រុស្ស៊ី​បាន​ចំណេញ​ពី​ការ​កើន​តម្លៃ​ប្រេង​ពិភពលោក

ការ​បះបោរ​ស៊ីវិល​​នៅ​តំបន់​​មជ្ឈឹម​បូព៌ា​​និង​មហន្ដរាយ​ធម្មជាតិ​​នៅ​ប្រទេស​ជប៉ុន ធ្វើ​ឲ្យ​ប្រទេស​រុស្ស៊ី​បាន​ចំណេញ​ពី​តម្លៃ​ប្រេង​ឡើង​ថ្លៃ​នៅ​ឆ្នាំ​២០១១​នេះ។

ខណៈ​ដែល​ពិភពលោក​ទើប​នឹង​បាន​ធូរ​ស្បើយ​ពី​ការ​បះបោរ​ស៊ីវិល​និង​ពី​មហន្ដរាយ​ធម្មជាតិ​ ប្រទេស​រុស្ស៊ី​ខិត​ខំ​យក​ចំណេញ​ពី​តម្លៃ​ប្រេង​ឡើង​ថ្លៃដែល​នឹង​បំបាត់​ចោល​នូវ​ឱនភាព​ថវិកា​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១១។

ប្រទេស​លីប៊ី​បាន​ផ្អាក​ការ​លក់​ប្រេង​ទៅ​ឲ្យ​ប្រទេសក្រៅ។​ ការ​បះបោរ​នយោបាយ​នៅ​តំបន់​ឈូងសមុទ្រ​ប៉េស​បាន​ជំរុញ​ឲ្យ​ប្រទេស​ក្នុង​តំបន់​នោះ​ឋិត​នៅ​ក្នុង​ភាព​ប្រុង​ប្រយ័ត្ន។ ​ជប៉ុន​និង​អាល្លឺម៉ង់​បាន​បិទ​ម៉ាស៊ីន​រ៉េអាក់ទ័រ​បរិមាណូ​មួយ​ភាគ​បួន​របស់​ខ្លួន។ ​នៅ​ក្នុង​វិស័យ​ថាមពល​របស់​ពិភព​លោក​សព្វ​ថ្ងៃ​នេះ​ ប្រទេស​រុស្ស៊ី​ហាក់​ដូច​ជា​អ្នក​ឈ្នះ។ ដោយ​ផលិត​បាន​១១%​នៃ​ថាមពល​របស់​ពិភពលោក រុស្ស៊ី​បាន​ក្លាយ​ទៅជា​អ្នក​នាំ​ចេញ​ថាមពល​ដ៏​ធំ​ជាង​គេ​របស់​ពិភពលោក។

Leonid​ Grigoriev​ សិក្សា​អំពី​សេដ្ឋកិច្ច​ថាមពល​របស់​រុស្ស៊ី​នៅ​សាលា​សេដ្ឋកិច្ច​ជាន់​ខ្ពស់​នៃ​ទី​ក្រុង​ ម៉ូស្គូ៖

«នេះ​ជា​ចំនួន​ថាមពល​ដ៏​ធំ​មហិមា​ប្រមាណ​៥ដង​លើស​ពី​ចំនួន​ភាគ​ចំណែក​រុស្ស៊ី​នៅ​ក្នុង​ផលិតផល​សរុប​របស់​ពិភាពលោក​ឬ​ GDP​ សាកល​ ឬ ​ចំនួន​ប្រជាជន​ពិភពលោក។​ នេះ​ជា​តួ​លេខ​មូលដ្ឋាន»។

ដោយ​គេ​រំពឹង​ថា​តម្លៃ​ប្រេង​នឹង​ឡើង​ជាង​១០០​ដុល្លារ​ក្នុង​មួយ​ធុង​ជា​មធ្យម​ក្នុង​ឆ្នាំ​នេះ​ គេ​រំពឹង​ថា​ប្រាក់​ចំណេញ​ច្រើន​សន្ធឹក​ពី​ការ​លក់​ប្រេង​នឹង​បំបាត់​ចោល​ឱនភាព​ថវិកា​របស់​រុស្ស៊ី​ក្នុង​ឆ្នាំ​នេះ។

ពេល​វេលា​នេះ​កើត​ឡើង​ចំ​ពេល​ដែល​រដ្ឋាភិបាល​ក្រិមឡាំង​ ដែល​កំពុង​តំឡើង​ប្រាក់​បៀរវត្សរ៍​និង​ប្រាក់​ចូលនិវត្ដន៍​ ហើយ​និង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ​ជា​ថ្មី។​ ការ​តំឡើង​ចុង​ក្រោយ​បង្អស់

នោះ​មាន​កាល​ពី​ថ្ងៃ​សុក្រ​ ចំ​ពេល​ដែល​ប្រធានាធិបតី​ ឌីមីទ្រី​ មេដវិដេវ​ (Dmitry Medvedev)​ ប្រកាស​អំពី​ការ​តំឡើង​ប្រាក់​ខែ​ប្រមាណ​បី​ដង​ដល់​ទាហាន​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ​ តែ​១០​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការ​បោះឆ្នោត។

ប្រេង​និង​ឧស្ម័ន​ផ្ដល់​ប្រាក់​ចំណូល​៤០​ភាគ​រយ​ទៅ​ក្នុង​ថវិកា​ជាតិ​រុស្ស៊ី។ ​នៅ​ពេល​ដែល​ប្រេង​ឡើង​ថ្លៃ​លើស​ពី​២៧​ដុល្លារ​ក្នុង​មួយ​ធុង ​ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី​ប្រមូល​យក​ចំនួន​៩០​សេន​ក្នុង​មួយ​ដុល្លារ។

លោក​ Leonid​ Grigoriev​ ថ្លែង​ទៀត​ថា៖

«ហេតុ​នេះ​ហើយ​ដែល​រុស្ស៊ី​ពឹង​ផ្អែក​ខ្លាំង​មក​លើ​ប្រេង​និង​តម្លៃ​ប្រេង។ ​ហើយ​បើ​មាន​ចលាចល​ក្នុង​ពិភពលោក​ ​វា​នឹង​នាំ​លុយ​ចូល​ភ្លាមៗ​ដល់​ថវិកា​ជាតិ​រុស្ស៊ី»។

សព្វ​ថ្ងៃ​ប្រាក់​បម្រុង​នៃ​រូបិយវត្ថុ​បរទេស​ទំាង​អស់​របស់​រុស្ស៊ី​កើន​១០០​លាន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍។ ​រហូត​ដល់​ចុង​ខែ​មិនា​ប្រាក់​បម្រុង​ទាំង​អស់​របស់​រុស្ស៊ី​នឹង​កើន​ដល់​៥០០​ពាន់​លាន​ដុល្លារ​ជា​ប្រទេស​មាន​ប្រាក់​បម្រុង​ច្រើន​ទី​បី​ក្នុង​ពិភពលោក​ក្រោយ​ប្រទេស​ចិន​និង​ជប៉ុន។​ សព្វ​ថ្ងៃ​នេះ​សេដ្ឋវិទូ​បាន​តំឡើង​ការ​លូតលាស់​សេដ្ឋកិច្ច​រុស្ស៊ី​កើន​ដល់​៥%​ក្នុង​ឆ្នាំ​២០១១​ជា​កម្ពស់​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​ជា​ឆ្នាំ​ដែល​មាន​វិបត្ដិ​សេដ្ឋកិច្ច​សកល។

ប្រាក់​ចំណេញ​ពី​ប្រេង​កាត​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ហោប៉ៅ​អតិថិជន​រុស្ស៊ី។​ កាល​ពី​ឆ្នាំ​មុន​ការ​លក់​រថយន្ដ​និង​ដំណើរ​កម្សាន្ត​នៅ​បរទេស​ឡើង​ខ្ពស់​១ភាគ៣។ ​ជនជាតិ​រុស្ស៊ី​ប្រមាណ​១០%​ទៅ​កម្សាន្ត​វិស្សម​កាល​នៅ​ក្រៅ​ប្រទេស។ ​នៅ​ឆ្នាំ​ក្រោយ ​រុស្ស៊ី​នឹង​ឈ្នះ​អាល្លឺម៉ង់​ដោយ​មាន​ទី​ផ្សារ​លក់​ឡាន​ធំ​ជាង​គេ​នៅ​ក្នុង​ទ្វិប​អឺរុប។ ​នៅ​ក្នុង​ខែ​កុម្ភៈ​ក្រុមហ៊ុន​រថយន្ដ​ Ford​ ក្រុមហ៊ុន GM និង​ Volkwagen​ បាន​ប្រកាស​បើក​ការ​ផ្សងព្រេង​រកស៊ី​រួម​ដើម្បី​ផលិត​រថយន្ដ​ជា​ច្រើន​ថែម​ទៀត​ក្នុង​ប្រទេស​រុស្ស៊ី។

ពលរដ្ឋ​រុស្ស៊ី​ផ្ដើម​ចំណាយ​លុយ​កាក់​នៅ​ពេល​នេះ​ ពី​ព្រោះ​គេ​មិន​ដឹង​ច្បាស់​អំពី​អនាគត​របស់​គេ។

ក្នុង​មួយ​ទសវត្សរ៍​តម្លៃ​ប្រេង​ឡើង​ថ្លៃ​យ៉ាង​លឿន​ពី​៨​ដុល្លារ​ក្នុង​មួយ​ធុង​កាល​ពី​ឆ្នាំ​១៩៩៨​ដល់​១៤៧​ដុល្លារ​ក្នុង​ឆ្នាំ​២០០៨។​ បើ​គិត​អំពី​អនាគត​វែង​ឆ្ងាយ​អ្នក​វិភាគ​និយាយ​ថា ​វិបត្ដិ​នុយក្លេអ៊ែរ​នៅ​ក្នុង​ប្រទេស​ជបុន​នឹង​នាំ​ឲ្យ​ចំណេញ​ដល់​ប្រទេស​រុស្ស៊ី​ ដោយ​គេ​ទម្លាក់​ថាមពល​នុយក្លេអ៊ែរ​ចោល​ និង​ងាក​មក​រក​ថាមពល​ឧស្ម័ន​ធម្មជាតិ​វិញ។​ ប្រទេស​អាល្លឺម៉ង់​ទិញ​ចូល​ឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី​សឹង​តែ​ពាក់​កណ្ដាល​នៃ​ឧស្ម័ន​ដែល​ខ្លួន​ប្រើប្រាស់។

សូម្បី​នៅ​មុន​វិបត្ដិ​ក៏​ដោយ​ ក៏​រុស្ស៊ី​បាន​ធ្វើ​ការ​វិនិយោគ​ទៅ​លើ​ការ​បង្កើន​ផលិតកម្ម​ឧស្ម័ន​រហូត​ដល់​៥០​ភាគ​រយ​ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ។ ​ផលវិបាក​គឺ​តម្លៃ​ខ្ពស់​របស់​ប្រេង​បាន​ធ្វើ​ឲ្យ​ធូរ​ស្បើយ​ដល់​វិធានការ​បំបាត់​អំពើ​ពុករលួយ​ ការ​ធ្វើ​ឲ្យ​មាន​ភាព​សម្បូរ​បែប​នៅ​ក្នុង​សេដ្ឋកិច្ច​ និង​ការ​បន្ថយ​ការ​ជាប់​ទាក់ទង​របស់​រដ្ឋាភិបាល​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម។

ប្រែ​សម្រួល​ដោយ​ អ៊ូ​ ធួក