អង្គការ​​អន្តរជាតិ​មួយ​ផ្តល់​​១លាន​ដុល្លារ​ជួយ​សហគមន៍​ជនបទ​បន្ស៊ាំ​នឹង​​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​

(ពី​ឆ្វេង​ទៅ​ស្តាំ) លោក ឆេង គឹមស៊ុន លោក​​ស្រី​អេវ៉ា អាស​ផ្លាន់​ ​(Eva Asplund)​ និង លោក​ស្រី​អេលេណា ​ទីឆេនកូ ​(Elena Tischenko) ថ្លែង​អំពី​ជំនួយ​ថ្មី​នេះ​នៅ​ក្នុង​សិក្ខាសាលា​​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​​២៥​ខែ​មករា​ឆ្នាំ​២០១១​នេះ។

អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​មួយនៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រកាស​ផ្តល់​មូលនិធិ​ជាង​១លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដើម្បី​ជួយ​សហគមន៍​ជនបទ​នៅ​ក្នុង​ខេត្ត​ចំនួន​១៣ឲ្យ​បន្ស៊ាំ​និង​ត្រៀម​ខ្លួន​កាន់តែ​ប្រសើរ​ចំពោះ​ផល​ប៉ះពាល់នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នៅ​ក្នុង​ប្រទេស។

ទីភ្នាក់ងារ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ប្រទេស​ស៊ុយអែត​ហៅ​កាត់​ថា​ Sida​ បាន​សម្រេច​ផ្តល់​មូលនិធិ​ចំនួន​១,៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដល់​កម្មវិធី​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ថ្មីមួយ ដើម្បី​ជួយ​សហគមន៍​ជនបទ​កម្ពុជាចំនួន​ប្រមាណ​១០០​សហគមន៍​នៅ​ក្នុង​ខេត្ត​ចំនួន​១៣​ដែល​ងាយ​រងគ្រោះ​ដោយសារការ​ប្រែប្រួល​អាកាសធាតុ។

ខេត្ត​ទាំង​១៣​នោះរួមមាន​ខេត្ត​កំពង់ធំ​ សៀមរាប​ ​បាត់ដំបង​ ​កំពង់​ឆ្នាំង​ ​ពោធិសាត់​ ​កំពង់ស្ពឺ ​តាកែវ​ ​ព្រៃ​វែង​ ​ស្វាយរៀង​ ​កណ្តាល​ ​មណ្ឌល​គីរី​ ​រតនគីរី​ និង​ខេត្ត​ស្ទឹងត្រែង។

ថ្លែង​នៅ​ក្នុង​វិធី​បើក​សម្ពោធ​កម្មវិធី​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ​ផ្អែក​លើ​សហគមន៍​មូលដ្ឋាន​នៅ​កម្ពុជា​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ​នៅ​រសៀល​ថ្ងៃ​អង្គារ​ ​លោកស្រី​អេវ៉ា អាស​ផ្លាន់​ ​(Eva Asplund)​ នាយិកា​នៃ​ទីភ្នាក់ងារ Sida ​ប្រចាំ​ប្រទេស​កម្ពុជា​ ​មាន​ប្រសាសន៍​ថា​ ​កម្មវិធីបន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុនេះ​នឹង​ជួយ​ធ្វើ​ឲ្យ​សហគមន៍​ជនបទ​កម្ពុជា​ត្រៀម​ខ្លួន​បាន​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន​ចំពោះ​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុនៅ​ពេល​ខាង​មុខ។

«យើង​រំពឹង​ថា​ ​តាម​រយៈ​កម្មវិធី​នេះ​ ​ស្ថានភាព​រស់នៅ​របស់​សហគមន៍​ខ្មែរ​ជាច្រើន​នឹង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​នៅ​ពេល​ដែល​សមត្ថភាព​បន្ស៊ាំទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​របស់​ពួកគេ​ត្រូវ​បាន​ពង្រឹង​នោះ»។

កម្មវិធីបន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ផ្អែក​លើ​សហគមន៍​មូលដ្ឋាន​នៅ​កម្ពុជា​ ​ឬ​កាត់​ថា​ ​CCBA​ ​Program​ ​ដែល​មាន​រយៈ​ពេល​២​ឆ្នាំ​ចាប់​ពី​ឆ្នាំ​២០១០​ដល់២០១២នេះ​ ​នឹង​ផ្តល់ជំនួយ​ខ្នាត​តូច​ដល់​បណ្តា​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​ក្នុង​ស្រុក ​ឬ​សហគមន៍​ដែល​ធ្វើ​ការងារ​នៅ​តាម​មូល​ដ្ឋាន​ក្នុង​ខេត្ត​គោលដៅ​ទាំងនោះ​ ​ដើម្បី​ជួយ​ប្រជា​កសិករ​ ​អ្នក​នេសាទ​ ​និង​អ្នក​ប្រកប​របរ​ផ្សេងៗ​ទៀត​នៅ​តាម​ទី​ជនបទ​ ​ឲ្យ​បង្កើន​មុខ​ដំណាំ​កសិកម្ម​ ឬ​កែច្នៃ​មុខ​របរ​បន្ថែមទៀត​ជាដើម​ ​សម្រាប់ឆ្លើយតប​ទៅ​នឹង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។

នៅ​កម្ពុជា​ ​បាតុ​ភូត​ធម្មជាតិ​ដ៏​កំណាច​ ​ដូច​ជាទឹក​ជំនន់​និង​គ្រោះ​រាំង​ស្ងួត​ជា​ដើម​ ​បាន​ធ្វើ​ឲ្យ​ប្រជា​ជន​ក្រីក្រ​ ជាពិសេស​នៅ​តាម​ទី​ជនបទ​ ​ក្លាយ​ជា​ក្រុម​ដែលងាយ​រងគ្រោះ​បំផុត​ ដោយ​សារ​តែ​ពួកគេ​គ្មាន​លទ្ធភាព​និង​សមត្ថភាព​គ្រប់​គ្រាន់​ក្នុងការ​ទប់ទល់​ ឬ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​ជា​មុខ​ ​ចំពោះ​បាតុភូត​ទាំងនោះ​ ដែល​អាច​បណ្តាល​មក​ពី​ការប្រែប្រួល​អាកាសធាតុ​នេះ។

ជាក់​ស្តែង​ ​ឥទ្ធិពល​នៃ​ខ្យល់ព្យុះ​កេសាណា​ ​ដែល​បាន​វាយ​បក់​បោក​មកលើ​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០០៩​ ​បាន​ធ្វើ​ឲ្យ​មាន​មហន្តរាយ​យ៉ាង​ធំធេង​ ​ដោយ​បង្ក​ឲ្យ​មាន​ការ​ខូតខាត​ ​គិត​ជា​ប្រាក់​ប្រមាណ​១៣២​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​នៅ​ពេល​នោះ​ នេះ​បើ​ផ្អែក​តាម​អង្គការកម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជា​ជាតិ​ ​ឬ​ហៅកាត់​ថា​ ​UNDP ​ដែល​ជា​អ្នក​ចាត់​ចែងគម្រោង​កម្មវិធី​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ CCBA Program​ នេះ។

លោក​ស្រី​អេលេណា ​ទីឆេនកូ ​(Elena Tischenko)​ នាយិកា​អង្គការ​UNDP ​ប្រចាំ​ប្រទេស​កម្ពុជា​ ​មាន​ប្រសាសន៍​ថា​ ​កម្មវិធី​នេះ​នឹ​ងរួម​ចំណែកធ្វើ​ឲ្យ​ប្រាកដ​ថា​ ​សហគមន៍​ជនបទ​មាន​សមត្ថភាព​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​ការ​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ។

លោក​ឆេង គឹមស៊ុន​ ​ប្រធាន​រដ្ឋ​បាល​ព្រៃឈើ​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិដឹកនាំ​កម្មវិធី​ជំនួយ​ខ្នាត​តូច​ ​ក៏​បាន​ថ្លែង​នៅ​ក្នុង​ពិធី​នោះ​ផង​ដែរថា​ ​សមត្ថភាព​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​របស់​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ​ ​ដូច្នេះ​ការ​កាត់​បន្ថយ​និង​ការ​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ​គឺ​ជា​ការ​ចាំបាច់ដើម្បី​ធានា​ចីរភាព​បរិស្ថាន​និង​លើក​កម្ពស់​ជីវភាព​ប្រជាជន​នៅ​ជនបទ៕