អង្គការ​សិទ្ធិមនុស្ស​មើលឃើញ​ការ​រិតត្បិត​លើ​ផ្នែក​អ៊ីនធឺណិត

យុវជន​ខ្មែរ​ប្រើ​​អ៊ីនធឺណិត​​នៅ​ហាង​អ៊ីនធឺណិត​​កាហ្វេ​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ​ឆ្នាំ​២០១០។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ រដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើ​ការ​គាបសង្កត់​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​បង្ក​ឲ្យ​ជះឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។

ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា​ ទើប​បាន​ចាប់ផ្តើម​រីកចម្រើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក​អ៊ូ វីរៈ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្សក​ម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ​នៅ​ក្នុង​ក្រសួង​ប្រៃសណីយ៍ ​មាន​មន្រ្តី​មួយ​ចំនួន​បាន​ប្រកាស​ថា​ ចង់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​ទាំងស្រុង​ ដោយ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន​បិទ​គេហទំព័រ​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល។

លោក​បាន​មាន​ប្រសាសន៍​ថា ​ក្រុមហ៊ុន​មួយ​ចំនួន ​ដែល​ផ្តល់​សេវាកម្ម​អ៊ីនធឺណិត​មិនមាន​ឯករាជ្យភាព​ពេញលេញ​ទេ​ គឺ​ទទួល​រង​សម្ពាធ​របស់​ក្រសួង​ប្រៃសណីយ៍។

«ដោយសារ​មាន​ការ​រីកចម្រើន​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ព័ត៌មាន​និង​បញ្ចេញ​មតិ​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​យើង​ឃើញ​ថា​ចាប់​ផ្តើម​មាន​ទំនោរ​មួយ​ គឺ​ចង់​រិតត្បិត​គាបសង្កត់​សេរីភាព​បញ្ចេញ​មតិ​ និង​សេរីភាព​សារព័ត៌​មាន​ទៅតាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដូច​ការ​គាបសង្កត់​ទៅលើ​បណ្តាញ​វិទ្យុ​និង​ទូរទស្សន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ។ បាន​ន័យ​ថា​ សេរីភាព​នៃ​ការបញ្ចេញ​មតិ ​គឺ​គ្រប់​កន្លែង​ទាំងអស់​ ត្រូវ​បាន​រិតត្បិត​ដោយ​រដ្ឋាភិបាល»។

លោក​សូ ឃុន​ រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​បាន​ថ្លែង​ប្រាប់ ​VOA ​សំឡេង​សហរដ្ឋអាមេរិក​តាមរយៈ​ទូរស័ព្ទ​ពី​ប្រទេស​ចិន​មក​ថា​ក្រសួង​មិនបាន​ធ្វើ​ការ​គាបសង្កត់​ទៅលើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ទេ។

«មានអ្វី​គាប​សង្កត់​ បង្កើត​រាប់រយ​ប្រព័ន្ធ​អ៊ីនធឺណិត​មាន​អ្វី​គាប​សង្កត់»។

កាលពី​ដើម​ខែ​មករា​ឆ្នាំ​២០១១​នេះ​ គេហទំព័រ ​KI-Media ដែល​មាន​ទំនោរ​ទៅ​លើ​គណបក្ស​ប្រឆាំង ​និង​ជា​គេហទំព័រ​ដ៏​ល្បីល្បាញ​មួយ​ ត្រូវបាន​បិទ​ដោយ​បង្កឲ្យ​មាន​ការ​សង្ស័យ​ថា​ រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​បិទ​តាមរយៈ​ក្រុមហ៊ុន​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា។

លោក​យឹម សុវណ្ណ ​អ្នកនាំពាក្យ ​និង​ជាអ្នកតំណាងរាស្រ្ត​គណបក្ស​សម រង្ស៊ី ​បាន​និយាយ​ថា​រដ្ឋាភិបាល​បាន​ប្រើប្រាស់​អំណាច​ ដើម្បី​រំខាន​ដល់​ក្រុមហ៊ុន ​ដែល​ផ្តល់​សេវាកម្ម​ដល់​អ៊ីនធឺណិត។

លោក​បាន​មាន​ប្រសាសន៍​ថា​ នេះ​បង្ហាញ​ឲ្យឃើញ​ថា​ ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទទួល​យក​ព័ត៌មាន​នៅក្នុង​ប្រទេស​ដែល​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ក៏​ក្មេង​ខ្ចី ​ដូចជា​ប្រទេស​កម្ពុជា។

«អាហ្នឹង​ គឺជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​យ៉ាង​ពិតប្រាកដ​ហើយ ​ពីព្រោះ​សម័យ​នេះ​ ជា​សម័យ​ព័ត៌មានវិទ្យា​នៅ​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ ​គេ​មិនអាច​បិទ​សិទ្ធិ​បែបនេះ​ទេ​ ពីព្រោះ​គេមាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការបញ្ចេញ​មតិ។ ហើយ​ប្រសិន​ប្រទេស​ទាំងអស់​នេះ​មិន​សមស្រប​ ឬ​មួយ​ផ្ទុយ​នឹង​ច្បាប់​ អាហ្នឹង​គេមាន​វិធានការ​ផ្លូវ​ច្បាប់»។

នៅក្នុង​របាយការណ៍​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​គមនាគមន៍​ព័ត៌មាន​វិទ្យា​ឆ្នាំ២០១០ ​របស់​សហភាព​ទូរគមនាគមន៍​អន្តរជាតិ ​(International Telecommunication Union) ដែល​បានចេញ​ផ្សាយ​កាលពី​ខែកុម្ភៈ​កន្លង​ទៅនេះ​បាន​ឲ្យដឹង​ថា ​ប្រទេស​កម្ពុជា​ស្ថិតនៅ​ក្នុង​ដំណាក់កាល​ដែល​ទើប​នឹង​ចាប់ផ្តើម​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ គមនាគមន៍​ព័ត៌មានវិទ្យា​ ដែល​ហៅ​កាត់ថា ​ICT ​នៅ​មាន កម្រិត​ទាប​នៅ​ឡើយ។

ប្រទេស​កម្ពុជា ​ត្រូវបាន​ជាប់​ក្នុង​ចំណាត់​ថ្នាក់​ទី​១២០​ នៅក្នុង​ចំណោម​ប្រទេស​ចំនួន​១៥៩​ក្នុង​ការអភិវឌ្ឍ​វិស័យ​ ICT​ នេះ។

អាជ្ញាធរជាតិ​ទទួល​បន្ទុក​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន​វិទ្យា ​ដែល​ហៅ​កាត់ថា NiDA បាន​ឲ្យដឹង​ថា​នៅក្នុង​ឆ្នាំ២០០៩​ ចំនួន​អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ជាង​៤លាន​នាក់​ ក៏ប៉ុន្តែ​ចំនួន​អ្នកប្រើប្រាស់​អ៊ីនធឺណិត​មាន​ចំនួន​តែ​ជាង​៤០.០០០​នាក់​តែ​ប៉ុណ្ណោះ​នៅក្នុង​ចំណោម​ប្រជាជន​សរុប​ចំនួន​ជាង​១៤​លាន​នាក់៕