គណបក្សកាន់អំណាចរបស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់អំណាចជាង៣០ឆ្នាំមកហើយនោះ បានសម្រេចថា នឹងមិនហែក្បួនឃោសនាជាដុំកំភួននោះទេ តែមេដឹកនាំគណបក្សនេះនិយាយថា គណបក្សខ្លួននឹងឈ្នះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខនេះ។
ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារាប់ពាន់នាក់បានមកប្រមូលផ្តុំគ្នានៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃសៅរ៍នេះ ដែលជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទីបួននេះ។
លោកសាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្រាប់ក្រុមអ្នកគាំទ្រគណបក្សនៅក្នុងការជួបជុំនៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រថា គណបក្សកាន់អំណាចនឹងបន្តឈ្នះដើម្បីគ្រប់គ្រងឃុំ-សង្កាត់បន្តទៀត ដោយហេតុថា គណបក្សកាន់អំណាចមានគោលនយោបាយ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការលើកស្ទួយជីវភាពរស់នៅ និងការការពារឯកភាពជាតិ និងបូរណភាពទឹកដី។
លោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជាថ្លែងថា៖
«គណបក្សយើងពិតជាឈ្នះដាច់ខាត ដោយមូលហេតុមួយគឺយើងមានគោលនយោបាយត្រឹមត្រូវដែលឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងស្របជាមួយស្ថានភាពជាក់ស្តែងនៃការបន្តអភិវឌ្ឍសង្កាត់តទៅមុខទៀត»។
លោកបន្ថែមថា គណបក្សប្រជាជនកម្ពុជាបានបង្កើតឲ្យមានការអភិវឌ្ឍគ្រប់វិស័យ ហើយគណបក្សនេះមានធនធានមនុស្សដែលមានសមត្ថភាព និងបទពិសោធន៍ការងារគ្រប់គ្រាន់ដើម្បីដឹកនាំឃុំ-សង្កាត់។ លោកបន្តថា គណបក្សប្រជាជនកម្ពុជាមានការសាមគ្គីផ្ទៃក្នុងបក្សពីលើដល់ក្រោមដែលធ្វើឲ្យគណបក្សនេះ ខ្លាំងនឹងឈានទៅទទួលបានជ័យជម្នះ។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នឹងធ្វើឡើងក្នុងរយៈពេល១៤ថ្ងៃ មុនការបោះឆ្នោត ដែលនឹងរៀបចំឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
មានគណបក្សនយោបាយចំនួន១២បានចុះឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនាខាងមុខ។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិទេ ដែលបានដាក់បេក្ខជននៅគ្រប់ឃុំ-សង្កាត់ទាំង១.៦៤៦។ រីឯគណបក្សដទៃទៀតគឺមានដូចជាគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យជាដើម បានដាក់បេក្ខជនដោយចន្លោះៗ។
ក្នុងយុទ្ធនាការឃោសនារបស់ខ្លួន គណបក្សប្រជាជនកម្ពុជាមិនបានធ្វើការហែក្បួនឃោសនាគោលនយោបាយរបស់ខ្លួនទៅកាន់អ្នកបោះឆ្នោតនោះទេ។ គណបក្សដែលគ្រប់គ្រងប្រទេសកម្ពុជាជិត៤០ ឆ្នាំមកនេះ បានដាក់ចេញកម្មវិធីគោលនយោបាយដែលមានចំនួន១៣ចំណុច ដើម្បីទាញការគាំទ្រពីអ្នកបោះឆ្នោត។
យោងតាមគោលនយោបាយរបស់គណបក្សកាន់អំណាច ដែលផ្សាយតាមគេហទំព័ររបស់គណបក្ស បានឲ្យដឹងថា ចំណុចសំខាន់ៗនៃគោលនយោបាយទាំងនោះរួមមាន ប្រជាកសិករទទួលបានការគាំទ្រពីរដ្ឋ ដើម្បីធានាការបង្កើនផលិតកម្ម និងការរកទីផ្សារសម្រាប់លក់កសិផលដោយមានតម្លៃសមរម្យ។ ប្រជាជនគ្មានដី ឬខ្វះដីនឹងទទួលបានដីសម្រាប់សង់លំនៅដ្ឋាន និងបង្កបង្កើនផល តាមរយៈការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច។ ប្រជាជនគ្រប់រូបទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺកាន់តែល្អប្រសើរតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរបស់រដ្ឋ ហើយប្រជាជនក្រីក្រ និងអ្នកខ្វះលទ្ធភាពទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតបង់ថ្លៃនៅតាមមណ្ឌលសុខភាព និងតាមមន្ទីរពេទ្យរដ្ឋ។ គណបក្សប្រជាជនកម្ពុជាកសាងឃុំ-សង្កាត់ជាប់ព្រំដែនជាមួយប្រទេសជិតខាង ជាឃុំ សង្កាត់ប្រកបដោយសន្តិភាព។
ក្រុមអ្នកគាំទ្រគណបក្សកាន់អំណាចផ្តល់ការយល់ឃើញខុសៗគ្នា ចំពោះលទ្ធភាពនៃការឈ្នះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ។
លោក វ៉ាត សុភាព វ័យ៣៧ មកពីខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានប្រាប់ VOA នាថ្ងៃសៅរ៍នេះថា ការកសាងហេដ្ឋារចនាសម្ព័ន្តផ្លូវ ដែលធ្វើឡើងដោយគណបក្សប្រជាជនកម្ពុជា នឹងនាំជោគជ័យមកដល់គណបក្សនេះ។
«តាមជាក់ស្តែង ឃើញជាក់ស្តែង គេថា គាត់កសាងតាមផ្លូវតាមអីអញ្ចឹងទៅណ៎ា។ គេមើលជាក់ស្តែងផ្លូវជាតិ សាលារៀន សព្វបែបសព្វយ៉ាង តែសង្ឃឹមថាៗ ជាឈ្នះ»។
អ្នកស្រី ស៊ឹម នី វ័យ៦០ឆ្នាំ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាម្នាក់ទៀត និយាយថា៖
«ខ្ញុំមើលទៅឃើញគាត់ជួយធ្វើផ្លូវ ធ្វើអីអញ្ចឹងដែរ ខាងចៅសង្កាត់ហ្នឹង»។
ដោយឡែក អ្នកស្រី អឿ ស្រីនាង វ័យ៤១ឆ្នាំ អ្នកលក់ដូរនៅតាមចិញ្ចើមផ្លូវនៅរាជធានីភ្នំពេញ យល់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់មានសារៈសំខាន់ចំពោះប្រទេសកម្ពុជា ព្រោះការបោះឆ្នោតនេះនឹងនាំឲ្យមានការផ្លាស់ប្តូរមេដឹកនាំនៅឃុំ-សង្កាត់។
អ្នកស្រីមិនអាចបញ្ជាក់ប្រាប់ VOA ឲ្យដឹងថា តើអ្នកស្រីនឹងបោះឆ្នោតឲ្យគណបក្សណានោះទេ តែអ្នកស្រីចង់ឲ្យមានការផ្លាស់ប្តូររបៀបដឹកនាំក្នុងឃុំ-សង្កាត់ ដើម្បីជួយស្តារជីវភាពប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងស្ថានភាពលំបាកលំបិន។
«ចង់បានផ្លាស់ប្តូរ ព្រោះអីយើងចង់ឲ្យប្រទេសជាតិ យើងរីកចម្រើន កុំវាមាន វាពិបាកពេក។ ឥឡូវស្រុកខ្មែរ វាពិបាកច្រើនណាស់»។
គូប្រជែងខ្លាំងក្លារបស់គណបក្សកាន់អំណាចត្រូវគេដឹងថា ជាគណបក្សសង្គ្រោះជាតិ។ គណបក្សដែលកើតចេញពីការច្របាច់បញ្ចូលគ្នារវាងគណបក្សសម រង្ស៊ីរបស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខានេះ បានធ្វើឲ្យគណបក្សកាន់អំណាចបាត់បង់២២កៅអីនៅសភាជាតិ ក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣។
អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គមគឺលោក មាស នី ថ្លែងថា គណបក្សធំៗពីរដែលមានអាសនៈនៅរដ្ឋសភានេះ មិនទាន់អាចបង្ហាញពីសក្ដានុពលនៃការឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីនៅឡើយទេ ដោយសារគណបក្សទាំងពីរនេះ មានហានិភ័យរៀងៗខ្លួនក្នុងការគៀងគរម្ចាស់ឆ្នោត។ លោកនិយាយថា គណបក្សប្រជាជនកម្ពុជាអត់មានអ្វីថ្មីសម្រាប់ការឃោសនា ហើយជារឿយៗ ប្រើការគំរាមកំហែង។
រីឯគណបក្សសង្គ្រោះជាតិកំពុងរងការកេងចំណេញខាងនយោបាយពីគណបក្សតូចៗ ដែលបានវាយប្រហារលើរដ្ឋាភិបាលដោយសេរី ក្នុងពេលគណបក្សប្រឆាំងរងគំនាបដោយបញ្ហាប្រឈមនានា ដូចជាការរៀបចំរចនាសម័្ពន្ធដឹកនាំគណបក្សជាដើម៕