អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) នៅថ្ងៃអង្គារនេះ បានទាមទារឲ្យអាជ្ញាធរខ្មែរដោះលែងអ្នកកាសែតខ្មែរម្នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីពេលថ្មីៗនេះ ដោយសារអ្វីមួយដែលអង្គការនេះចាត់ទុកថា ជាវិធានការរដ្ឋាភិបាលក្នុងការ «ចុកមាត់កុំឲ្យឮសំឡេងប្រឆាំង»។
អង្គការឃ្លាំមើលសេរីភាពសារព័ត៌មានអន្តរជាតិនេះ ដែលមានទីស្នាក់ការធំក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ចុះថ្ងៃទី៣០ ខែមិថុនាថា ការទាមទារឲ្យមានការដោះលែងលោក រស់ សុឃិត«ជាបន្ទាន់»នេះគឺដោយសារអ្នកកាសែតរូបនេះ គ្រាន់តែបង្ហោះសារតាមទំព័រហ្វេសប៊ុក រិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក រស់ សុឃិត ចាងហ្វាងកាសែតជាតិខ្មែរ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ការចាប់ខ្លួននេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីអ្នកកាសែតរូបនេះ បានបង្ហោះសារចំនួនពីរតាមទំព័រហ្វេសប៊ុករបស់លោក ដែលសារមួយសរសេរថា «លោក ហ៊ុន សែន នឹងបាត់បង់អ្វីៗទាំងអស់ បើនៅតែចចេសចង់លើកបន្តុបកូនខ្លួន ធ្វើជានាយករដ្ឋមន្ត្រីនោះ! យួនមិនគាំទ្រ ហ៊ុន ម៉ាណែត ឡើយ!»។
នៅថ្ងៃទី២៨ ខែមិថុនា អ្នកកាសែតរូបនេះ ត្រូវបានចោទប្រកាន់ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍»។
លោក Daniel Bastard ប្រធានផ្នែកតំបន់អាស៊ីប៉ាស៊ីហ្វ្រិកនៃអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការឃុំខ្លួនលោករស់ សុឃិត ដោយសារការបង្ហោះសារចំនួនពីររិះគន់លោកនាយករដ្ឋមន្ត្រីនេះ បង្ហាញថា រដ្ឋាភិបាលក្រុងភ្នំពេញ កំពុងតែអនុវត្តវិធីសាស្ត្ររបស់របបផ្តាច់ការដ៏អាក្រក់បំផុត»។
ក្នុងរយៈពេលបីខែចុងក្រោយនេះ មានអ្នកកាសែតខ្មែរយ៉ាងតិចពីរនាក់ទៀតត្រូវបានចាប់ខ្លួន ដោយសារការផ្សាយព័ត៌មានរបស់ពួកគេ។
ប៉ុន្តែអាជ្ញាធរកន្លងមក ធ្លាប់អះអាងថា ការចាប់ខ្លួនអ្នកកាសែតទាំងនោះគឺដោយសារពួកគេ ពុំបានធ្វើទៅតាមតួនាទី និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានប៉ុណ្ណោះ។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនបានចាត់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា ស្ថិតក្នុងលេខរៀងទី១៤៤ លើ១៨០ទូទាំងពិភពលោកក្នុងឆ្នាំ ២០២០ នេះ៕