ភាពយន្ត​ឯកសារ​ថ្មី​របស់​លោក ប៉ាន់ រិទ្ធី «Everything Will Be OK» បាន​ឈ្នះ​ពាន​រង្វាន់​អន្តរជាតិ

ទិដ្ឋភាពដកស្រង់ចេញពីខ្សែភាពយន្តថ្មីរបស់សមិទ្ធិករភាពយន្តលោក ប៉ាន់ រិទ្ធី «Everything Will Be OK» ដែលទទួលបានពានរង្វាន់ខ្លាឃ្មុំប្រាក់ Silver Bear ដ៏​ខ្ពង់ខ្ពស់​ ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​ក្រុង Berlin លើក​ទី ៧២ កាលពី​ថ្ងៃពុធ ទី ១៦ ខែ​កុម្ភៈ ឆ្នាំ ២០២២។

ខណៈ​ពិភពលោកប្រឈម​នឹង​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​មនុស្ស​ជាតិ​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រាតត្បាត​កូវីដ១៩ ពលរដ្ឋ​ក្នុង​សង្គម​ជាតិ​និង​របប​នយោបាយ​របស់​ប្រទេស​មួយ​ចំនួន​ ហាក់​នៅ​បន្ត​រង​ការ​គាបសង្កត់​និង​រឹតត្បិត​សិទ្ធិ​សេរីភាព រីឯ​អាជ្ញាធិបតេយ្យ​របស់​បុគ្គល​ក្នុង​តំណែង​ជា​អ្នក​ដឹកនាំ​ ក៏​កាន់តែ​រីកសាយភាយ​ស្ទើរ​តែ​នៅ​គ្រប់​ទីកន្លែង​ផងដែរ។

ភាព​ខ្មៅ​ងងឹត​ក្នុង​សង្គម​មនុស្ស​ជាតិ​ទាំង​អស់​នេះ ​នា​អំឡុង​មានវិបត្តិ​ជំងឺ​រាតត្បាត បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ខ្សែភាពយន្ត​ថ្មី​របស់​សមិទ្ធិករ​លំដាប់​អន្តរជាតិ​លោក ប៉ាន់ រិទ្ធី ដែល​មាន​ចំណង​ជើង​ថា «Everything Will Be OK ឬ​អ្វីៗ​នឹង​ល្អ​ឡើង​វិញ»។

តាម​រយៈ​ការប្រើប្រាស់​ភាពយន្ត​និង​រូបភាព​បណ្ណសារ​ សិល្បៈ​សូន​រូបពី​ឥដ្ឋ​ដើម្បី​បង្កើត​ជា​តួអង្គ​មនុស្ស​និង​សត្វ ការ​រចនា​ឆាក​សម្តែង​ដោយ​ទេសភាព ការ​ផលិត​សូរ្យសំឡេង​ធម្មជាតិ និង​សំឡេង​ពណ៌នា​សាច់​រឿង ខ្សែភាពយន្ត​នេះ បង្ហាញ​ពិភព​មនុស្ស​លោក​ស្ថិត​ក្រោម​ការ​ក្តោបក្តាប់​របស់​សត្វ ដែល​មាន​លក្ខណៈ​ពិសេស​ ជំរុញ​ឲ្យ​អ្នក​ទស្សនា​ស្រមៃ​មើល​ពិភព​លោក​ដ៏​ខ្មៅ​ងងឹត​មួយ ហើយ​ចោទ​សួរជាសំណួរ​ជា​ច្រើន​អំពី​គុណតម្លៃ​របស់​មនុស្ស​ជាតិ និង​សង្គមជាតិ បច្ចុប្បន្ន។

ហើយ​ខ្សែភាពយន្ត​ដ៏​មាន​អត្ថន័យ​ជ្រៅ​និង​ចម្រុះ​មួយ​នេះ​ បាន​ទទួល​ពាន​រង្វាន់​ខ្លាឃុំ​ប្រាក់ Silver Bear ដ៏​ខ្ពង់ខ្ពស់​ សម្រាប់​«ការ​ចូលរួម​ក្នុង​វិស័យ​ផលិតកម្ម​សិល្បៈ​ដ៏​ឆ្នើម» ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​ក្រុង Berlin លើក​ទី ៧២ (Berlin International Film Festival) នៅ​ទីក្រុង​ Berlin ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃពុធ ទី ១៦ ខែ​កុម្ភៈ​កន្លងទៅ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​មួយ។

ចំណង​ជើង​នៃ​ខ្សែ​ភាពយន្ត​ «Everything Will Be OK» ត្រូវ​បាន​យក​ពី​ពាក្យ​ស្លោក​ដែល​សរសេរ​លើ​អាវយឺត​របស់​ក្មេងស្រី​ភូមា​ម្នាក់ ដែល​ត្រូវបាន​អាជ្ញាធរ​យោធា​ភូមាបាញ់​ស្លាប់​ ក្នុងហេតុការណ៍តវ៉ា​ឲ្យ​របប​យោធា​បញ្ឈប់​ការ​ក្តោបក្តាប់​របស់​ខ្លួន​លើ​ប្រទេស​មីយ៉ាន់ម៉ា។ ការ​សម្រេច​យក​ពាក្យ​ស្លោក​បែប​នេះ​មក​ធ្វើ​ជា​ចំណង​ជើង ​ខ្សែភាពយន្ត​នេះឆ្លុះ​បង្ហាញ​ពី​តថភាព​ងងឹត​មួយ​នៃ​ការ​គាបសង្កត់​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​សាមញ្ញ។

ទិដ្ឋភាពដកស្រង់ចេញពីខ្សែភាពយន្តថ្មីរបស់សមិទ្ធិករភាពយន្តលោក ប៉ាន់ រិទ្ធី «Everything Will Be OK» ដែលទទួលបានពានរង្វាន់ខ្លាឃ្មុំប្រាក់ "Silver Bear Award" ដ៏​ខ្ពង់ខ្ពស់​ សម្រាប់​«ការ​ចូលរួម​ក្នុង​វិស័យ​ផលិតកម្ម​សិល្បៈ​ដ៏​ឆ្នើម» ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​ក្រុង Berlin លើក​ទី ៧២ (Berlin International Film Festival) កាលពី​ថ្ងៃពុធ ទី ១៦ ខែ​កុម្ភៈ ឆ្នាំ ២០២២។ (រូបថតដោយ CDP, Anupheap Production)

សមិទ្ធិករភាពយន្តលំដាប់អន្តរជាតិលោក ប៉ាន់ រិទ្ធី បង្ហាញពានរង្វាន់ខ្លាឃ្មុំប្រាក់ដែល​លោកបានទទួលសម្រាប់ខ្សែភាពយន្តថ្មីរបស់លោកដែលមានចំណងជើងថា 'Everything Will Be Ok' នៅក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​ក្រុង Berlin លើក​ទី ៧២ នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២។

លោក ប៉ាន់ រិទ្ធី បាន​ផលិត​ខ្សែភាពយន្ត​នេះ ក្នុង​អំឡុង​ពេលដែល​ជីវិត​របស់​មនុស្ស​ស្ទើរ​តែ​គ្រប់​រូប​ត្រូវបាន​បង្អាក់​និង​រំខាន​ដោយ​ការ​យារយី​ពីជំងឺ​រាតត្បាត​កូវីដ១៩ និង​គ្រា​ដែល​ប្រទេស​មួយ​ចំនួន​បាន​ប្រឈម​នឹង​ចលាចល​នយោបាយ។ នៅ​ក្នុង​បទសម្ភាន៍​មួយ​ជាមួយ​សារព័ត៌មាន Hollywood Reporter មុន​ពេល​បញ្ចាំង​ខ្សែភាពយន្ត​នេះ​នៅ​ក្នុង​មហោស្រព​ភាពយន្ត​នៅ​ទីក្រុង Berlin សមិទ្ធិករ​ភាពយន្ត​ដ៏​ឆ្នើម​រូប​នេះ បាន​ថ្លែង​ថា​ក្នុង​សម្តី​ដកស្រង់​ថា៖

«ពេល​ខ្ញុំ​សម្លឹង​មើល​ស្ថានភាព​[សង្គម]​ជុំវិញ​ខ្លួន ខ្ញុំ​ឃើញ​ភាពផុយ​ស្រួយ​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​យើង ហើយភាព​ឆាប់​រហ័ស​នៃអាជ្ញាធិបតេយ្យ​និយម​ដែល​អាច​នឹង​វិល​មក​គ្រប់គ្រង​[ពិភពលោក]។ ហើយ​ខ្សែភាពយន្ត​នេះ គឺ​ជា​ការ​ឆ្លើយតប​មួយ​ទៅ​នឹង​ស្ថានភាព​នេះ»។​

នៅ​ក្នុង​ខ្សែភាពយន្ត​នេះ លោក ប៉ាន់ រិទ្ធី បាន​ប្រើប្រាស់​សិល្បៈ​សូន​រូប​ដោយ​ដី​ឥដ្ឋ​ដែល​លោក​បាន​ប្រើប្រាស់​ក្នុង​ខ្សែភាពយន្ត “The Missing Picture” ឬ «កង្វះ​រូបភាព» ដែល​ត្រូវបាន​ឧទ្ទេសនាម​សម្រាប់​ការប្រកួត​ពានរង្វាន់​អូស្ការ Oscars របស់​សហរដ្ឋ​អាមេរិក កាលពី​ឆ្នាំ ២០១៣។ រូប​ជាច្រើន​នៅ​ក្នុង​ខ្សែភាពយន្ត​ «Everything Will Be OK» នេះ​ ត្រូវបាន​សូន​និង​រចនា​ឡើង​ដោយ​ជាង​ចម្លាក់​លោក ម៉ាង សារិត ដ៏​មាន​ទេពកោសល្យ ដោយ​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមិទ្ធិករភាពយន្ត​ ប៉ាន់ រិទ្ធី។

លោក ប៉ាន់ រិទ្ធី បាន​លើក​ឡើង​ថា ខ្សែភាពយន្ត​នេះ​បង្កប់​នូវ​អត្ថន័យ​ច្រើន។ លោក​ថា នៅ​ពេល​អ្នក​ទស្សនា​មើល​ខ្សែភាពយន្ត​នេះច្រើន​ដង នោះ​ពួកគេ​នឹង​មើល​ឃើញ​ខ្លឹមសារ​និង​អត្ថន័យ​កាន់តែ​ច្រើន​តាមរយៈ​ខ្សែភាពយន្ត​បែប​សិល្បៈ​រូបសូន​ ដែល​មាន​រយៈពេល​ ១ ម៉ោង ៣៨ នាទី​នេះ។

លោក ប៉ាន់ រិទ្ធី បាន​ថ្លែង​ក្នុង​សម្តី​ដក​ស្រង់ថា៖ «ខ្ញុំ​សង្ឃឹម​ថា អ្នក​[ទស្សនា]​នឹង​មាន​ពេល​មើល​ភាពយន្ត​នេះ​ឲ្យ​បាន​ពីរ​ទៅ​បី​ដង ពីព្រោះ​អ្នក​នឹង​មើល​ឃើញ​[អត្ថន័យ​បង្កប់]​ច្រើន​ទៅៗ»។

នៅ​ពេល​សួរ​ថា​តើ​លោក​សង្ឃឹម​ថា ​អ្នក​ទស្សនា​នឹង​ទទួល​បាន​អ្វី​ខ្លះ​ពី​ការ​ទស្សនា​ភាពយន្ត​នេះ លោកបាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន Hollywood Reporter ថា លោក​មិន​រំពឹង​ឲ្យ​អ្នក​ទស្សនាយល់​ពី​ខ្សែភាពយន្ត​នេះ​ទាំង​ស្រុង​នោះ​ទេ តែ​លោក​លើក​ទឹកចិត្ត​ឲ្យ​អ្នក​ទស្សនា​បើក​ចិត្ត​ឲ្យ​ទូលាយ ទាញយក​អត្ថន័យ​បង្កប់​ណា​មួយ ហើយ​គិត​ពី​វា។

លោក​ថា ​៖ «ហើយ​បន្ត​មាន​សង្ឃឹម​ និង​ជីវិត​រស់នៅ។ ខ្ញុំ​សង្ឃឹម​ថា ភាពយន្ត​នេះ​នឹងរំឭក​អ្នក​ថា តាម​រយៈ​ភាព​ច្នៃ​ប្រតិដ្ឋរួម យើង​នឹង​អាច​បន្ត​មាន​សេរីភាព និង​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន។ ហើយ​អ្វីៗ​នឹង​មិន​អី​នោះ​ទេ​»។

ខ្សែភាពយន្ត «Everything Will Be OK» នេះ គឺជា​ស្នាដៃ​ផលិត​ចុង​ក្រោយ​បង្អស់​របស់​សមិទ្ធិករ​លោក ប៉ាន់ រិទ្ធី ដោយ​សហការ​សរសេរ​សាច់រឿង​ជាមួយ​អ្នក​និពន្ធ​សាច់រឿង​សម្រាប់​ខ្សែភាពយន្ត​លោក Christophe Bataille និង​អ្នកស្រី Agnès Sénémaud ដែល​ជា​ភរិយា​របស់​លោក ប៉ាន់ រិទ្ធី៕