វត្តមានរបស់រដ្ឋមន្រ្តីការបរទេសរុស្ស៊ីដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាដើមខែសីហាខាងមុខ ក្នុងប្រទេសកម្ពុជា នាំឲ្យមានការពិភាក្សាគ្នា ដោយសារតែការឈ្លានពានរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែននៅបន្តកើតឡើង ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជាបានអញ្ជើញរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នាពេលខាងមុខនេះ។
បើតាមទីភ្នាក់ងារសារព័ត៌មាន AKP ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា លោក ប្រាក់ សុខុន បញ្ជាក់ថា កម្ពុជានឹងដើរតួជាប្រទេសសម្របសម្រួលរវាងអាស៊ាន និងរុស្ស៊ី ហើយរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov នឹងបំពេញតួនាទីជាសហប្រធាននៃកិច្ចប្រជុំរវាងអាស៊ាន និងរុស្ស៊ី។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀតចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា។
នៅក្នុងការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AKP ជាភាសាអង់គ្លេស កាលពីថ្ងៃទី២០ ខែកក្កដា មន្រ្តីទទួលបន្ទុកផ្នែកព័ត៌មាននៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាក៏បានបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីការបរទេសអាស៊ីបូព៌ាលើកទី១២ និងវេទិកាតំបន់អាស៊ានលើកទី ២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរាជធានីភ្នំពេញ នាខែសីហាខាងមុខនេះផងដែរ។
លោក Rafael Langareev មន្រ្តីទទួលបន្ទុកផ្នែកព័ត៌មាននៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានAKPក្នុងសម្តីដើមថា៖ «ស្របពេលភាគីរុស្ស៊ីបានទទួលការអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតរដ្ឋមន្រ្តីអាស៊ាន ខ្ញុំសូមជូនព័ត៌មានថា រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov នឹងចូលរួមកិច្ចប្រជុំទាំងនេះ»។
រុស្ស៊ីជាសមាជិកមួយនៃសមាជិកកិច្ចប្រជុំកំពូលអាស៊ីបូព៌ាទាំង១៨ប្រទេស និងជាសមាជិកវេទិកាអាស៊ានទាំង២៧ប្រទេស។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន AKP រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ឲ្យដឹងថាប្រទេសអ៊ុយក្រែនមិនអាចចូលរួមជាភាគីមួយនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥នោះទេ ដោយសារអ៊ុយក្រែនខកខានដាក់ពាក្យស្នើសុំទាន់ពេលវេលា។
បណ្តាប្រទេសនៅបស្ចិមលោកបានសម្រេចដករុស្ស៊ីចេញពីកិច្ចប្រជុំកំពូលនានា និងដាក់ទណ្ឌកម្មផ្សេងៗលើរុស្ស៊ីពាក់ព័ន្ធនឹងការឈ្លានពានរបស់ប្រទេសនេះទៅលើប្រទេសអ៊ុយក្រែន។
ពាក់ព័ន្ធនឹងសង្រ្គាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន កម្ពុជាធ្លាប់បានបោះឆ្នោតប្រឆាំងរុស្ស៊ីចំនួន២លើកក្នុងការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិចំនួន៣លើក និងបានបោះឆ្នោតអនុបវាទ១លើក លើការព្យួររុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
នៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី២ ខែមីនា កម្ពុជាបានចូលរួមបង្ហាញសំឡេងរបស់ខ្លួន ដោយអនុម័តសេចក្តីសម្រេចជាដំណោះស្រាយ ដែលទាមទារឲ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងប្រឆាំងនឹងអ៊ុយក្រែន និងដកកងកម្លាំងយោធារបស់ខ្លួន។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា កញ្ញា Stephanie Arzate បានឆ្លើយតបវីអូអេតាមសារអ៊ីមែលថាសហរដ្ឋអាមេរិកមានការប្តេជ្ញានឹងជោគជ័យរបស់អាស៊ាន ប៉ុន្តែមិនគួរជាការចាត់ទុកជារឿងធម្មតាមួយនោះទេចំពោះការចូលរួមរបស់រុស្ស៊ីនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ដោយសារតែសង្រ្គាមដែលគ្មានមូលហេតុ ហើយមិនស្របច្បាប់នៃភាពគឃ្លើនរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
កញ្ញាបន្ថែមថា សហរដ្ឋអាមេរិកនឹងប្រកាសការចូលរួមរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken នៅអំឡុងពេលជិតដល់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ប្រាប់វីអូអេថាការដែលកម្ពុជាអញ្ជើញរុស្ស៊ីឱ្យចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥៥នេះ ជាជំហរមួយ«មិនច្បាស់លាស់ និងលម្អៀង»ទៅខាងរុស្ស៊ី ខណៈកម្ពុជាធ្លាប់បានបោះឆ្នោតប្រឆាំងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីកន្លងទៅ។
លោកបន្តថា ការលើកឡើងរបស់លោក ប្រាក់ សុខុន ថា អវត្តមានរបស់អ៊ុយក្រែន ដោយសារតែដាក់ពាក្យយឺត ឬក៏បញ្ហាបច្ចេកទេសមិនមែនជាហេតុផលសមស្របនោះទេ និងថាបើអ៊ុយក្រែនមិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនោះទេ បានន័យថា បញ្ហារុស្ស៊ីឈ្លានពានទៅលើអ៊ុយក្រែន ក៏នឹងមិនត្រូវបានលើកយកមកពិភាក្សានៅក្នុងអង្គប្រជុំផងដែរ។
លោកថ្លែងថា៖ «អ៊ីចឹងអាហ្នឹងជាទឡ្ហីករណ៍ឬក៏ហេតុផលមិនសមប្រកបដែលគេអាចទទួលយកបានទេ។ អានេះបើយើងមើលទៅកម្ពុជា យើងយកចិត្តសហព័ន្ធរុស្ស៊ីច្រើន»។
សាស្ត្រាចារ្យរូបនេះបញ្ជាក់ថា ជំហរគោលនយោបាយការបរទេសរបស់កម្ពុជាមិនច្បាស់លាស់បែបនេះអាចធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេសធ្វើឲ្យទំនុកចិត្តរវាងកម្ពុជាជាមួយបណ្តាប្រទេសលោកខាងលិចកាន់តែឃ្លាតឆ្ងាយ។
កាលពីខែមិថុនា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំមួយជាមួយភាគីកម្ពុជា រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Nobuo Kishi បានបញ្ជាក់ទៅកម្ពុជាថា ខ្លួនមិនចង់ឃើញវត្តមានរបស់រុស្ស៊ីនៅក្នុងកិច្ចប្រជុំកំពូល ដែលធ្វើឡើងក្នុងប្រទេសកម្ពុជា នាខែវិច្ឆិកាឡើយ។ ជប៉ុនបានបញ្ជាក់ថា ប្រសិនបើរុស្ស៊ីដែលឈ្លានពានអ៊ុយក្រែនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំ ភាគីជប៉ុននឹងពិចារណាឡើងវិញថាតើនឹងចូលរួម ឬយ៉ាងណា។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយរបស់រដ្ឋាភិបាល ថ្លែងថា ការអញ្ជើញរដ្ឋមន្ត្រីការបរទេសរុស្ស៊ីចូលរួមក្នុងកិច្ចប្រជុំនេះ ជាកាតព្វកិច្ចរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ដោយហេតុថា រុស្ស៊ី គឺជាដៃគូសន្ទនារបស់អាស៊ាន ខណៈអ៊ុយក្រែនមិនមែនឡើយ។
លោក គិន ភា បន្តថា រុស្ស៊ីជាតួអង្គសំខាន់នៅក្នុងបញ្ហានេះ ដូច្នេះវត្តមានរបស់រុស្ស៊ី គឺជា «កាតាលីករដ៏ចាំបាច់» ដើម្បីបញ្ចប់សង្គ្រាម។
លោកនិយាយថា៖ «ប្រទេសជាដៃគូអាស៊ានដទៃទៀតគួរតែស្តាប់ការបកស្រាយ ប្រសិនជាយើងបដិសេធវត្តមានរបស់គាត់(ប្រទេសរុស្ស៊ី) គឺហាក់ដូចជារុញឱ្យមានអំពើហិង្សាដោយអត់មានច្រកចេញ»។
លោក គិន ភា អះអាងថា បញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងត្រូវបានលើកយកមកពិភាក្សាយ៉ាងផុសផុលនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននេះ ដោយសារវាបានជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក តំបន់ និងប្រទេសនីមួយៗផងដែរ។
ទោះជាយ៉ាងណា លោក គិន ភា រំពឹងថា នៅក្នុងកិច្ចប្រជុំនេះ បញ្ហាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននឹងមិនអាចរកដំណោះស្រាយជាដុំកំភួនណាមួយឡើយ ក៏ប៉ុន្តែលោកថាអាស៊ាននឹងអំពាវនាវឱ្យភាគីរុស្ស៊ីបញ្ចប់«ប្រតិបត្តិការសឹក»របស់ខ្លួន៕
ភ្នំពេញ —