ដោយសារតែការយល់ឃើញថា សមាជិករាជវង្សានុវង្សទាំងអស់គួរស្ថិតនៅអព្យាក្រឹតនិងប្រមូលផ្តុំគ្នាក្នុងការបំរើប្រទេសជាតិ ដង្ហែរតាមព្រះមហាក្សត្រ សមាជិករាជវង្សមួយអង្គគឺព្រះអង្គម្ចាស់ ស៊ីសុវត្តិ ធម្មិកោ នាយកខុទ្ទកាល័យព្រះមហាវីរៈក្សត្រសម្តេចឪព្រះនរោត្តម សីហនុ ស្នើសុំឱ្យរាជរដ្ឋាភិបាលពិចារណាពីតួនាទីនិងឋានៈជាឯកអគ្គរាជទូតថ្វាយដល់រាជវង្សានុវង្សដែលមានសមត្ថភាព។
"អាហ្នឹងគួរណាតែរាជរដ្ឋាភិបាលយកគំនិតហ្នឹងយកទៅគិតគូរ ពីព្រោះមានស្តេចមួយចំនួនដែលមានចំណេះចេះដឹងខ្ពង់ខ្ពស់ហើយនិងជាពិសេសមានការពិសោធន៍ទៅតាមហ្នឹងគួរណាតែចាប់ផ្តើម។ បើសិនណាជាយើងជារបបរាជានិយម លើករាជវង្សណាដែលមានចំណេះចេះដឹងដើម្បីធ្វើជានិម្មិតរូបជាតិ ធ្វើការទំនាក់ទំនងផ្លូវទូតជាមួយប្រទេសដែលមានចងមេត្រីភាពជាមួយយើង"។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលអះអាងថា លើកលែងតែសម្តេចព្រះ នរោត្តម អារុណរស្មី បុត្រីសម្តេចឪ ដែលត្រូវតែងតាំងជាឯកអគ្គរាជទូតប្រចាំប្រទេស ម៉ាឡេស៊ី ពុំមានសមាជិករាជវង្សណាទទួលបានការតែងតាំងជារាជទូតទេ។
គេពុំទាន់ឃើញមានប្រតិកម្មយ៉ាងណាភ្លាមៗពីក្រុមមន្ត្រីរដ្ឋាភិបាលទេ ចំពោះសំណើនិងគំនិតរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថ ធម្មិកោទេ។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបដិសេធធ្វើអត្ថាធិប្បាយចំពោះបញ្ហានេះដោយថ្លែងថា លោកពុំមានយោបល់អ្វីទាំងអស់។ តែលោក ជៀម យាប អ្នកតំណាងរាស្រ្តគណបក្សគ្រប់គ្រងប្រទេសបានថ្លែងជាយោបល់ផ្ទាល់ខ្លួនរបស់លោកថា នេះជារឿងល្អ។
"បណ្តាប្រទេសផ្សេងៗទៀតគឺថា គេអត់មានធ្វើនយោបាយ ហើយធ្វើជាទូតហ្នឹងគឺល្អហើយ គឺថាជាមន្ត្រីជាន់ខ្ពស់មួយរបស់រាជាណាចក្រកម្ពុជាយើងផងដែរ ហើយយើងឃើញថា ពីមុនមកក៏យើងឃើញថាព្រះករុណាព្រះបាទសម្តេចព្រះវរៈរាជបិតា លោកបានចាត់ចែងច្រើនដែរ គឺថា រាជវង្សានុវង្សឱ្យធ្វើទូត ហើយបើសិនជាបានអញ្ចឹងខ្ញុំអត្តនោម័តិខ្លួនឯង គឺថាខ្ញុំអបអរសាទរណាស់ បាទ"។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សជំទាស់របស់លោក សំ រង្សី ហើយជាអ្នកតំណាងរាស្រ្តបានសំដែងការមិនយល់ស្របទាំងស្រុងទេ ដោយអះអាងថា ទោះជាសមាជិករាជវង្សត្រូវតែងតាំងជាឯកអគ្គរាជទូតក្តីក៏ពុំអាចមានឯករាជ្យភាពបានដែរ ដោយសារថា មុខដំណែងទូតត្រូវតែងតាំងតាមរយៈក្រសួងការបរទេសនិងយល់ព្រមដោយរដ្ឋាភិបាល ដែលតម្រូវឱ្យធ្វើអ្វីទៅតាមការរៀបចំរបស់រដ្ឋាភិបាល។
"រដ្ឋាភិបាលតម្រែតម្រង់ទិសឱ្យធ្វើម៉េចអាហ្នឹងត្រូវតែធ្វើតាមរដ្ឋាភិបាលហើយ ដូច្នេះដើម្បីឱ្យជៀសផុតពីការដែលរឿងទិះទានឬមួយជៀសផុតពីរឿងនយោបាយ សំខាន់មានតែកិច្ចការសង្គមកិច្ច កិច្ចការជួយប្រជាពលរដ្ឋដែលកំពុងក្រីក្រ កិច្ចការដែលធ្លាប់ឃើញព្រះមហាក្សត្រនៅប្រទេសដទៃទៀតគេធ្វើហ្នឹង គេជួយគំរោងអភិវឌ្ឍន៏ គេជួយសង្គមកិច្ច ជួយអ្វីដល់ប្រជាពលរដ្ឋទៅណាស់! ដូចជាការជួយទៅដល់កសិកម្ម ជួយការងារនៅជនបទអ្ហីអញ្ចឹងទៅ ឬក៏សង្គមកិច្ច មនុស្សធម៌ អាហ្នឹងខ្ញុំឃើញប្រទេសគេដទៃទៀតធ្វើអញ្ចឹង ប៉ុន្តែសំខាន់បំផុតហ្នឹងគឺថាដើម្បីឱ្យជ្រះស្រឡះ រឿងហ្នឹងស៊ីសងមតិរបស់ប្រជាពលរដ្ឋទាំងមូលទេ"។
លោក យឹម សុវណ្ណ បានថ្លែងដែរថា មានតែស្ថាប័នព្រះមហាក្សត្រទេដែលពលរដ្ឋជាទូទៅមានការជឿទុកចិត្តថា ជាស្ថាប័នអព្យាក្រឹត តែលោក សុវណ្ណ អះអាងថាវាពិបាកនិងរកយុត្តិធម៌ជូនពលរដ្ឋបាន ព្រោះចំនួនក្នុងរដ្ឋាភិបាលដែលមហាក្សត្រតែងតាំងមានតិចតួចបំផុត។
"មែនទែនទៅ ដោយសារថាប្រជាពលរដ្ឋខ្មែរសព្វថ្ងៃហ្នឹងមិនមានជំនឿទៅលើរដ្ឋាភិបាលចំពោះការឯករាជ្យភាពរបស់ខ្លួនថាបំពេញកាតព្វកិច្ចរបស់ខ្លួនជូនប្រជាពលរដ្ឋឱ្យមានការគោរពច្បាប់ ហើយជាពិសេសប្រព័ន្ធតុលាការឱ្យមានឯករាជ្យភាព អព្យាក្រឹតភាព រកយុត្តធម៌ជូនប្រជាពលរដ្ឋហ្នឹងវាបាត់ជំនឿ ប្រជាពលរដ្ឋខ្មែរសព្វថ្ងៃហ្នឹងបាត់ជំនឿទៅលើស្ថាប័នទាំងអស់ហ្នឹង។ ដូច្នេះនៅសល់តែស្ថាប័នព្រះមហាក្សត្រតែមួយគត់ ដែលប្រជាពលរដ្ឋមានជំនឿទៅលើលោក ដែលលោកនិងមានព្រះរាជសុភនិច្ឆ័យត្រឹមត្រូវក្នុងការធានារកយុត្តធម៌ជូនប្រជាជាតិទាំងមូល។ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយមានមុខដំណែងខ្លះតែងតាំងដោយព្រះមហាក្សត្រ តែមានចំនួនតិចតួចណាស់ គឺធ្វើសព្វថ្ងៃហ្នឹងធ្វើឱ្យតែល្អមើលទេ។ ក្នុងស្ថាប័នប្រជាធិបតេយ្យជាតិធំៗហ្នឹងគឺថាមើលពីក្រៅទៅហ្នឹងមើលទៅដូចបណ្តាប្រទេសប្រកាន់លិទ្ធិប្រជាធិបតេយ្យ តែធាតុពិតអ្នកដែលមានឯករាជ្យភាព មានការសំរេចយុត្តិធម៌ មានការគោរពច្បាប់ មានអព្យាក្រឹតភាព ដោយមិនបំរើឱ្យផលប្រយោជន៍គណបក្សនយោបាយណានោះ មានតិចតួចបំផុត។ អញ្ចឹងហើយបានជាស្ថានការណ៍នៅស្រុកខ្មែរមិនងាយនិងកែលំអឡើងវិញបានទេ ព្រោះថាសមាសភាពទាំងអស់ហ្នឹងគ្រប់គ្រងដោយគណបក្សប្រជាជន។ មានតែបុគ្គលតែម្នាក់ពីរនាក់ដែលតែងតាំងដោយព្រះមហាក្សត្រហ្នឹងគឺថាឃើញមានលក្ខណះ អព្យាក្រឹតខ្លះ ក៏ប៉ុន្តែមិនអាចទៅធ្វើអ្វីកើតពីព្រោះមានចំនួនតិចតួចបំផុត"។
ចំពោះរឿងសមាជិករាជវង្សានុវង្សបន្តឬឈប់ធ្វើនយោបាយនោះ លោក យឹម សុវណ្ណ អះអាងថា ការធ្វើប្រជាមតិជាវិធីមួយដ៍ល្អបំផុត។
មានតែឯកអគ្គរាជទូតប្រចាំប្រទេសចំនួនពីរផ្សេងទៀតទេ គឺកូរ៉េខាងជើងនិងប្រទេសចិន ដែលជាព្រះរាជតំណាងរបស់ព្រះមហាក្សត្រ ក្រៅពីមានមន្រ្តីពីររូបនៅព្រឹទ្ធសភានិងមួយរូបជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលតំណាងឱ្យស្ថាប័នព្រះមហាក្សត្រ ដែលក្រុមអ្នកសង្កេតការណ៍បានចាត់ទុកថាមានចំនួនតិចតួចណាស់នោះ។
ប្រទេសកម្ពុជាមានព្រះមហាក្សត្រគ្រងរាជសម្បត្តិមិនកាន់អំណាច គឺសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ព្រះអង្គគង់ជានិម្មិតរូបនៃជាតិ គង់ជាអព្យាក្រិតភាពចំពោះគ្រប់បណ្តាគណបក្សនយោបាយ ហើយបំរើកិច្ចការជូនជាតិនិងប្រជារាស្រ្តលើវិស័យសង្គមកិច្ចនានា។
ក្រុមអ្នកនយោបាយកំពូលៗក្នុងប្រទេសកម្ពុជាមានការប្រទាញប្រទង់គ្នាច្រើន ទាក់ទងនិងសមាជិករាជវង្សត្រូវធ្វើនយោបាយឬមិនគួរត្រូវធ្វើនយោបាយ។ ក្រុមខ្លះពេលនោះបានយល់ទាស់និងក្រុមមួយទៀតថា រាជវង្សានុវង្សគួរត្រូវធ្វើនយោបាយដូចរដ្ឋធម្មនុញ្ញបានចែងពីសិទ្ធិពលរដ្ឋទាំងពីរភេទ តែក្រុមខ្លះបានជំទាស់ដោយលើកឡើងថារាជវង្សានុវង្សគួរនៅអព្យាក្រឹត ហើយបើធ្វើនយោបាយនិងអាចប៉ះពាល់ជាមួយពាក្យប្រមាថដែលនាំឱ្យអាប់អន់ដល់កេរ្តិ៏ឈ្មោះស្ថាប័នព្រះមហាក្សត្រ។ ក៏ប៉ុន្តែប្រទេសកម្ពុជាពុំទាន់មានច្បាប់រាជវង្សដាច់ដោយឡែកណាមួយត្រូវគេតាក់តែងទេ។
ព្រះអង្គម្ចាស់ ស៊ីសុវត្តិ សិរីរ័ត្ន អនុប្រធានទីពីរនៃគណបក្សរាជានិយម Funcinpec បានមានបន្ទូលប្រាប់ VOA សំឡេងសរអាថា ព្រះអង្គនិងនៅតែបន្តធ្វើនយោបាយរហូតទាល់មានច្បាប់បញ្ឈប់រាជវង្សមិនឱ្យធ្វើនយោបាយ។
"ខ្ញុំយល់ឃើញថាម្នាក់ៗកើតមកជាខ្មែរ។ យើងមានសិទ្ធិនិងបញ្ចេញមតិទូទៅ ទាំងស្តេច ទាំងរាស្ត្រ ទាំងក្សត្រ ម៉្លោះហើយហ្នឹងខ្ញុំមានការគោរពទៅនិងអ្វីដែលព្រះអង្គម្ចាស់ ធម្មិកោ បានមានបន្ទូល។ ក៏ប៉ុន្តែចំពោះខ្ញុំរឿងឈប់ធ្វើនយោបាយលុះត្រាតែមានច្បាប់អីមួយចែងនៅក្នុងរដ្ឋសភានិងព្រឹទ្ធសភា ហាមកុំឱ្យព្រះញាតិវង្សានុវង្សឈប់ធ្វើនយោបាយ។ អានេះជាជំហររបស់ខ្ញុំ។ហើយចំណែកថា ទេយើងទៅសុំប៉ុស្តិ៏អគ្គរាជទូតទុកឱ្យតែស្តេចហ្នឹង ខ្ញុំឃើញថាមិនល្អមើល ពីព្រោះថា យើងបោះឆ្នោតទៅយើងឈ្នះឆ្នោតទៅយើងកាន់អីក៏តែបានដែរ បើយើងចាញ់ឆ្នោតហើយយើងទៅសុំគេកាន់ធ្វើអីបាទ អាហ្នឹងយើងត្រូវមានសិទ្ធិមានកិត្តិយសម្នាក់ៗដែររឿងហ្នឹង អានេះជាជំហររបស់ខ្ញុំទេ បាទ"៕
ព្រះអង្គម្ចាស់ ស៊ីសុវត្តិ ធម្មិកោ មានបន្ទូលថា ក្រៅពីនៅសេសសល់ចំនួនតិចតួចដែលកំពុងបំរើនយោបាយ មានរាជវង្សានុវង្សមកពីត្រកូល នរោត្តម អង្គឌួង និងស៊ីសុវត្តិ សរុបប្រមាណ៣០អង្គ ដែលថ្មីៗនេះបានឈប់ធ្វើនយោបាយ ហើយចុះព្រះនាមក្នុងបញ្ជីប្រមូលផ្តុំគ្នាមួយតាមការអំពាវនាវរបស់ព្រះមហាក្សត្រនិងសម្តេចឪ។
"ប្រមូលផ្តុំគ្នាឡើងវិញ អាហ្នឹងជាការធម្មតាទេ។ ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះគឺរាជវង្សមួយចំនួនហើយនិងជាពិសេសរាជវង្សធំៗសឹងតែទាំងអស់សព្វព្រះរាជហឫទ័យធ្វើនយោបាយ។ ដូច្នេះអត់បានផ្គុំគ្នាទេ ជួនកាលបែកបាក់គ្នាឈ្លោះគ្នា ធ្វើនយោបាយប្រឆាំងគ្នាអីអញ្ចឹងទៅ។បច្ចុប្បនកាល ក្រោមការអំពាវនាវរបស់ព្រះករុណាព្រះបិតាក្តី ក្រោមការយកគំរូទៅតាម ព្រះករុណាព្រះមហាក្សត្របច្ចុប្បនព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ក៏រាជវង្សខ្មែរបានសំរេចចិត្តមួយចំនួនធំ សឹងតែទាំងអស់គ្នានិយាយទៅ ឈប់ធ្វើនយោបាយដើម្បីមកបំរើព្រះមហាក្សត្រ បំរើរាជ្យបល្ល័ង្ក និងបំរើជាតិទៅតាមផ្លូវផ្សេង"។
ក៏ប៉ុន្តែព្រះអង្គម្ចាស់ ស៊ីសុវត្តិ ធម្មិកោ បានអះអាងថា ព្រះអង្គគោរពសិទ្ធិរាជវង្សណាដែលនៅបន្តធ្វើនយោបាយផងដែរ។ មានរាជវង្សានុវង្សមួយចំនួនទៀត ជាពិសេសនៅក្រៅប្រទេស ពុំទាន់ឃើញទាក់ទងមកព្រះអង្គដើម្បីចុះឈ្មោះនៅឡើយទេ។
សមាជិករាជវង្សានុវង្សដ៏មានឥទ្ធិពលជាច្រើនចុងក្រោយ ដែលបានលាចាកនយោបាយហើយត្រូវផ្តល់តួនាទីជាឧត្តមទីប្រឹក្សាព្រះមហាក្សត្រ មានជាអាទិព្រះអង្គម្ចាស់ នរោត្តម រណ្ធឬទ្ធិ អតីតសហនាយករដ្ឋមន្ត្រីហើយក្រោយមកជាព្រះប្រធានគណបក្សរាជានិយម និងព្រះអង្គម្ចាស់ នរោត្តម សិរីវុធ អតីតសហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាអគ្គលេខាធិការគណបក្សរាជានិយមFuncinpec ព្រះអង្គម្ចាស់ ចក្រពង្ស អតីតប្រធានគណបក្សរាជានិយមមួយឈ្មោះ'នរោត្តមចក្រពង្សព្រលឹងខ្មែរ' ម្ចាស់ក្សត្រី នរោត្តម វជ្ជរ៉ា និងព្រះអង្គម្ចាស់ ស៊ីសុវត្តិ ធម្មិកោ។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតឈ្មោះ Comfrel បានអះអាងថា នៅបណ្តាប្រទេសមួយចំនួនរាជ្សវង្សានុវង្សស្ថិតនៅអព្យាក្រឹតមិនពាក់ព័ន្ធនិងកិច្ចការនយោបាយទេ តែនៅកម្ពុជាវាជារឿងលំបាកនៅឡើយ ដោយកម្ពុជាពុំទាន់មានច្បាប់មួយ ដើម្បីកំណត់ឱ្យបានប្រាកដប្រជារឿងរាជវង្សធ្វើនយោបាយនេះ។
លោកបញ្ញា ថ្លែងទៀតថា អព្យាក្រឹតភាពមិនមែនតម្រូវឱ្យមានតែជាមួយសមាជិករាជវង្សានុវង្សទេ តែប្រជាពលរដ្ឋជាទូទៅក៏ត្រូវមានអព្យាក្រឹតភាពដែរ ជាពិសេសដូចជាក្នុងស្ថាប័នមួយចំនួនទាក់ទងនិងកងកម្លាំងប្រដាប់អាវុធ ស្ថាប័នយុត្តិធម៌ ស្ថាប័នគណៈកម្មាធិការរៀបចំការបោះឆ្នោតជាដើម៕