នៅថ្ងៃព្រហស្បតិ៍នេះ គណៈកម្មការសិទ្ធិមនុស្សអាស៊ីបានវាយប្រហារលើប្រព័ន្ធតុលាការកម្ពុជាចំពោះការមិនបានផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋនៅក្នុងរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុន និងមន្ត្រីមានអំណាច ដោយអះអាងថាតុលាការ បានបម្រើផលប្រយោជន៍អ្នកមានប្រាក់និងអ្នកមានអំណាច ព្រមទាំងបដិសេធភស្តុតាង ច្បាប់ភូមិបាល និងច្បាប់ពាក់ព័ន្ធដទៃទៀត ក្នុងការបណ្តេញប្រជាពលរដ្ឋចេញដោយបង្ខំពីដីធ្លី និងផ្ទះសម្បែង។
នៅទីក្រុងភ្នំពេញ ប្រជាពលរដ្ឋចំនួន១៣ម៉ឺន៣ពាន់នាក់ ច្រើនជាង១០ភាគរយនៃប្រជាពលរដ្ឋខ្មែរដែលត្រូវបានបណ្តេញចេញពីដីធ្លី និងផ្ទះសម្បែងចាប់តាំងពីឆ្នាំ១៩៩០។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការសិទ្ធិមនុស្សអាស៊ី។ សេចក្តីថ្លែងការណ៍នេះ បានដកស្រង់របាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធដែលគួរឲ្យទុកចិត្តមួយចំនួនទៀត។
សេចក្តីថ្លែងការណ៍នេះ បាននិយាយថា តុលាការកម្ពុជាមិនអាចការពារប័ណ្ណកម្មសិទ្ធិដីធ្លីបានទេ។ មុខងាររបស់តុលាការមិនបានការពារផលប្រយោជន៍ប្រជាពលរដ្ឋទេ ប៉ុន្តែការពារផលប្រយោជន៍របស់បុគ្គលមានអំណាច។ គំនិតសម្រាប់តុល្យភាពនៃផលប្រយោជន៍មានទស្សនៈខុសប្លែកគ្នានៅកម្ពុជា។
ពាក្យបណ្តឹងភាគច្រើននៅគ្រប់ទីកន្លែង គឺជាពាក្យបណ្តឹងអំពីការរំលោភដីធ្លី។ ការមានប័ណ្ណកម្មសិទ្ធិដីធ្លី ជាធម្មតា គឺជាការធានាចុងក្រោយបំផុតសម្រាប់សន្តិសុខនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែនៅពេលដែលក្រុមហ៊ុនចាប់ផ្តើមអភិវឌ្ឍលើដី ម្ចាស់កម្មសិទ្ធិដីដែលជាប្រជាពលរដ្ឋបាត់បង់ដីទាំងនោះរបស់គេ។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី បានបដិសេធការអះអាងរបស់គណៈកម្មការសិទ្ធិមនុស្សអាស៊ីនេះ។ លោកផៃ ស៊ីផាន បានបញ្ជាក់ថា ការរិះគន់របស់គណៈកម្មការសិទ្ធិមនុស្សអាស៊ីនេះមានគោលដៅបង្អាប់រដ្ឋាភិបាល និងតុលាការកម្ពុជាតែ ប៉ុណ្ណោះ។ លោកថ្លែងដូច្នេះថា៖
«ការរិះគន់របស់គណៈកម្មការសិទ្ធិមនុស្សអាស៊ីនេះអាចគ្រាន់តែជាវិទ្ធង្សនា ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ យើងពង្រឹងនីតិរដ្ឋរបស់យើងជាជាងការលើកកំហុសវាយប្រហារដែលប្រាសចាកពីការវិវត្តនៅកម្ពុជា។»
លោក ផៃ ស៊ីផាន បានបន្ថែមថា រដ្ឋាភិបាលកម្ពុជាមិនព្រងើយកន្តើយនឹងអ្វីដែលកើតឡើងទេ។