ពលរដ្ឋ​​តាម​ជនបទ​​​បន្ត​ពិសា​ស្រា​ស​ដោយ​ប្រុង​ប្រយ័ត្ន ក្រោយ​ដឹង​មាន​ករណី​ពុល​ស្លាប់

មេពណ៌ស និងមានសត្វខ្មូតទំលើ ដែលអ្នកស្រី ព្រីង គឿន តែងតែប្រើប្រាស់សម្រាប់ផលិតស្រាស។ (ស៊ុន ណារិន/VOA Khmer)

ភូមិ​ដំណាក់​អំពិល ខេត្ត​ពោធិ៍សាត់ – អង្គុយ​ជុំ​គ្នា​ជាមួយ​កម្មករ​ផ្សេង​ទៀត លោក លីម ង៉ិក និង​កូន​ប្រុស​របស់​លោក គឺ​លោក ង៉ិក វ៉ាន់ណេត ដែល​ជា​កម្មករ​សំណង់​ដូច​គ្នា កំពុង​ហូប​ស្រា​ស​និង​ស្រា​ថ្នាំ នា​ពេល​ថ្ងៃ​ត្រង់។ វា​ជា​ថ្ងៃ​ដែល​ពួកគេទើប​បើក​លុយ ដូច្នេះ​ពួកគេ​បាន​ជួប​ជុំ​គ្នា បាយ​ថ្ងៃ​ត្រង់ ហើយ​ពិសា​ស្រា​ស ស្រា​ថ្នាំ សប្បាយ​ជុំ​គ្នា។ ស្រា​ទាំង​នោះ មាន​ចំនួន​៤​ដប​ជ័រ ដែល​សរុប​ទាំង​អស់​មាន​ចំណុះ​ ២​លីត្រ។ ក្នុង​មួយ​លីត្រ មាន​តម្លៃ​ ២៥០០​រៀល។

សម្រាប់​ប្រជាជន​ដែល​នៅ​តាម​ជន​បទ​ ស្រា​ស និង​ស្រា​ថ្នាំ នៅ​តែ​ពេញ​និយម​សម្រាប់​ពួក​គេ ដោយសារ​ពួកគេ​មិន​មាន​លទ្ធភាព​ទិញ​ស្រាបៀ និង​មួយវិញ​ទៀត ចាស់ៗ​ធ្លាប់​ដឹង​រស​ជាតិ​ស្រា​ស​នេះ​រួច​ទៅ​ហើយ។ ប៉ុន្តែ​ការ​ពុល​ស្រា​ស ស្រា​ថ្នាំ កាល​ពី​កន្លង​ទៅ ​ដែល​នាំ​ឲ្យ​មនុស្ស​ស្លាប់​ ក៏​នាំ​ឲ្យ​ពួកគេ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ដែល​តម្រូវ​ឲ្យ​ពួកគេរក​ជាវ​ស្រា​ស​នៅ​កន្លែង​ណា​មួយ​ដែល​ពួកគេ​ទុក​ចិត្ត​បាន។

លោក លីម ង៉ិក ដែល​ធ្លាប់​ពិសា​ស្រា​ស ជាង​២០​ឆ្នាំ​មក​ហើយ បាន​ថ្លែង​ប្រាប់​ VOA ថា​ លោក​ពិសា​ស្រា​ស​បន្តិច​សម្រាប់​បាយ​ឆ្ងាញ់​ នា​ពេល​ថ្ងៃ​ត្រង់។ ប៉ុន្តែ​លោក​ហាក់​ដូច​ជា​ស្រវឹង​រួច​ទៅ​ហើយ។ លោក​បន្ត​ថា លោក​នៅ​តែ​ហូប​ស្រា​ស ប៉ុន្តែ​បារម្ភខ្លះ​ដែរ ខ្លាច​ពុល ដោយសារ​ធ្លាប់​ដឹង​អំពីការ​ពុល​ស្រាស ​រហូត​ដល់​ស្លាប់​កាល​ពី​កន្លង​មក។

លោក​ ង៉ិក អាយុ​៤៨​ឆ្នាំ ជា​កម្មករ​សំណង់ ដែល​អាច​រក​កម្រៃ​បាន​៣២០០០​រៀល​ក្នុង​មួយ​ថ្ងៃ មាន​ប្រសាសន៍​ថា​លោក​ដឹង​រស​ជាតិ​ស្រា​ស ដែល​លោក​គិត​ថា​ផលិត​ពី​បាយ មាន​លក្ខណៈ​ធម្មជាតិ មិន​ប្រើ​មេ ហើយ​សុវត្ថិភាព។

លោក​មាន​ប្រសាសន៍​ថា៖ «ស្រា​ស​យើង​ត្រូវ​ដឹង។ យើង​ចូល​មាត់​យើង យើង​ដឹង។ តែ​បើ​មាន​ថ្នាំ​ពុល ហូប​ទៅ​វា​ហាងៗ។ មួយ​ទៀត បើ​ដាក់​មេ​ជ្រុល វា​ហាង​ដូច​គ្នា»។

លោក ង៉ិក ដែល​មាន​កូន​៤នាក់ បាន​បន្តថា៖ «ស្រា​បៀ​យើង​ហូប តែ​គុណភាព​គេ វា​ខ្ពស់​ជាង​ស្រា​ស។ តែ​បើ​ក្នុង​សរីរាង្គ​កាយ​របស់​យើង ហូប​ស្រា​ស ​អត់​ធ្វើ​ទុក្ខ​ទេ។ ប៉ះពាល់​សុខភាព ដោយសារ​អ្នក​បង្ហូរ ជួន​កាល​ទៅ​ គេ​លាយ​មេ ជួន​កាល​ទៅ គេ​មិន​លាយ​មេ គេ​កូរ​ថ្នាំ»។

នៅ​ក្បែរ​នោះ គឺ​ជា​កូន​ប្រុស​របស់​លោក គឺ​លោក ង៉ិក វ៉ាន់ណេត អាយុ​២៥​ឆ្នាំ​ ដែល​ជា​កម្មករ​សំណង់ និង​ទទួល​បាន​ប្រាក់​កម្រៃ​៣​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ លោក វ៉ាន់​ណេត ដែល​មាន​កូន​២នាក់ មាន​ប្រសាសន៍​ថា​លោក​ចេះ​ហូប​ស្រា​ស​ប្រហែល​៣​ឆ្នាំ​ហើយ។

លោក​បាន​ថ្លែង​ប្រាប់ ​VOA ​ថា៖ «ដូច​ថា​យើង​មាន​ថវិកា​អញ្ចឹង ដូច​ថា​ស្រាក់​គ្នា​អញ្ចឹង​ទៅ បាន​លុយ​ច្រើន យើង​ហូប​ស្រា​បៀ​ទៅ។ បើ​យើង​មាន​ស្រា​ថ្នាំ ហូប​ស្រា​ថ្នាំ។ បើ​យើង​មាន​ស្រា​បៀ ហូប​ស្រាបៀ​ទៅ។ អា​ហ្នឹង​អាស្រ័យ​លើ​លទ្ធភាព»។

លោក​បន្ត​ថា បើ​លោក​ពិសា​ស្រាបៀ នោះ​លោក​នឹង​ចំណាយ​ប្រហែល​១០​ដង​នៃ​ស្រា​ស ទើប​លោក​ស្រវឹង។

លោក​បញ្ជាក់​ថា៖ «បើ​ស្រា​ស​មួយ​លីត្រ គឺ​ស្រវឹង ដែល​ត្រូវ​ចំណាយ​២៥០០​រៀល តែ​ស្រាបៀ​ត្រូវ​ចំណាយ​ប្រហែល​២ម៉ឺន​រៀល បាន​ស្រវឹង»។

លោក​ វ៉ាន់ណេត ក៏​បាន​ដឹងអំពី​ករណី​ពុល​ស្រា តែ​លោក​មិន​មាន​ជម្រើស​អ្វី​ក្រៅ​ពី​ហូប​ស្រា​ស ដោយសារ​លោក​ថា​លោក​ខ្វះ​ខាត​ថវិកា។

លោក​មាន​ប្រសាសន៍​ថា៖ «គិត​ដែរ​ធ្វើ​ម៉េច​បើ​ថវិកា​វា​អត់។ ជួន​កាល​ទៅ យើង​ធ្វើ​ការ​អញ្ចឹង យើង​វា​អត់​មាន​លុយ។ យើង​ហូប​ស្រា​ស។ ដល់​ពេល​យើង បើក​លុយ​តិច​តួច​ខ្លះ​មក យើង​អាច​ហូប​ស្រា​បៀ​ខ្លះ​ដែរ»។

ស្រាសនិងស្រាថ្នាំ ដែលត្រូវបានដាក់លក់នៅតូបមួយក្នុងភូមិដំណាក់អំពិល ខេត្តពោធិ៍សាត់។ (ស៊ុន ណារិន/VOA Khmer)

កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១៨ មាន​ករណី​ពុល​ស្រា​ស​នៅ​ក្នុង​ខេត្ត​ក្រចេះ ដែល​បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​ស្លាប់។ កន្លង​ទៅ ក្រសួង​សុខាភិបាល​បាន​អះអាង​ថា អ្នក​ផលិត​ស្រា​ស​បាន​ដាក់​សារធាតុ​មេតាណុល​ខ្ពស់​ខ្លាំង​លើស​ការ​កំណត់ និង​ការ​ផលិត​មិន​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ទើប​បណ្ដាល​ឲ្យ​មនុស្ស​ពុល​ស្លាប់។ ក្រោយ​ការ​ពុល​ស្លាប់​ជា​បន្ត​បន្ទាប់ អាជ្ញាធរ​បាន​ចុះ​បិទ​អាជីវកម្ម​ផលិត​ស្រា​ស​ជា​លក្ខណៈ​គ្រួសារ​ជា​បន្ត​បន្ទាប់ ក្នុង​នោះ​មាន​ការ​បិទ​កន្លែង​ផលិត​ស្រា​សចំនួន​៦០០​កន្លែង នៅ​ទូទាំង​ខេត្ត​ក្រចេះ។

រស់​នៅ​ក្នុង​ឃុំ​ផ្ទះ​រុង ស្រុក​តាលោសែនជ័យ ខេត្ត​ពោធិ៍សាត់ អ្នកស្រី​ ព្រីង គឿន អាយុ​៤២​ឆ្នាំ ជា​កសិករ​ម្នាក់​ដែល​ចេះ​បិទ​ស្រា​ស។ អ្នកស្រី​មាន​ប្រសាសន៍​ថា​អ្នក​ស្រី​ចិញ្ចឹម​ជ្រូក ដូច្នេះ​ហើយ​ទើប​អ្នកស្រី​ផលិត​ស្រា​ស ដើម្បី​អាច​លក់​ស្រា​ទាំង​នោះ និង​សល់​បាយ​សម្រាប់​សត្វ​ជ្រូក​ផង​ដែរ។ អ្នកស្រី​បន្ត​ថា ការ​បិទ​ស្រា​ស​នោះ គឺ​អ្នកស្រី​ដាំ​បាយ ហើយ​ប្រើ​ជាមួយ​មេ ដែល​អ្នកស្រី​អះអាង​ថា​មិន​ប៉ះពាល់​សុខភាព​នោះ​ទេ។

អ្នកស្រី​បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ផ្ទះ​របស់​អ្នកស្រី​ថា៖ «ខ្ញុំ​ដាំ​បាយ ហើយ​គេ​មាន​មេ​[ស្រា]​វា។ មេ​ខ្ញុំ ខ្ញុំ​ទិញ​មក មេ​គីឡូ​សម័យ​ដើម​មក។ ខ្ញុំ​ដាំ​បាយ ខ្ញុំ​លាយ​មេ​វា ផ្អាប់​វា​ទៅ។ ខ្ញុំ​អត់​មាន​ធ្វើ​អី​ណា​ខុស ព្រោះ​ខ្ញុំ​អត់​ចេះ​អញ្ចឹង ខ្ញុំ​ខ្លាច​ពុល​គេ​មែន ព្រោះ​ប្ដី​ខ្ញុំ គាត់​អ្នក​ហូប​ដែរ។ ខ្លាច​ពុល​ហ្នឹង​ឯង»។

មេ​ស្រា​ដែល​អ្នកស្រី​ប្រើប្រាស់​នោះ​ អ្នកស្រីបាន​ដឹងពី​ចាស់ៗ​តាំង​ពី​ដើម​មក​ ដូច​ជា​ម្ដាយ​របស់​អ្នកស្រី ដែល​ជា​អ្នក​ផលិត​ស្រា​ស​លក្ខណៈ​គ្រួសារ​មួយ​រូប​ដែរ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «កាល​ខ្ញុំ​នៅ​ក្មេងៗ ម៉ែ​ខ្ញុំ​គាត់​ធ្វើ​តែ​អា​ហ្នឹង​ទេ។ ដល់​ពេល​ស្រា​ហ្នឹង ខ្ញុំ​ចេះ​ធ្វើ​ពី​ម៉ែ​ខ្ញុំ​ដែរ»។

តាម​អ្នកស្រី អ្នកស្រី​ផលិត​ស្រា​ស​មួយ​កាន​ចំណុះ​៣០​លីត្រ ដោយ​អ្នកស្រី​អាច​លក់​អស់​ក្នុង​រយៈ​ពេល​២​សប្ដាហ៍​ទៅ​មួយ​ខែ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ដូច​ថា​គាត់​ទៅ​ស្រែ​ទៅ​ភ្លឺ គាត់​ទិញ​ទៅ។ ហូប​ទៅ ព្រោះ​ជុំ​គ្នា​អញ្ចឹង​ទៅ។ ហើយ​រងា​អញ្ចឹង​ទៅ មក​រក​មួយ​កែវ​ពីរ​កែវ​អញ្ចឹង​ទៅ»។

ក្នុង​ពេល​ផ្ដល់​បទ​សម្ភាសន៍​ដល់ ​VOA អ្នកស្រី​បាន​បង្ហាញ​មេ​ស្រា ដែល​មាន​ពណ៌ស​និង​សត្វ​ខ្មូត​ជា​ច្រើន​ទំ​ពី​លើ។ មេ​នោះ​មាន​តម្លៃ​៦​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម។

អង្គុយ​ក្បែរ​នោះ គឺ​លោក វង ង៉ែត អាយុ​៤២​ឆ្នាំ ជា​ប្ដី​របស់អ្នកស្រី។ លោក​ ង៉ែត ដែល​ហាក់​ដូច​ជា​ស្រវឹង​ស្រា​ស​បន្តិច​ដែរ មាន​ប្រសាសន៍​ថា លោក​ហូប​ស្រា​ស​នេះ​នៅ​ពេល​បាយ ហើយ​លោក​ថា​ស្រា​ស​នេះ គឺ​ផលិត​តាម​បែប​ធម្មជាតិ មិន​ពុល​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​អ្នក​ហូប​ដែរ បើ​សិន​បើ​ពុល ពុល​ខ្ញុំ​ងាប់​មុន​គេ»។

VOA មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក លី សុវណ្ណ​និង​លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​របស់​ក្រសួង​សុខាភិបាល​បាន​នៅ​ឡើយ​ទេ។

ចាប់​ពី​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០១៧ មាន​ករណី​ពុល​ស្រា​ស ប្រមាណ​៣៩០​ករណី ដែល​បណ្ដាល​ឲ្យ​មនុស្ស​៥០​នាក់​ស្លាប់ នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ដូច​ជា​ខេត្ត​មណ្ឌល​គិរី ខេត្ត​ត្បូង​ឃ្មុំ ខេត្ត​ក្រចេះ និង​ខេត្ត​កំពង់​ឆ្នាំង។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល។

ក្រោយ​មាន​ការ​ពុល​ស្រា​ស​ជា​បន្ត​បន្ទាប់ ក្រសួង​សុខាភិបាល ក៏​បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជា​ពល​រដ្ឋ​ពិសា​ស្រា​ស​ដែល​ផលិត​មិន​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ និង​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​ការ​ផលិត ការ​ចែក​ចាយ និង​ការ​លក់​ស្រា​ស​ជា​ប្រចាំ៕