យុត្តិធម៌សម្រាប់ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនៅមិនទាន់ត្រូវបានរកឃើញនៅឡើយ ក្នុងរយៈពេល១៤ឆ្នាំ បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកដៃចំនួនបួនគ្រាប់នៅមុខអតីតអគាររដ្ឋសភាជាតិទៅលើហ្វូងបាតុករដែលដឹកនាំដោយលោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង។
លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនៅថ្ងៃពុធនេះ បានថ្លែងប្រាប់ក្រុមអ្នកចូលរួមតាមរយៈ សន្និសីទវីដេអូតាមអ៊ីនថឺណិតថា គណបក្សសម រង្ស៊ី ប្តេជ្ញានឹងស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ។ លោកសម រង្ស៊ី បានប្រៀបធៀបការទាមទារយកយុត្តធម៌ចំពោះអ្នកដែលបានស្លាប់បាត់បង់ជីវិត ដោយសារតែការវាយប្រហារដោយគ្រាប់បែកដៃ កាលពីថ្ងៃ៣០ខែមីនាឆ្នាំ១៩៩៧ ទៅនិងការស្លាប់បាត់ បង់ជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងរបបខ្មែរក្រហម។ លោកបានមានប្រសាសន៍ទៀតថា សម្រាប់ពួកខ្មែរក្រហមយើងត្រូវការពេលវេលាចំនួនជាង៣០ឆ្នាំដើម្បីនាំយកមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់យកមកកាត់ទោស ចំណែកឯការវាយប្រហារដោយគ្រាប់បែកដៃមានអាយុកាលប្រមាណ១៤ឆ្នាំហើយ។ យើងត្រូវការពេលវេលាបន្តទៀតដើម្បីនាំយកជនដៃដល់ទៅផ្តន្ទាទោសតាមច្បាប់។ លោកថ្លែងថា៖
«យើងប្តេជ្ញាចិត្តផ្តល់យុត្តិធម៌ជូនជនរងគ្រោះគឺវែកមុខជនឧក្រិដ្ឋ ជនដៃដល់ ហើយជនដែលបញ្ជានៅពីក្រោយជនដៃដល់។ ដប់បូនឆ្នាំ ការប្តេជ្ញាចិត្តរបស់យើងនៅដដែល»។
គណបក្ស សម រង្ស៊ី ជារៀងរាល់ឆ្នាំបានប្រារព្វវិញ្ញណក្ខន្ឋដល់អ្នកដែលបានស្លាប់បាត់បង់ជីវិត ដោយសារតែការវាយប្រហារដោយគ្រាប់បែកដៃនៅពីមុខអតីតអគាររដ្ឋសភាជាតិ។ នៅក្នុងឆ្នាំនេះ គឺជាខួយលើកទី១៤។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ជនមិនស្គាល់មុខ បានធ្វើការវាយប្រហារដោយគ្រាប់បែកដៃ ចំនួនបួនគ្រាប់ទៅលើហ្វូងបាតុករ ដែលដឹកនាំដោយលោកសម រង្ស៊ី នៅពីមុខអតីតអគាររដ្ឋសភាដែល បានបណ្តាលឲ្យមនុស្សចំនួន១៦នាក់បានស្លាប់បាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀត បានរងរបួស ដោយរាប់បញ្ជូលទាំងពលរដ្ឋអាមេរិកាំងមួយរូប គឺលោករ៉ន អាប់នី អតីតប្រធានវិទ្យាស្ថានសាធារណៈ រដ្ឋអន្តរជាតិ ដែលហៅកាត់ថា IRI។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សំណុំ រឿងនេះ មិនទាន់ត្រូវបានបិទនៅឡើយទេ។ លោកបានប្រាប់វីអូអេខ្មែរថា៖
«មិនទាន់ត្រូវបានបញ្ចប់បិទសំណុំរឿងទេ នៅបើកចំហរនៅឡើយ។ ដូចកាលឆ្នាំមុនៗ ដែលយើងបានដឹងទាំងអស់គ្នា ហើយមានលទ្ឋផលយ៉ាងណា គឺយើងស្វែងរកជនល្មើសតាមរូបភាពឃើញហើយសំដៅទៅលើជនសង្ស័យឈ្មោះប្រេស៊ីល»។
លោកចាន់ទី សុភី ដែលប្អូនស្រីរបស់លោកបង្កើតឈ្មោះចាន់ទី ភក្តី អាយុ១៣ឆ្នាំកាលពេលនោះ បានស្លាប់បាត់បង់ជីវិតនៅមុខអតីតអគាររដ្ឋសភាជាតិ បានទាមទារឲ្យអាជ្ញាធររកយុត្តធម៌ដល់ជនរង គ្រោះដែលបានស្លាប់បាត់បង់ជីវិត។ លោកបានប្រាប់វីអូអេខ្មែរថា៖
«ចំពោះទឹកចិត្តខ្ញុំ ចង់ឲ្យរាជរដ្ឋាភិបាលរកមុខឃាតករឲ្យឃើញតែម្តង។ អត់ចង់បានអ្វីទេ ចង់ រកមុខឃាតករដើម្បីជួយសំណងប៉ះប៉ូវដល់រូមខ្ញុំ និងសំណងប្អូនស្រីខ្ញុំដែលស្លាប់ទៅ និងអ្នកដទៃទៀត»។
លោក គង់ គាំ ប្រធានស្តីទីគណបក្សសម រង្ស៊ី បានមានប្រសាសន៍ថា យោងតាមរបាយការណ៍ ស៊ើបអង្គេតរបស់ការិយាល័យស៊ើបអង្គេតសហព័ន្ឋរបស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា FBIបាន ឲ្យដឹងថា កម្លាំងប្រដាប់អាវុធដែលមានវត្តមាននៅជិតកន្លែងកើតហេតុ គឺជាក្រុមអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ហើយដែលឃាតករបានគេចខ្លួនទៅទិសដ៏អាថ៌កំបាំង បើទោះបីជា FBI ក៏ មិនអាចរកការពិតនេះបានដែរ៕