បុរសជនជាតិអាមេរិកាំងដែលរងគ្រោះដោយសារការបោកគ្រាប់បែកដៃនៅមុខរដ្ឋសភាកម្ពុជា បានស្លាប់ហើយ។ ក្រុមមេដឹកនាំគណបក្សជំទាស់ក្នុងប្រទេសកម្ពុជាបានបញ្ជាក់ថា មរណភាពនេះជាការខាតបង់សម្រាប់ក្រុមអ្នកប្រជាធិបតេយ្យ។
លោករ៉ន អាប់នី (Ron Abney) ដែលរងរបួសក្នុងអំពើវាយប្រហារគ្រាប់បែកដៃ កាលពីថ្ងៃ៣០ ខែមិនាឆ្នាំ១៩៩៧ បានទទួលអនិច្ចកម្មក្នុងជន្មាយុ៧០ឆ្នាំកាលពីថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០១១ នៅក្នុងរដ្ឋចរចៀ (Georgia) ស.រ.អ.។ ក្រុមមេដឹកនាំគណបក្សជំទាស់នៅកម្ពុជានិងមិត្តភក្តិហៅថា មរណភាពនេះជាការបាត់បង់សម្រាប់ក្រុមអ្នកប្រជាធិបតេយ្យនៅកម្ពុជា និងពលរដ្ឋកម្ពុជាផងដែរ។
លោករ៉ន អាប់នីធ្លាប់ធ្វើជានាយកវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិរបស់ស.រ.អ. ហៅកាត់ថា IRI ក្នុងពាក់កណ្តាលទសវត្ស១៩៩០។ លោកបានរួចផុតពីការស្លាប់ នៅពេលមានការបោកគ្រាប់បែកដៃ៤គ្រាប់នៅមុខរដ្ឋសភាចាស់ដែលមានមនុស្សយ៉ាងតិច១៦ស្លាប់ និងរបួសជាង១៥០នាក់ ក្នុងពេលមានបាតុកម្មអហិង្សាប្រឆាំងនឹងការដឹកនាំប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលលោករ៉ន អាប់នីបានចូលរួមសង្កេតការណ៍ពេលមានបាតុកម្មអហិង្សាដឹកនាំដោយលោក សម រង្ស៉ីនោះ។ លោករ៉ន អាប់នីជាមួយលោកសម រង្ស៉ីធ្លាប់បានប្តឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅតុលាការ New York ពីបទជាប់ទាក់ទងនឹងការគប់គ្រាប់បែកដៃនេះដែរ មុនពេលលោកបានស្លាប់នៅក្នុងមន្ទីរពេទ្យមួយកន្លែង។ ក្រុមគ្រួសារបាននិយាយថាលោក រ៉ន អាប់នីបានស្លាប់ក្រោយពីក្រុមគ្រូពេទ្យធ្វើការវះកាត់ បេះដូងលើកទី២នៅថ្ងៃ១៧ ខែធ្នូ។
លោកសម រង្ស៉ី មេដឹកនាំគណបក្សសម រង្ស៉ី ដែលកំពុងនិរទេសខ្លួន បានសំដែង ការសោកស្តាយចំពោះមរណភាពរបស់លោករ៉ន អាប់នី ហើយលោកបាននិយាយថា លោករ៉ន អាប់នីគឺ ជាអ្នកជួយជំរុញឲ្យមានលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
«ចំពោះរូបខ្ញុំ សម រង្ស៉ី ចំពោះខ្មែរអ្នកប្រជាធិបតេយ្យដទៃទៀតជាច្រើនក៏មាន ការឈឺចាប់ មានការអាណិតអាសូរដល់លោករ៉ន អាប់នី។ គាត់អាយុ៧០ឆ្នាំហើយ។ គាត់បានស្លាប់នៅថ្ងៃ៣១ខែធ្នូកន្លងទៅថ្មីៗនេះ»។
លោកសម រង្ស៉ីបានអធិប្បាយថា លោករ៉ន អាប់នីជាអ្នកមានទំនាក់ទំនងថ្នាក់ខ្ពស់ម្នាក់ក្នុងរដ្ឋការអាមេរិកាំង។
លោកអាប់នីត្រូវគេដឹងថា ធ្លាប់ធ្វើជាអ្នកចាត់ចែងការបោះឆ្នោតជូនលោកNelson Rockefeller អភិបាលរដ្ឋ New York ដែលជាអនុប្រធានាធិបតីស.រ.អ.។ លោកជួយគាំទ្រដល់មណ្ឌលកុមារកំព្រាមួយកន្លែងក្នុងខេត្តតាកែវ ទោះបីជាលោកចប់អាណត្តិរបស់លោកនៅកម្ពុជាជាង១០ឆ្នាំហើយក្តី។
លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានអះអាងថា មរណភាព របស់លោករ៉ន អាប់នីជាការបាត់បង់មិត្តដ៏ល្អក្នុងការជួយជំរុញការរីកលូតលាស់ផ្នែកប្រជាធិបតេយ្យនៅកម្ពុជា។
«ក្នុងបញ្ហាប្រជាធិបតេយ្យ កាលគាត់នៅជាប្រធាន IRI គឺគាត់មានជំហរ ច្បាស់លាស់ណាស់ គឺគាត់នៅខាងអ្នកប្រជាធិបតេយ្យតែម្តង។ គាត់ប្រឆាំងដាច់ខាតជាមួយពួកផ្តាច់ការ។ គាត់ស្គាល់ចរិតរបស់ពួកផ្តាច់ការ ហើយគាត់មិនចាញ់បោក មិនចាញ់កលល្បិចរបស់ពួកផ្តាច់ការដូចបរទេសខ្លះទេ»។
លោកកឹម សុខាថ្លែងថាលោករ៉ន អាប់នីបានជួយជំរុញឲ្យស.រ.អ.យល់ពីការណ៍ពិតដែលកើតឡើងនៅកម្ពុជាយ៉ាងច្រើន ហើយលោកកឹម សុខាក៏បានអះអាងដែរថា លោកអាប់នីក៏បានជួយរៀបចំឲ្យលោកបានជួបជាមួយមន្ត្រីជាន់ខ្ពស់ស.រ.អ. នៅសភា និងរដ្ឋាភិបាលផងដែរ។
លោក Rich Garella មកពីរដ្ឋ Pennsylvinia ជាមិត្តភក្តិរបស់លោកអាប់នី និងជាផលិតករម្នាក់នៃភាពយន្ត«អ្នកណាសម្លាប់ ជា វិជ្ជា?» បានថ្លែងថា មរណភាពរបស់លោករ៉ន អាប់នីជារឿងដ៏សោកសៅ។ លោកពុំបានបញ្ជាក់ថា លោក អាប់នីស្លាប់ដោយជំងឺអ្វីទេ តែលោកថា លោកអាប់នីបានឈឺយូរហើយ។ លោក Rich Garella បន្ថែមថា លោកធ្លាប់បានសង្ឃឹមថា លោករ៉ន អាប់នីអាចជាពីជំងឺហើយរស់នៅជាច្រើនឆ្នាំទៀតដើម្បីជួយផ្នែកប្រជាធិបតយ្យ ជួយមណ្ឌលកុមារកំព្រារនៅខេត្តតាកែវ។ លោក Rich Garella បានអះអាងថា ទោះបីជាការគប់គ្រាប់បែកដៃត្រូវរដ្ឋាភិបាលកម្ពុជានិងប៉ូលិស FBI របស់ស.រ.អ.ទម្លាក់ចោល ការស៊ើបអង្កេតក៏ដោយ តែលោកលោករ៉ន អាប់នីនៅតែបន្តស្វែងរកយុត្តិធម៌ហើយមិនខ្លាចនិយាយថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនជាអ្នកទទួលខុសត្រូវទោះជាមន្ត្រីកម្ពុជាបដិសេធការចោទនោះក្តី។
«លោករ៉ន អាប់នី បានគិតជានិច្ចជាកាលថា យុត្តិធម៌ជារឿងសំខាន់ណាស់ សម្រាប់មនុស្សម្នា ហើយមនុស្សទាំងឡាយគួរទទួលបានការគិតគូរពីរឿងយុត្តិធម៌នេះ ហើយបញ្ចេញសម្លេងរបស់ពួកគេ។ ដូច្នេះខ្ញុំគិតថា លោករ៉ន អាប់នីជាគំរូដ៏ល្អ និងជាការលើកទឹកចិត្តដល់មនុស្សម្នាគ្រប់ប្រភេទ»។
លោករ៉ន អាប់នីក៏ជាទីប្រឹក្សានៃខ្សែភាពយន្ត«អ្នកណាសម្លាប់ជា វិជ្ជា?»ផងដែរ។ ពិធីបុណ្យសពលោករ៉ន អាប់នីនឹងធ្វើនៅថ្ងៃទី៥មករាឆ្នាំ២០១២ នៅព្រះវិហារ Cochran Baptist Church ក្នុងរដ្ឋ Georgia។ មន្ត្រីគណបក្សសម រង្ស៉ីអះអាងថា ខ្លួននឹងបញ្ជូនប្រតិភូទៅចូលរួមគោរពវិញ្ញាណក្ខន្ធលោករ៉ន អាប់នី៕