តុលាការ​កំពូល​សម្រេច​ឱ្យ​អ្នកស្រី​ទេព វន្នី​បន្ត​ជាប់​ពន្ធនាគារ​និង​ប្រកាស​បិទ​ផ្លូវ​តវ៉ា

រូប​ឯកសារ៖ សមត្ថកិច្ច​បណ្តើរ​អ្នកស្រី ទេព វន្នី សកម្មជន​ដី​ធ្លី​ពី​តំបន់​បឹង​កក់​ដែល​កំពុង​ជាប់​ឃុំ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ក្រោយ​បញ្ចប់​សវនាការ​ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)

ទាំង​លោក​ស្រី ទេព វន្នី​ មេធាវី​ការពារ​ក្តី​ឲ្យ​អ្នកស្រី​ និង​អ្នកឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សុទ្ធ​តែ​បាន​លើក​ឡើង​ថា​ ការ​សម្រេច​របស់​តុលាការ​មិន​មាន​ភាព​យុត្តិធម៌ ​និង​ជា​ការ​សម្រេច​ដែល​​មិន​សម​ហេតុ​ផល។

តុលាការ​កំពូល​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​សម្រេច​តម្កល់​សាលដីកា​របស់​តុលាការ​ថ្នាក់​ក្រោម ដែល​បាន​កាត់​ទោស​អ្នកស្រី​ ទេព វន្នី ​សកម្មជន​ដីធ្លី​នាំ​មុខ​នៅ​សហគមន៍​បឹងកក់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ និង​៦ខែ។​ ការ​សម្រេច​របស់​តុលាការ បាននាំ​ឲ្យ​មាន​ការ​រិះគន់​ពី​សំណាក់​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ថា មាន​ភាព​អយុត្តិធម៌​សម្រាប់​សកម្មជន​ដ៏​ល្បីល្បាញ​រូប​នេះ។

ក្នុង​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​តម្កល់​ទុក​ជា​បាន​ការ​ដោយ​សាលា​ឧទ្ធរណ៍​ អ្នកស្រី​ ទេព វន្នី ​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ ​៦ខែ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ​ឬ​ត្រូវ​មាន​ទោស​កម្រិត​ធ្ងន់។​ តុលាការចោទ​អ្នកស្រីថា​ បាន​ប្រើ​ហិង្សា​លើ​កង​សន្តិសុខ​ គ្រាដែល​អ្នកស្រី និង​សកម្មជន​បឹង​កក់​ផ្សេង​ទៀត​ទៅ​តវ៉ា​សុំ​ដំណោះ​ស្រាយនៅ​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​កាលពី​ខែ​មីនា ឆ្នាំ​២០១៣​កន្លង​ទៅ។

ក្នុង​បណ្ដឹង​សារទុក្ខ និង​ការ​ផ្ដល់​សក្ខីកម្ម​ដល់​តុលាការ​កំពូល​របស់​កម្ពុជា អ្នកស្រី ​ទេព​ វន្នី បាន​លើក​ឡើង​ថា តុលាការ​គួរ​ណាស់​តែដោះ​លែង​អ្នកស្រី​ឲ្យ​មាន​សេរីភាព ដោយអ្នកស្រី​សន្យា​ថា​នឹង​បញ្ឈប់​ការ​តវ៉ា​រឿង​ដី​ក្នុង​តំបន់បឹងកក់​ បន្ទាប់ពី​ទំនាស់ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ក្នុង​សហគមន៍​ក្រីក្រ​កណ្ដាល​រាជធានី​ភ្នំពេញ​មួយ​នេះ ទើបត្រូវ​បាន​អាជ្ញាធរដោះស្រាយ​បញ្ចប់ ​កាល​ពី​ពេល​ថ្មីៗ។

ក្នុង​ការ​តតាំង​ក្តី​ក្នុងសវនាការ​រយៈពេល​ជិត​មួយ​ម៉ោង​ គេ​មិន​ឃើញ​មាន​វត្តមាន​របស់​មេធាវី​និងភាគី​ដើម​បណ្តឹង ដែល​ជា​កង​សន្តិសុខ​ប្តឹង​អ្នកស្រី ​ទេព វន្នី ​ចូលរួម​នោះ​ឡើយ។

ចំណែក​មេធាវី​ការពារ​អ្នកស្រី ​ទេព វន្នី និង​អ្នកស្រី​ ទេព វន្នី ផ្ទាល់​ បាន​អះអាង​ថា អ្នកស្រី​ ទេព វន្នី មិន​បាន​ប្រព្រឹត្ត​ហិង្សា​ណាមួយ​ដូចការ​ចោទ​ប្រកាន់​ និង​បាន​លើក​ហេតុផល​ទៀត​ថា​ មិន​មាន​ភស្តុតាង ឬ​សាក្សី​ណា​មួយ​បញ្ជាក់​ថា អ្នកស្រី ទេព វន្នី ​គឺ​ជា​អ្នក​ប្រព្រឹត្ត​ហិង្សា​នោះ​ទេ។​ អ្នកស្រី ទេព វន្នី ផ្ទាល់​បាន​អះអាង​ថា អ្នក​ស្រី​តែង​ប្រកាន់​ខ្ជាប់​នូវ​ធម៌​អហិង្សា​ក្នុង​ការ​តវ៉ា​នានា។

ក្រោយ​សវនាការដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ថត​សំឡេង​ ឬ​ថត​រូបភាព​ អ្នកស្រី​ គឹម សត្ថាវី ប្រធាន​អង្គ​ជំនុំ​ជម្រះបាន​ប្រកាស​សាលដីកា​ ដោយ​សម្រេច​ច្រានចោល​បណ្តឹង​សារទុក្ខរបស់អ្នកស្រី ទេព វន្នី ដោយ​យោង​លើ​មូលហេតុ​ថា ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ និង​សាលា​ដំបូងមានការ​សម្អាង​លើ​ភស្តុតាង ​ចម្លើយ​របស់​ដើម​បណ្តឹង និង​ចម្លើយ​របស់​សាក្សីខាង​ដើម​បណ្តឹង​ ​ត្រឹមត្រូវ​តាម​ច្បាប់។​

អ្នកស្រី​ប្រកាស​ដោយ​បិទ​ផ្លូវ​តវ៉ា​ក្នុងន័យ​ដើម​ថា៖ «យល់ឃើញ​ថា បណ្តឹង​របស់​ឈ្មោះ​ ទេព វន្នី មិន​មាន​មូលហេតុ​ត្រឹមត្រូវ......។ ដូច្នេះ​បដិសេធ​បណ្តឹង​របស់​អ្នកស្រី​ ទេព វន្នី និង​តម្កល់​សាលដីកា​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ»។

ខណៈ​ត្រូវ​បាន​មន្រ្តី​ពន្ធនាគារ​បណ្ដើរ​ចេញពី​បន្ទប់​សវនាការ ទៅ​រថយន្ត​ដើម្បី​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ អ្នកស្រី ទេព វន្នី ស្រែក​ថា ការ​សម្រេច​របស់​តុលាការ​មាន​ភាព​អយុត្តិធម៌ និង​ថា មូលហេតុ​នៃ​ការ​តវ៉ា​របស់​អ្នកស្រី​ក្នុង​ពេល​កន្លង​មក គឺ​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​តំបន់​បឹងកក់​ប៉ុណ្ណោះ។

ក្នុង​ទឹក​មុខ​ស្រពាប់​ស្រពោន លាយ​នឹង​ទឹកភ្នែក​រលីង​រលោង នឹក​ស្រណោះ​នៅ​ពេល​ដែល​បាន​ជួប​កូនស្រី​វ័យ​ជំទង់​ដែល​មាន​វត្តមាន​នៅ​សវនាការ​ព្រឹកមិញ​ដែរ អ្នកស្រី ​ទេព វន្នី ​បន្ថែម​ថា អាជ្ញាធរ​ទើប​តែ​ដោះស្រាយ​ទំនាស់​ដីធ្លី​នោះ​ចប់ ដូច្នេះ​អ្នកស្រី​នឹង​លែង​តវ៉ា ហើយ​ថា​តុលាការ​គួរតែ​ដោះ​លែង​អ្នកស្រី​ឲ្យ​មាន​សេរី​ភាព។​

ក្នុង​ពេល​ដែល​ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ​បណ្ដើរ​បញ្ចូល​ក្នុង​ឡាន ត្រៀម​តម្រង់​ទៅ​រក​ពន្ធនាគារ​ព្រៃស ដើម្បី​បន្ត​ជីវិត​នៅ​ក្រោយ​រនាំង​ដែក​ អ្នកស្រី​ ទេព វន្នី បាន​ស្រែក​ពោល​បន្ត​ថា៖ «អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ។ ខ្ញុំ​ចង់​បាន​សេរីភាព។ ខ្ញុំ​ចង់​ចេញ​ទៅ​ក្រៅដើម្បីបញ្ជាក់ពី​សមត្ថភាពសម្តេចក្នុង​ការ​ដោះស្រាយ​។​ ឈប់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ឈឺចាប់​បន្ត​ទៀត»។

អ្នកស្រី សាម សុគន្ធា មេធាវី​ការពារ​ក្តី​ឲ្យ​លោកស្រី ទេព វន្នី សកម្មជន​បឹងកក់​ថ្លែង​ទៅ​កាន់​អ្នកសារ​ព័ត៌មាន​នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ​កំពូលក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

អ្នកស្រី​ សាម សុគន្ធា ​មេធាវី​ការពារ​ក្តី​ឲ្យ​អ្នកស្រី ​ទេព វន្នី ប្រាប់​អ្នកសារ​ព័ត៌មាន​នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ​កំពូល​ថា ​ការ​សម្រេច​របស់​តុលាការ​កំពូល​ មាន​ភាព​អយុត្តិធម៌​សម្រាប់​កូនក្តី​របស់​អ្នកស្រី។ អ្នកស្រី​បន្ត​ថា ​ក្នុង​សវនាការ​នោះ ​មិនមាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ថា កូនក្តី​អ្នកស្រី​បាន​ប្រើ​ហិង្សា​លើ​កងកម្លាំង​សន្តិសុខ​នោះ​ទេ ហើយ​ក៏​មិន​មាន​សាក្សី​ណាមួយ​បញ្ជាក់​ថា ពិត​ជា​អ្នកស្រី​ ទេព វន្នី ដែល​បាន​ប្រើ​ហិង្សា​ក្នុង​ការ​តវ៉ា​នោះ​ដែរ។

អ្នកស្រី​ សាម សុគន្ធា ​បន្ថែម​ថា យោង​តាម​ច្បាប់ ​ការ​ដែលមិន​មាន​ភស្តុតាង​ដាក់​បន្ទុក​ណាមួយ​ច្បាស់​លាស់ គឺ​បង្ហាញ​ពី​វិមតិសង្ស័យ​ ឬ​ហៅថា រាល់​ភាព​មិន​ច្បាស់​លាស់​ក្នុង​ការ​កាត់​ក្តី គឺ​ត្រូវ​ផ្តល់​ប្រយោជន៍​ដល់​ជន​ត្រូវ​ចោទ។​

អ្នកស្រី​បញ្ជាក់​ថា៖ «បើ​អត់​វិមតិសង្ស័យ​គឺ​ទាល់តែ​មាន​ភស្តុតាង​ច្បាស់​ថា ទេព​ វន្នី កំពុង​លើក​ដៃ វាយ​មនុស្ស​ម្នាក់ ទេព​ វន្នី​ កំពុង​កាន់​របស់​នេះ របស់​នោះ អ្នក​បឹងកក់​វាយ​ពួកគេ។ អាហ្នឹង​ហើយ​បាន​ហៅ​ថាភស្តុតាង​ច្បាស់​លាស់។ ចុះ​បើ​អត់​មាន​ផង គឺ​ខ្ញុំ​ត្រូវ​តែ​លើក​ថា​វាមាន​វិមតិសង្ស័យ។ ហើយ​បើ​មាន​វិមតិសង្ស័យ ទាំង​រដ្ឋធម្មនុញ្ញ មាត្រា៣៨​ កថាខណ្ឌទី៥ ទាំង​មាត្រា​៣៥១​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ សុទ្ធ​តែ​ឲ្យ​ចៅក្រម​ពិចារណាផ្តល់​ផល​ប្រយោជន៍​ទៅ​ជនជាប់ចោទ​ជានិច្ច»។

សវនាការ​កាត់​ទោស​បង្ហើយ​ដោយ​បិទ​ផ្លូវ​តវ៉ា​ទៅ​លើ​អ្នកស្រី​ ទេព វន្នី នៅ​ព្រឹក​នេះ​ ធ្វើ​ឡើង​បន្ទាប់ពី​អាជ្ញាធរ​រាជធានី​កាលពី​ខែ​មករា​ ទើប​តែដោះស្រាយ​បញ្ហា​ដី​ធ្លី​តំបន់​បឹងកក់​ដែល​រ៉ាំរ៉ៃ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ ​ ក្រោយលោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ ចេញ​បញ្ជាជាថ្មី​ឲ្យ​ដោះ​ស្រាយ​បញ្ចប់​កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ។​

អ្នកស្រី បូវ សោភា ស្រ្តី​សកម្មជន​បឹងកក់​ម្នាក់​ដែល​ឈរ​នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ​កំពូល​ ដើម្បី​រង​ចាំ​លទ្ធ​ផល​សវនាការកាត់ទោស​អ្នកស្រី ទេព វន្នី សកម្មជន​បឹងកក់ ថ្លែង​ប្រាប់​អ្នកសារ​ព័ត៌មាន នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧។ (VOA)

អ្នកស្រី​ បូវ សោភា​ ស្រ្តី​សកម្មជន​បឹងកក់​ម្នាក់​ដែល​ឈរ​នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ​កំពូល​ ដើម្បី​រង​ចាំ​លទ្ធ​ផល​សវនាការអះអាង​ថា អ្នកស្រី និង​ប្រជាពលរដ្ឋ​សហគមន៍​បឹង​កក់​ផ្សេងទៀត ​ទទួល​បានការ​ដោះ​ស្រាយ​ពី​អាជ្ញាធររួចហើយ​ ដូច្នេះ​អ្នកស្រី​ថា​ ពលរដ្ឋ​បឹងកក់​មិន​មាន​ហេតុផល​ណាមួយ​ដើម្បី​បន្ត​ការ​តវ៉ា​ទៀត​ទេ។​

អ្នកស្រី​បញ្ជាក់​ថា៖​ «អ្វី​ដែល​យើង​ទាមទារ​តវ៉ា​ គឺ​យើង​ចង់​បាន​ផ្ទះ​សម្បែង​ឲ្យ​កូន​យើង​រស់នៅ​ តែ​ទី​បំផុត​អ្វី​ដែល​យើងបាន​មក​ហើយ​ នៅ​ធ្វើ​ការ​តវ៉ា​ធ្វើ​អី​ទៀត?​ អត់​មាន​ត្រូវការ​ធ្វើការតវ៉ា​ទៀត​ទេ​ ពួក​ខ្ញុំនឹង​បញ្ឈប់​ការ​តវ៉ា​ហើយ។ ​គួរតែ​គិត​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​សមរម្យ​ទៅ»។

​អ្នកស្រី​ បូវ សោភា​ បន្ថែមថា ប្រសិន​បើ​អ្នកស្រី ​ទេព វន្នី នៅ​តែ​ត្រូវ​បានឃុំ​ខ្លួន នោះ​សហគមន៍​បឹងកក់​របស់អ្នកស្រី​នឹង​បន្ត​ការ​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង។​

អ្នកស្រី​ ​ទេព​ វន្នី ​វ័យ​៣៥ឆ្នាំ​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៦​ ​ជាមួយ​នឹង​បទ​ចោទ​ថា ​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ដែល​រហូត​មក​ដល់​ពេល​នេះ អ្នកស្រី​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជិត​១ឆ្នាំ​កន្លះ​មក​ហើយ។ ​ក្រោយ​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នោះ​ ​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​ ​នៅ​ថ្ងៃ​ទី​២៣​ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ក៏​បាន​សម្រេច​កាត់​ទោស​លោក​ស្រី​ ទេព វន្នី​ ​ដែល​ជា​ម្ចាស់​ជ័យ​លាភី​រង្វាន់​ស្ត្រី​ជា​អ្នក​ដឹកនាំ​របស់​អង្គការ​ Vital Voices​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​ ​៦ខែ តាម​មាត្រា​២១៨​នៃ​ក្រម​ព្រហ្មទណ្ឌ។

លោក អំ សំអាត មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​បាន​ឃ្លាំ​មើល​ដំណើរ​ការ​សវនាការ​កាត់​ទោស​សកម្មជន​បឹងកក់​គឺអ្នកស្រី ទេព វន្នី​ ថ្លែង​ទៅ​កាន់​អ្នកសារ​ព័ត៌មាន នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (VOA)

លោក អំ សំអាត មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​បាន​ឃ្លាំ​មើល​ដំណើរ​ការ​សវនាការ​នៅ​ព្រឹក​នេះ លើកឡើង​ថា ដើម​ហេតុ​ដែល​បណ្តាល​ឲ្យ​អ្នកស្រី ទេព វន្នី ជាប់​ឃុំ គឺ​បណ្តាល​មក​ពី​ការ​តវ៉ា​ឲ្យ​មាន​ដំណោះស្រាយ​ក្នុង​វិវាទ​ដីធ្លី​ និង​ថា ប្រសិន​បើ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ចាប់តាំង​ពី​ពេល​វិវាទ​ចាប់​ផ្តើម នោះ​ការ​តវ៉ា​របស់​អ្នក​បឹងកក់​ទាមទារ​ដំណោះស្រាយ​ រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន​សកម្មជន​បឹងកក់ ​ក៏​មិនកើត​មាន​ដែរ។​

អ្នកការពារ​សិទ្ធិមនុស្ស​រូប​នេះ ​បាន​បន្ថែម​ថា អ្នកស្រី​ ទេព វន្នី គួរត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ ដើម្បី​មើល​ថែ​ម្តាយ​ចាស់ជរា​ និង​កូន​តូចៗ​ដែល​កំពុង​មានជំងឺ បន្ទាប់ពី​អ្នកស្រី​បាន​លែង​លះ​ជាមួយ​អតីត​ស្វាមី​ជា​ទាហាន​ ក្រោយ​ពេល​អ្នកស្រី​ជាប់​ពន្ធនាគារ​នា​ពេល​កន្លង​ទៅ។

លោក ​អំ សំអាត ​មាន​ប្រសាសន៍​បន្ត​ថា៖ «ខ្ញុំ​គិត​ថា រឿង​បឹង​កក់​ដោះ​ជិត​ចប់​ហើយ វា​គួរ​ណាស់​តែ​អ្នកស្រី​ ទេព វន្នី ត្រូវ​បាន​ដោះ​លែង​ដើម្បី​ឲ្យគាត់មាន​សេរីភាព ​ដើម្បី​ថែរក្សា​កូន ​និង​ម្តាយ។ តែ​ទី​បំផុត​គាត់​ត្រូវ​ជាប់​ពន្ធនាគារ​ ២​ឆ្នាំ​៦ខែ បាន​ន័យ​ថា​នៅ​ជាង​១​ឆ្នាំ​ទៀត​បាន​អាច​រួច​ខ្លួន»។

ក្រៅ​ពី​ការ​កាត់ទោស​ក្នុងសំណុំរឿង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ អ្នកស្រី​ ទេព វន្នី ​និង​ស្ត្រី​បឹងកក់​៣នាក់​ ដែល​មាន​ឈ្មោះ​ បូ​ ឆវី ​ឈ្មោះ​ គង់​ ចន្ថា​ និង​ឈ្មោះ​ ហេង​ មុំ​ ​ក៏​ធ្លាប់ត្រូវ​បាន​តុលាការ​គ្រប់​ជាន់​ថ្នាក់​កាល​ពី​ឆ្នាំ​កន្លង​ទៅ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់​ៗ​៦ខែ ​ ករណី​ជេរ​ប្រមាថ​និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ​ នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ កាលពី​ឆ្នាំ​២០១១។

សង្គម​ស៊ីវិល​ចំនួន​៣៤​ស្ថាប័ន​នៅ​ថ្ងៃ​ពុធនេះ ​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ បង្ហាញ​ពីការ​សោក​ស្តាយ​ចំពោះ​សាលដីការបស់​តុលាការ​កំពូល​ ដែល​សម្រេចបន្ត​ឃុំ​ខ្លួន​អ្នកស្រី​ ទេព វន្នី ក្នុង​ពន្ធនាគារ។​ សង្គម​ស៊ីវិល​ទាំង​នោះ បាន​អំពាវ​នាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ​ពិនិត្យ​សារជាថ្មីម្តង​ទៀត ទៅ​លើ​ការ​ផ្តន្ទាទោស​ផ្សេងៗ​ប្រឆាំង​នឹង​អ្នកស្រី និង​ចាត់​វិធានការ​សមស្រប​ដែល​ចាំបាច់ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​អ្នកស្រី និង​ធានា​ថា អ្នកស្រី​នឹង​ត្រូវ​បានដោះលែង។

បើតាម​រ​បាយការណ៍​របស់​អង្គការ​លីកាដូ ការអភិវឌ្ឍ​នៅ​តំបន់​បឹងកក់​ធ្វើ​ឲ្យ​ប៉ះពា​ល់ដល់​ព​ល​រដ្ឋ​ជា​ង ៤ពាន់​គ្រួសារ ក្នុង​នោះ​ពលរដ្ឋ​ជាង​៣ពាន់​គ្រួសារ​ត្រូវ​បាន​បណ្តេញ​ចេញ​ឲ្យ​ទៅ​រស់​នៅ​ជាយ​ក្រុង ឬ​ទទួល​សំណង​ក្នុង​អត្រា​ក្រោម​តម្លៃ​ទីផ្សារ ​ជា​ថ្នូរ​នឹង​ការចាកចេញ​ ប៉ុន្តែ​ពលរដ្ឋ​ជិត​១​ពាន់​នាក់​ទៀត បាន​ទាមទារ​ការអភិវឌ្ឍនៅ​នឹង​កន្លែង។

នៅ​ឆ្នាំ​២០១១ ក្នុង​ពេល​មួយ​សប្ដាហ៍​ក្រោយ​ធនាគារ​ពិភពលោក​សម្រេច​ផ្អាក​ការផ្ដល់​កម្ចី​ថ្មី​ដល់​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ចេញ​អនុក្រឹត្យ​មួយ​សម្រេច​កាត់​ឆ្កៀល​ផ្ទៃដី​ទំហំ​១២.៤៤​ហិចតា ដល់​ប្រជាពលរដ្ឋ​បឹងកក់​ដែល​នៅ​សេសសល់ ឲ្យ​បន្ត​រស់នៅ និង​ទទួល​សិទ្ធិ​ជា​កម្មសិទ្ធិលើ​អចលនទ្រព្យ​របស់​ខ្លួន។ ក៏​ប៉ុន្តែ​ភាព​មិន​ច្បាស់លាស់ និង​បញ្ហា​នៅ​តែ​បន្ត​អូស​បន្លាយ ខណៈ​ដែល​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន ត្រូវ​បាន​បដិសេធ​ការ​ដោះស្រាយ ឬ​ទទួល​បាន​ដំណោះ​ស្រាយយឺតយ៉ាវ។

ក្រោយ​ពេល​វិវាទ​ដីធ្លី​តំបន់​នោះ​កើតឡើង គេ​ឃើញ​ក្រុមពលរដ្ឋ​បឹងកក់ ជាពិសេស​ស្រ្តី​ដែល​រួម​មាន​អ្នកស្រី ទេព វន្នី ​ផង តែង​ចេញ​មុខ​តវ៉ា​ជាបន្តបន្ទាប់​ ជាហេតុ​ធ្វើ​ឲ្យ​មាន​ការ​ប្រឈម​នឹង​កង​សន្តិសុខ​ រហូត​រង​ការ​ចាប់​ខ្លួន និង​ឃុំឃាំង​ជាច្រើន​លើក​ រហូត​មក​ដល់​បច្ចុប្បន្ន៕