នៅរៀងរាល់អាណត្តិបោះឆ្នោត កម្មករកម្មការិនីរាប់ម៉ឺននាក់នៅទូទាំងប្រទេសកម្ពុជា បានក្លាយជាគោលដៅដ៏សំខាន់របស់ក្រុមគណបក្សនយោបាយដើម្បីទាក់ទាញការគាំទ្រពីពួកគេ។
មិនសូវខុសពីអាណត្តិមុនៗដែរ គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាល បាននិងកំពុងផ្តល់អនុសាសន៍នានា ដើម្បីជំរុញឱ្យកម្មករក្នុងវិស័យវាយនភណ្ឌចេញទៅបោះឆ្នោតដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដានេះ ដោយអនុញ្ញាតឱ្យមានការឈប់សម្រាករយៈពេលពីរថ្ងៃ ដោយមិនកាត់ប្រាក់ឈ្នួល ការផ្តល់សេវាដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈជាង ៣០០ គ្រឿងដើម្បីដឹកកម្មករទៅស្រុកកំណើតដោយឥតគិតថ្លៃ និងការឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះដែលជាមន្ត្រីរាជការនិងជាកម្មការិនីរោងចក្រ រហូតដល់កូនមានអាយុពីរឆ្នាំទៀតផង។
កំពុងធ្វើដំណើរដោយថ្មើរជើងតាមផ្លូវទៅកាន់រោងចក្រក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ អ្នកស្រី ឌុន ឌី ដែលជាកម្មការិនីរោងចក្រកាត់ដេរ យល់ថា ការសម្រួលរបស់រដ្ឋាភិបាលជារឿងល្អ ដោយសារអាចសម្រាលបន្ទុករបស់កម្មករបានខ្លះ។
ស្រ្តីវ័យ ២៧ ឆ្នាំរូបនេះថ្លែងប្រាប់វីអូអេថា៖ «ខ្ញុំគិតថា ល្អ។ ផ្តល់អ៊ីចឹង ស្រួលធ្វើដំណើរ។ តែភាគច្រើនខ្ញុំទៅជិះតែម៉ូតូទៅដោយខ្លួនឯង អត់ដែលជិះឡានក្រុងទេ»។
អនុសាសន៍លើកទឹកចិត្តទាំងអស់នេះនឹងហុចប្រយោជន៍ដល់គណបក្សកាន់អំណាច ដោយសារកម្មករដែលជាប្រភពដ៏ធំមួយនៃសន្លឹកឆ្នោតសម្រាប់គណបក្សនយោបាយ នឹងចេញទៅបោះឆ្នោត។ ក៏ប៉ុន្តែវាគ្រាន់តែជាផលប្រយោជន៍រយៈពេលខ្លីប៉ុណ្ណោះ ពីព្រោះបញ្ហាប្រឈមចម្បងៗរបស់ពួកគេ ដូចជាតម្លៃទំនិញឡើងថ្លៃ និងប្រាក់ចំណូលទាប តម្រូវឱ្យរដ្ឋាភិបាលអាណត្តិថ្មីដែលកើតចេញក្រោយការបោះឆ្នោត ធ្វើកិច្ចការច្រើនជាងនេះទៅទៀត។
ទោះបីជាពេញចិត្តនឹងអនុសាសន៍មួយពេលរបស់រដ្ឋាភិបាលក្តី ក៏អ្នកស្រី ឌុន ឌី ដែលធ្វើការជាកម្មកររោងចក្រជិត ១០ ឆ្នាំមកហើយនោះ ចង់ឱ្យរដ្ឋាភិបាលអាណត្តិថ្មីដោះស្រាយបញ្ហាចំពោះមុខ ដូចជាទប់ស្កាត់តម្លៃទំនិញឡើងថ្លៃ ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋដោយសារចំណូលរបស់កម្មករកើនឡើងតិចបើធៀបនឹងទំនិញឡើងថ្លៃ។
អ្នកស្រីបញ្ជាក់ថា៖ «និយាយរួមទៅភាគច្រើន ឱ្យតែប្រាក់ខែរៀងឡើង ដឹងតែទំនិញឡើងដែរហើយ ព្រោះប្រាក់ខែឡើងទៅ ទំនិញរៀងឡើងទៅ ដូចតែដូច។ ប្រាក់ខែរៀងឡើងទៅ ទំនិញឡើងថ្លៃ ដូចតែអត់ឡើងដែរ ព្រោះយើងចាត់ចែងអស់ដដែល»។
ស្រដៀងនឹងអ្នកស្រី ឌុន ឌី ដែរ អ្នកស្រី កែវ វិស័យ ដែលធ្វើការជាកម្មករផ្នែកកាត់ដេរនៅរោងចក្រមួយ ក្នុងសង្កាត់ចោមចៅ លើកឡើងថា អ្នកស្រីចង់ឱ្យរដ្ឋាភិបាលអាណត្តិថ្មីយកចិត្តទុកដាក់លើការដំឡើងប្រាក់ខែ ទប់ស្កាត់ការកើនឡើងតម្លៃទំនិញ ហើយយកចិត្តទុកដាក់លើបញ្ហាសុខភាពរបស់កម្មករក្នុងរោងចក្រ។
អ្នកស្រីថ្លែងថា៖ «សម្រាប់ខ្ញុំ [ជា] កម្មករកម្មការិនីរោងចក្រចង់ឱ្យរាជរដ្ឋាភិបាលជួយគិតគូរពីប្រាក់ខែ ប្រាក់ខែយើង ឱ្យបានសមរម្យនឹងការចាយវាយប្រចាំខែ។ ហើយនៅក្នុងរោងចក្រក៏ស្នើសុំឱ្យមាន ដូចជាសុវត្ថិភាព អនាម័យ មានទឹកសម្រាប់ហូបស្អាត សម្រាប់ពួកខ្ញុំជាកម្មករនៅតាមបណ្តារោងចក្រអីអ៊ីចឹង ដូចថាចង់បានទឹក មានលុយមានអីថែមម៉ោងអីអ៊ីចឹង»។
កម្មការិនីផ្នែកដេរ វ័យ ៣៤ ឆ្នាំរូបនេះ ថ្លែងបន្ថែមថា យោងលើស្ថានភាពតម្លៃទំនិញក្នុងពេលបច្ចុប្បន្ន ប្រាក់ឈ្នួល ៣០០ ដុល្លារ ទើបអាចទប់ទល់នឹងតម្រូវការចំណាយប្រចាំថ្ងៃបាន។
ជារៀងរាល់ឆ្នាំ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលដែលមានសមាសភាពពីតំណាងរដ្ឋាភិបាល តំណាងនិយោជក និងតំណាងនិយោជិត តែងជួបពិភាក្សាគ្នាដើម្បីកំណត់ប្រាក់ឈ្នួលសម្រាប់កម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ។ សម្រាប់ឆ្នាំ ២០២៣ ក្រុមប្រឹក្សាប្រាក់ឈ្នួលបានកំណត់ប្រាក់ឈ្នួលអប្បបរមាចំនួន ២០០ដុល្លារ។
កំពុងអង្គុយបរិភោគបាយថ្ងៃត្រង់នៅក្រោមដើមឈើមួយខាងមុខរោងចក្រក្នុងរាជធានីភ្នំពេញ លោក សួង ផាន កម្មកររោងចក្រដេរស្បែកជើង ក៏ចង់ឱ្យមានការគិតគូរពីបញ្ហាតម្លៃទំនិញ និងតម្លៃផ្ទះជួលដែលតែងកើនឡើងជារៀងរាល់ឆ្នាំផងដែរ។ លោកថា លោកត្រូវចាយត្បិតត្បៀត ដោយសារប្រាក់ខែរបស់កម្មករមិនសមាមាត្រនឹងតម្លៃទំនិញ និងសេវាកម្មដែលកំពុងកើនឡើងលើទីផ្សារ។
លោកថ្លែងថា៖ «វាប៉ះពាល់ដែរ យើងផ្ញើទៅអ្នកផ្ទះផង យើងត្រូវបង់ផ្ទះជួលផង ដល់ពេលតម្លៃទំនិញឡើងថ្លៃទៀត យើងវាត្រូវរៀង ថវិកាត្រូវខ្សោយមួយកម្រិតទៀត»។
ក្នុងឆ្នាំ ២០២២ កម្មករនៅតាមរោងចក្រសហគ្រាសសេដ្ឋកិច្ចក្នុងប្រព័ន្ធនៅកម្ពុជា មានចំនួនសរុបប្រមាណជាជាង ១លាន ៥សែននាក់។ ក្នុងនោះកម្មករវិស័យកាត់ដេរមានចំនួនជិត ៩ សែននាក់។ នេះបើតាមរបាយការណ៍ស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ របស់ក្រសួងការងារ។
លោក ប៉ាវ ស៊ីណា ប្រធានសហជីពសហព័ន្ធកម្មករកម្ពុជា លើកឡើងថា លោកតែងសង្កេតឃើញរដ្ឋាភិបាលបង្ហាញការយកចិត្តទុកដាក់លើកម្មករតាមរយៈការជួបសំណេះសំណាល និងផ្តល់ជាការសម្រួលផលលំបាកផ្សេងៗ ក្នុងរដូវបោះឆ្នោត ដើម្បីទាក់ទាញការគាំទ្របន្ថែមពីកម្មករ ដោយសារសំឡេងរបស់កម្មកររោងចក្រមានឥទ្ធិពលខ្លាំងលើលទ្ធផលបោះឆ្នោត។
លោកថ្លែងថា៖ «វិស័យដែលមានសក្តានុពលខ្លាំងសម្រាប់កម្ពុជាយើង គឺកាត់ដេរស្បែកជើង កាបូបនោះឯង ដែលផ្តល់ការងារដល់កម្មករយើងជាង ៨០ម៉ឺននាក់ ហើយនិងអ្នកដែលទទួលផលដោយប្រយោលនោះមិនតិចទេ យ៉ាងហោចណាស់ក៏ជាង ២ លាននាក់ដែរ ដែលទទួលផលដោយប្រយោល។ ដូច្នេះចំណុចនេះគឺជារឿងមួយដែលសំខាន់ណាស់ ប្រសិនបើបងប្អូនកម្មករគាត់សាទរ គាត់រីករាយទៅនឹងអ្វីដែលជាការផ្តល់ជូន ទៅនឹងអ្វីដែលជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាល។ វាមានន័យថា កម្មករគាំទ្រម្នាក់ វាស្មើនឹងសមាជិកគ្រួសារគាត់នៅផ្ទះ ៤-៥ នាក់ទៀត ដែលគាំទ្របន្ត»។
លោក ប៉ាវ ស៊ីណា លើកឡើងបន្ថែមថា ការសម្រួលការធ្វើដំណើរ និងឈប់សម្រាកផ្សេងៗសម្រាប់កម្មករនៅមុនពេលបោះឆ្នោត ហាក់មិនសូវមានប្រសិទ្ធភាពក្នុងការទាក់ទាញកម្មករបានច្រើននោះទេ។ លោកថា បញ្ហាដែលកម្មករកម្មការិនីរោងចក្រកាត់ដេរ និងវាយភណ្ឌ បាននិងកំពុងប្រឈម ហើយរដ្ឋាភិបាលគួរយកចិត្តទុកដាក់ខ្លាំង គឺសុវត្ថិភាពនៃការធ្វើដំណើរ បញ្ហាសុខភាពក្នុងកន្លែងធ្វើការ និងបញ្ហាទំនិញឡើងថ្លៃដែលមិនសមាមាត្រនឹងតម្លៃទំនិញ។
ការបង្ហាញការយកចិត្តទុកដាក់លើកម្មកររបស់រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កើតមានឡើងជាច្រើនឆ្នាំមកហើយ បន្ទាប់ពីគណបក្សប្រឆាំងដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា យកបានទឹកចិត្តរបស់កម្មកររោងចក្រ តាមរយៈការទាមទារឱ្យមានការតម្លើងប្រាក់ឈ្នួលគោលអំឡុងឆ្នាំ ២០១៣។
គណបក្សសង្គ្រោះជាតិដែលជាគណបក្សជំទាស់ធំជាងគេ និងជាគណបក្សដែលបង្កើតចេញពីការរួមគ្នារវាងលោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ ដោយចោទថាបានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល ហើយរដ្ឋាភិបាលក៏បានដឹកនាំប្រទេសដោយឯកបក្ស។ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ គណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងលេចធ្លោជាងគេក្នុងអាណត្តិនេះ ក៏មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងការបោះឆ្នោត ដោយសារមូលហេតុថា ខ្វះឯកសារសម្រាប់ចុះឈ្មោះ។
ចាប់តាំងពីរដ្ឋាភិបាលដឹកនាំប្រទេសដោយឯកបក្សក្នុងរយៈពេល ៥ ឆ្នាំមកនេះ សហជីពនៅតាមរោងចក្រ និងសហជីពដែលការពារសិទ្ធិកម្មករ កាន់តែរងការរឹតត្បិតហើយពិបាកក្នុងការបំពេញការងាររបស់ពួកគេ។ នេះបើតាមការកត់សម្គាល់របស់លោក ប៉ាវ ស៊ីណា។
លោកថ្លែងថា៖ «សកម្មភាពរបស់យើងធ្វើទៅត្រូវបានអាជ្ញាធរមូលដ្ឋានខ្លះគាត់មិនយល់ពីសកម្មភាពរបស់យើង គេគិតថា យើងជាក្រុមធ្វើការបម្រើគណបក្សនយោបាយប្រឆាំង អ៊ីចេះមួយអ៊ីចេះពីរទៅ។ ដូច្នេះវាជាឧបសគ្គមួយសម្រាប់ពួកយើង។ ហើយទីពីរ ពាក់ព័ន្ធនឹងការតាក់តែងច្បាប់ ឬក៏ការធ្វើការកែប្រែច្បាប់ណាមួយពាក់ព័ន្ធនឹងច្បាប់ការងារ ច្បាប់សហជីពជាដើម គឺយោបល់របស់ពួកយើងហាក់មិនត្រូវបានគេយកចិត្តទុកដាក់ក្នុងការដោះស្រាយនោះទេ ឬយោបល់របស់ពួកយើងមិនត្រូវបានគេយកទៅកែប្រែ មិនដាក់បញ្ចូលទៅក្នុងធាតុច្បាប់នោះទេ»។
លោក ប៉ាវ ស៊ីណា បន្ថែមថា នៅពេលដែលសហជីពប្រឈមនឹងការអនុវត្តការងារ កម្មករនៅតាមរោងចក្រ ក៏ត្រូវរងនូវការរំលោភបំពានសិទ្ធិផងដែរ។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានទេ ដោយទូរសព្ទគ្មានអ្នកទទួល និងសារមិនមានការឆ្លើយតប។
ក្នុងរបាយការណ៍ស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ របស់ក្រសួងការងារបង្ហាញថា ក្រសួងបានពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ពង្រឹងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ក្នុងរោងចក្រសហគ្រាស បានជាង ៩០ ភាគរយ ទប់ស្កាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យវាយនភណ្ឌ និងកាត់ដេរ និងដោះស្រាយករណីរោងចក្របិទទ្វារដោយវិបត្តិផ្សេងៗជាដើម។
កាលពីដើមខែមិថុនាកន្លងទៅនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាថ្មីនៃអាណត្តិទី ៧ អាចនឹងត្រូវបង្កើតឡើងនៅចុងខែសីហានេះ បើសិនការបោះឆ្នោតជាតិនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ប្រព្រឹត្តទៅដោយរលូនដូចការគ្រោងទុក។
ស្របពេលជាមួយគ្នានោះ អ្នកការពារសិទ្ធិកម្មករដូចជាលោក ប៉ាវ ស៊ីណា រំពឹងថា រដ្ឋាភិបាលអាណត្តិថ្មីនឹងយកចិត្តទុកដាក់លើបញ្ហាធំៗរបស់កម្មករ ដោយសារកម្មករជាកម្លាំងផលិត និងជាអ្នករកចំណូលចូលជាតិ។
លោកថ្លែងថា៖ «បងប្អូនកម្មករដែលកំពុងធ្វើការជាង ៨៣ ម៉ឺននាក់ ពួកគាត់ជាខឿនសេដ្ឋកិច្ច ពួកគាត់ជាអ្នករកលុយទ្រទ្រង់សេដ្ឋកិច្ចជាតិមួយផ្នែកដ៏សំខាន់បំផុតដែលយើងមិនអាចមើលរំលងបាន ដូច្នេះរដ្ឋត្រូវតែឆ្លើយតប ត្រូវតែយកចិត្តទុកដាក់លើពួកគាត់»៕