ក្រុមអ្នកវិភាគ​និយាយថា​គណបក្ស​កាន់អំណាច​វាយប្រហារ​លើ​គណបក្ស​ប្រឆាំង​មុនការ​បោះឆ្នោត​ឆ្នាំ​២០១២

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ក្រោយ​ពី​លោក​បាន​ជា​ពី​ជំងឺ​ផ្តាសាយ​ជ្រូក។​

ក្រុម​អ្នកវិភាគ​ បាន​និយាយ​នៅ​ថ្ងៃពុធ​នេះ​ថា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​បន្ត​ការ​វាយ​ប្រហារ​បន្តុះ​បង្អាប់គូរសត្រូវ​នយោបាយ​របស់​លោក​មុនការ​បោះឆ្នោត​មកដល់​ បន្ទាប់​ពី​សុន្ទរកថា​ ដែល លោក​បាន​លើកឡើង​ពី​កិត្តិយស​ក្នុង​ការជួយ​បង្កើត​គណបក្ស​សិទ្ធិមនុស្ស​ និង​គណបក្ស​សម រង្សី កន្លង មក​នេះ។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ័​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ កាលពី​ ថ្ងៃ​ច័ន្ទថា​ លោក​បាន​ណែនាំ​ និង​ជួយ​បង្កើត​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា​នៅក្នុង​ឆ្នាំ២០០៧​ និង​បាន​ណែនាំ​លោក សម រង្សី ​ដាក់​សំណើ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ ដើម្បី​ផ្លាស់ប្តូរ​រូបមន្ត សម្រាប់​បង្កើត​រាជរដ្ឋាភិបាល​ពី​សំឡេង​សមាជិក​រដ្ឋសភា​ពីរ​ភាគបី មក​សំឡេង​៥០​ភាគរយ​បូក​មួយ ហើយ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​សុទ្ធតែ​សុំ​យោបល់​របស់​លោក​ រួមទាំង​គណបក្ស​ សម រង្សី ។

ក្រុម​អ្នកវិភាគ​បាន​ចាត់ទុក​ការទម្លាយ​រឿង​សម្ងាត់​នយោបាយ​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ជាមួយ​ នឹង​ គូ​សត្រូវ​នយោបាយ​របស់​លោក ​គឺ​លោក ​កឹម សុខា​ ប្រធាន​គណបក្ស​សិទ្ធិមនុស្ស ​និង​លោក​ សម រង្សី ​ប្រធាន​គណបក្ស​សម រង្សី ​ថា​ជា​យុទ្ធសាស្ត្រ​នយោបាយ​ដ៏​សំខាន់​ក្នុង​ការធ្វើ​ឱ្យ​ទន់ខ្សោយ ដល់​ប្រជា​ប្រិយភាព ​និង​ឥទ្ធិពល​នយោបាយ​របស់​គណបក្ស​ប្រឆាំង។

លោក​ឡាវ ម៉ុងហៃ​ អតីត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​គណៈកម្មការ​សិទ្ធិមនុស្ស​អាស៊ី ​បាន​ថ្លែង​ថា​ការ​ទម្លាយ​ រឿង​សម្ងាត់​នេះ អាច​ធ្វើឱ្យ​អ្នក​បោះឆ្នោត​លែ​ងជឿ​ទុកចិត្ត​លើ​គណបក្ស​សម រង្សី ​និង​គណបក្ស​សិទ្ធិមនុស្ស​ ហើយ​បែរ​ជា​មក​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។

លោក ឡាវ ម៉ុងហៃ ​បាន​បន្ថែម​ថា​យុទ្ធសាស្ត្រ​នេះ​អាច​ធ្វើជា​ការសាកល្បង​លើ​ការគាំទ្រ​ ឬ​ប្រជាប្រិយ​ភាព​ របស់​គណបក្ស​កាន់​អំណាច​នៅតែ​រឹងមាំ​ដដែល​ ឬ ​កាន់តែ​រឹងមាំ​ថែមទៀត​ ឬ ​ចុះ​អន់ថយ។

«ការទម្លាយ​រឿង​សម្ងាត់​នៅក្នុង​កាលៈ​ទេសៈ​សព្វថ្ងៃ​ គឺ​ប្រហែល​ជា​ប្រយោជន៍​ទៅដល់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១២ ហើយ​ការ​ផ្សព្វ​ផ្សាយ​រឿង​សម្ងាត់​នេះ​ប្រហែល​ជា​ធ្វើឱ្យ​មាន​ការច្រឡូក​ច្រឡំ​ ឬ ​បង្កើត ការមិន​ទុកចិត្ត​ពី​សាធារណៈ​ទៅលើ​គណបក្ស។ យុទ្ធសាស្ត្​នេះ​មិនមាន​អ្វី​ថ្មីទេ ក្នុង​ការស្វែង​រក​អំណាច យកមក​កាន់​កាប់​ ឬ ​ប្រមូល​ការគាំទ្រ​អំណាច​ដែល​មាន​ស្រាប់»។

លោក​ហង្ស ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​បោះឆ្នោត​អព្យាក្រិត្យ ​និង​មិន​លំអៀង​ (និចហ្វិក) បាន​ថ្លែងថា​ការទម្លាយ​រឿង​សម្ងាត់​នេះ​អាច​ធ្វើឱ្យ​គណបក្ស​សិទ្ធិមនុស្ស​ និង​គណបក្ស សម រង្សី ​បាត់បង់​ សេចក្តី​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​នៅក្នុង​ការបោះឆ្នោត​ខាងមុខ​ ហើយ​ប្រជាពលរដ្ឋ​បែរ​ជា​មក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ឡើង​វិញ។

«នេះ​អាច​ជា​ហេតុផល​មួយ ​ដើម្បី​ឱ្យ​ការទុកចិត្ត​របស់​ប្រជាពលរដ្ឋ​មាន​ការពិនិត្យ​ឡើងវិញ​នូវ​អ្វីដែល​ជា​ការសម្រេច​ចិត្ត​របស់​ប្រជាពលរដ្ឋ ។ខ្ញុំ​គិតថា​ការទម្លាយ​រឿង​សម្ងាត់​នេះ​គឺជា​យុទ្ធសាស្ត្រ​ដណ្តើម​សន្លឹក​ឆ្នោត»។

លោក​ឈាង វណ្ណារិទ្ធ ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​កម្ពុជា ​ដើម្បី​កិច្ច​សហប្រតិបត្តិការ ​និង​សន្តិភាព​បាន ថ្លែង​ថា​ការបោះឆ្នោត​ឃុំ ​សង្កាត់​ឆ្នាំ២០១២​ និង​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៣ ​គឺជា​វេទិកា​នយោបាយ​មួយ ដ៏​សំខាន់ ​ដើម្បី​ប្រកួតប្រជែង​ដណ្តើម​សន្លឹក​ឆ្នោត។

«អ្វី​ទាំងអស់​ដែល​គណបក្ស​នយោបាយ​កំពុង​តែធ្វើ ​ដើម្បី​ទាញ​យក​ប្រជាប្រិយភាព​ដល់​គណបក្ស​របស់​ខ្លួន និង​ដើម្បី​កាត់បន្ថយ​ប្រជាប្រិយភាព​របស់​គណបក្ស​នយោបាយ​ដទៃ។ នេះ​គឺជា​នយោបាយ​មួយ ដែល​ខ្ញុំ​គិត​ថា​គណបក្ស​នយោបាយ​ទាំងអស់​កំពុង​តែ​ប្រើ​នៅ​កម្ពុជា​នេះ ដើម្បី​ឈាន​ទៅរក​ការបោះ​ឆ្នោត​ឃុំ​សង្កាត់​ ឆ្នាំ២០១២ និង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។ វាអាច​ចូល​ទៅក្នុង​ទ្រឹស្តី Divide and Conquerដើម្បី​បំបែក​បំបាក់​គណបក្ស​ដែល​ប្រឆាំង​ជាមួយ​នឹង​គណបក្ស​របស់​ខ្លួន»។

លោក​ប៉ុល ហំម ​អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស​ បាន​ថ្លែង​ថា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​ប្រើ ល្បិចចាស់​ ដើម្បី​បន្តុះបង្អាប់ ​គណបក្ស​សិទ្ធិ​មនុស្ស។

លោក​យឹម សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស សម រង្សី​ បាន​បញ្ជាក់​ថាគ​ណបក្ស សម រង្សី គ្មាន​រឿង​សម្ងាត់​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ។ ក្នុង​ឆ្នាំ​២០០៦ ​លោក សម រង្សី ​ធ្លាប់បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​នៅ​គេហដ្ឋាន​របស់​លោក ហើយ​ក៏អាច​និយាយ​គ្នា​តាម​ទូរស័ព្ទ៕