ភ្នំពេញ៖ តុលាការខេត្តតាកែវបានកាត់ទោសមនុស្សបួននាក់ឱ្យជាប់ពន្ធនាគាររវាងពី២ឆ្នាំទៅ៣ឆ្នាំ អំពីការជេរប្រមាថអតីតព្រះមហាក្សត្រខ្មែរសម្តេចព្រះបាទនរោត្តមសីហនុ និងមេដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន។ ជនសង្ស័យចំនួនបួននាក់នេះ ដែលរួមមានបុគ្គលិកអង្គការសិទ្ធិមនុស្សលីកាដូមួយរូបផង ត្រូវបានកាត់ទោសពីការផ្សព្វផ្សាយព័ត៌មានមិនពិតប្រឆាំងនឹងមេដឹកនាំប្រទេស។ មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ បានហៅសេចក្តីសម្រេចប្រឆាំងនឹងបុគ្គលិករបស់ខ្លួនថា ជាអំពើអយុត្តិធម៌។
នៅថ្ងៃច័ន្ទនេះ តុលាការខេត្តតាកែវបានកាត់ទោសបុរសបួននាក់ឱ្យជាប់ពន្ធនាគាររវាងពីពីរឆ្នាំទៅបីឆ្នាំ អំពីការចែកផ្សាយខិត្តប័ណ្ណជេរប្រមាថសម្តេចព្រះមហាវីរៈក្សត្រនរោត្តមសីហនុ និងមេដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន។
បុរសទាំងបួននាក់នេះមានឈ្មោះលាង សុខជឿន អាយុ២៨ឆ្នាំ បុគ្គលិកអង្គការសិទ្ធិមនុស្សលីកាដូ ថាច់ វណ្ណៈ អាយុ៣៤ឆ្នាំ អ្នកបកប្រែភាសាវៀតណាម ថាច់ កុងឡេ អាយុ៦១ឆ្នាំ អ្នករត់ម៉ូតូឌុប និងថាច់ កុងភួង ព្រះជន្ម៣៤វស្សា ព្រះសង្ឃដែលជាជនសង្ស័យម្នាក់គត់បានរត់គេចខ្លួនពីការចាប់ខ្លួនរបស់ប៉ូលិស។
ប៉ូលិសបានចាប់ខ្លួនជនស្ស័យទាំងបួននាក់នេះ នៅទីក្រុងភ្នំពេញក្នុងខែឧសភា ឆ្នាំ២០១០អំពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងការពាក់ព័ន្ធនឹងការចែកផ្សាយខិត្តប័ណ្ណប្រឆាំងថ្ងៃ៧មករា មេដឹកនាំរដ្ឋាភិបាល និងសម្តេចព្រះមហាវីរៈក្សត្រ នៅក្នុងទីរួមខេត្តតាកែវនា ខែមករា ឆ្នាំ២០១០។
លោកចេង ប៊ុនលី ចៅក្រមជំនុំជម្រះតុលាការខេត្តតាកែវ បានប្រកាសសាលក្រមនៅចំពោះមុខជន សង្ស័យបីនាក់ថា តុលាការបានសម្រេចផ្តន្ទាទោសឈ្មោះលាង សុខជឿន លោកថាច់ វណ្ណៈ និងលោកថាច់ កុងឡេ ដាក់ពន្ធនាគារក្នុងម្នាក់ៗចំនួនពីរឆ្នាំនិងពិន័យជាប្រាក់ចំនួន២០០០០០០រៀលស្មើនឹង៥០០ដុល្លារអាមេរិក ហើយបានកាត់ទោសកំបាំងមុខជនសង្ស័យឈ្មោះថាច់ កុងភួង ដាក់ពន្ធនាគារចំនួន៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន៦០០០០០០រៀល ស្មើនឹង១៤០០ដុល្លារអាមេរិក។
ក្រោយពីការប្រកាសសាលក្រម ឲ្យមានទោសជាប់ពន្ធនាគាររយៈពេលពីរឆ្នាំភ្លាមៗ ជនសង្ស័យលាង សុខជឿន ក្នុងចំណោមជនសង្ស័យបីនាក់ បានដួលសន្លប់នៅក្នុងបន្ទប់សវនាការរបស់តុលាការខេត្តតាកែវរយៈពេល១៥នាទី មុនពេលដឹកទៅកាន់មន្ទីរពេទ្យខេត្ត។
តុលាការបានលើកយកភស្តុតាងរបស់ប៉ូលិស ដែលរួមមានរបាយការណ៍ស្តីពីការស៊ើបអង្កេតរបស់ប៉ូលិស នៅកន្លែងចែកផ្សាយខិតប័ណ្ណ ចម្លើយសាក្សីចំនួន៤នាក់ និងលទ្ធផលនៃការថតសំឡេងទូរស័ព្ទសម្រាប់ដាក់បន្ទុកលើលោកលាង សុខជឿន។
លោកអំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ បានថ្លែងថា ការកាត់សេចក្តីនេះមានភាពអយុត្តិធម៌ណាស់សម្រាប់ជនជាប់ចោទ ដោយសារគ្មានភស្តុតាងច្បាស់លាស់។
«យើងសរុបភស្តុតាងយោងរបស់តុលាការ ឬតំណាងអយ្យការ ឬការសម្រេចនេះមិនមានភាពយុត្តិធម៌សម្រាប់លោកលាង សុខជឿនទេ។ វាហាក់បីដូចជាស្ថិតនៅក្រោមសម្ពាធនយោបាយ ឬមន្ត្រីរដ្ឋាភិបាល»។
មុនពេលសវនាការចាប់ផ្តើម អង្គការសិទ្ធិមនុស្សលីកាដូបានអំពាវនាវដល់តុលាការខេត្តតាកែវឱ្យលើកលែងការចោទប្រកាន់ប្រឆាំងនឹងលោកលាង សុខជឿន និងដោះលែងគាត់ជាបន្ទាន់៕