មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកំពុងធ្វើការស៊ើបអង្កេតនៅក្នុងករណីឧបទ្ទវហេតុរត់ជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងយុត្តិធម៌សម្រាប់ជនរងគ្រោះ។ ការស៊ើបអង្កេតនេះបានធ្វើឡើង សំដៅបម្រើដល់យន្តការសិទ្ធិមនុស្ស និងយុត្តិធម៌ជាមូលដ្ឋានសម្រាប់ជនរងគ្រោះទាំងអស់។ គណៈកម្មការស៊ើបអង្កេតរបស់រដ្ឋាភិបាលបានរកឃើញថាការស្លាប់នេះបានបណ្តាលមកពីការរត់ស្លន់ស្លោជាន់លើគ្នានិងការថប់ដង្ហើម ហើយមន្ត្រីរដ្ឋាភិបាលបាននិយាយថាការស៊ើបអង្កេតនេះជាសិទ្ធិរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
ពិធីបុណ្យអុំទូកប្រចាំឆ្នាំរបស់ប្រទេសកម្ពុជាបានបញ្ចប់ដោយសោកនាដកម្មកាលពីយប់ថ្ងៃច័ន្ទ ទី២២ ខែវិច្ឆិកា បន្ទាប់ពីអ្នកដើរកម្សាន្តច្រើនរាប់ពាន់នាក់បានរត់ជាន់លើគ្នានៅលើស្ពានកោះពេជ្រដែលមានមនុស្សណែនណាន់តាន់តាប់ដោយបានសម្លាប់មនុស្ស៣៥២នាក់ និងរងរបួស៣៩៥នាក់។
លោកសាំង សុខា អាយុ២២ឆ្នាំនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលបានស្លាប់ពីការរងរបួសធ្ងន់កាលពីថ្ងៃព្រហស្បតិ៍ ដែលបានធ្វើឱ្យចំនួនអ្នកស្លាប់បានកើនដល់៣៥២នាក់រហូតមកដល់ពេលនេះ។
លោកអ៊ូរ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងប្រាប់ VOA ថាការស៊ើបអង្កេតនេះត្រូវបានធ្វើឡើងដោយម៉ត់ចត់ និងប្រុងប្រយ័ត្នបំផុតដើម្បីរកឱ្យឃើញមូលហេតុពិតប្រាកដនៃមរណភាព និងការរងរបួសនេះ។
«យើងខំស្វែងរកការពិត ដើម្បីជាការឧបត្ថម្ភជួយព័ត៌មានដល់ជនរងគ្រោះ និងរដ្ឋាភិបាល។ ជាទូទៅ យើងធ្វើការស៊ើបអង្កេតនេះ។ យើងយកព័ត៌មានជាបឋមទាក់ទងរឿងព្រឹត្តិការណ៍កើតហេតុដែលមានការសម្ភាសជាមួយសាក្សីឃើញផ្ទាល់ភ្នែក ជនរងគ្រោះ និងអ្នករងរបួសនៅក្នុងព្រឹត្តិការណ៍នោះ»។
លោកអ៊ូរ វីរៈ បានថ្លែងថាការស៊ើបអង្កេតនេះបម្រើដល់យន្តការសិទ្ធិមនុស្ស និងយុត្តិធម៌ជាមូលដ្ឋានសម្រាប់ជនរងគ្រោះទាំងអស់។
«ជាទូទៅនៅក្នុងគោលការណ៍សិទ្ធិមនុស្សករណីស្លាប់និងរងគ្រោះនេះតាមផ្លូវច្បាប់ គួរតែមានការទទួលខុសត្រូវតាមផ្លូវច្បាប់ផងដែរ ហើយអនុញ្ញាតឱ្យជនរងគ្រោះស្វែងរកការពិត។ យើងឃើញហើយការទទួលខុសត្រូវ និងការស្វែងរកការពិតនេះជារឿងមួយដែលជាយន្តការនៅក្នុងពិភពលោកដែលយន្តការសិទ្ធិមនុស្ស និងយន្តការយុត្តិធម៌ ដើម្បីជំរុញឱ្យមានការពិត»។
លោកអ៊ូរ វីរៈ បានបន្តថាការស៊ើបអង្កេតនេះត្រូវប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយតាមការធ្វើសម្ភាសជាមួយគ្រួសារសាកសព ជនរងរបួស និងអ្នកបានឃើញហេតុការណ៍។
លោកអ៊ូរ វីរៈ បានបញ្ជាក់ថាការផ្តល់ប្រាក់បច្ចុប្បន្នដល់គ្រួសារសព និងជនរងរបួសពីរដ្ឋាភិបាល ក្រុមហ៊ុន កាកបាទក្រហម និងសប្បុរសជនផ្សេងៗតាមរយៈទូរទស្សន៍គឺជាអំណោយមនុស្សធម៌ ប៉ុន្តែវាមិនមែនជាសំណងតាមផ្លូវច្បាប់ទេ។
លោកធន សារាយ ប្រធានសមាគមសិទ្ធិមនុស្ស Adhoc បានបញ្ជាក់ថាលោកគាំទ្រដំណើរការស៊ើបអង្កេតរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក្នុងកិច្ចខំប្រឹងប្រែងស្វែងរកយុត្តិធមិសម្រាប់ជនរងគ្រោះ។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា៖
«អង្គការសិទ្ធិមនុស្សកម្ពុជាធ្វើការស៊ើបអង្កេតនៅក្នុងឧបទ្ទវហេតុរត់ជាន់គ្នាស្លាប់នេះ វាជាសិទ្ធិរបស់អង្គការសិទ្ធិមនុស្សកម្ពុជា។ បើការស៊ើបអង្កេតនេះមានទិសដៅគ្រាន់តែការវាយប្រហារមកលើរាជរដ្ឋាភិបាលទេ វាមិនមានអ្វីគ្រាន់តែធ្វើឱ្យរំខានតែប៉ុណ្ណោះ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសកាលពីថ្ងៃច័ន្ទថាគ្មានមន្ត្រីរដ្ឋាភិបាលណាម្នាក់ត្រូវបានដាក់ទណ្ឌកម្ម ឬ ដកចេញពីតំណែងចំពោះឧបទ្ទវហេតុរត់ជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រ ហើយបានហៅសោកនាដកម្មនេះថាជាកំហុសរួម៕