កសិដ្ឋាន​ធំៗ​កាប់​ដើម​កៅស៊ូ​ដាំ​ដើម​ចេក ​និង​ដំណាំ​ផ្សេង​តម្រង់​ទៅ​ទីផ្សារ​ចិន

កម្មករ​ធ្វើការ​ក្នុង​ចម្ការ​ចេក​​ ប្រមូល​ និងដឹក​ទិន្នផល​ចេក​ ទៅ​រោងចក្រ​វេច​ខ្ចប់​ផលិតផល​ចេក​ នាំ​ចេញ​ទៅ​ប្រទេស​ចិន​ ក្នុង​​ស្រុក​អូររាំង​ឪ ខេត្ត​ត្បូង​ឃ្មុំ ថ្ងៃទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ស៊ុន ណារិន/វីអូអេ)

ជិះ​ម៉ូតូ​តាម​ផ្លូវ​ដែល​ក្រាល​គ្រប​ដោយ​ដី​ក្រហម ​ចន្លោះ​ចម្ការ​ចេក​មួយ​កន្លែង​ដែល​ផុស​ត្រដែត​ឡើង​នៅ​ចំ​កណ្ដាល​ចម្ការ​កៅស៊ូ​ដ៏​ធំ​ល្វឹងល្វើយ​ព័ទ្ធ​ជុំវិញ​ លោក ​ឈិន ជឺឆែង​ (Chen Zhiqang)​ ជា​អ្នក​វិនិយោគ​ចិន​កំពុង​មមាញឹក​ជិះ​ម៉ូតូ​ត្រួត​ពិនិត្យ​ការងារ​របស់​ក្រុម​កម្មករ​ជន​ជាតិ​ខ្មែរ​ប្រមាណ​ ៣៤០ ​នាក់។

ក្នុង​ចម្ការ​ចេក​មួយ​កន្លែង​នេះ ​ដែល​ស្ថិត​ក្នុង​ស្រុក​អូររាំងឪ ​ខេត្ត​ត្បូងឃ្មុំ លោក ​Chen Zhiqang ​កំពុង​បណ្ដាក់​ទុន​ដាំ​ដើម​ចេក​លើ​ផ្ទៃ​ដី​ ២០០ ​ហិកតា​ជាមួយ​លោក​ឧកញ៉ា​ អាន ម៉ាឌី​ អ្នក​វិនិយោគ​ដ៏​ធំ​ខាង​វិស័យ​កសិកម្ម។​

ដើម​ចេក​ដែល​ដាំ​នេះ​ជា​ប្រភេទ​ចេក​អំបូង​លឿង​ និង​ត្រូវ​បាន​នាំ​ពូជ​ពី​ប្រទេស​ចិន​មក​ដាំ​នៅ​ទីនេះ។ ​នេះ​បើ​តាម​លោក ​Chen Zhiqang។ ​លោក​ថ្លែង​ប្រាប់​ VOA ​នៅ​ចម្ការ​ចេក​របស់​លោក​កាល​ពី​ពេល​ថ្មីៗ​ថា៖ ​«ចិន​បច្ចុប្បន្ន​ ដំណាំ​ចេក​ខ្វះ​ខាត​ច្រើន​ ហើយ​ប្រជាជន​ចិន​ចូល​ចិត្ត​ហូប​ផ្លែ​ចេក។ ​ដល់​អ៊ីចឹង​ទៅ​ ខ្ញុំ​ត្រូវ​ការ​មក​ស្រុក​ក្រៅ​ដូចជា​កម្ពុជា​ ឬ​ប្រទេស​ផ្សេង​ដើម្បី​រក​ចម្ការ​មក​ផលិត​ចេក​នាំ​ទៅ​ប្រទេស​ចិន​ដើម្បី​ផ្គត់​ផ្គង់​ប្រជាជន​របស់​ខ្ញុំ»។​

ចេក​អំបូង​ជា​ប្រភេទ​ទំនិញ​ដែល​ត្រូវ​បាន​ចុះ​ពិធីសារ​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​នាំ​ពី​កម្ពុជា​ចូល​ទៅ​កាន់​ប្រទេស​ចិន​ដែល​ជា​ទីផ្សារ​ធំ​មាន​ប្រជាជន​១.៣០០​លាន​នាក់។​ ចាប់​តាំង​ពី​ការ​ចុះ​ពិធី​សារ​កាល​ពីឆ្នាំ​២០១៩មក​វិនិយោគិន​ធំៗ​មក​ពី​ចិន​ដីគោក​ដូច​ជា​លោក ​Chen Zhiqang ​កំពុង​សហការ​ជាមួយ​ដៃគូ​កម្ពុជា​ដើម្បី​ដាំ​ដំណាំ​ចេក​ក្នុង​ទ្រង់​ទ្រាយ​ធំ​នាំ​ចេញ​ទៅ​ប្រទេស​ចិន។​

លោក ​Chen Zhiqang ​បាន​ប្រាប់ ​VOA ​ក្នុង​បទ​សម្ភាសន៍​មួយ​យ៉ាង​ដូច្នេះ​ថា៖ ​«ដោយសារ​ទំនាក់​ទំនង​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ចិន​គឺ​ល្អ​ តាំង​ពី​ជំនាន់​ស្តេច​សីហនុ​មក ក្រោយ​មក​ យើង​ក៏​បាន​ចុះ​ហត្ថលេខា​ផ្លូវ​ក្រវាត់​ពាណិជ្ជ​កម្ម​ចិន​ដល់​អ៊ីចឹង​ទៅ​រឹត​បន្តឹង​មិត្តភាព​បន្ថែម។​ ដល់​អ៊ីចឹង​ទៅ ខ្ញុំ​ជ្រើស​រើស​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ​ដោយ​សារ​ទំនាក់​ទំនង​ល្អ»។​

ដីដាំ​ចេក​នេះ​ស្ថិត​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជិត ​៤​ ពាន់​ហិកតា​ ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​លោក ​អាន ម៉ាឌី ​ដើម្បី​ដាំ​កៅស៊ូ។ ​ក្រុមហ៊ុន​បាន​ឆ្វៀល​ដី​កៅស៊ូ​ប្រមាណ​ ២០០​ ហិកតា​រហូត​មក​ដល់​ពេល​នេះ​ដើម្បី​យក​ដី​ដាំ​ដើម​ចេក។​

នៅ​លើ​ផ្ទៃ​ដី​ដាំដុះ​សព្វថ្ងៃ​នេះ ​លោក​ Chen Zhiqang ​បាន​ឱ្យ​ដឹង​ថា​ លោក​អាច​នាំ​ចេញ​ចេក​ប្រមាណ ​១២.០០០​តោន​ក្នុង​មួយ​ឆ្នាំៗ។​

លោក Chen Zhiqang ជា​អ្នក​វិនិយោគ​ជនជាតិ​ចិន​ នៅ​ក្នុង​ចម្ការ​ចេក​មួយ​ក្នុង​ ​ស្រុក​អូររាំង​ឪ ខេត្ត​ត្បូង​ឃ្មុំ កាលពីថ្ងៃ​ទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ស៊ុន ណារិន​/វីអូអេ)

វិនិយោគិន​ចិន​នេះ​ ដែល​មក​រស់​នៅ​កម្ពុជា​ជាង​៣​ឆ្នាំ​មក​ហើយ និង​មក​ពី​ទីក្រុង​ប៉េកាំង​ បាន​ឱ្យ​ដឹង​ថា៖​ «បើ​សិន​គម្រោង​ដំបូង​បាន​ជោគជ័យ ​ខ្ញុំ​នឹង​ពង្រីក​ដល់​២ពាន់​ហិកតា ​ហើយ​អាច​ជួល​កម្មករ​ប្រមាណ​៤​ពាន់​នាក់»។​

នោះ​មាន​អត្ថន័យ​ថា​ កៅស៊ូ​ដែល​នៅ​ក្បែរ​នោះ​នឹង​ត្រូវ​បាន​កាប់​រាន​ដើម្បី​យក​ដី​ដាំ​ចេក​បន្ថែម​ទៀត។​

លោក ​អាន ម៉ាឌី​ បដិសេធ​មិន​អត្ថាធិប្បាយ​ភ្លាមៗ​ទេ ​ពេល​ទាក់ទង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ពុធ​នេះ។

ការ​ផ្ទេរ​ដី​ដាំដុះ​កៅស៊ូ​មក​បម្រើ​ឱ្យ​ការ​ដាំដុះ​ដំណាំ​ចេក​នេះ​វិញ​ជា​និន្នាការ​ថ្មី​មួយ​សម្រាប់​ចម្ការ​កសិដ្ឋាន​ធំៗ​មួយ​ចំនួន​ក្នុង​ខេត្ត​ត្បូងឃ្មុំ ​និង​ខេត្ត​កំពង់ចាម​ នា​តំបន់​ខ្ពង់រាប​ប្រទេស​កម្ពុជា​ជាប់​ដង​ទន្លេ​មេគង្គ។ ​នេះ​បើ​យោង​តាម​លោក ប៉ុល សុផា​ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម ​និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំការ​កៅស៊ូ។​

«យើង​មិន​អាច​រឹង​ត្អឹង​ថា ​ត្រូវ​តែ​ដាំ​កៅស៊ូ​នោះ​ទេ។​ យើង​ត្រូវ​មើល​ពី​ប្រសិទ្ធ​ភាព​សេដ្ឋកិច្ច ​និង​ទីផ្សារ​ផង​ដែរ​ព្រោះ​អ្វី​មួយ​ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ខ្លាំង ​វា​ត្រូវ​តែ​រត់​ទៅ​តាម​ហ្នឹង​ហើយ»។​

កសិផល​ដែល​ដាំ​នៅ​ប្រទេស​កម្ពុជា​នឹង​នាំចេញ​កាន់​តែ​ច្រើន​ទៅ​ប្រទេស​ចិន។ ​នេះ​ជា​ការ​រំពឹង​របស់​រដ្ឋាភិបាល​កម្ពុជា ​ក្រោយ​កម្ពុជា​និង​ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី នា​ខែ​សីហា​ខាង​មុខ​ ដែល​ក្រុម​មន្ត្រី​លើក​ឡើង​ថា ​ ជា​ការ​បើក​ផ្លូវ​ឲ្យ​កម្ពុជា​នាំ​ផលិត​ផល​កសិកម្ម​ចេញ​ទៅ​ប្រទេស​ចិន ​ដែល​ចិន​បាន​ស្នើ​កម្ពុជា​បង្កើត​សួន​កសិឧស្សាហ​កម្ម​ ដើម្បី​កែ​ច្នៃ​កសិផល។ ក្រុមហ៊ុន​ដាំ​ដុះ​ចេក​របស់​លោក​ Chen Zhiqang​ ស្ថិត​ក្នុង​ចំណោម ​ក្រុមហ៊ុន​ចំនួន​១៥​នៅ​កម្ពុជា​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​នាំ​ចេក​ទៅ​លក់​នៅ​ទីផ្សារ​ចិន។​ ក្រុមហ៊ុន​ទាំង​នេះ​ប្រើប្រាស់​ផ្ទៃ​ដី​ដាំ​ដុះ​ចេក​សរុប​៨​ពាន់​ហិកតា ​និង​រោង​ចក្រ​កែច្នៃ​វេច​ខ្ចប់​ចំនួន​២៣។​ នេះ​បើ​យោង​តាម​ស្ថានទូត​ចិន​ប្រចាំ​នៅ​ភ្នំពេញ។​

ក្រសួង​កសិកម្ម​កម្ពុជា​ឱ្យ​ដឹង​ថា​ ៦ខែ​ដំបូង​នៃ​ឆ្នាំ​២០២០​នេះ កម្ពុជា​នាំ​ចេញ​ចេក​អំបូង​លឿង​បាន​១៤​ម៉ឺនតោន​ទៅ​កាន់​ប្រទេស​ចិន ​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​៦៨​លាន​ដុល្លារ។​

កម្មករ​ធ្វើការ​ក្នុង​ចម្ការ​ចេក ប្រមូល​ និងដឹក​ទិន្នផល​ចេក​ ទៅ​រោងចក្រ​វេច​ខ្ចប់​ផលិតផល​ចេក​ នាំ​ចេញ​ទៅ​ប្រទេស​ចិន​ ក្នុងស្រុក​អូររាំង​ឪ ខេត្ត​ត្បូង​ឃ្មុំ ថ្ងៃទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ស៊ុន ណារិន/វីអូអេ)

កម្មករ​វេច​ខ្ចប់​ផលិតផល​ចេក​ ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ ក្នុង​រោងចក្រមួយ​ ក្នុងស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូង​ឃ្មុំ​ កាលពីថ្ងៃ​ទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ស៊ុន ណារិន/វីអូអេ)

បង្កើត​ការងារ​និង​ចំណូល​នៅ​តំបន់​ខ្ពង់រាប​

អ្នកស្រី​ ឈិន អែម ​កម្មករ​នៅ​ក្រុមហ៊ុន​ចម្ការ​ចេក​អាន ម៉ាឌី ​មាន​ប្រសាសន៍​ថា​ អ្នកស្រី​ស្វាមី ​និង​ប្អូន​ជីដូន​មួយ​ចំនួន​ពីរ​នាក់​ ទើប​តែ​មក​ធ្វើ​ការ​នៅ​ចម្ការ​ចេក​នេះ ​បាន​ប្រហែល​ជាង​កន្លះ​ខែ​ ធ្វើ​ជា​អ្នក​កាត់​ស្មៅ ​មើល​ថែ​ចេក ​ច្រក​ផ្លែ​ចេក ​ដោយ​ទទួល​បាន​ប្រាក់​ខែ​២១០​ដុល្លារ​ក្នុង​មួយ​ខែ។​

ស្ត្រីវ័យ​៤៨​ឆ្នាំ​រូប​នេះ​បន្ត​ថា ​កសិដ្ឋាន​ចេក​នៅ​ទីនេះ ​នាំ​ឲ្យ​អ្នកស្រី​និង​ស្វាមី​ មាន​ការងារ​ធ្វើ ​និង​អាច​រក​ចំណូល​បាន។​ បើ​មិន​ដូច្នេះ​ទេ​ អ្នកស្រី​ត្រូវ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជិត​ខាង​ និង​អាច​ធ្វើ​ជា​កម្មករ​សំណង់។​

អ្នកស្រី​ដែល​មាន​កូន​២​នាក់​មាន​ប្រសាសន៍​ថា៖​ «កូន​ខ្មែរ​រឹតតែ​មាន​ការងារ​ធ្វើ»។​

អ្នកស្រី​បន្ថែម​ថា៖ ​«វា​[ប្រាក់​ខែ]​សមរម្យ​ដែរ។​ មិន​ថោក​មិន​ថ្លៃ​… ​សម​ល្មម»។​

ប្រសិន​បើ​ផ្លែ​ចេក​មាន​ទីផ្សារ​នៅ​ប្រទេស​ចិន​បន្ថែម​ទៀត​ អ្នកស្រី​មាន​ប្រសាសន៍​ថា​ ប្រជាជន​ខ្មែរ​នឹង​មាន​ការងារ​ធ្វើ​ច្រើន​ ដូចជា​ការងារ​ធ្វើ​នៅ​ចម្ការ​ចេក​នេះ។ ​

«រីក​ចម្រើន​ខ្មែរ​ដែរ ​ព្រោះ​យើង​មាន​ការងារ​ធ្វើ»។​

យ៉ាងណា​ក៏​ដោយ​កម្មករ​លើក​ឡើង​ថា ​ការងារ​នៅ​ចម្ការ​ចេក​ធំៗ​បែប​នេះ​ជា​ប្រភេទ​ការងារ​ដែល​ធ្វើការ​ដោយ​មិន​មាន​កិច្ច​សន្យា ​និង​ងាយ​រង​ការ​បណ្ដេញ​ចេញ​ បើ​សិន​ជា​ថៅកែ​មិន​ពេញ​ចិត្ត។​

លោក ​ម៉េត ម៉ាលីគី ​អាយុ​៣៣​ឆ្នាំ​ជា​កម្មករ​មួយ​រូប​ក្នុង​កសិដ្ឋាន​របស់​លោក ​Chen Zhiqang ​បាន​និយាយ​ថា​ ការ​ធ្វើ​ការ​ក្នុង​កសិដ្ឋាន​ចេក​ដែល​ផុស​កណ្ដាល​ចម្ការ​កៅស៊ូ​នេះ​មិន​មាន​ការ​ចុះ​កិច្ចសន្យា​ការងារ​អ្វី​ឡើយ​ ហើយ​ក្រុម​កម្មករ​ត្រូវ​គោរព​ការ​បញ្ជា​បង្គាប់​របស់​មេការ ​និង​ម្ចាស់​កសិដ្ឋាន​ជា​ដាច់ខាត​ ជា​ពិសេស​ពេល​តម្រូវ​ឱ្យ​ធ្វើការ​ថែម​ម៉ោង ​មិន​អាច​ប្រកែក​ឡើយ។​

«ជួន​កាល​គេ​បង្ខំ​យើង។​ អ្នក​ដែល​មិន​ថែម​ គេ​ដក​ចេញ។​ គេ​អត់​ឱ្យ​ធ្វើការ​ទេ។ ​គេ​ដក​យើង ​អត់​ឱ្យ​យើង​ធ្វើការ​តែ​ម្ដង ​…​ឈប់​លែង​បាន​ធ្វើ​នៅ​ចម្ការ​ហ្នឹង​តែ​ម្ដង។ ​បើ​សិន​ជា​យើង​ថា​ មិន​ធ្វើ​តាម​គេ​កំណត់​ឱ្យ​យើង​ធ្វើ ​យើង​មិន​ធ្វើ ​គេ​បិទ។ ​ហើយ​បើ​យើង​ប្រឆាំង​ជាមួយ​គេ ​គេ​ដក​យើង​ចេញ»។​

អ្នកស្រី ឈិន អែម​ អាយុ​៤៨ឆ្នាំ កម្មករ​នៅ​ក្រុមហ៊ុន​ចម្ការ​ចេក​អានម៉ាឌី ​ក្នុង​ស្រុក​អូររាំង​ឪ​ ខេត្ត​ត្បូង​ឃ្មុំ កាលពីថ្ងៃ​ទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ស៊ុន ណារិន/វីអូអេ)

លោក​ មេ៉ត ម៉ាលីគី​ វ័យ​៣៣ឆ្នាំ​ ជា​កម្មករ​ចម្ការ​ចេក​ ក្នុង​ស្រុកអូរ​រាំង​ឪ ខេត្ត​ត្បូង​ឃ្មុំ កាលពីថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ហ៊ាន សុជាតា​/វីអូអេ)

ចុះ​កសិដ្ឋាន​គ្រួសារ​ខ្នាត​តូច?​

នៅ​ឯ​ម្ខាង​ទៀត​នៃ​ទន្លេ​មេគង្គ​ ក្នុង​ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ជា​ចម្ការ​របស់​ក្រុមហ៊ុន​ ឡុង​ ស្រេង។ ​ដូចគ្នា​នឹង​ក្រុមហ៊ុន ​អាន​ ម៉ាឌី ​ដែរ​ ក្រុម​ហ៊ុន​ ឡុង ស្រេង​ បាន​កាប់​ដើម​កៅស៊ូ​មួយ​ចំនួន​ដែល​ដាំដុះ​អាស្រ័យ​ផល​រាប់​សិប​ឆ្នាំ​មក​ហើយ ​មក​ដាំ​ដើម​ចេក​វិញ។​

ក្រុម​ហ៊ុន ​ឡុង ស្រេង ​អន្តរជាតិ​ខូអិល​ធីឌី ​បាន​បោះ​ទុន​លើ​ដី​ដាំ​កៅស៊ូ​ដែល​មាន​ផ្ទៃដី​សរុប​ប្រមាណ​៧.៣០០​ហិកតា​ក្នុង​ឃុំ​ព្រែក​កក់​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម។​

លោក ​ហេង ឡុង ​ម្ចាស់​ក្រុមហ៊ុន​ ឡុង ស្រេង ​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ភ្លាមៗ​ ពេល​ទាក់ទង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ពុធ​នេះ។​

កម្មការិនី​ចម្ការ​ចេក​ម្នាក់​ កញ្ញា​ លីណា ​អាយុ​២០​ឆ្នាំ ​និយាយ​ថា​ កញ្ញា​មក​ធ្វើ​ការ​នៅ​ក្រុមហ៊ុន ​ឡុង ស្រេង ​នេះ​តាំង​ពី​អាយុ​១៥​ឆ្នាំ​ ដែល​ដំបូង​ឡើយ​ជា​កម្មករ​ចម្ការ​កៅស៊ូ ​រក​ប្រាក់​កម្រៃ​បាន​ប្រមាណ​៦៦​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។ ​ ប៉ុន្តែ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ​ កញ្ញា​បាន​ផ្លាស់​មក​ធ្វើ​ការ​នៅ​ចម្ការ​ចេក​វិញ ​ដោយ​រក​កម្រៃ​បាន​ប្រមាណ​៩០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។​

យុវតី​ដែល​មាន​បង​ប្អូន​៦​នាក់​រូប​នេះ ​បាន​ថ្លែង​ប្រាប់​VOA​ថា៖​ «ធ្វើ​ការ​នៅ​ហ្នឹង​យូរ​ហើយ ​ ហើយ​ទៅ​ប្រាក់​ខែ​វា​គ្រាន់​បើ​ដែរ។​ ណា​មួយ​វា​ជិត​ផ្ទះ​...​សំខាន់​ត្រង់​ថា ​ប្រាក់​ខែ​ប៉ុណ្ណឹង ​អាច​ផ្គត់​ផ្គង់​ម៉ាក់​ប៉ា​បាន»។​

ការងារ​របស់​កញ្ញា​គឺ​បេះ​ផ្កា​ចេក ​ស្រោប​ថង់​ ផ្លែ​ចេក ​និង​ចង​ថង់​ស្រោប​ស្ទង​ចេក​ជាដើម។ ​ កញ្ញា​ចូល​ធ្វើ​ការ​ចាប់​ពី​ម៉ោង​៧​ព្រឹក ​និង​ចេញ​ពី​ចម្ការ​ចេក​វិញ​នៅ​ម៉ោង​៥​ល្ងាច​ ត្រឡប់​ទៅ​ផ្ទះ។​

កញ្ញា​រំឭក​ថា​កញ្ញា​បាន​ចាប់​ផ្តើម​ការងារ​ជា​កម្មករ​នេះ ​តាំង​ពី​អាយុ​១៥​ឆ្នាំ ​ ក្រោយ​មាន​ការ​ណែនាំ​ពី​មិត្តភក្តិ​របស់​កញ្ញា ​ដែល​ធ្វើ​ការ​នៅ​ទីនោះ។ ​កញ្ញា​ដឹង​ថា ​ពេល​នោះ​ខ្លួន​មិន​ទាន់​គ្រប់​អាយុ​ធ្វើ​ការ​ពេញ​ម៉ោង​បាន​ ប៉ុន្តែ​ដោយ​សារ​ជីវភាព​ខ្វះ​ខាត​និង​ចង់​ជួយ​ឪពុក​ម្តាយ​ទើប​កញ្ញា​ចូល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ។​

កញ្ញា​និយាយ​ថា៖ ​«ព្រោះ​អី​គ្រួសារ​អត់​ធូរធារ​អ៊ីចឹង»។​

កម្មការិនី​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​ឡុងស្រេង​ម្នាក់​ទៀត​ដែល​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ​ដោយសារ​ខ្លាច​ប៉ះពាល់​ក្រុមហ៊ុន​ បាន​លើក​ឡើង​ថា អ្នក​នាង​បាន​ធ្វើ​នៅ​ក្រុមហ៊ុន​នេះ ​តាំង​ពី​ឆ្នាំ​២០១៧​មក។ ​អ្នក​នាង​បន្ត​ថា ​ក្រុមហ៊ុន​បាន​កាប់​កៅស៊ូ​មួយ​ចំនួន​ចោល ​ដោយ​ដាំ​ចេក​វិញ​ដើម្បី​នាំ​ទៅ​ប្រទេស​ចិន។​

កម្មការិនី​វ័យ​២៥​ឆ្នាំ​រូប​នេះ​និយាយ​ថា៖ ​«មាន​ការងារ​ច្រើន​…​ បង្កើត​ចម្ការ​តាង៉ែន​ផង​ ចម្ការ​ចេក​ផង។​ គេ​កាប់​កៅស៊ូ​ហ្នឹង ​គេ​ក៏​ដាំ​ចេក​បន្តៗ​ មាន​ការងារ​ច្រើន ​មាន​រោងចក្រ»។​

កម្មករ​វេច​ខ្ចប់​ផលិតផល​ចេក​ ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ ក្នុង​រោងចក្រមួយ​ ក្នុងស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូង​ឃ្មុំ​ កាលពីថ្ងៃ​ទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ស៊ុន ណារិន/វីអូអេ)

អ្នក​នាង​ក៏​មាន​ចម្ការ​ស្វាយ​ចន្ទី​ខ្លួន​ឯង​ប្រមាណ​៤​ហិកតា​ផង​ដែរ។​ ប៉ុន្តែ​អ្នក​នាង​យល់​ថា​ មិន​អាច​ដាំ​ចេក​បាន​នោះ​ទេ ​ដោយ​សារ​ការ​ដាំ​ចេក​នេះ​ត្រូវ​ការ​ដើម​ទុន​ច្រើន។​ ដូច្នេះ​មាន​តែ​ធ្វើ​កម្មករ​នៅ​ក្រុមហ៊ុន​កៅស៊ូ​ ឬ​ចម្ការ​ចេក​តែ​ប៉ុណ្ណោះ។​

អ្នក​នាង​ដែល​មាន​កូន​ក្នុង​បន្ទុក​ចំនួន​២​នាក់​មាន​ប្រសាសន៍​ថា៖​ «អត់​អាច​ទេ​ ព្រោះ​ទុន​គេ​ថ្លៃ ​ទុន​ច្រើន ព្រោះ​យក​កូន​(ចេក)​ពី​ប្រទេស​គេ​មក»។​

លោក​ សុខ សុភ័ក្ដ្រ​ រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម​ មាន​ប្រសាសន៍​ថា​ ការ​ដាំដុះ​ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ត្រូវ​ផ្ដោត​ទៅ​លើ​កសិដ្ឋាន​ធំៗ​ជាមុន​ ដែល​ងាយ​អនុលោម​តាម​ស្ដង់ដារ​គុណភាព ​និង​អនាម័យ​មុន​នឹង​រដ្ឋាភិបាល​ពង្រីក​វិសាល​ភាព​នៃ​ការ​អនុវត្ត​ស្ដង់ដារ​នេះ​ជាមួយ​កសិដ្ឋាន​គ្រួសារ​ខ្នាតតូច​ និង​ប្រមូល​ទិញ​ពី​ប្រជា​កសិករ​ទូទៅ។​

នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​អង្គារ ​នៅ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​ លោក​ សុខ សុភ័ក្រ្ត​ថ្លែង​ថា​ទំនិញ​ដែល​ចុះ​ពន្ធ​ទៅ​ដល់​សូន្យ​នៅ​ពេល​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ចុះ​ហត្ថលេខា ​មាន​ដូច​ជា ​ម្រេច​ម្ទេស​ក្រៀម ​ផ្លែឈើ ​បន្លែ ​ ត្រី​សាច់​ ស្លឹក​ខ្ទឹម ​គុជ​ខ្យង ​សត្វ​រស់ ​ផលិត​ផល​ធ្វើ​ពី​ត្រី​សាច់ ​ រុក្ខ​ជាតិ​ ជា​គ្រាប់​ធញ្ញជាតិ​ កែ​ច្នៃ ​ គ្រឿង​កំប៉ុង​ជាដើម។​

លោក​ ម៉េង សុខុម​ អាយុ​៥៧​ឆ្នាំ ​ជា​អ្នក​ដាំ​ទុរេន​ម្នាក់ ​ក្នុង​ភូមិ​បែក​អន្លូង ​ឃុំ​អារក្ស​ត្នោត ​ស្រុក​ស្ទឹងត្រង់ ​ខេត្ត​កំពង់ចាម​ជាង​២០​ឆ្នាំ​មក​ហើយ។ ​នៅ​លើ​ដី​ជាង​៤០​ហិកតា ​ លោក​ដាំ​កៅស៊ូ​ប្រមាណ​៣០​ហិកតា។​ ម្ចាស់​កសិដ្ឋាន​រូប​នេះ​ក៏​នឹង​ពិចារណា​ដូច​គ្នា​ផង​ដែរ​ពី​ការ​កាប់​ដើម​កៅស៊ូ ​ដើម្បី​ដាំ​ដើម​ចេក​ទៅ​ថ្ងៃ​ខាង​មុខ​ ប្រសិន​បើ​មាន​ទីផ្សារ។​

លោក​ម៉េង សុខុម ​ថ្លែង​ប្រាប់​VOA​នៅ​ផ្ទះ​របស់​លោក​ថា៖ ​«ធ្វើ​តាម​ទីផ្សារ​ដែល​គេ​ត្រូវ ការ​....​ត្រូវ​អី​ច្រើន ​យើង​ធ្វើ​អាហ្នឹង​ទៅ! ​បើ​យើង​មិន​អភិវឌ្ឍ​ខ្លួន​តាម​ហ្នឹង​ទេ ​ងាប់​ហើយ»។​

ក្រុមហ៊ុន​ចិន​និង​កូរ៉េ​ខាង​ត្បូង​បាន​មក​សួរ​លោក​ជា​បន្ត​បន្ទាប់​ក្នុង​ការ​បញ្ជា​ទិញ​ទុរេន​ច្រើន​តោន​តែ​លោក​ថា​ ផ្លែ​ទុរេន​របស់​លោក​មិន​គ្រប់​នោះ​ទេ ​ ហើយ​ប្រជា​ពលរដ្ឋ​ចង់​លក់​ផ្លែ​ទុរេន ​ដោយ​ខ្លួន​ឯង​ពីព្រោះ​ពួកគេ​មាន​ទីផ្សារ​រៀងៗ​ខ្លួន។​ នេះ​បើ​យោង​តាម​លោក​ម៉េង សុខុម។​

«អាហ្នឹង​និយាយ​ទៅ​ឲ្យ​តែ​មាន​ទីផ្សារ​ពិត​ប្រាកដ ​ អ្នក​ចម្ការ​គេ​ទុក​ចិត្ត​ហើយ​…​ខ្លាច​តែ​ថា​ ​ពេល​បាន​មក​ហើយ​ ….​ឲ្យ​តែ​អ្នក​កុងត្រា​មាន​លុយ​ បង់​អី​ឲ្យ​គ្នា​ទៅគ្នា​ចេះ​តែ​ទុក​ចិត្ត​ប្រឹង​ធ្វើ​ហើយ។ ​ខ្លាច​តែ​ថាលេង​ចេះ​តែ​ថា​… ថា​តែ​មាត់ ​ដល់​ពេល​ផ្លែ​ បាត់​អស់។​ អាហ្នឹង​ចប់​ហើយ»។

លោក ម៉េង សុខុម ឲ្យ​ដឹង​ថា តម្រូវ​ការ​ទុរេន មិន​ទាន់​គ្រប់​នៅ​ឡើយ​ទេ​ក្នុង​ស្រុកហើយ​សព្វ​ថ្ងៃ​មាន​ការ​នាំ​ចូល​ពី​ប្រទេស​ថៃនិង​វៀតណាម។ ​ លោក​បន្ត​ថា​ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​ការ​ដាំ​ចម្ការ​ធំៗ ​នឹង​អាច​បង្កើត​ការងារ​ដល់​ប្រជាជន​នៅ​ទីនេះ ​ ប៉ុន្តែ​លោក​ក៏​បារម្ភ​អំពី​ផល​ប៉ះ​ពាល់​ទីផ្សារ​របស់​កសិករ​តូច​តាច​ផង​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖​ «វិនិយោគៗ​ចុះ !​ ​គ្រាន់​តែ​ឲ្យ​អា​ទីផ្សារ​គ្នា​តូច​តាច​នេះ ​ឲ្យ​រស់​ផង!​ ចង់​និយាយ​ថា​ ធ្វើ​ម៉េច​ឲ្យ​វា​មក​យក​របស់​យើង​ផង​ អី​ផង​ទៅ!​កុំ​ឲ្យ​តែ​គេ​យក​របស់​គេ​ ថា​ របស់​យើង​ខូច​…​ ខុស​នេះ​ខុស​នោះ ​ក៏​មិន​កើត​ដែរ»។​

លោក ម៉េង សុខុម អាយុ​៥៧​ឆ្នាំ ជា​អ្នក​ដាំ​ទុរេន​ម្នាក់ ​ក្នុងភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ​ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់​ចាម កាលពីថ្ងៃ​ទី​២៤ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ស៊ុន ណារិន​/វីអូអេ)

លោក​បណ្ឌិត​ យ៉ង សាំងកុមារ​ អ្នក​ជំនាញ​ខាង​កសិកម្ម ​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​នាយក ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជំរុញ​ឲ្យ​មាន​ការ​គិត​គូរ​ដល់​កសិករ​តូចៗ​ដែល​ចង់​ដាំ​ចេក​ដែរ ​ តាម​រយៈ​ការ​បណ្ដុះ​បណ្ដាល​ដំឡើង​ស្ដង់ដារ​ផលិត​កម្ម​ និង​ការ​ធានា​ទីផ្សារ​សម្រាប់​ពួក​គេ។​

លោក​ យ៉ង សាំងកុមារ​ បន្ត​ថា​ចម្ការ​ចេក​ស្ថិត​នៅ​តំបន់​ខ្ពង់​រាប​ ហើយ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​នឹង​សារធាតុ​គីមី​ដែល​អាច​ប៉ះពាល់​ប្រជាជន ​និង​បរិស្ថាន។​

«អ៊ីចឹង​វា​ត្រូវ​ហូរ​ចូល​តំបន់​ណា​មួយ​ហើយ​ អ៊ីចឹង​ធ្វើ​ម៉េច​កុំ​ឲ្យ​ប៉ះពាល់​ដល់​ទឹកប៉ះពាល់​ដល់​ត្រី​ប៉ះពាល់​ដល់​សត្វ ​ប៉ះពាល់​ដល់​មនុស្ស​ទាំង​មូល»។​

អ្នក​នយោបាយដែល​មាន​ជំនាញ​ខាង​សេដ្ឋកិច្ច​កសិកម្ម​រូប​នេះ ​បាន​លើក​ឡើង​ថា​ កម្ពុជា​ត្រូវ​មើល​សក្តានុពល​នៃ​ផលិត​ផល​អ្វី​ដែល​នាំ​ចេញ​ទៅ​ប្រទេស​ចិន​បាន​នៅ​ពេល​នេះ​ហើយ​ផលិត​ផល​ទាំង​នោះ​មាន​ច្រើន ​ដូច​ជា​អង្ករ​ ស្វាយ​ចន្ទី ​និង​ដំឡូង​មី​ជា​ដើម។​

«តែ​សំខាន់​លើ​យើង​ទេ ​ថា​យើង​ខ្លួន​យើង​មាន​ស្អី ​ដែល​យើង​គិត​ថា​ ទាមទារ​ឲ្យ​យើង​នាំ​ចូល​ស្រុក​គេ​ដោយ​សេរី។ ​អាហ្នឹង​មាន​ឬ​នៅ​ឬ​គ្រាន់​តែ​ជា​ផែន​ការ​ទេ?»​

តាម​រយៈ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​នេះ ​ ​មន្ត្រី​កម្ពុជា​បាន​លើក​ឡើង​ថា​ខ្លួន​រំពឹង​ថា​ នឹង​អាច​ស្វះ​ស្វែង​រក​ការ​វិនិយោគ​បន្ថែម​មក​លើ​វិស័យ​កសិកម្ម​ និង​ជំរុញ​ការ​ផលិត​ក្នុង​វិស័យ​នេះ​ឆ្ពោះ​តម្រង់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន។​

លោក ​Chen Zhiqang ​ជា​អ្នក​វិនិយោគ​ម្នាក់​ធ្វើ​ចម្ការ​ចេក​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ​ដែល​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​អាន ម៉ាឌី ​លើក​ឡើង​ថា​ កម្ពុជា​អាច​នាំ​ចេក ​ស្វាយ ​ទុរេន ​និង​ផ្លែឈើ​ផ្សេង​ទៀត​ចេញ ​ទៅ​ប្រទេស​ចិន​បន្ថែម​ ​នៅ​ពេល​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ហើយ។​

អ្នក​វិនិយោគ​ជន​ជាតិ​ចិន​រូប​នោះ​មាន​ប្រសាសន៍​ថា៖ ​«ថ្ងៃ​ក្រោយ​បើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ចុះ​ហត្ថលេខា​ហើយ​គឺ​ច្បាស់​ជាមាន​របស់​ជា​ច្រើន​នាំចូល​ពី​ប្រទេស​កម្ពុជា ​ ព្រោះ​អី​ទំនាក់​ទំនង​ចិន​ជាមួយ​កម្ពុជា​ល្អ។ ​អ៊ីចឹង​ចិន​ក៏​ចង់​ឲ្យ​ប្រទេស​កម្ពុជា​រីក​ចម្រើន ​អភិវឌ្ឍ​ទៅ​មុខ»។​

ខណៈ​ដែល​លោក​និយាយ​បណ្ដើរ ​និង​បង្ហាញ​ដំណាក់​កាល​នៃ​ការ​កែ​ច្នៃ​វេច​ខ្ចប់​ចេក​ក្នុង​រោងចក្រ​បណ្ដើរ​ កម្មករ​របស់​លោក​កំពុង​មមាញឹក​លាង​ចេក​ទាំង​ស្ទងៗ​ក្នុង​ទឹក ​និង​រើស​យក​ផ្លែ​ចេក​ដែល​ល្អ​បំផុត​ រៀប​ដាក់​ក្នុង​កេស​ក្រដាស ​ត្រៀម​សម្រាប់​ដឹក​ជញ្ជូន​ទៅ​កាន់​ប្រទេស​ចិន៕​