មេដឹកនាំនយោបាយជំទាស់ដែលកំពុងមានវត្តមាននៅលើទឹកដីសហរដ្ឋអាមេរិក លោក សម រង្ស៊ី បន្តអំពាវនាវយ៉ាងទទូចឱ្យគណបក្សជំទាស់មួយចំនួនក្នុងប្រទេសរួបរួមគ្នា កុំឈ្លោះទាស់ទែងគ្នា ដើម្បីធ្វើយ៉ាងណាឱ្យកម្លាំងអ្នកប្រជាធិបតេយ្យងើបឡើងវិញ និងឈានទៅទទួលបានជ័យជម្នះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៨។
នៅក្នុងវីដេអូមួយដែលបង្ហោះលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃចន្ទនេះ លោក សម រង្ស៊ី ថ្លែងចេញពីទីក្រុងLong Beach រដ្ឋCalifornia សហរដ្ឋអាមេរិកយ៉ាងដូច្នេះថា៖ «អ៊ីចឹងសូមបងប្អូនគាំទ្រទៅ គាំទ្រគណបក្សណាមួយក៏បាន ពីព្រោះខ្ញុំជឿទុកចិត្ត ខ្ញុំស្រឡាញ់ ខ្ញុំពឹងពាក់លើគណបក្សទាំងពីរនេះ [គណបក្សឆន្ទៈខ្មែរ តំណាងឱ្យគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ] ដូចគ្នាស្មើគ្នា។ កុំឱ្យមានការរើសអើង កុំឱ្យមានការវាយប្រហារគ្នា កុំឱ្យមានការចោទប្រកាន់គ្នា អ្នកប្រជាធិបតេយ្យតែមួយដូចគ្នា»។
អ្នកនយោបាយជើងចាស់រូបនេះ ក៏នៅផ្តល់តម្លៃនយោបាយដល់អតីតគណបក្សជំទាស់ធំមួយគឺគណបក្សសង្គ្រោះជាតិថាជាចលនាស្នូលរួមនៃអ្នកប្រជាធិបតេយ្យ។
លោក សម រង្ស៊ី បន្ថែមថា៖ «ក្នុងសកម្មភាព ទោះបីជាយើងប្រើស្លាកអ្វី ឈ្មោះអ្វីក៏ដោយ ប៉ុន្តែគណបក្សសង្គ្រោះជាតិ នៅតែជាស្នូលរួម នៅក្នុងចិត្តយើងគ្រប់គ្នា»។
នៅមុនពេលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានាថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ គេសង្កេតឃើញថា គណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ តែងតែប្រើប្រាស់វោហារសព្ទវាយប្រហារគ្នាជាបន្តបន្ទាប់។ នាពេលនោះ លោកសម រង្ស៊ី ក៏បានអំពាវនាវឱ្យគណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ រួបរួមគ្នា ហើយកុំវាយប្រហារគ្នាទៅវិញទៅមក និងត្រូវរកច្រកបែងចែកតួនាទីគ្នាធ្វើការកៀរគរសំឡេងគាំទ្រដើម្បីទទួលបានជ័យជម្នះ។
ប៉ុន្តែលទ្ធផលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីខែកុម្ភៈនោះ បង្ហាញថា គណបក្សឆន្ទៈខ្មែរទទួលបានតែ៣អាសនៈប៉ុណ្ណោះ ព្រោះអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀន ប្រមាណ ៣០ភាគរយ មិនបានបោះឆ្នោតឱ្យគណបក្សឆន្ទៈខ្មែរឡើយ ដោយបោះឱ្យគណបក្សផ្សេងទៅ។
ស្របពេលមានការអំពាវនាវរបស់លោក សម រង្ស៊ី នាពេលនោះ ក្រសួងមហាផ្ទៃ បានព្រមានគណបក្សប្រឆាំងក្នុងស្រុកថា «ប្រយ័ត្នប្រឈមនឹងការរំលាយ» បើស្តាប់ការតាមបង្គាប់បញ្ជារបស់លោក សម រង្ស៊ី ដែលបានបន្តរស់នៅដោយនិរទេសខ្លួនឯងនៅក្រៅប្រទេស។
យ៉ាងណាក៏ដោយ ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី លើកឡើងថា ការថ្លែងរបស់លោក សម រង្ស៊ី គឺជាសិទ្ធិសេរីភាពរបស់ពលរដ្ឋម្នាក់ៗ ដែលមិនប៉ះពាល់ដល់គណបក្សកម្លាំងជាតិនោះទេ។
លោកប្រាប់វីអូអេថា៖ «អ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ ប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការ ទោះក្នុងស្ថានភាពណាក៏ដោយ កាលៈទេសៈណាក៏ដោយ គេមានសិទ្ធិនិយាយអំពីគណបក្សនយោបាយណាមួយ គេមានសិទ្ធិនិយាយអំពីអ្នកនយោបាយណាមួយ គេមានសិទ្ធិរិះគន់អំពីមេដឹកនាំណាមួយ។ អាហ្នឹងជាសិទ្ធិរបស់គេ ពីព្រោះគេមានសេរីភាពក្នុងការបញ្ចេញមតិ។ អ៊ីចឹងសម្រាប់គណបក្សកម្លាំងជាតិ មិនមានការព្រួយបារម្ភអ្វីនោះទេ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ បាននៅឡើយទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន យល់ថា លទ្ធផលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាបានបញ្ជាក់ថា អ្នកនយោបាយជំទាស់នៅក្នុងប្រទេសកម្ពុជាមិនបានធ្វើតាមការអំពាវនាវរបស់លោកសម រង្ស៊ីនោះទេ។
លោកថ្លែងថា៖ «ហើយអត់មានប្រសិទ្ធភាពហ្នឹងគឺវាចេញជាលទ្ធផលជាក់ស្តែងនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកន្លងមករួចហើយ។ ការអំពាវរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ឱ្យរួបរួមគ្នានេះ វាអត់បានរួបរួមទេ ពីព្រោះសមាជិករបស់ខ្លួន សកម្មជនរបស់ខ្លួន អត់ស្តាប់មេទេ»។
អ្នកវិភាគនយោបាយ លោក មាស នី បង្ហាញក្តីបារម្ភចំពោះគណបក្សជំទាស់ដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា ដែលអាចប្រឈមនឹងបញ្ហានានា បើសិនលោកសម រង្ស៊ី មិនស្ថិតនៅឱ្យឆ្ងាយពីគណបក្សទាំងនោះ។
លោក មាស នី ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា៖ «ខ្ញុំគិតថាអ្នកខាងក្រៅក៏ដឹងអំពីមូលហេតុដែលនាំឱ្យមានហានិភ័យដល់គណបក្សនៅខាងក្នុង។ ហើយទោះបីយ៉ាងណាក៏គេនៅតែមានជំនឿថា ការទាក់ទងគ្នាហ្នឹងវាមិនដាច់ទេ ហើយខ្ញុំគិតថាគណបក្សកាន់អំណាច ក៏គេដឹងដែរ ប៉ុន្តែកាលណា យើងចេញចំមុខពេក វាកាន់តែបានភស្តុតាងកាន់តែច្បាស់ទៀត ដែលគេអាចរកលេសបញ្ឈប់ ឬពន្យឺត ឬblock [រារាំង] មិនឱ្យគណបក្សថ្មីណាមួយ អាចមានដំណើរការទៅមុខ ដូចកាលភ្លើងទៀន គេមិនឱ្យចូលបោះឆ្នោត»។
អ្នកវិភាគនយោបាយរូបនេះបន្តថា អ្នកនយោបាយដែលនៅក្រៅប្រទេស គួរតែចេះប្រើយុទ្ធសាស្ត្រផ្ទេរការងារដល់អ្នកនយោបាយជំនាន់ថ្មី ដោយមិនចាំបាច់និយាយខ្ទរខ្ទារនោះទេ។
លោកសង្កត់ធ្ងន់ថា៖ «បើសិនជាយើងមានបំណងចង់ផ្ទេរឱ្យអ្នកជំនាន់ក្រោយធ្វើ អាហ្នឹងយើងទុកលម្ហឱ្យគ្នាផង កុំឱ្យគេធ្វើ ចង់ឱ្យគេធ្វើ ក៏ប៉ុន្តែមិនទាន់បានចេញផង នាំគ្នាបិទលម្ហ និងស្រែកតាមរយៈការប្រកាសគាំទ្រ ការអំពាវនាវអ៊ីចេះអ៊ីចុះ។ ខ្វះអីមធ្យោបាយទាក់ទងតាមផ្លូវផ្សេងគរគោក ប៉ុន្តែចាំបាច់ទៅប្រកាន់ធ្វើអី ប្រកាសហ្នឹងចង់បានអី ចង់បានឱ្យអ្នកខាងក្រៅមានមោទនភាព ប៉ុន្តែអ្នកខាងក្នុងស្លាប់ អាហ្នឹងវាដដែលជាដដែលគ្មានធ្វើទៅណារួចទេ។ អាហ្នឹងដូចអ្នកចែវទូកម្ខាងចែវទៅមុខ ម្ខាងចែវទៅក្រោយ»។
លោកមាស នី បញ្ជាក់បន្ថែមថា អ្នកនយោបាយបក្សប្រឆាំងគួរតែចេះរៀនសូត្រតាមមេរៀន ដែលគណបក្សកាន់អំណាច ផ្ទេរទៅអ្នកជំនាន់ក្រោយរបស់ខ្លួន តាមរយៈការជួយបង្ហាញផ្លូវ ដោយមិនបង្ហាញឱ្យឃើញជាសាធារណៈ ហើយមិនដូចអ្វីដែលលោក សម រង្ស៊ី កំពុងធ្វើយ៉ាងចំហនោះទេ៕