុំអត់​ទស្សន៍​ទាយបានទេ មិនអាចប្រាប់ថ្ងៃខែមុនពេលណាទេ»។

នៅក្នុង​ការវិវត្ត​ថ្មី​មួយ​ គឺ​ក្នុង​រយៈពេលតែ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​ដំណើរ​ទស្សនកិច្ច​ការងារ​របស់​លោក​សម រង្ស៊ី​និង​ក្រុមប្រតិភូ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​សេចក្តី​ស្នើច្បាប់​ប្រជាធិបតេយ្យ​កម្ពុជាកាលពីថ្ងៃអង្គារ​ដោយសំឡេងគាំទ្រលើសលប់មកពីគណបក្ស​ទាំងពីរ​គឺ​៤០៣​សំឡេង​ ទល់​នឹង​១៧​សំឡេង​ជំទាស់។ សេចក្តី​ស្នើច្បាប់​នេះ​មាន​គោលបំណង​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​និង​ដាក់​ទណ្ឌកម្ម​មន្ត្រី​ដែល​រំលោភ​សិទ្ធិមនុស្ស។ ច្បាប់​នេះ​ត្រូវបាន​សភា​នីតិកាល​មុន​អនុម័ត​ម្តង​ហើយ​ប៉ុន្តែ​បាន​នៅ​ជាប់គាំង​ត្រឹម​ព្រឹទ្ធសភា​និង​បាន​ផុត​អណត្តិ។

ប៉ុន្តែ​លោក សម រង្ស៊ី​ បាន​បញ្ជាក់​ក្នុង​កិច្ចសម្ភាស​ជាមួយ​នឹង​វីអូអេ​ថា​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ប្រែប្រួល​ខុស​ពីមុន​ដែល​សហរដ្ឋ​អាមេរិក​យកចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​ជាង​មុន៕

សូម​ទស្សនា​បទ​សម្ភាន៍​នេះ​ទាំង​ស្រុង​ដូច​តទៅ៖

Your browser doesn’t support HTML5

បទសម្ភាសន៍ VOA៖ លោក សម រង្ស៊ី ជឿជាក់​ថា ការប្រែប្រួល​នយោបាយ​ក្នុង​តំបន់​​ជំរុញ​ឲ្យ​អន្តរជាតិ​យកចិត្ត​ទុកដាក់​បញ្ហា​​កម្ពុជា