ភ្នំពេញ៖ អង្គការឃ្លាំមើលការរំលោភសិទ្ឋិមនុស្សក្នុងស្រុកមួយ បានអះអាងនៅក្នុងរបាយការណ៍របស់ខ្លួនថា អ្នកការពារសិទ្ឋិមនុស្សនៅកម្ពុជា បានប្រឈមមុខនឹងបរិយាកាសគ្រោះថ្នាក់កាន់តែច្រើនឡើងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ ក៏ប៉ុន្តែមន្រ្តីរដ្ឋាភិបាលបានច្រានចោលចំពោះការចោទប្រកាន់នេះ។
នៅក្នុងរបាយការណ៍របស់អង្គការសិទ្ឋិមនុស្សLICADHO ដែលបានចេញផ្សាយនៅថ្ងៃពុធនេះ បានបញ្ជាក់ឲ្យដឹងថា អ្នកការពារសិទ្ឋិមនុស្សនៅកម្ពុជា បានប្រឈមមុខទៅនឹងបរិយាកាសគ្រោះថ្នាក់ កាន់តែច្រើននៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
ភាពគ្រោះថ្នាក់នេះ បានផ្តោតទៅលើករណីមួយចំនួនដូចជា ការទទួលរងនូវអំពើហិង្សាផ្នែករាងកាយ ការចាប់ខ្លួនដោយខុសច្បាប់ ប្រឌិតការចោទប្រកាន់ បទល្មើសព្រហ្មទណ្ឌ ការរារាំងមិនឲ្យមានការប្រមូលផ្តុំនិងដើរហើរ ការបំភិតបំភ័យ និងការបណ្តេញចេញដោយបង្ខំជាដើម ។
អង្គការ LICADHO បានរកឃើញផងដែរថា គិតមកដល់ថ្ងៃទី១៥ខែកក្កដាដើមឆ្នាំ២០១០នេះ មានអ្នកការពារសិទ្ឋិមនុស្សចំនួន៦០នាក់ហើយ ដែលបានជាប់ឃុំឃាំងនៅក្នុងពន្ឋនាគារកម្ពុជា ។
លោកស្រីពុង ឈីវហ្គេច ប្រធានអង្គការសិទ្ឋិមនុស្ស LICADHO បានមានប្រសាសន៍ថា មូលហេតុ ដែលនាំឲ្យមានការកើនឡើងនេះ គឺដោយសារតែប្រើប្រាស់ប្រព័ន្ឋតុលាការមិនបានត្រឹមត្រូវ។ ហើយអ្នក ដែលរងគ្រោះជាងគេ គឺសកម្មជនដែលធ្វើការក្នុងរឿងបញ្ហាដីធ្លី ។
លោកស្រីបានមានប្រសាសន៍ទៀតថា ការគំរាមកំហែងទៅលើអ្នកការពារសិទ្ឋិមនុស្ស មិនបានថមថយចុះទេ ។
«បំណងដែលយើងធ្វើរបាយការណ៍នេះ ដើម្បីនឹងរៀបរាប់ជូនរដ្ឋាភិបាលថា នៅមានករណីអស់ហ្នឹង ព្រោះករណីទាំងប៉ុន្មានដែលអង្គការ LICADHO ដាក់ចូលក្នុងរបាយការណ៍ហ្នឹង សុទ្ធជាករណីពិតប្រាកដ»។
នៅក្នុងអំឡុងឆ្នាំ២០០៨ និងឆ្នាំ២០០៩កន្លងទៅនេះ អង្គការសិទ្ឋិមនុស្ស LICADHO បានរកឃើញថា ករណីរំលោភបំពានយ៉ាងធ្ងន់ធ្ងរ មានរហូតដល់៦៦ករណី ។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ឋិមនុស្សកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ បើយើងមើលពីស្ថានភាពអង្គការមិនមែនរដ្ឋាភិបាល មិនសូវមានការប្រឈមមុខគ្រោះថ្នាក់ទេ។ ក៏ប៉ុន្តែបានកើតឡើងចំពោះសហគមន៍ដែលតវ៉ារឿងជម្លោះដីធ្លីនិងខ្មែរកម្ពុជាក្រោម បានប្រឈមមុខខ្លាំងជាងគេ។
«សកម្មជននៅតាមមូលដ្ឋានប្រឈមនូវ រងសម្ពាធ និងការប្រើប្រាស់របស់តុលាការ ដើម្បីគាបសង្កត់ពួកគាត់ជាង ប៉ុន្តែមិនមែនសម្រាប់អង្គការសហប្រជាជាតិ។ អង្គការសហប្រជាជាតិនៅប៉ុន្មានឆ្នាំកន្លងមកនេះគឺហាក់ដូចជាមានសេរីភាពជាងមុនបន្តិច»។
ការចោទប្រកាន់របស់អង្គការសិទ្ឋិមនុស្ស LICADHO ត្រូវបានច្រានចោលភ្លាមៗពីមន្រ្តីរដ្ឋាភិបាលកម្ពុជា ថាជាការអះអាងមិនពិត។
លោកឧត្តមសេនីយឯកខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា អង្គការសិទ្ឋិមនុស្ស LICADHO មានបុគ្គលិកយ៉ាងច្រើននៅតាមបណ្តាខេត្តនានា ហើយប្រសិនណាបើមានការគំរាមកំហែងដូចមានការចោទប្រកាន់នោះ នោះអង្គការនេះគ្មានបុគ្គលិកណាម្នាក់នៅតាមបណ្តាខេត្តនោះទេ។
លោកឧត្តមសេនីយឯកខៀវ សុភ័ក្រ បានមានប្រសាសន៍ទៀតថាការគំរាមកំហែង និងការបំបិទ សិទ្ឋិសេរីភាពផ្សេងៗ គឺជាការលើកឡើងមិនត្រឹមត្រូវ។
«ការគំរាមកំហែងនេះដូចជាគ្មានទេ យើងធ្វើតែចំពោះណា អ្វីដែលមានការចាប់ខ្លួនក្តី គឺតាមអំណាច របស់តុលាការអនុវត្តតាមច្បាប់ មានដីកាចាប់ខ្លួន មានអី យើងធ្វើតាមតែច្បាប់កំណត់ ព្រោះធម្មតាដីកា ចាប់ខ្លួន គេមិនដែលថាឲ្យទៅចាប់អង្គការសិទ្ឋិមនុស្សឯណា គេចាប់តែជនសង្ស័យតើ» ។
កាលពីថ្ងៃចន្ទ័ដើមសប្តាហ៍នេះ តុលាការខេត្តតាកែវ បានកាត់ទោសលោកលាង សុខជឿន អាយុ ២៨ឆ្នាំ បុគ្គលិកអង្គការសិទ្ឋិមនុស្ស LICADHO ជាមួយនឹងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមចំនួនបីរូប ផ្សេង ទៀតឲ្យជាប់ពន្ឋនាគារក្នុងម្នាក់ៗ រយៈពេលពីរឆ្នាំពីបទថា បានចែកចាយខិតបណ្ណជេរប្រមាថអតីតព្រះមហាក្សត្រនរោត្តមសីហនុ ។
កាលពីអំឡុងឆ្នាំ២០០៩ យ៉ាងតិចមានបណ្តឹងចំនួន២៥ ត្រូវបានប្តឹងជំទាស់នឹងអ្នកសារព័ត៌មាន ក្រោមបទចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ និងផ្សព្វផ្សាយព័ត៌មានមិនពិត។